យុវជន ២ នាក់ ​ត្រូវ​បាន​ចោទ​ជាប់​ពាក់ព័ន្ធ​នឹង​​ការ​ញុះញង់​ឲ្យ​មាន​បទឧក្រិដ្ឋ​

Content image - Phnom Penh Post
យុវជន​ ពេល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ កាលពីថ្ងៃម្សិលមិញ​​​។ ហេង ជីវ័ន

ភ្នំពេញៈ ​យុវ​ជន ២ នាក់ ​ក្នុង​ចំណោម ៧ នាក់​ ត្រូវ​បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​ការ​ញុះញង់​ បង្កើត​ឲ្យ​មាន​បទ​ឧក្រិដ្ឋ និងអ​សន្តិសុខ​សង្គម​ ក្រោយ​ពួកគេ​រៀបចំ​ការ​ប្រារព្ធ​ខួប​គម្រប់ ៣ ឆ្នាំ​ នៃ​ការ​ធ្វើ​ឃាត​​លោក​ កែម​ ឡី​ ដោយ​ការ​បំពាក់​កម្រង​ផ្កា និង​សរសេរ​ពាក្យ​ស្លោក​នៅ​លើ​អាវយឺត។​

លោក ​ម៉េត​ មាស​ភក្ដី​ អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំ​ពេញ​ បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ជុំវិញ​ការ​ឃាត់​ខ្លួន​យុវជន ៣ នាក់​ កាល​ពី​ព្រឹក​​ថ្ងៃ​ពុធ​ម្សិលមិញ​ថា​ ការ​ឃាត់​ខ្លួន​យុវជន​នេះ ​មិន​មែន​ពាក់ព័ន្ធនឹង​ការ​គោរព​វិញ្ញាណ​ក្ខន្ធ​នេះ​ទេ​ ប៉ុន្ដែ​ពាក់​ព័ន្ធ​នឹង​ការ​ចែក​ចាយ​ខិត្ដ​ប័ណ្ណ​ ដែល​មាន​ខ្លឹម​សារ​ញុះ​ញង់​បង្កើត​ឲ្យ​​មាន​បទ​ឧក្រិដ្ឋ​ និង​អសន្តិសុខ​ក្នុង​សង្គម។​

លោក​បាន​ថ្លែង​ថា​៖​ «ជា​សាច់​រឿង​យុវ​ជន​ម្នាក់​ទេ​ដែល​យើង​ឃាត់​ខ្លួន។​ ប៉ុន្ដែ​សួរ​ថា ​ម៉េច​ទើប​មាន​ឃាត់​យុវជន​ដល់ ​​​៣ នាក់​? យុវ​ជន​ ២ នាក់​ទៀត​ បើ​តាម​ការ​អះអា​ង​មក​គឺ​ពួក​គាត់ ​ស្ម័គ្រ​ចិត្ដ​ទៅ​ជា​មួយ​យុវជន​ ដែល​យើង​ឃាត់​​ខ្លួន​ត្រូវ​ចែក​ឲ្យ​ដាច់​ អ៊ីចឹង​ យុវជន​ដែល​យើង​ឃាត់​នោះ​តែ​ម្នាក់​ទេ​។ ​មូល​ហេតុ​ដោយ​សារ​តែ​យុវជន​ដែល​ត្រូវ​ឃាត់​​នេះ ​គាត់​ចែក​ខិត្ដ​ប័ណ្ណ​ ដែល​មាន​ខ្លឹម​សារ​ញុះញង់ ​បង្កើត​ឲ្យ​មាន​បទ​ឧក្រិដ្ឋ​ជាអាទិ៍​ ប៉ះ​ពាល់​ដល់​សន្ដិសុខ​សណ្ដាប់​ធ្នាប់​សង្គម​ជាតិ»។​

​ទាក់​ទង​នឹង​ករណី​ដូច​គ្នា​នេះ​ដែរ​ កាល​ពី​នៅ​ល្ងាច​ថ្ងៃ​អង្គារ​ទី​ ៩​ ខែ​ កក្កដា ​អតីត​និស្សិត​​ជា​សកម្ម​ជន​​ លោក​ គង់​ រ៉ៃ​យ៉ា​​ និង​​សមា​ជិក​ក្រុម​គ្រួសារ​របស់​លោក ៣ នាក់​ទៀត​ ត្រូវ​បាន​​សមត្ថ​កិច្ច​រាជ​ធានី​ភ្នំពេញ​ឃាត់​ខ្លួន​ ក្រោម​បទ​ចោទ​ប្រ​កាន់​ពី​បទ​ញុះ​ញង់​ឱ្យ​បង្ក​ចលាចល​ក្នុង​សង្គម។​

