ភ្នំពេញ: រដ្ឋសភា​ នៅ​ថ្ងៃនេះ ​បើក​កិច្ចប្រជុំ​ ក្រោម​អធិបតីភាព​ប្រធាន​រដ្ឋសភា​ លោក​ហេង សំរិន ​ដើម្បី​ពិភាក្សា ​និងអនុម័ត​ លើ​របៀប​វារៈ​ចំនួន៦ ​ក្នុងនោះ​មានការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ទាក់ទងនឹង​ការគ្រប់គ្រង​ប្រេងកាត ​ព្រមទាំង​កិច្ចព្រមព្រៀង​រវាង​កម្ពុជា​និង​ប្រទេស​មួយចំនួន ​និង​ក៏មាន​ការសម្រេច ​អំពី​សុពលភាព​នៃ​អាណត្តិ​របស់​លោក​សុខ ផេង ​ជាតំណាង​រាស្ត្រ​មណ្ឌល​ព្រៃវែង​ផង​ដែរ។


ក្នុងកិច្ចប្រជុំថ្ងៃនេះ ដែលមានសមាជិកចូលរួមចំនួន១០៨រូប រដ្ឋសភា ក៏បានទទួលស្គាល់លោកសុខ ផេង ជាតំណាង​រាស្ត្រ​ថ្មីមណ្ឌលខេត្តព្រៃវែងជំនួសសមាជិករដ្ឋ​សភាដែលទទួលមរណភាព។ លោកហេង សំរិន ប្រធានរដ្ឋសភា បានអានសេចក្តី​ប្រកាសថា៖«ប្រកាសទទួលស្គាល់លោកសុខ ផេង ជាតំណាងរាស្រ្តថ្មីមណ្ឌលខេត្តព្រៃវែង ជំនួសលោកពៅ សាមី ដែល ទទួលមរណភាព»។

អគ្គលេខា​ធិការ​រដ្ឋសភា​បានជូន​ដំណឹងថា ​របៀបវារៈ​ដែល​រដ្ឋសភា​ត្រូវ​ពិភាក្សា ​និង​អនុម័តនោះ​មានសេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រេងកាត​ និង​ផលិតផល​ប្រេង​កាត។ សេចក្តី​ព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ច​ព្រមព្រៀង​រវាង​ព្រះ រាជា​ណាចក្រ​កម្ពុជា ​និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់ក្លាដេស ​ស្តីពី​ការជំរុញ​និងការ​ការពារ​ទៅវិញ​ទៅមក​ នៃ​វិនិយោគ។ ការពិភាក្សា​ និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ច​ព្រមព្រៀង​រវាង​ព្រះរាជា​ណាចក្រ​កម្ពុជា ​និង​សហភាព​អារ៉ាប់​អេមីរ៉េត​ ស្តីពី​ការជំរុញ​និងការ​ការពារ​ទៅវិញ​ទៅមក​នៃ​វិនិយោគ។

ការ​ពិភាក្សា ​និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី ​ការអនុម័ត​យល់ព្រម​លើ​កិច្ច​ព្រមព្រៀង​រវាង​ព្រះរាជា​ណាចក្រ​កម្ពុជា ​និងរដ្ឋា​ភិបាល​នៃ​សាធារណរដ្ឋ​តួកគី ​ស្តីពី​ការជំរុញ​និងការ​ការពារ​ទៅវិញ​ទៅមក​នៃ​វិនិយោគ។ របៀបវារៈ​ចុងក្រោយ ​គឺ ​ការពិភាក្សា​និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី ​ការអនុម័ត​យល់ព្រម​លើ​កិច្ច​ព្រមព្រៀង​ស្តីពី​ការបង្កើត​អង្គការ​បណ្តាញ​អន្តរជាតិ​សម្រាប់​ឫស្សី​ និង​ផ្តៅ៕