ភ្នំពេញៈ រដ្ឋបាល​រាជ​ធានីភ្នំពេញ ​នឹង​ធ្វើ​ការ​បង្រួម​នូវ​តំបន់​ក្រហម​​ ​ឱ្យ​មក​នៅ​​ទំហំ​តូច ដោយ​ដាក់​​មក​ត្រឹម​ជា​ខ្នង​ផ្ទះ និង​ធ្វើ​ការ​​កែប្រែ​តំបន់​លឿងទុំ​​ មក​ជា​តំបន់​លឿង ​​ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួ​ល​​ ដល់​អាជ្ញាធរ​ធ្វើ​ការ​គ្រប់​គ្រង ដែល​ការ​សម្រេចនេះនឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃទី​ ១៩ ខែឧសភា​។


លោក​ ឃួង ស្រេង អភិបាល​ និង​ជាប្រធាន​គណៈ​បញ្ជាការ​ឯក​ភាពរាជ​ធានីភ្នំ​ពេញ នាព្រឹកថ្ងៃ​ទី ១៧ ខែឧសភា ​បានដឹកនាំ​កិច្ច​ប្រជុំ​គណៈ​បញ្ជាការ​ឯក​ភាព​ រាជ​ធានី​ភ្នំ​ពេញ​តាម​រយៈ​អន​ឡាញ ( Video Conference ) ​ស្ដីពីការ​ត្រួត​ពិនិត្យ​ការងារនៃការ​បិទខ្ទប់​ក្នុងមូល​ដ្ឋាន​ ដោយ​សាលា​​រាជ​ធានី ​នឹង​ធ្វើ​ការបង្រួម​តំបន់​ក្រហម ឱ្យ​មក​កាន់​តែតូច​ជាងមុន ដោយ​ដាក់កំណត់​​តំបន់​​នេះ​ មក​ត្រឹម​ជា​ខ្នង​ផ្ទះ ឬជា​អគារ​តែ​ប៉ុណ្ណោះ​។

លោក​មាន​ប្រសាសន៍​ថា ៖«ការ​បង្រួម​តំបន់​ក្រហម​ដោយ​កន្លែង​មក​ជាខ្នង​ផ្ទះនេះ​​ គឺ​ដើម្បី​​ផ្ដល់​ភាពងាយ​ស្រួល​ក្នុង​ការគ្រ​ប់​គ្រង និង​ការ​ចូល​រួម​អនុវត្ត​តាម​វិធាន​ការ​របស់​ក្រសួង​សុខា​ភិបាល និង​ចូល​រួម​គោរព​តាម​អនុសាសន៍​ដ៏ខ្ពង់​ខ្ពស់​របស់​សម្ដេច​នាយ​ក​រដ្ឋ​មន្រ្តី ហ៊ុន សែន គឺ​ បីការ​ពារ និង​បីកុំ​»។

បើ​តា​ម​ ​លោក ឃួង ស្រេង ការ​បង្រួម​តំបន់​ក្រហម​មក​ត្រឹម​ជាខ្នង​ផ្ទះ ​ឬអគារ​នេះ នឹង​ចាប់​ផ្តើម​អនុវត្ត​នៅ​ថ្ងៃ​ ១៩ ខែឧសភា ដើម្បី​ផ្តាច់​ឫស​គល់​នៃ​ការ​ចម្លង​វីរុស​កូវីដ​ ១៩ ​នេះ​ ឱ្យ​មក​នៅ​កាន់តែ​តូច​។


លោក​​បញ្ជាក់​​ថា ៖«​​​អាជ្ញាធរ​មូល​ដ្ឋាន​ ត្រូវមើល​ការ​ខុស​ត្រូវ​ឱ្យ​បាន​ហ្មត់​ចត់បំផុត​ នៅ​តាម​ទីតាំង​ដែល​នឹង​ត្រូវ​បាន​​បង្រួម​មក​ជា​តំបន់​ក្រហម ដោយ​ត្រូវ​តាម​ដាន​​ទាំងបញ្ហា​សុខ​ភាព​ និងស្បៀង​អាហាររបស់ប្រជា​ពលរដ្ឋ​ ដោយ​មិនឱ្យ​មាន​ប្រជា​ពលរដ្ឋ​ណាម្នាក់​​ខ្វះ​ស្បៀង​នោះ​ឡើយ»។


គួរ​បញ្ជាក់ផង​ដែរថា កាល​ពី​ថ្ងៃទី ​១២ ខែឧសភា​ រដ្ឋបាល​រាជ​ធានីភ្នំពេញ​ បាន​ប្រកាស​សម្រេច​​​បន្ត​វិធាន​ការ​​រដ្ឋបាល​សម្រាប់​​ភូមិ​សាស្ត្ររាជ​ធានីភ្នំពេញ រយៈ​ពេល ​៧ ​ថ្ងៃបន្ត​ទៀត ដោយ​គិត​ចាប់​ពី​​ថ្ងៃ​ទី​ ១៣ រហូត​ដល់​ថ្ងៃទី​ ១៩ ខែ​ឧសភា ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​ ១៩ ដោយ​បែង​ចែក​ជា «តំបន់​ក្រហម​ តំបន់​លឿង​ទុំ​ និង​តំបន់​លឿង ខណៈ​តំ​បន់​ក្រហម​ត្រូវ​បាន​បង្រួម​មក​តូច​ជាង​មុន។