ចំ​ពោះ​រឿង​នេះ ​លោក​ មាស​ភក្តី​ បាន​បញ្ជាក់​ថា​៖ «​យុវ​ជន​ទាំង ​៣ ​ពាក់​ព័ន្ធ​នឹង​ករណី​បោះ​ពុម្ព​អាវ​យឺត​នេះ​ ៣ នាក់ ​នឹង​​ត្រូវ​ដោះ​លែង​វិញ​ ដោយ​សារ​តែ​ក្រោយ​ការ​ស៊ើប​អង្កេត​ទៅ ​មាន​តែ​យុវ​ជន​ម្នាក់​ ដែល​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ដូច​ចោទ​ខាង​លើ ​ហើយ​ឥឡូវ​នេះ ​យើង​បញ្ជូន​ទៅ​តុលា​ការ​រាជធានី​ភ្នំពេញ​ហើយ»។​

​អ្នក​នាំ​ពាក្យ​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ លោក​ ឆាយ​ គឹម​ឃឿន និង​លោក​ ស ថេ​ត​ ស្ន​ង​​ការ​នគរ​បាល​រាជ​ធានី​ភ្នំពេញ​ មិន​អាច​ផ្ដល់​ព័ត៌​មាន​ជុំវិញ​ករណី​ឃាត់​ខ្លួនយុវជន​ខាង​លើ​បាន​ទេ ​ដោយ​ថ្លែង​ថា​មិន​ទាន់​ទទួល​បាន​ព័ត៌​មាន និង​រវល់​ក្នុង​សិក្ខា​សាលា​ កាល​ពី​ម្សិលមិញ។​

​លោក ​ឃិន ​សាន ​អធិការ​នគរ​បាល​ខណ្ឌ​ចំការ​មន​ បាន​ឲ្យ​ដឹង​ថា ​ស​មត្ថ​កិច្ច​មិន​បាន​ឃាត់​ខ្លួន​យុវជន​ទាំង​​នោះ​​ទេ​ ​គេ​គ្រាន់​តែ​អប់​រំ​ ហើយ​ក្រោយ​មក​ត្រូវ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ។​

លោក​ គុជ​ គឹម​ឡុង​ អ្នក​នាំ​ពាក្យ​តំណាង​អយ្យកា​រ​អម​សា​លា​ដំបូង​រាជ​ធានី​ភ្នំពេ​ញ​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា ពាក់ព័ន្ធ​នឹង​ការ​បញ្ជូន​យុវជន ​២ នាក់​ ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​ញុះ​ញង់​បង្កើត​ឲ្យ​​បទ​ឧក្រិដ្ឋ​ និង​អសន្តិ​សុខ​ក្នុង​សង្គមនោះ​ នៅ​មិន​ទាន់​ឃើញ​សមត្ថកិច្ច​​បញ្ជូន​ពួក​គេ​មក​ដល់​នៅ​ឡើយ​ទេ។​ ​

Content image - Phnom Penh Post
​នគរ​បាល​រារាំង​ក្រុម​យុវជនដែល​ហែកម្រង​ផ្កាទៅដាក់កន្លែងសពលោក​កែម​ ឡី ក្នុង​ខួប​ ៣ ឆ្នាំ។ ហេង ជីវ័ន

​អ្នក​ស្រី ​ស្រី​ និច​ ជា​ភរិយា​ សកម្ម​ជន​អតី​ត​គណ​បក្ស​សង្គ្រោះជាតិ​​ លោក​ គង់​ រ៉ៃ​យ៉ា​ ដែល​ជា​យុវជន​ម្នាក់​ត្រូវ​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​ខាង​លើ​នេះ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា សមត្ថ​កិច្ច​បាន​បញ្ជូន​ប្ដី​របស់​អ្នកស្រី​​ទៅ​សាលា​ដំបូង​ហើយ​នៅ​ថ្ងៃ​ដដែល​នោះ​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​ស្នង​ការ​រាជធានី​ភ្នំពេញ​វិញ។​

