ឧត្តរមានជ័យៈ រដ្ឋបាលខេត្តឧត្តរមានជ័យ បានសម្រេចធ្វើការបិទផ្អាកជាបណ្តោះអាសន្ន នូវទីតាំងចំនួន ៦ កន្លែង ដែលមានអ្នកពាក់ព័ន្ធផ្ទាល់និងប្រយោលប្រមាណជាង ២០ នាក់ បន្ទាប់ពីរកឃើញមានអ្នកឆ្លងវីរុសកូវីដ ១៩ ម្នាក់ មានការពាក់ព័ន្ធនឹងទីតាំងទាំងនេះ។
លោក ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៦ ខែឧសភានេះថា ទីតាំងចំនួន ៦ ត្រូវបានផ្អាកជាបណ្តោះអាសន្នក្នុងក្រុងសំរោង ស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ដោយសារមានការជាប់ពាក់ព័ន្ធជាមួយនឹងបុរសអាយុ ២៦ ឆ្នាំម្នាក់ ដែលជាអ្នកដើរលក់សំបកកង់រថយន្តមានវិជ្ជមានជំងឺកូវីដ ១៩។
ទីតាំងដែលត្រូវបានបិទផ្អាកជាបណ្តោះអាសន្ននោះមាន យានដ្ឋានជួសជុលរថយន្ត និងលក់សំបកកង់រថយន្តយីហោសួសសុភា ២ ស្ថិតក្នុងភូមិគោកគ សង្កាត់សំរោង ក្រុងសំរោង ផ្ទះសំណាក់សោភាស្ថិតក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង ទីតាំងលក់សំបកកង់ប៉ះកង់រថយន្តយីហោចក់ វុទ្ធាក្នុងស្រុកងន្លង់វែង។
ក្រៅពីនេះមានទីតាំងលក់បាយ ឈ្មោះ ឈុំ ពៅនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ផ្ទះប្រជាពលរដ្ឋឈ្មោះ នុល ឈុនលី នៅភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ និងផ្ទះប្រជាពលរដ្ឋឈ្មោះ ឌី ឌុច។
លោក ឌី រ៉ាដូ បានមានប្រសាសន៍ថា ៖ «យើងបានសម្រេចឱ្យមានការបិទផ្អាកសិននិងបានឱ្យពួកគាត់ធ្វើចត្តាឡីស័កនៅតាមលំនៅដ្ឋានរបស់ពួកគាត់ឱ្យបានត្រឹមត្រូវរួចហើយ ហើយយើងនឹងបើកវិញរហូតដឹងថា កន្លែងទាំងនេះមានសុវត្ថិភាព»។
សម្រាប់ទូទាំងខេត្តឧត្តរមានជ័យ មកដល់ពេលនេះ មានទីតាំងចំនួន ៧ កន្លែងហើយ ដែលបានបិទបណ្តោះអាសន្ន បន្ទាប់ពីរកឃើញមានការពាក់ព័ន្ធនឹងអ្នកមានវិជ្ជមានកូវីដ ១៩។
បើតាមការឱ្យដឹងពីលោកអភិបាលរងខេត្តរូបនេះ ខេត្តឧត្តរមានជ័យ មិនទាន់មានករណីឆ្លងវីរុសកូវីដ ១៩ ក្នុងសហគមន៍ទេ ប៉ុន្តែមានតែករណីឆ្លងពីពលករខ្មែរដែលបានធ្វើដំណើរមកពីប្រទេសថៃ ដែលមានរហូតដល់ ៩ នាក់ ប៉ុន្តែត្រូវបានព្យាបាលជាសះស្បើយចំនួន ២ នាក់ហើយ។
លោក ឌី រ៉ាដូ មានប្រសាសន៍ថា ៖ «មកដល់ពេលនេះ មិនមានករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍មកក្នុងខេត្តរបស់យើងទេ ប៉ុន្តែយើងនៅតែបន្តធ្វើការការពារយ៉ាងតឹងរ៉ឹងបំផុត និងប្រកាន់នូវវិធានការ ៣ ការពារ និង ៣ កុំ»។
បុរសដែលមានវិជ្ជាមានកូវីដនេះ បានធ្វើដំណើរមកពីខេត្តព្រះវិហារ ទៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យកាលពីថ្ងៃទី ១៣ ខែឧសភា ដោយបានសម្រាកមួយយប់ និងបានចេញដំណើរពីខេត្តនេះ ទៅកាន់ខេត្តបាត់ដំបង ដោយបានឆ្លងកាត់ខេត្តប៉ៃលិន។
បុរសរូបនេះ ត្រូវបានក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន ធ្វើតេស្ត ២ ដង រកឃើញវិជ្ជមានកូវីដ ១៩។
ជាមួយគ្នានេះដែរ អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ក៏បានសម្រេចធ្វើការផ្អាកអាជីវកម្មផ្ទះសំណាក់ម៉ាលីម៉ា ជាបណ្តោះអាសន្នផងដែរ ដែលស្ថិតក្នុងភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ដែលមានអ្នកមានវិជ្ជមានកូវីដ ១៩ បានមកស្នាក់នៅកាលពីថ្ងៃទី ១២ ខែឧសភាកន្លងមកនេះ។
លោក ប្រាក់ សុវណ្ណ បានឱ្យដឹងថា ការផ្អាកនេះធ្វើឡើងចាប់ពីថ្ងៃទី ១៥ រហូតដល់មានការជូនដំណឹងជាថ្មី៕