តំបន់​មួយ​ចំនួន​ក្នុង​ខណ្ឌចំនួន​ ៤ ដែ​ល​ត្រូវ​បាន​កំណត់​ជាតំបន់​ក្រហម ក្នុង​នោះមាន​ខណ្ឌ​ទួលគោក ខណ្ឌ​ពោធិ៍សែនជ័យ ខណ្ឌ​ឫស្សីកែវ និង​ខណ្ឌ​មាន​ជ័យ។

ការ​ដាក់​បន្ត​​ឱ្យ​អនុវត្តនូវ​​វិធានការ​រដ្ឋបាលនេះ នឹង​ផុត​កំណត់​នៅ​ថ្ងៃទី ១៩​ ​ខែ​ឧសភា ដែល​ជា​ហេតុនាំ​ឱ្យ​​រដ្ឋបាល​រាជ​ធានីបាន​​បើក​កិច្ច​ប្រជុំ​​នៅ​ថ្ងៃ​ទី​ ១៧​ ឧសភា ដើម្បី​កំណត់​នូវ​ការ​បង្រួម​តំបន់​ក្រហម​ឱ្យ​មក​កាន់​តែ​តូច​។

ដោយ​ឡែក ទាក់​ទងនឹង​​ដំណើរ​ការ​នៃការ​ចាក់វ៉ាក់សាំង​គិត​មក​ដល់​ថ្ងៃទី​ ១៦ ខែឧសភា មាន​ប្រជាពលរដ្ឋ​​កម្ពុជា​សរុប​ចំនួន​ ២ ០៨២ ២៨២ នាក់ ឬស្មើនឹង ​២០,៨២% ​បាន​ចាក់វ៉ាក់សាំង​ ក្នុង​ចំណោម ​គោលដៅ​​​ដែល​ត្រូវ​ចាក់​ឱ្យ​បាន​ ១០ លាន​នាក់​នៅ​ទូទាំង​ប្រទេស​។

យោង​តាមក្រសួង​ការពារជាតិ​នៅ​ថ្ងៃទី​ ១៧ ឧសភា​បាន​ឱ្យ​ដឹងថា ក្នុង​រ​យៈ​ពេល​ ១៦ ថ្ងៃ​ នៃ​យុទ្ធនាការ​ចាក់​វ៉ាក់​សាំង​ ជូន​ប្រជាពល​រដ្ឋ​នៅ​តំបន់​ក្រហម​​ក្នុង​ខណ្ឌ​ទាំង ​៦​ ក្នុង​រាជ​ធានី​ភ្នំពេញ ចា​​ក់​ដូស​ទី​១ ​បាន​ចំនួន ​៦៩៤ ២១៣ ​នាក់​ ឯ​​អ្នកដែល​បាន​​ចាក់​ដូស​ទី២​ ដែល​បានចាប់​ផ្តើម​​នៅ​ថ្ងៃទី​ ១៦ ឧសភា​ ចាក់​បាន​ចំនួន​ ៣ ៥៩៦ ​នាក់​។​

លោក ​ឥ​ត សា​រ៉ាត់​ អគ្គមេ​បញ្ជាការ​រ​ង នា​យសេនាធិការ​ចម្រុះនៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​និង​ជា​ប្រធាន​ប្រតិបត្តិ​ក្រុម​ការងារ​ចាក់​វ៉ាក់​សាំង​នៅ​តំបន់​ក្រហម​បាន​ឱ្យ​ដឹងថា ដំណើរ​កា​រចា​ក់វ៉ាក់​សាំង​មាន​ដំណើរ​កា​រល្អ​ប្រសើរ ​ក្រោម​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពី​ក្រុម​ការងារ​​​។

លោក ឥត​ សា​រ៉ាត់​ ក៏​បាន​អំពាវនា​វដ​ល់​ប្រជាពលរដ្ឋ​​នៅ​តំប​ន់ក្រហម​ ដែល​មិ​នទា​ន់​បាន​ចាក់​វ៉ាក់​សាំង​ដូស​ទី​១​ ​ត្រូវ​ទៅ​​​ចា​ក់​វ៉ាក់​សាំង​ ព្រោះ​ក្រុម​ការងារ​នៅ​តែ​បន្ត​ចាក់​ដូសទី​១​ដល់​ពួក​គាត់​ដដែល​៕

វីដេអូ៖