ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​កំណត់​យក​ថ្ងៃ​ពុធ​នេះ​ជា​ថ្ងៃ​កាន់​ព្រះរាជមរណទុក្ខ​ជា​ផ្លូវការ ក្រោយពី​សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទ្រង់​សោយ​ព្រះទិវង្គត​ក្នុង​ព្រះជន្មាយុ​ ៧៧ ​ព្រះវស្សា​ដោយ​រោគាពាធ ដែល​ព្រះសព​នឹង​ត្រូវបាន​បញ្ជូន​ពី​ទីក្រុង​បាងកក​នៃ​ប្រទេស​ ថៃ ​មក​ដល់​កម្ពុជា​កាលពី​យប់មិញ​។


រាជរដ្ឋាភិបាល​បាន​ចេញ​សារាចរ​កាលពី​ថ្ងៃទី​ ១៨ ​វិច្ឆិកា ២០១៩ ស្តីពី​ការចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះបរមសព​បានកំណត់​ឲ្យ​គ្រប់​ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យ​របស់​រដ្ឋ ឯកជន​ទាំងអស់ និង​មន្ត្រីរាជការ កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ​គ្រប់​ទីវត្តអារាម ព្រមទាំង​ប្រជាជន​ទូទាំង​ប្រទេស​ត្រូវ​បង្ហូត​ទង់ជាតិ​ត្រឹម​ពាក់កណ្តាល​នៃ​ដង​ទង់ជាតិ​។

សារាចរ​ដដែល​នេះ​ក៏បាន​ណែនាំ​ឱ្យ​គ្រប់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ជាតិ និង​ឯកជន​ទាំងអស់​ត្រូវ​ផ្អាក​ការសម្តែង និង​ការចាក់ផ្សាយ​នូវ​ទស្សនីយភាព​ផ្សេងៗ​ដែល​មាន​លក្ខណៈ​សប្បាយ​គគ្រឹកគគ្រេង​នៅ​ថ្ងៃទី​ ២០ ខែ ​វិច្ឆិកា ឆ្នាំ​ ២០១៩​។

សារាចរ​ដដែល​នេះ​បាន​ឲ្យ​ដឹង​ទៀតថា គ្រប់​ក្រសួង​ស្ថាប័ន គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ បុណ្យ​អន្តរជាតិ និង​រដ្ឋបាល​ដែនដី​គ្រប់​លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ព្រម​ទាំង​ជនរួមជាតិ​ទាំងអស់ នៅក្នុង​ប្រទេស​ត្រូវ​ចូលរួម​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ជា​កិច្ចចូលរួម​មរណទុក្ខ​ដ៏ក្រៀមក្រំ​​បំផុត​នេះ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ល្ងាច​ថ្ងៃ​អង្គារ​បាន​ឲ្យ​ដឹង​តាម​​ទំព័រ​ហ្វេសប៊ុក​របស់លោក​ថា​៖ «​នេះ​គឺជា​ការគោរព​របស់​យើង​ចំពោះ ម្ខាង​គឺជា​ព្រះរាជវង្សានុវង្ស​ដែលជា​ការចូលរួម​ចំណែក​រំលែក​ទុក្ខ​របស់​សម្តេចម៉ែ និង​ព្រះមហាក្សត្រ​។ ឯ​ម្ខាង​ទៀត​ក៏​ជាការ​រំឭក​ទៅដល់​ស្នាព្រះហស្ត​របស់​សម្តេចព្រះរៀម​តាំងពី​ទសវត្យរ៍​ឆ្នាំ ៦០ ដែល​ព្រះអង្គ​បាន​ពុះពារ​ឆ្លងកាត់ ដើម្បី​ពង្រឹង​រៀបចំ​បញ្ហា​សិល្បៈ​បុរាណ​ខ្មែរ​របស់​យើង​»​។


លោក ប៊ុន វាសនា មន្ត្រី​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ-អន្តរជាតិ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ព្រះសព​របស់​ព្រះរៀម​ត្រូវ​បាន​ដឹក​ត្រឡប់​មកដល់​កម្ពុជា​នៅ​វេលា​យប់​ថ្ងៃ​អង្គារ ដើម្បី​យកមក​តម្កល់​ធ្វើបុណ្យ​តាម​ព្រះបវេណី និង​ព្រះពុទ្ធសាសនា​នៅក្នុង​វត្ត​បទុមវតី​។

