តាកែវ៖ យុវជន ៤ នាក់ ដែល​បាន​នាំ​គ្នា​ផឹក​គ្រឿង​ស្រវឹង និង​ចាក់​ធុង​បាស់​រាំលេង​សប្បាយ ល្មើស​ទៅ​នឹង​វិធាន​ការពារ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បញ្ចូន​ទៅ​តុលាការ​នៅ​ថ្ងៃ​ចន្ទ​នេះ។ នេះ​បើ​តាម​លោក អ៊ូច ភា អភិបាល​ខេត្ត​តាកែវ។


លោក អ៊ូច ភា បាន​ថ្លែង​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ថា លោក​បាន​បញ្ជា​ឲ្យ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ឃាត់​ខ្លួន​យុវជន​ចំនួន ៤ នាក់ ដែល​បាន​នាំ​គ្នា​ផឹក​ស៊ី​ចាក់​ធុងបាស់​រាំ​លេង​សប្បាយ​ផ្គើន​ល្មើស​ទៅ​នឹង​វិធាន​ការពារ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ របស់​រាជរដ្ឋាភិបាល។

លោក​បាន​ថ្លែង​ថា៖ «យើង​បាន​ចាប់​បញ្ចូន​ទៅ​តុលាការ​ហើយ ឥឡូវ​ទុក​ឲ្យតុ​លាការ​ធ្វើ​តាម​នីតិវិធី​របស់​គាត់។ យើង​នឹង​បន្ត​អនុវត្ត​វិធានការ​តឹងរ៉ឹង​បែប​នេះ បើ​សិន​ជា​នៅ​តែ​មាន​អ្នក​បំពាន»។

បើ​តាម​លោក អ៊ូច ភា លោក​បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​កង​រាជអាវុធហត្ថ​ខេត្ត ចាប់​ខ្លួន​បុរស ៤ នាក់ នេះ​កាល​ពី​ល្ងាច​ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២១ នៅ​ចំណុច​ភូមិ​អង្គរាំង ឃុំ​បឹងត្រាញ់​ខាង​ជើង ស្រុក​សំរោង ខេត្ត​តាកែវ។

លោក​ថ្លែង​ថា មូលហេតុ​ដែល​សមត្ថកិច្ច​សម្រេច​ឃាត់​ខ្លួន​យុវជន​ទាំង ៤ ​នាក់​ខាង​លើ គឺ​បន្ទាប់​ពី​ពួក​គេ​មិន​ស្តាប់​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ និង​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល​ដែល​មិន​ឱ្យ​មាន​ការ​ជួបជុំ ផឹកស៊ី ដែល​នាំ​ឱ្យ​មាន​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូវីដ ១៩៕