​អ្នក​ស្រី​បាន​ឲ្យ​ដឹ​ង​ថា​៖​ «នៅ​ល្ងាច​ម្សិល​មិញ​ គាត់​កំពុង​ស្ថិត​នៅ​ស្នង​ការ​ដ្ឋាននគរ​បាល​រាជ​ធានី​ភ្នំពេញ​នៅ​ឡើយ​។​ ម្សិល​មិញ​នេះ ​គេ​ឃាត់​ប្ដី​ខ្ញុំ​ដោយ​ចោទ​ប្ដី​ខ្ញុំ​ពី​ការ​បង្ហោះ​លក់​អាវ​ដែល​មាន​បោះ​ពុម្ពរូប​លោក​ កែម​ ឡី។​ ចំណែក​អ្នក​ផ្សេង​ ៣ ​នាក់​ទៀត បាន​ធ្វើ​កិច្ច​សន្យា​នៅ​ស្នង​ការដ្ឋាន​រាជ​ធានី​ភ្នំពេញ​ និង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ»។​

​​លោក​ ព្រាប​ កុល​ នាយក​អង្គការ​តម្លា​ភាព​អន្តរ​ជាតិ​ប្រចាំ​កម្ពុជា​ ​ដែល​បាន​ចូល​រួម​​ប្រា​រព្ធ​ខួប ៣​ ឆ្នាំ ​លោក​ កែម​ ឡី នៅ​ស្ថានីយប្រេងកាល់​តិច​បូក​គោ​ពី​ម្សិល​មិញ​បាន​ឲ្យ​ដឹង​ថា ​រៀង​រាល់​ឆ្នាំ​ នៅ​ថ្ងៃទី​ ១០ ​ខែ ​កក្កដា​ លោក​តែង​តែ​ទៅ​​ស្ដា​ម៉ាត​ស្តុប​នោះ​​ ដើម្បី​ញ៉ាំ​កា​ហ្វេ ​រំឭក​ និង​ឧទ្ទិស​វិញ្ញាណ​ក្ខន្ធដល់​លោក​កែមឡី​ ដែល​ទង្វើ​នេះ​ជា​ទឹក​ចិត្ត​នៃ​ការ​គោរព​ស្រឡាញ់​​ចំពោះ​គាត់។​

លោក ​ព្រាប​ ​កុល​ ថ្លែង​ថា​៖ «​ទិ​ដ្ឋ​ភាព​ ដែល​ខ្ញុំ​ឃើញ​​នៅ​ជុំវិញ​កា​រ៉ាស​​សាំង​ និង​នៅ​ក្នុ​ង​ម៉ាត​ កាល​ពី​ព្រឹក​មិញ​នេះ​ជា​ការ​​បង្ហាញ​ពី​ការ​រឹត​ត្បិត​សិទ្ធិ​សេរី​ភាព​ជា​មូល​ដ្ឋាន​របស់​ប្រជាពលរដ្ឋ​ និង​ចិត្ត​ចង្អៀត​ចង្អល់​របស់​អាជ្ញា​ធរ​ខ្មែរ​។​ ខ្ញុំ​មាន​ការ​សោក​ស្ដាយ​ជុំវិញ​សមត្ថ​កិច្ច​ដែល​បាន​​ដាក់​កម្លាំង​ជា​ច្រើន​នាក់​ ហាម​ឃាត់​មិន​ឲ្យ​មាន​មនុស្ស​ចូល​ទៅ​ប្រា​រព្ធ​ពិធី​ខួប​នោះ»។​

​លោក​ កុល​ បាន​សរសេរ​បង្ហោះ​លើ​ហ្វេស​ប៊ុក​របស់​លោក​កាល​ពី​ម្សិល​មិញ​ថា​៖ ​​«​ខ្ញុំ​ពិត​ជា​ហួស​ចិត្ត​ រក​អ្វី​មក​ថ្លែង​ពុំ​បាន​! ​ប្រ​ទេស​ខ្ញុំ ​មាន​រដ្ឋ​ធម្មនុញ​ តម្រូវ​ឲ្យ​ប្រ​​កាន់​យក​របប​ប្រជា​ធិប​តេយ្យ​ សេរី​ពហុ​បក្ស​ និង​បាន​ធានា​សិទ្ធិ​សេរី​ភាព​ជា​មូល​ដ្ឋាន​របស់​ប្រជា​ព​ល​រដ្ឋ​។​ តាម​ពិ​ត ១​ ឆ្នាំ​ ខ្ញុំ​​ទៅ​ទីនោះ​ម្តង​ ហើយ​គ្រោង​ទៅ​ត្រឹម​តែ​ ៤០​ នា​​ទីប៉ុណ្ណោះ ដើ​ម្បី​អង្គុយ​ញ៉ាំ​កាហ្វេ​នឹក​រឭក​ និង​ឧទ្ទិ​សដល់​រៀម​ច្បង​ បណ្ឌិត​ កែម​ ឡី​ ដែល​ត្រូវ​ឃាត​ករ​ បាញ់​គាត់សម្លាប់​នៅ​ទី​នោះ។ ​ខ្ញុំ​សង្ឃឹម​ថា​ ឆ្នាំ​ក្រោយ​អាជ្ញា​ធ​រ និង​សមត្ថ​កិច្ច​ មាន​ចិត្ត​ទូលាយ​ជាង​នេះ»។​

