ភ្នំពេញៈ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ណែនាំឲ្យមន្ត្រីរៀបចំប្លង់មេសម្រាប់គ្រប់គ្រងដីធ្លីទូទាំងប្រទេសដែលពិសេសនោះតំបន់ប៉ូលសេដ្ឋកិច្ច ដោយលោកបារម្ភថា អាចមានបញ្ហាស្មុគស្មាញក្នុងពេលអនាគត ជាពិសេសជម្លោះពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល។
ការណែនាំនេះបានធ្វើឡើងក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី ១ និងទិសដៅការងារឆមាសទី ២ ឆ្នាំ ២០២០ កាលពីថ្ងៃអង្គារ។ ខណៈនោះលោកណែនាំឲ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ត្រូវរៀបចំប្លង់គោលឲ្យបានច្បាស់លាស់នៅកន្លែងមួយចំនួនចៀសវាងមានផលវិបាកទៅថ្ងៃអនាគត។
លោកបានបញ្ជាក់ថា៖ «មានតំបន់ខ្លះខាងនគរូបនីយកម្ម ការរៀបចំប្លង់គោល ប្លង់អីនៅកន្លែងមួយចំនួនដែលជាប៉ូលអភិវឌ្ឍន៍អីហ្នឹង បើយើងមិនគិតពីឥឡូវនេះគឺច្របូកច្របល់អស់ហើយ ហើយទៅមុខគឺមិនងាយកែតែម្តង។ ករណីនេះ ខ្ញុំលើកឧទាហរណ៍ដូចជាខេត្តកំពង់សោម ដែលជាតំបន់ប៉ូលសេដ្ឋកិច្ច យើងកែបានបណ្តើរៗហើយ និងមណ្ឌលគិរីក៏ជាតំបន់ប៉ូលដែរ ឥឡូវនាំគ្នាទៅចាប់យកដី ហើយកំពុងមានរឿងមិនទាន់ដោះស្រាយផង! ហើយសុទ្ធតែអ្នកធំ។ ធំប៉ុនណាខ្ញុំមិនដឹងទេ តែដឹងតែធំ»។
លោកឧបនាយករដ្ឋមន្ត្រីក៏បានអះអាងដែរថា មកដល់ពេលនេះគឺលោកគ្មានដីសូម្បីតែ ១ តឹក ឬកន្លះតឹកនៅខេត្តមណ្ឌលគិរីស្របពេលដែលខេត្តនេះមានអ្នកមានបុណ្យស័ក្តិធំៗ បានដណ្តើមគ្នាកាន់កាប់រហូតក្លាយទៅជាជម្លោះ ដីធ្លី ដែលពិបាកដោះស្រាយ។
លោក ស ខេង មានប្រសាសន៍ដូច្នេះថា៖ «ឥឡូវមានអ្នកទៅប្រជែងគ្នាចាប់ [ដី] ហើយខ្ញុំជាអ្នករងបញ្ហា ខ្ញុំជាអ្នករងកម្មទេ។ និយាយឲ្យមែនទែនទៅ ដោះស្រាយរឿងដីហ្នឹង គឺរងកម្ម រង់ចាំដោះឲ្យ។ អានេះគឺជាបញ្ហាដែរ»។
បន្ទាប់ពីលើកឡើងយ៉ាងដូច្នេះ កាលពីថ្ងៃពុធលោក ស ខេង បានចុះហត្ថលេខាលើលិខិតមួយច្បាប់ផ្ញើជូនទៅអភិបាលខេត្តទូទាំងប្រទេសឲ្យជំរុញការទប់ស្កាត់ការកាប់រានទន្ទ្រានយកដីដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិនៅតាមខេត្តនានា។
ក្នុងលិខិតរបស់ក្រសួងមហាផ្ទៃសរសេរថា រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវទប់ស្កាត់ដាច់ខាតកុំឲ្យមានការរុករានទន្ទ្រានដីដោយខុសច្បាប់បន្តទៀត ដើម្បីបង្ការកុំឲ្យក្លាយជាសង្គ្រាមដីធ្លី ខណៈក្រសួងបានណែនាំនូវវិធានការជាច្រើនចំណុចផងដែរ។
