កំពង់ធំៈ ក្រសួង​ការពា​រ​ជាតិ​ ពី​ម្សិល​មិញ​បាន​អះ​អាង​ថា ​រំសេវ​ ដែល​សមត្ថកិច្ច​រក​ឃើញ​នៅ​ក្នុង​ស្រុក​សណ្តាន់​ ខេត្ត​កំពង់​​ធំ​ មិន​​មែន​ជារបស់​ជន​ណា​ម្នាក់​លាក់​ទុក​ក្នុង​បំ​ណង​បង្ក​ភេរវកម្ម​អ្វី​ទេ​ប៉ុន្តែ​ជា​រំសេវ​ប្រើ​សម្រាប់​រុក​រក​រ៉ែ​របស់​ក្រុមហ៊ុន​តែប៉ុណ្ណោះ។​


លោក​ឧត្តម​សេនីយ៍​ ឈុំ​ សុ​ជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពារ​ជាតិ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ ពី​ម្សិល​មិញ​ថា​ការ​រក​ឃើញ​គ្រាប់​រំ​សេវ​ នៅ​ស្រុក​សណ្ដាន់​ ខេត្ត​កំពង់​ធំ​ មិន​មែន​ជា​គម្រោង​ក្នុង​ការ​បង្កើត​អំពើ​ភេរវកម្ម​នោះ​ទេ​ ប៉ុន្តែ​ជា​របស់​ក្រុម​ហ៊ុន​រុក​រក​រ៉ែ​ស្របច្បាប់​មួយ​បាន​នាំ​ចូល​មក​នូវ​គ្រាប់​រំសេវ​ទាំង​នោះ​ដើម្បី​បំផ្ទុះ​យក​រ៉ែ​របស់​ពួកគេ​តែ​ប៉ុណ្ណោះ។

លោក​បញ្ជាក់ថា​៖ «ករណី​រក​ឃើញ​គ្រាប់​រំសេវ​យ៉ាង​ច្រើន​នៅ​ស្រុក​សណ្ដាន់​ ខេត្ត​កំ​ពង់​ធំ​ មិនមែន​ជា​គម្រោង​ក្នុង​ការ​បង្កើត​អំពើ​ភេរវកម្ម​នោះ​ទេ»។​

លោក​ អ៊ួង​ មូ​លី ​អធិការ​នគរបាល​ស្រុក​សណ្តាន់​ប្រាប់ ​ភ្នំពេញប៉ុស្តិ៍ ​ពី​ម្សិល​មិញ​ថា ម្សៅ​រំសេវ ​ដែល​សមត្ថកិច្ច​រក​ឃើញ​ទាំង​នោះ​ជា​របស់​ក្រុម​ហ៊ុន​ចិន​មួយ​សម្រាប់​រុក​រក​រ៉ែ​ ហើយ​ខាង​ក្រុមហ៊ុន​បាន​ធ្វើ​សកម្មភាព​បំផ្ទុះ​ថ្ម​ភ្នំ​រុក​រក​រ៉ែ​បាន​ ២ ​ទៅ​ ៣ ខែ​កន្លង​មក​ប៉ុន្តែ​ក្រុមហ៊ុន​នោះ​បាន​ផ្អាក​ទៅ​វិញ​ ដោយ​សារ​តែ​ខាង​កម្លាំង​អាវុធ​ហត្ថ​ខេត្ត​រួម​នឹង​ព្រះរាជ​អាជ្ញា​ចុះ​ទៅ​រឹប​អូស​យក។​ ទោះយ៉ាង​ណា​លោកថា​មិន​បានដឹង​ពី​ឈ្មោះ​​ក្រុមហ៊ុន​ចិន​នោះ​ទេ។

លោក​ថា​៖ «​គេយក​គីប​អស់​ហើយ ​ហើយ​រំសេវ​នោះ​ជាសំណល់​ចាស់​ទេ​ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា​មាន​ចំនួនពិត​ប្រាកដ​ប៉ុន្មាន​។​ ប៉ុន្តែ​បើ​គេ​យក​វា​ទៅ​ច្នៃ​ដាក់​គីប​អាច​ផ្ទុះ​បាន»។


លោក​បញ្ជាក់​ថា​ម្សៅ​រំសេវ​ទាំង​នោះ​ខាង​សមត្ថកិច្ច​រួម​នឹង​មន្រ្តី​ជំនាញ​ពាក់ព័ន្ធ​ នៅ​ថ្ងៃ​ទី​ ៩ ខែ​ ឧសភា ​បាន​ចុះ​ទៅ​នាំ​យក​ម្សៅ​​រំសេវ​នោះ​ហើយ​។ ​ពី​ទី​រួមស្រុក​សណ្តាន់​ដល់​ទី​នោះ​មាន​ចម្ងាយ​ប្រ​ហែល​ជា​ ៦០​ ទៅ​ ៧០​ គី​ឡូ​ម៉ែត្រ​ឯ​ណោះ​ដូច្នេះ​ត្រូវ​ចំ​ណាយ​ពេល​ធ្វើ​ដំណើរ​យូរ​ដែរ៕