ភ្នំពេញ: មន្ត្រី​ក្រ​សួង​ព័ត៌​មាន​ចំនួន​ ៦៧ ​រូបត្រូវបាន​ព្រះម​ហាក្សត្រ​ត្រាស់​បង្គាប់​តែង​តាំង​ និង​ផ្ដល់​ឋានៈ​ជាទី​ប្រឹក្សា​ថ្មី​របស់​ក្រសួង ​ខណៈលោក​ សុខ​ ចាន់​ភក្ដី ​​ត្រូវ​បាន​តែង​​តាំង​ជា​អនុរដ្ឋ​លេខា​ធិការ​នៃ​ក្រសួង​ព័ត៌​មានដើ​ម្បី​ជួយ​ដល់ការ​ងា​រ និង​អភិវឌ្ឍ​ក្រ​សួ​​ង​​នេះ ជា​អ្វី​ដែល​អ្នក​នាំពាក្យ​ក្រសួង​រំពឹង​ថា ​ទីប្រឹក្សា​ថ្មី​នឹង​ជួយ​ការងារ​​បន្ថែម​ទៀត។


តាម​ព្រះរាជ​ក្រឹត្យ​ត្រាស់​បង្គាប់​របស់​ព្រះ​មហា​ក្សត្រ ព្រះ​បរម​នាថ ន​រោត្តម សីហមុនី ចុះ​ថ្ងៃទី ១៥​ ខែ មិថុនា ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួល​បាន​ពី​ម្សិល​មិញ​ឲ្យ​ដឹង​ថា៖ ត្រាស់​បង្គាប់​តែង​តាំង​មុខ​តំណែង​លោក សុខ ​ចាន់ភក្ដី ជា​អនុ​រដ្ឋ​លេខា​ធិការ​នៃ​ក្រសួង​ព័ត៌មាន​។ ក្នុង​នោះ តែង​តាំង និង​ផ្ដល់​ឋានៈ​ជាទី​ប្រឹក្សា​ក្រសួង​ព័ត៌​មាន​ចំនួន ៦៧ រូប​ផ្សេង​ទៀត។

ព្រះ​រាជ​ក្រឹត្យ​បញ្ជាក់​ថា៖​ «ទីប្រឹក្សា​ដែល​មាន​ឋានៈ​ស្មើ ​អនុរដ្ឋ​លេខាធិ​ការ​ចំនួន ២៥ ​រូប និង​ឋានៈ​ស្មើ​នឹង​អគ្គនាយក​ចំនួន ៤២ រូប»។

លោក​ ផុស​ សុវណ្ណ អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌​មាន​បាន​ថ្លែង​កាលពី​ម្សិល​មិញ​ថា វិស័យ​ព័ត៌មាន​នៅ​កម្ពុជាកំពុង​ត្រូវ​ការ​ធន​ធាន​មនុស្ស​ច្រើនហើយ​កម្ពុជា​ក៏​មិន​សូវ​មាន​សាលា​សម្រាប់​បណ្ដុះ​បណ្ដាល​ម​នុស្ស​ជំនាន់​ក្រោយ​ដែរ។ ដូច្នេះ ​រដ្ឋា​ភិ​បា​ល​​តែង​តែ​នឹក​ឃើញ​មន្ត្រី​មាន​ស្នាដៃ​ និង​បុគ្គល​មាន​បទពិ​សោធ ​និង​ជំនាញ​ផ្នែក​វិស័យ​នេះ ​ដើម្បី​មក​ជួយ​ជំរុញ​ការងារ​​ក្រសួង​បន្ថែម​ទៀត។


លោក​បញ្ជាក់​ថា៖​ «ពួក​គាត់​សុទ្ធ​តែ​មាន​ជំនាញ​ផ្សេងៗ​គ្នា ​ហើយ​យើង​ដឹង​ស្រាប់​ហើយ ​វិស័យ​ព័ត៌​មាន​ មាន​ការ​ស្មុគស្មា​ញ​យើង​យក​គាត់​មក​នេះ ប្រើ​គាត់​តាម​ជំនាញ​គឺ​អ្នក​ខ្លះ​ជំនាញ​ខាង​សិល្បៈខាង​កីឡា​ ខាង​សង្គមឬ​ជំនាញ​ជាច្រើន​ទៀ​ត​។ ចំណែក​អ្នក​ធ្លាប់​បង្រៀន ឲ្យ​គាត់​ជួយ​បណ្ដុះ​បណ្ដាល​មន្ត្រី​ក្មេងៗ​ជំនាន់​ក្រោយ​ក្រសួង ឬ​​នៅ​តាម​សា​លារៀ​ន​នា​នានិ​យា​យ​រួម គឺ​គាត់​ជួយ​ការងារ​ក្រសួង​ព័ត៌មាន»។