លោក​បាន​ឲ្យ​ដឹង​ទៀតថា​នៅ​ថ្ងៃទី​ ២០ វិច្ឆិកា ពេលព្រឹក​ព្រះមហាក្សត្រ​កម្ពុជា ព្រះបាទ​នរោត្តម សីហមុនី នឹង​យាង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះរៀម​។ ចំពោះ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពេល​ល្ងាច ហើយ​បន្តៗ​មក​មន្ត្រី​គ្រប់​ស្ថាប័ន​ទូទាំង​រាជធានី​ភ្នំពេញ​នឹង​ចូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ជា​បន្តបន្ទាប់​ក្នុង​អំឡុងពេល​ព្រះរាជពិធី​តម្កល់​ព្រះរាជសព​រយៈពេល ៧ ថ្ងៃ​។ បន្ទាប់ពី​តម្កល់​ ១ ​អាទិត្យ​ហើយ ដូច​ព្រះសព​សម្តេច​មុនៗ ពិធី​ថ្វាយ​ព្រះភ្លើង​នៅមុខ​វត្ត​បទុម​នឹង​ចាប់ផ្តើម​»​។

លោក ប៊ុន វាសនា ក៏បាន​បញ្ជាក់​ដែរ​ថា​ដោយសារ​តែ​ពិធី​ធ្វើឡើង​ក្នុង​ខ្សែ​ព្រះរាជវង្ស ដូច្នេះ​ប្រជានុរាស្ត្រ​នឹង​មិន​អនុញ្ញាត​ឲ្យ​ចូលក្នុង​កន្លែង​ពិធី​នោះ​ទេ ដោយ​ប្រជានុរាស្ត្រ​ទាំងអស់​អាច​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះរៀម​នៅ​តាម​គេហដ្ឋាន​រៀងៗ​ខ្លួន ហើយ​នៅក្នុង​ពិធី​ដង្ហែ​ព្រះរាជ​សព ដើម្បី​ថ្វាយ​ព្រះ​ភ្លើង ដែល​អាច​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ដើម​សប្តាហ៍​ក្រោយ​នោះ ប្រជានុរាស្ត្រ​ខ្មែរ​ទាំង​ក្មេង​ចាស់ ប្រុស​ស្រី​អាច​នឹង​ចូលរួម​បាន​។

សម្តេច​រាជបុត្រី ព្រះរៀម គឺជា​ព្រះរាជបុត្រី​ច្បង​របស់​ព្រះបរមរតន​កោដ្ឋ នរោត្តម សីហនុ ជាមួយ​នឹង​អ្នក​ម្នាង ផាត់ កាញ៉ុល នាដការី នៃ​របាំ​ព្រះរាជទ្រព្យ​។ ព្រះអង្គ​ត្រូវជា​ព្រះរៀម​បង្កើត​មាតា​ទីទៃ​នៃ​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី និង​ជា​ព្រះរៀម​រួម​ព្រះមាតា​នៃ​សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ​។

ក្នុង​ព្រះបរមនាម​ជា​ព្រះ​និមិត្តរូប​នៃ​របាំ​ព្រះរាជទ្រព្យ និង​មាន​ស្នាដៃ​ក្នុង​ការដាក់​បញ្ចូល​របាំ​នេះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​នៅ​អង្គការ Unesco កាលពី​ឆ្នាំ​ ២០០៣ សម្តេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានទទួល​ព្រះគោរមងារ «​ទេពនាថរដ្តីឯក​» និង​ជា «​មរតក​មនុស្ស​រស់​របស់​កម្ពុជា​»​។ ព្រះរៀម ធ្លាប់​ជា​ឧត្តមក្រុមប្រឹក្សា​ផ្ទាល់​របស់​ព្រះមហាក្សត្រ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ​នាពេល​បច្ចុប្បន្ន​៕

វីដេអូ៖