លោក ​ស៊ឹង​ សែន​ករុណា ​អ្នក​នាំ​ពាក្យ​សមា​គម​សិទ្ធិ​មនុស្ស​​អាដ​ហុក​ (ADHOC) បាន​អះ​អាង​កាល​ពី​ម្សិល​មិញ​ថា​ ទង្វើ​របស់​អាជ្ញា​ធរ​ដែល​បាន​ធ្វើនៅ​ទី​នោះ ​វា​ផ្ទុយ​នឹង​ច្បាប់​កំពូល​របស់​កម្ពុជា​ ​ដោយ​រំលោភ​ទៅ​​លើ​សិទ្ធិ​របស់​ពល​រដ្ឋ​ និង​នយោ​បាយ​ ​ក្នុង​ការ​ជួប​ប្រជុំ ឬ​ក៏​ធ្វើ​ការ​ប្រមូល​ផ្ដុំ​ដើម្បី​សម្ដែង​មតិ​ដោយ​សន្តិវិធី។

​លោក​ សែន​ករុណា​ ថ្លែង​ថា៖ ​«​ក្នុង​ករណី​នេះ ជា​ករណី​ពិធី​បែប​សាស​នា​ទៅ​ទៀ​ត​ បើ​យើ​ង​មើល​ទៅ​ច្បាប់​បាតុ​កម្ម​គឺ​មិន​ចាំ​បាច់​ជូន​ដំណឹង​ ​ឬ​ក៏​សុំ​ច្បាប់​អី​ទេ​ គឺ​គាត់​មាន​សិទ្ធិ​ក្នុង​ការ​ធ្វើ​ពិធី​តាម​បែប​ប្រពៃ​ណី​សាស​នា។ ​អ៊ីចឹង​វា​មិន​មែន​ជា​រឿង​ខុស​ទាស់​ទៅនឹង​ច្បាប់​អីទេ​​»​។​

លោក​ ករុណា ​បាន​អះអាង​ថា ​សមា​គម​របស់​លោក​ នឹ​ង​បន្ត​ឃ្លាំ​មើល​សកម្ម​ភាព​នៃ​ដំណើរការ​នីតិ​វិធី​នៃ​ការ​ឃាត់​ខ្លួន​ក្រុម​យុវ​ជន​នេះ។​

លោក​បន្ដ​ថា​៖ «​ប្រសិន​បើមាន​ការ​ចោទ​ប្រកាន់​ ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ណា​មួយ ​យើង​នឹង​ពិចា​រ​ណា​ដើ​ម្បី​ធ្វើ​ការ​ដាក់​មេធា​វី ទៅ​ការ​ពារ​តាម​នីតិវិធី​ផ្លូវ​ច្បាប់»។​

លោ​ក​ មួង​ សូនី​ ប្រធាន​សមា​គម​សម្ព័ន្ធ​និស្សិត​បញ្ញ​វន្ត​ខ្មែរ​ ដែល​បាន​ចូល​រួម​ដាក់​កម្រង​ផ្កា​នៅ​​ស្ថានីយប្រេងកាល់​តិច រួច​បន្ដ​ដំ​ណើរ​​ទៅ​ធ្វើ​ពិធី​នៅ​ខេត្ដ​តាកែវ​ ​បាន​ឲ្យ​ដឹង​ថា​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រមាណ​ ១០០​ នាក់​បានបន្ត​​ទៅប្រារព្ធ​ពិធី​នៅ​​ស្រុក​កំណើត​ លោក​ កែម ឡី៕​