លោក មឿ​ន ឈាន​ណា​រិ​ទ្ធ ​នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​ផ្នែក​សារ​ព័ត៌​មាន​ និង​ជា​បេក្ខជន​ដែល​ត្រូវ​បាន​ព្រះ​មហាក្សត្រ​ត្រាស់​បង្គាប់​ជាទី​ប្រឹក្សា មាន​ឋានៈ​ស្មើ​អនុ​រដ្ឋ​លេ​ធិ​ការ​នៃ​ក្រសួង​ព័ត៌មាន​ កាលពី​ម្សិលមិញ​ មិ​នទាន់​អាច​ទាក់​ទង​​សុំ​ការ​បញ្ជាក់​ជុំវិញ​រឿង​នេះ​បាន​ទេ។

ក៏​ប៉ុន្ដែ​លោក​បាន​សរសេរ​នៅលើ​បណ្ដា​ញ​ហ្វេ​ស​ប៊ុក​ផ្លូវការ​របស់​លោកកាល​ពីថ្ងៃ​ទី ២២ មិថុនា​​ ថា លោក​បាន​តស៊ូ​នៅ​លើ​សមរ​ភូមិ​ចិត្ត​សាស្ត្រ ក្នុង​នាម​ជា​យុទ្ធ​ជន និង​មេ​បញ្ជា​ការ​ផង​ អស់​រយៈ​ពេល​ជិត​ ៣០ ​ឆ្នាំ​មកហើយ។ លោក​ពិត​ជា​រំភើប​រីក​រាយ​ដែល​ត្រូវ​បាន​អង្គព្រះ​មហា​ក្សត្រ​ទ្រង់​បាន​តែងតាំង​ជាទី​ប្រឹក្សា​ក្រសួង​ព័ត៌​មាន ដែល​មាន​ឋានៈ​ស្មើនឹង​អ​នុរ​​ដ្ឋ​លេ​ខា​ធិ​ការ ហើយ​នេះ​ពិត​ជា​រង្វាន់​គួរ​ជាទី​ពេញ​ចិត្ត​បំផុត។

លោក​បានបញ្ជាក់​ថា៖​ «ខ្ញុំ​សូម​ថ្លែង​អំណ​រគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន ដែល​បាន​ផ្តល់​កិ​ត្តិ​យ​ស​​ដ៏​មហា​ធំ​ធេង​នេះ។ ខ្ញុំ​សូម​សន្យា​ថា នឹង​បំពេញ​ភារ​កិច្ច​ទៅ​តាម​តួនាទី​ឲ្យ​អស់ពី​កម្លាំង​កាយ​ចិត្ត ដើម្បី​លើក​ស្ទួយ​វិស័​យ​​សារ​ព័ត៌មាន​នៅ​កម្ពុជា​ឲ្យ​កាន់​តែ​ជឿនលឿ​ន​ថែម​ទៀត។ ទន្ទឹម​នឹងនេះ​ ខ្ញុំ​ក៏​សូម​ថ្លែង​អំណរ​គុណ​ដល់​សហកា​រី​អ្នក​សារ​ព័ត៌​មាន ​ក៏ដូច​ជា​និស្សិត​ផ្នែក​សារ​ព័ត៌​មាន​នៅ​សាកល​វិទ្យាល័យ​ដែល​បាន​ផ្ញើសារ​ជូនពរ​ខ្ញុំ​យ៉ាង​កក់ក្តៅ​បំផុត»។

យ៉ាង​ណា​ក្ដី ​លោក សន ជ័យ នាយ​ក​ប្រតិ​បត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណ​នេយ្យ​ភាព​សង្គម​កម្ពុជា (ANSA​) បាន​ថ្លែង​ថា លោក​មិន​ចាប់​អារម្ម​ណ៍​នឹង​មុខ​តំណែងតួនាទី​ដ៏​ច្រើន​សន្ធឹកសន្ធាប់​បែប​នេះ​ទេ ប៉ុន្ដែ​លោក​ចង់ឃើ​ញសិទ្ធិ​ទទួល​ព័ត៌​មាន ត្រូវ​បាន​គោ​រព​ពេញ​លេញនិង​បើក​ឲ្យ​បណ្ដាញ​ព័ត៌មាន​ឯករាជ្យ​ដំណើរការ​ដោយ​ស្រប​ច្បាប់។

លោក​បាន​បញ្ជាក់​ថា៖ «បញ្ហា​ការ​ចំណាយ​ថវិកា​ជាតិ​ជា​រឿង​មួយ​ ប៉ុន្ដែ​បើ​មាន​ទីប្រឹក្សា​ស្អេក​ស្កះ​ ហើយ​សេរី​ភាព​សារ​ព័ត៌​មា​ន​នៅ​ស្រុក​ខ្មែរ​មាន​ការ​ប្រឈម​ដូច​សព្វ​ថ្ងៃ ​ឬត្រូវ​បាន​រឹត​បន្ដឹង​ ក៏វា​គ្មាន​ន័យ​ឬ​ជួយ​រួមចំណែក​លើក​មុខ​មាត់​វិស័យ​​សា​រ​ព័ត៌​មាន​អ្វី​ដែរ​។ យើង​បានដឹង​ហើយ​ថា​ ការ​ចំណាយ​សាធារណៈ​មិន​ចំ​គោលដៅ​ក៏មាន​ច្រើន​ដែរ»៕