លិខិតដដែលបញ្ជាក់ថា៖ «ត្រូវបង្កើនការតាមដាន និងគ្រប់គ្រងសភាពការណ៍វិវត្តពាក់ព័ន្ធនឹងការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋនៅតាមតំបន់ការពារធម្មជាតិ។ រាល់ការរុករានទន្ទ្រានកាន់កាប់ថ្មីនូវដីព្រៃ ឬដីរដ្ឋដោយខុសច្បាប់ ត្រូវហាមឃាត់ដាច់ខាត និងត្រូវប្រើប្រាស់វិធានការរដ្ឋបាល និងវិធានការច្បាប់ឲ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់»។
បន្ថែមពីនេះ ក្រសួងមហាផ្ទៃក៏បានណែនាំឲ្យមន្ត្រីត្រូវធ្វើការអប់រំផ្សព្វផ្សាយ និងបកស្រាយបំភ្លឺរាល់ស្ថានភាពនៃការដណ្តើមកាន់កាប់ដោយប្រកាសពីឆន្ទៈរបស់រដ្ឋាភិបាលក្នុងការប្រឹងប្រែងដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីមានកិច្ចសហការ។ ចំណែកមន្ត្រីមូលដ្ឋានខ្លួនឯងវិញត្រូវធ្វើការបញ្ជាក់ ឬចុះហត្ថលេខាលើលិខិតស្នាម ឯកសារនានាពាក់ព័ន្ធដីធ្លីឲ្យបានត្រឹមត្រូវតាមច្បាប់បែបបទ នីតិវិធី និងគោលការណ៍ជាធរមាន។
ការសម្រេចណែនាំនេះផ្អែកតាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ៣ កក្កដា ដែលបានណែនាំឲ្យក្រសួងចំនួន ៣ និងអាជ្ញាធរថ្នាក់ខេត្តត្រូវកាត់ឆ្វៀលដី និងផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋដែលបានកាន់កាប់ និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំមកហើយនៅលើទីតាំងដែលស្ថិតក្នុងផែនទីតំបន់ការពារធម្មជាតិ និងគម្របព្រៃឈើ។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ មើលឃើញថា ការដាក់ចេញនូវវិធានការជាបន្តបន្ទាប់ពីសំណាក់រដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះដីធ្លីនៅពេលនេះគឺជារឿងមួយដែលល្អ។ លោកថា ដូចអ្វីដែលថ្នាក់ដឹកនាំលើកឡើងគឺគ្មានប្រជាពលរដ្ឋតូចតាចឯណាមករំលោភយកដីរបស់រដ្ឋ រាប់សិបហិកតា ក្រៅតែពីមន្ត្រីមានអំណាចនោះទេ។
លោកបញ្ជាក់ថា៖ «ខ្ញុំគាំទ្រ ប្រសាសន៍របស់សម្តេចហ្នឹង។ បើយើងអាចកំណត់នូវប្លង់មេបាននៅក្នុងតំបន់ទាំងអស់ហ្នឹងបាន ក៏កាត់បន្ថយទំនាស់ដែរ។ ព្រោះភាគច្រើននៃទំនាស់ដីធ្លីនេះ ប្រជាពលរដ្ឋធម្មតា គាត់មិនមានលទ្ធភាពឯណាទៅកាប់ទន្ទ្រានដីរាប់ពាន់រាប់ម៉ឺនហិកតាដែរ លុះត្រាតែអ្នកមានឥទ្ធិពលមានលុយ មានអំណាច ជាអ្នកទន្ទ្រាន»។
ទោះយ៉ាងណាលោក សំអាត និយាយថា ចំពោះវិធានការដែលបានដាក់ចេញនេះ គឺអាចសម្រេចទៅបាន វាអាស្រ័យលើការអនុវត្តច្បាប់របស់មន្ត្រីថ្នាក់ក្រោមថា តើពួកគាត់ហ៊ានប្រឈមមុខតតាំងចំពោះអ្នកមានអំណាច មានបុណ្យដែលរំលោភបំពានដីរដ្ឋបានកម្រិតណា? លោកសង្កត់ធ្ងន់ថា បើសិនជាមន្ត្រីថ្នាក់ក្រោមជាតិអាចធ្វើបាន ហើយចាត់វិធានការមានប្រសិទ្ធភាព នោះការរុករានដណ្តើមកាន់កាប់ដីរបស់រដ្ឋនឹងត្រូវបានបញ្ចប់៕
វីដេអូ៖