ភ្នំពេញៈ មេធាវី​ការពារ​ក្ដី​មន្ត្រី​ និង​សកម្មជន​អតីត​បក្សប្រឆាំង​កាលពី​ម្សិលមិញ​បាន​ស្នើ​តុលាការ​អន្តរាគមន៍​ឱ្យ​អ្នក​ជាប់​ក្នុង​សំណុំរឿង​អាច​ចូលមក​កម្ពុជា ដើម្បី​ចូលរួម​ក្នុង​នីតិវិធីតុលាការ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​ពន្យល់​ពី​​ហេតុផល​មួយចំនួន​ដែល​រដ្ឋាភិបាល​មិនអាច​ចេញ​ទិដ្ឋាការ​ដល់​​ក្រុម​អតីតមន្ត្រី​បក្សប្រឆាំង​។


លោក សំ សុគង់ មេធាវី​ការពារ​ក្ដី​ក្រុម​អតីតមន្ត្រី និង​សកម្មជន​បក្សប្រឆាំង​បាន​ថ្លែងថា ការដាក់​លិខិត​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​គឺ​ស្នើសុំ​ឱ្យ​តុលាការ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល ដើម្បី​កូនក្ដី​របស់​លោក​អាច​ចូលមក​តតាំង​ក្ដី​បាន​។

លោក​ សំ សុគង់ បញ្ជាក់ថា​៖ «​ក្នុង​លិខិត ខ្ញុំ​សុំឱ្យ​តុលាការ​ធ្វើ​ម៉េច​ឱ្យមាន​វត្តមាន​កូនក្ដី​ក្នុង​សវនាការ ដោយសារ​តាម​ក្រមនីតិវិធី សិទ្ធិ​របស់​ជនជាប់ចោទ​ត្រូវតែ​មាន​វត្តមាន​របស់​ជនជាប់ចោទ​នៅក្នុង​សវនាការ​ដើម្បី​ស្ដាប់​ការចោទប្រកាន់ និង​ឆ្លើយ​ដោះសា​ចំពោះ​បទ​ចោទ​។ ​ខ្ញុំ​ដាក់​ទៅនេះ​គោលដៅ​ឱ្យ​តុលាការ​ជួយ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ដែលជា​អ្នកអនុវត្ត​ដីកា​កោះហៅ​ឱ្យជួយ​សម្រួល​ធ្វើ​ម៉េច​ឱ្យ​កូនក្ដី​មាន​វត្តមាន​នៅពេល​មាន​សវនាការ​»​។

លោក អ៊ី រិន្ទ ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានបញ្ជាក់​ពី​ម្សិលមិញ​ថា សាលាដំបូង​រាជធានី​ភ្នំពេញ​ទទួលបាន​លិខិត​អន្តរាគមន៍​នេះហើយ​។


សាលាដំបូង​រាជធានី​ភ្នំពេញ​គ្រោង​នឹង​បន្ត​សវនាការ​លើ​សំណុំរឿង «​រួមគំនិត​ក្បត់​» និង «​ញុះញង់​» ដែលមាន​ជនជាប់ចោទ​ជា​អតីតមន្ត្រី សកម្មជន និង​អ្នកគាំទ្រ​អតីត​បក្សប្រឆាំង​ចំនួន​ ១៣៩ ​នាក់​ក្នុង​នោះ ៦១ ​នាក់​នឹងត្រូវ​ជំនុំជម្រះ​នៅ​ថ្ងៃទី​ ១៤ មករា និង​ហើយ ៧៨ ​នាក់​ទៀត​នឹង​ជម្រះ​នៅ​ថ្ងៃទី​ ៤ មីនា​។


លោកស្រី មូរ សុខហួរ អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​តុលាការ​កំពូល​រំលាយ​នៅ​ខែវិច្ឆិកា ២០១៧ និង​ជា​ជនជាប់ចោទ​ម្នាក់​បានដាក់​ពាក្យសុំ​ទិដ្ឋាការ ដើម្បី​មក​ចូលរួម​ក្នុង​សវនាការ​នេះ​នៅ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​នៅ​សហរដ្ឋ​អាមេរិក ប៉ុន្តែ​លោកស្រី​មិន​ទទួលបាន​ទិដ្ឋាការ​ទេ​។ លោកស្រី គ្រោង​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​ ១៧ មករា បន្ទាប់ពី​បានពន្យារការធ្វើដំណើរដែល​គ្រោង​ដំបូង​នៅ​ថ្ងៃទី​ ៤ មករា​។

