ភ្នំពេញៈ បុរសជនជាតិខ្មែរចំនួន ២ នាក់ទៀតត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ក្រោយពីពួកគេត្រឡប់មកពីប្រទេសជប៉ុន។ លទ្ធផលនេះធ្វើឱ្យប្រទេសកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ រហូតដល់ ២៩០ នាក់ ប៉ុន្តែអ្នកដែលត្រូវបានព្យាបាលជាសះស្បើយមានចំនួន ២៨៣ នាក់។
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលពីថ្ងៃម្សិលមិញបានឱ្យដឹងថា បុរសជនជាតិខ្មែរចំនួន ២ នាក់ដែលឆ្លងជំងឺកូវីដ១៩នោះ គឺម្នាក់មានអាយុ ៣៤ ឆ្នាំមានអាសយដ្ឋានស្នាក់នៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល និងបុរសម្នាក់ទៀតអាយុ ២៣ ឆ្នាំនៅស្រុកបាកាន ខេត្តពោធិ៍សាត់។
ក្រសួងបញ្ជាក់ថា៖ «បុរសទាំង ២ នាក់នេះបានធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ពួកគាត់គឺ វិជ្ជមានវីរុសកូវីដ១៩ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ អ្នកជំងឺទាំង ២ នាក់នេះត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត»។
បើតាមសេចក្តីប្រកាសព័ត៌មាននោះគឺអ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺទាំង ២ នាក់សរុបមានចំនួន ៣៩ នាក់ក្នុងនោះស្រី ៧ នាក់។ មកដល់ពេលនេះ អ្នកដំណើរចំនួន ៣៧ នាក់ដែលមានលទ្ធផលតេស្តអវិជ្ជមានកូវីដ១៩នោះត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃនៅវិទ្យាល័យពោធិ៍ចិនតុងចំនួន ១១ នាក់។ រីឯអ្នកផ្សេងទៀតត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគារក្នុងរាជធានីភ្នំពេញ។
របាយការណ៍របស់ក្រសួងលើកឡើងថា គិតត្រឹមថ្ងៃទី ២៧ ខែតុលា កម្ពុជាមានអ្នកមានជំងឺកូវីដ១៩សរុបចំនួន ២៩០ នាក់ ស្រី ៥៩ នាក់ និងប្រុស ២៣១ នាក់។ ប៉ុន្តែអ្នកដែលបានព្យាបាលជាសះស្បើយសរុបទូទាំងប្រទេសមាន ២៨៣ នាក់ស្មើនឹង ៩៧,៥៩% ធៀបនឹងចំនួនអ្នកមានវីរុសកូវីដ១៩ទាំងអស់។ អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានចំនួន ៧ នាក់ក្នុងនោះមានបុរសជនជាតិខ្មែរ ៣ នាក់ ស្ត្រីជាតិខ្មែរម្នាក់ បុរសជនជាតិប៉ូឡូញម្នាក់ បុរសបារាំងម្នាក់ និងស្ត្រីជាតិបារាំងម្នាក់។
ករណីក្មេងអាយុ ៣ ឆ្នាំដែលឪពុកម្តាយរបស់គាត់ជាជនជាតិខ្មែរ និងបានឆ្លងវីរុសកូវីដ១៩នេះកាលពីថ្ងៃទី ១៩ ខែតុលា នោះត្រូវបានលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបញ្ជាក់ពីម្សិលមិញថា ក្មេងនោះនៅតែធ្វើតេស្តអវិជ្ជមានដដែល ខណៈដែលគាត់នៅក្រោមការមើលថែពីឪពុកម្តាយដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
កងកម្លាំងរក្សាសន្តិភាពកម្ពុជា ៧៣ នាក់ដែលបានធ្វើមាតុភូមិនិវត្តន៍មកប្រទេសវិញ ក្រោយបញ្ចប់បេសកកម្មនៅស៊ូដង់ខាងត្បូងកាលពីថ្ងៃទី ២៧ តុលា ត្រូវបានមន្ត្រីសុខាភិបាលយកសំណាក និងបញ្ជូនមកធ្វើចត្តាឡីស័ក តាមវិធានសុខាភិបាលរយៈពេល ១៤ ថ្ងៃនៅវិទ្យាស្ថានហ្វឹកហ្វឺន កងកម្លាំងរក្សាសន្តិភាព ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
លោក អោក សៀង អគ្គនាយករង មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាត មីន និងកាកសំណល់សង្គ្រាមថ្លែងក្នុងពេលទទួលស្វាគមន៍កងកម្លាំង កម្ពុជានៅព្រលានយន្តហោះអន្តរជាតិភ្នំពេញពីថ្ងៃទី ២៧ តុលា ថា ការបញ្ជូនកងរាជអាវុធហត្ថទៅធ្វើចត្តាឡីស័កតាមវិធានសុខាភិបាល ដើម្បីស្វែងរកជំងឺកូវីដ១៩ បើទោះជាកងទ័ពទាំងនេះបានធ្វើតេស្តនៅប្រទេសដែលកំពុងមានបេសកកម្មរកមិនឃើញវិជ្ជមានជំងឺកូវីដ១៩ក៏ដោយ។ នេះជាការយកចិត្តទុកដាក់ធំធេងចំពោះសុខភាពពីសំណាក់ថ្នាក់ដឹកនាំ។
ចាប់តាំងពីឆ្នាំ ២០០៦ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាព ៧ ១២៣ នាក់ក្នុងនោះមានស្ត្រីជិត ៤០០ នាក់ទៅចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ។ រហូតដល់ពេលនេះកម្ពុជាមានកងកម្លាំង ៥ កង សរុបចំនួន ៧៨៧ នាក់ កំពុងបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិក្នុងនោះមានលីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី និងអាហ្វ្រិកកណ្តាល។ កម្លាំងមួកខៀវទាំងនេះធ្វើឱ្យកម្ពុជាជាប្រទេសបរិច្ចាគកម្លាំងរក្សាសន្តិភាពច្រើនជាងគេលំដាប់ទី ២ ក្នុងតំបន់អាស៊ាន៕