ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាលោក ហង់ជួន ណារ៉ុន បានថ្លែងពីម្សិលមិញថាដើម្បីដើរទាន់ការអប់រំតាមបែបឌីជីថល (Digital) វិស័យអប់រំកម្ពុជាត្រូវមានមូលដ្ឋានគ្រឹះរឹងមាំ ហើយគ្រូត្រូវមានចំណេះដឹងខ្ពស់។ លោកថ្លែងបែបនេះ នៅពេលលោកធ្វើបាឋកថាសាធារណៈក្រោមប្រធានបទ «អក្ខរកម្មឌីជីថលក្នុងបរិបទកម្ពុជាឧស្សាហកម្ម ៤.០» ដែលរៀបចំធ្វើនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ។
លោកថ្លែងថា ការអប់រំតាមបែបឌីជីថល គឺដើម្បីដោះស្រាយបញ្ហានៅក្នុងប្រទេស កម្ពុជា ដែលកំពុងជួបប្រទះដូចជាការលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្ម ឧស្សាហកម្ម ការធ្វើពាណិជ្ជកម្ម ការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ដោយការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាបែបឌីជីថលជាដើម។
លោករដ្ឋមន្ដ្រីថ្លែងថា៖ «ដើម្បីឈានទៅរកការអប់រំតាមបែបឌីជីថលនេះ ក្រសួងអប់រំ យុវជន និងកីឡាក្នុងឆ្នាំនេះពេលប្រារព្ធទិវាគ្រូបង្រៀន យើងបានដាក់ចេញប្រធានបទមួយថា គុណភាព គ្រូ គឺជាមូលដ្ឋានគ្រឹះនៃការអប់រំបែបឌីជីថល។ ក្នុងឆ្នាំ ២០២០ សន្និបាតអប់រំនឹងផ្ដោតទៅលើការឈានឆ្ពោះទៅរកការអប់រំតាមបែបឌីជីថល។ ប៉ុន្ដែដើម្បីសម្រេចបានការអប់រំតាមបែបឌីជីថល គឺត្រូវមានមូលដ្ឋានគ្រឹះអប់រំរឹងមាំ»។
លោកបានបញ្ជាក់ថា៖ «ដូច្នេះប្រសិនបើយើងមិនមានធនធានមនុស្សគ្រប់គ្រាន់ទេ ក៏យើងមិនអាចទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាបាន គឺយើងបានត្រឹមតែប្រើប្រាស់បច្ចេកវិទ្យាដោយសើៗដោយមិនអាចយកបច្ចេកវិទ្យាទៅអភិវឌ្ឍសេដ្ឋកិច្ចបាននោះទេ»។
លោករដ្ឋមន្ដ្រីលើកឡើងថាកម្ពុជាអាចបង្កើតជាហេដ្ឋារចនាសម្ព័ន្ធអប់រំតាមបែបឌីជីថលបាន ប៉ុន្ដែបើបង្កើតរួចហើយមិនមានតម្រូវការមិនមានអ្នកយកទៅប្រើប្រាស់ការបង្កើតនេះក៏មិនសូវទទួលបានផលប្រយោជន៍ដែរ។ ដូច្នេះទាមទារនូវការប្រើប្រាស់ ការផ្លាស់ប្ដូរឥរិយាបថរបស់មនុស្ស ដើម្បីយកការអភិវឌ្ឍបែបឌីជីថលទៅជាការអភិវឌ្ឍប្រទេស។
លោកបញ្ជាក់ថា៖ «យើងត្រូវបណ្ដុះសិស្សឲ្យពួកគាត់ចេះស្វ័យសិក្សា ស្រាវជ្រាវដោយខ្លួនឯង។ ចំណុចសំខាន់នោះគឺយុវជនត្រូវមានអាកប្បកិរិយាវិជ្ជមាន មានវិន័យ មានការត្រិះរិះពិចារណា ចេះដោះស្រាយបញ្ហា និងធ្វើយ៉ាងណាឲ្យពួកគេចេះប្រើប្រាស់ចំណេះដឹងរបស់ពួកគេទៅធ្វើការងារជាក្រុម»។
លោករដ្ឋមន្ដ្រីបង្ហាញថាក្នុងរយៈពេល ៦ ឆ្នាំចុងក្រោយនៃវិស័យអប់រំ ក្រសួងអប់រំបានពង្រឹងវិស័យអប់រំ ធ្វើកំណែទម្រង់ក្នុងវិស័យអប់រំលើគុណភាពគ្រូបង្រៀន កំណែទម្រង់កម្មវិធីសិក្សាគោល និងកែលម្អបរិស្ថានសិក្សា។ ការដាក់ឲ្យអនុវត្ដធ្វើអធិការកិច្ច ការពង្រឹងការវាយតម្លៃការសិក្សា និងការកែទម្រង់ការសិក្សាកម្រិតឧត្ដមសិក្សាជាដើម។
យុវជន ឈម ឆាយ និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំទី ៣ ដែលបានចូលរួមស្ដាប់បាឋកថាសាធារណៈរបស់រដ្ឋមន្ដ្រី ក្រសួងអប់រំពីម្សិលមិញលើកឡើងថា ការសិក្សានាពេលបច្ចុប្បន្ននៅសាកលវិទ្យាល័យប្លែកគ្នាស្ទើរ ១០០ ភាគរយបើប្រៀបធៀបការទៅសិក្សានៅថ្នាក់វិទ្យាល័យកាលពី ៣ ឆ្នាំមុន។ កម្រិតឧត្ដមសិក្សាគ្រូបង្រៀនបានយកវិធីសាស្ដ្របង្រៀនតាមបែបឌីជីថលមកបង្រៀនដល់សិស្ស។
យុវជនវ័យ ២២ ឆ្នាំរូបនេះថ្លែងថា៖ «លោកគ្រូបង្រៀននៅមហាវិទ្យាល័យ គាត់បានប្រាប់ឲ្យសិស្សចេះសិក្សាជ្រាវជ្រាវដោយខ្លួនឯងតាមរយៈគេហទំព័រលើមុខវិជ្ជាផ្សេងៗជាដើម។ ចំណែកការបង្រៀនគឺបានប្រើប្រាស់ផ្ទាំងបង្ហាញបែបឌីជីថលដល់សិស្ស ដើម្បីផ្ដល់ភាពងាយស្រួលឲ្យសិស្សអាចយកប្រភពមេរៀនដែលបានរៀនហើយទៅស្វ័យសិក្សាបន្តឯផ្ទះ»។
យុវជនរូបនេះបន្ថែមថា គ្រូបង្រៀននៅថ្នាក់បរិញ្ញាបត្របច្ចុប្បន្នបានកែប្រែឥរិយាបថក្នុងការបង្រៀនដោយប្រាប់ឲ្យសិស្សទៅសិក្សាស្រាវជ្រាវដោយខ្លួនឯងច្រើន ខណៈកាលពី ៤-៥ ឆ្នាំមុន គ្រូបង្រៀនសិស្សត្រឹមតាមសៀវភៅដែលពួកគាត់ធ្លាប់យល់ដឹងប៉ុណ្ណោះ៕