រដ្ឋបាលស្រុកបុទុមសាគរ ឱ្យពលរដ្ឋរៀបចំឯកសារស្នើសុំចុះបញ្ជីដី ដែលរាជរដ្ឋាភិបាលបានកាត់ឆ្វៀលឱ្យគ្រប់គ្រងអាស្រ័យផល

កោះកុងៈ រដ្ឋបាលស្រុកបុទុមសាគរ បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋដែលកំពុងកាន់កាប់ដី នៅក្នុងភូមិសាស្ត្រ ដែលរដ្ឋបានកាត់ឆ្វៀលចេញពីតំបន់ការពារធម្មជាតិ ត្រូវស្នើសុំចុះបញ្ជី មុននឹងប្រើប្រាស់ ក្នុងបំណងទាញយកផលប្រយោជន៍សម្រាប់អភិវឌ្ឍន៍ជីវភាពរស់នៅ។
លោក ហាក់ ឡេង អភិបាលស្រុកបុទុមសារគរ កាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ បានប្រាប់ទៅពលរដ្ឋថា៖ «សូមបងប្អូនត្រូវរៀបចំឯកសារ ដើម្បីស្នើសុំចុះបញ្ជីដី និងការអភិវឌ្ឍដី មកកាន់គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត តាមរយៈលោកមេភូមិ លោកមេឃុំ និងថ្នាក់ស្រុក ដើម្បីឱ្យគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តចុះពិនិត្យ និងវាយតម្លៃជាមុនសិន មុននឹងសម្រេចផ្ដល់លិខិតអនុញ្ញាតជូន»។
លោក ហាក់ ឡេង បានឱ្យដឹងនៅក្នុងសេចក្ដីជូនដំណឹង ដោយបានប្រាប់ដល់ពលរដ្ឋជាម្ចាស់កម្មសិទ្ធិដីធ្លីនៅតំបន់កាត់ឆ្វៀលចេញពីតំបន់ការពារធម្មជាតិ ត្រូវជូនដំណឹងដល់អាជ្ញាធរជាមុនសិន មុននឹងធ្វើការអភិវឌ្ឍន៍ដី ឈូសឆាយដី និងការកាប់ព្រៃនៅលើដីនោះ។
រាជរដ្ឋាភិបាល កាលពីដើមឆ្នាំ ២០២១ បានសម្រេចកាត់ឆ្វៀលដីតំបន់អភិរក្ស និងដីតំបន់ការពារធម្មជាតិផ្សេងៗប្រមាណ ១៥ ម៉ឺនហិកតា នៅក្នុងខេត្តកោះកុង ចែកជូនប្រជាពលរដ្ឋជាង ៣ ម៉ឺនគ្រួសារ ដែលបានរស់នៅតំបន់នោះយូរឆ្នាំមកហើយ ដើម្បីជួយដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ និងអាចឱ្យពលរដ្ឋទាំងនោះមានសិទ្ធិគ្រប់គ្រាន់ក្នុងការគ្រប់គ្រងអាស្រ័យផល។
លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង និងអ្នកនាំពាក្យ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៩ ខែឧសភាថា កន្លងមករាជរដ្ឋាភិបាលបានកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋក្នុងតំបន់នោះ ដើម្បីប្រើប្រាស់និងអាស្រ័យផលជាក់ស្តែង។ ប៉ុន្តែមានពលរដ្ឋមួយចំនួន នៅតែបន្តទន្ទ្រានដីលើសព្រំប្រទល់របស់ខ្លួនធ្វើឱ្យប៉ះពាល់ដល់តំបន់ការពារ។
លោកថ្លែងថា៖ «ពេលយើងកាត់ឆ្វៀលហើយ មិនមែនមានន័យថា ដីដែលកាត់ឆ្វៀលទាំងអស់ត្រូវបានបែងចែកជូនពលរដ្ឋទាំងអស់ទេ មានន័យថា បែងចែកជូនគាត់ដែលរស់នៅអាស្រ័យផល ជាក់ស្តែង សល់ប៉ុន្មានទុកជាដីរបស់រដ្ឋដែលគ្រប់គ្រងដោយរដ្ឋបាលខេត្ត ព្រោះបងប្អូនប្រជាពលរដ្ឋខ្លះ ទៅទន្ទ្រានលើសពីអ្វីដែលជាការគ្រប់គ្រងរបស់គាត់ធ្វើឱ្យបាត់បង់ដីរដ្ឋ»។
លោកក៏បានព្រមានថា ក្នុងករណីអាជ្ញាធររកឃើញពលរដ្ឋមិនគោរពតាមការណែនាំរបស់រដ្ឋបាលស្រុក អាចប្រឈមនឹងវិធានការផ្លូវច្បាប់។
លោកបញ្ជាក់ថា៖«ជាធម្មតាទេ ការអភិវឌ្ឍធ្វើសំណង់អីមួយត្រូវសុំច្បាប់ បើសិនគាត់ធ្វើសំណង់មិនសុំច្បាប់យើងមិនអនុញ្ញាតទេ បើគាត់ទៅឈូសឆាយ កាយព្រៃ ជីកទំនប់ដីវាខុសច្បាប់»។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តកោះកុង លោក ថោង ច័ន្ទតារា បានថ្លែងថា៖«កន្លងមកពលរដ្ឋធ្លាប់ស្នើសុំចុះបញ្ជីដីជាលក្ខណៈប្រព័ន្ធដែរ តែរហូតមកដល់ពេលនេះ អាជ្ញាធរមិនទាន់បានផ្តល់ជូនពលរដ្ឋទេ។ បើសិនជាមិនមានយន្តការត្រួតពិនិត្យឱ្យមានតម្លាភាពទេ អ៊ីចឹងអ្នកកាត់ឆ្វៀល ភាគច្រើនបានទៅអ្នកមានដីធំ មានលុយ មានខ្នង តែចំពោះប្រជាពលរដ្ឋក្រីក្រប្រហែលជានៅតែមានបញ្ហា»។
លោកបានបន្តថា៖ «ខ្ញុំឃើញតែការស្នើសុំចុះបញ្ជីជាលក្ខណៈឯកជន ដែលគេមានលទ្ធភាព ភាគច្រើនអ្នកមានលុយ ទទួលបានការចុះបញ្ជីដី តែចំពោះប្រជាពលរដ្ឋដែលពុំមានលទ្ធភាព ពុំទាន់បានកាត់ឆ្វៀលឱ្យគាត់ទេ»៕