ភ្នំពេញ​ ប៉ុស្តិ៍​ មិនអាច​ទាក់ទង​លោកស្រី​ មូរ សុខហួរ ដើម្បី​សុំ​ការបញ្ជាក់​បន្ថែម​ពី​ផែនការ​ត្រឡប់​មក​ចូលរួម​សវនាការ​បានទេ កាលពី​ម្សិលមិញ​។ ប៉ុន្តែ​លោកស្រី​បាន​បង្ហោះ​សារ​នៅលើ Twitter ថា ការកាត់ទោស​ដោយ​មិន​អនុញ្ញាតឱ្យ​ជន​ត្រូវ​ចោទ​មាន​វត្តមាន​នៅក្នុង​សវនាការ​មិន​យុត្តិធម៌​ទេ​។

លោកស្រី​ថ្លែងថា​៖ «​ពួកគេ​មិន​ចេញ​ទិដ្ឋាការ​ឱ្យ​យើង​បាន​ទៅ​ប្រឈមមុខ​ក្នុង​តុលាការ ពួកគេ​ចាប់​អ្នកគាំទ្រ​របស់​យើង​មុនពេល​យើង​ត្រឡប់​ទៅវិញ​ពី​ព្រោះ​តែ​ពួកគេ​មិនមាន​ភ័ស្តុតាង​ពី​បទក្បត់ជាតិ ឬ​ភ័ស្តុតាង​ពី​ការងើប​បះបោរ​»​។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួងយុត្តិធម៌​ថ្លែងថា តុលាការ​បំពេញ​កិច្ចការ​តាម​នីតិវិធី​ដូច​ដែលមាន​បញ្ញត្តិ​នៅក្នុង​ច្បាប់​។ ដូចជា​ការស៊ើបសួរ ការស៊ើបអង្កេត និង​ការបើក​សវនាការ​ជាដើម​។ ​ក្នុងករណី​ខាងលើ តុលាការ​បាន​ឈានដល់​នីតិវិធី ចេញ​ដីកា​កោះ​ឱ្យចូល​សវនាការ ព្រមទាំង​បានចេញ​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​ដែល​គ្រប់​សមត្ថកិច្ច​ត្រូវអនុវត្ត​តាម​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​តាម​គ្រប់​មធ្យោបាយ​។

លោក​បញ្ជាក់ថា​៖ «​រួមទាំង​អង្គទូត​ក៏ដោយ​គឺ​ត្រូវអនុវត្ត​តាម​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន មិនមែន​ចេញ​ទិដ្ឋាកា ចេញ​សុពលភាព​លិខិត​ឆ្លងដែន​ទេ គឺ​ត្រូវ​ប្រើ​គ្រប់​មធ្យោបាយ​ការទូត និង​គ្រប់​យន្តការ និង​កិច្ចព្រមព្រៀង​ដែលមាន​ដើម្បី​ចាប់ខ្លួន ឬ​នាំខ្លួន​ជន​ហ្នឹង​តាម​អំណាច​ដីកា​ឱ្យ​នាំខ្លួន​នោះ​ចូលមក​ប្រឈម​នឹង​ផ្លូវច្បាប់​។ ​តែ​ទោះ​នាំមក​បាន​ ឬ​មិនបាន នីតិវិធីតុលាការ​នឹង​បន្តទៅ​មុខ​តាម​នីតិវិធី​»​។

ស្រដៀង​គ្នា​នេះ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​លោក​ ផៃ ស៊ីផាន ថ្លែងថា តុលាការ​បាន​ចេញ​ដីកា​ទៅតាម​នីតិវិធី ប៉ុន្តែ​ការរក​លទ្ធភាព​ចូលមក​ស្រុក​ខ្មែរ​វិញ​គឺជា​ការទទួលខុសត្រូវ​របស់​សាមីជន​។ ​រដ្ឋាភិបាល​មិន​លូកលាន់​ទេ ហើយ​ច្បាប់​មិន​អនុញ្ញាត​ផ្ដល់​លិខិតូបករណ៍​ណាមួយ​ដែល​ធ្វើឱ្យ​ជន​កំពុង​ស្ថិត​ក្នុងការ​ស្វែងរក​ចាប់ខ្លួន ឬ​ជន​ជាប់ចោទ​អាចមាន​លទ្ធភាព​គេចវេះ​ពី​ការអនុវត្ត​ច្បាប់​ទេ​៕