ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅថ្ងៃចន្ទនេះ បានស្នើឱ្យម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍គ្រប់ប្រព័ន្ធ និងម្ចាស់ប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញផ្អាកការផ្សព្វផ្សាយគ្រឿងស្រវឹងក្នុងអំឡុងពេលអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលនេះ។
ក្នុងលិខិតដែលលោក ខៀវ កាញារីទ្ធ ផ្ញើទៅកាន់ម្ចាស់ស្ថានីយផ្សព្វផ្សាយទាំងអស់បានឱ្យដឹងថា ការផ្អាកនេះយោងទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី ១៦ ខែមេសា កន្លងទៅ ស្តីពីការហាមលក់គ្រឿងស្រវឹងនៅទូទាំងប្រទេសក្នុងអំឡុងពេលបិទខ្ទប់នេះ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «ខ្ញុំសូមជម្រាបជូនលោក លោកស្រីជ្រាបថា ក្រសួងព័ត៌មានសូមធ្វើការណែនាំឱ្យម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍គ្រប់ប្រព័ន្ធ និងប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញទាំងអស់ផ្អាកការផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់ប្រភេទចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២១»។
យោងតាមសារជាសំឡេងរបស់លោក ហ៊ុន សែន កាលពីយប់ថ្ងៃទី ១៤ ខែមេសា កន្លងមកនេះ បានលើកឡើងពីការបន្តមានការប្រមូលផ្តុំគ្នាផឹកស៊ី ដោយមិនមានការត្រួតពិនិត្យ ដែលលោកបានបញ្ជាឱ្យបញ្ឈប់ការលក់ដូរគ្រឿងស្រវឹងទូទាំងប្រទេសរយៈពេល ១៤ ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ ១៩ បន្ថែមទៀត ប៉ុន្តែការលក់ដូរគ្រឿងឧបភោគបរិភោគផ្សេងទៀត ដូចជា ភេសជ្ជៈ ទឹកសុទ្ធ ជាដើម ត្រូវបន្តលក់ជូនពលរដ្ឋដដែល៕