ភ្នំពេញៈ រាជរដ្ឋាភិបាល​បានចេញ​សេចក្ដីណែនាំ​ស្ដីពី​តួនាទី ភារកិច្ច និង​របៀបរបប​ការងារសម្រាប់​ក្រុម​ការ​​ងារ​ថ្នាក់ជាតិដែល​ត្រូវ​ចុះ​បំពេញ​បេស​ក​​កម្ម​នៅតាម​មូលដ្ឋាន​ រាជធា​នី-ខេត្ត ក្នុងការ​ជំរុញ​ការអនុវត្ត​កម្មវិធី​នយោ​​បាយ និង​យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាក់កាល​ទី ៤ ដោយ​​​ក្រុម​ការ​ងារ​នេះពុំ​មាន​សិទ្ធិ​អំណាច​ ចាត់​ចែង​កិច្ច​ការ​ជំនួស​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នោះ​ឡើយ។


នៅក្នុង​សេចក្ដីណែនាំ​ចេញផ្សាយ​នៅ​ថ្ងៃទី ១១ ខែ​ មីនា ដែល​ចុះហត្ថ​លេ​ខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា រាជ​រដ្ឋាភិបាលបាន​សម្រេច​បន្ត​ចាត់តាំង​ក្រុម​ការងារ​ថ្នាក់ជាតិ​ដើម្បី​ចុះ​បំពេញបេស​កកម្ម​តាម​មូលដ្ឋាន​រាជធានី-​ខេត្ត ក្នុងការ​រួមចំណែក​ជំរុញ​ការអនុវត្ត​កម្មវិធី​នយោ​បាយ និង​យុទ្ធសាស្ដ្រ​ចតុកោ​ណ​​ដំណាក់កាល​ទី៤ ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ជាតិ គោល​នយោបាយ និង​កម្មវិធី​កំណែ​ទម្រង់​នានា​ របស់​រដ្ឋាភិបាល​នីតិកាល​ទី៦ នៃ​រដ្ឋសភា។

សេចក្ដី​ណែនាំ​បន្តថា នៅក្នុង​តួនាទី​ និង​ភារកិច្ច​របស់​ក្រុម​ការងារ​ថ្នាក់​ជាតិ គឺមាន​តួនាទី​លើក​កម្ពស់​ការដឹក​នាំ សម្រប​សម្រួល និង​គាំទ្រ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុងការ​លើក​កម្ពស់​កា​រ​ផ្ដល់​សេវា ការអភិវឌ្ឍ​មូលដ្ឋាន និង​ការដោះស្រាយ​បញ្ហា​នានា ជូន​ប្រជា​ពលរដ្ឋ​នៅ​មូលដ្ឋាន ប៉ុន្តែ​មិន​មា​ន​តួនាទី​ ឬ​សិទ្ធិ​សម្រេច​កិច្ចការ​ជំនួស​​ក្រសួង​ និង​ស្ថាប័ន​នានា​ឡើយ ហើយ​ក៏​ពុំ​អាច​ចាត់​ចែង​កិច្ច​ការ​ជំនួស​រដ្ឋបា​ល​ថ្នាក់​ក្រោម​ជាតិ​ និង​អាជ្ញាធរមាន​សមត្ថកិច្ច​នានា​នោះ​ដែរ។

ប៉ុន្តែ​ក្រុមការងារ​ថ្នាក់ជាតិ​អាច​ជំ​រុញឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ មន្ទីរ អង្គភាព​ជំនាញឱ្យ​លើកកម្ពស់​ប្រសិទ្ធភាព​​ក្នុងការ​បំពេញការងារ​ ស្របតាម​តួនាទី ភារកិច្ច និង​ការទទួលខុសត្រូវ​ ដែល​បាន​កំណត់​ ហើយ​ក្នុងករណី​មា​ន​បញ្ហា​ប្រឈម​ដែល​មិន​អាច​ដោះ​ស្រាយ​បាន​ក្រុម​ការងារ​ថ្នាក់ជា​តិ ​ត្រូវ​ជំរុញ​ឱ្យ​ក្រសួងស្ថាប័ន​ពាក់ព័ន្ធ​ទាំង​​នោះធ្វើការ​ដោះស្រាយ និង​ធ្វើ​ការ​​តាមដាន​ត្រួត​ពិនិត្យ​អំពី​លទ្ធផល ​ដើម្បី​រាយ​ការណ៍​ជូន​រាជ​រដ្ឋាភិបាល។


សេចក្ដីណែនាំ​បន្ថែម​ថា ភារកិច្ច​សំខាន់ៗ​របស់​មន្ត្រី​ថ្នាក់​ជាតិ​ចុះទៅ​ពង្រឹង​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ មាន​ដូចជា សហការ​ជំរុញ និង​លើក​កម្ពស់​គណនេយ្យភាព​របស់​ក្រសួង ស្ថាប័ន និង​អាជ្ញាធរ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិក្នុង​ការផ្ដល់​សេវា​សាធារណៈ និង​ការ​អភិវឌ្ឍ​នៅ​តាម​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព។


សហការ​រៀបចំ​វេទិកាសាធារណៈ​នៅ​មូលដ្ឋាន ​ផ្ដោតលើ​ការយក​ចិត្ត​ទុក​ដាក់ ​អំ​ពី​ស្ថាន​ភាព​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ និង​ការចុះ​ជួប​ប្រាស្រ័យ​ដោយ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ តាម​គ្រួសារ ដើម្បី​ស្ដាប់​ក្ដីកង្វល់ សំណូមពរ និង​សំណើ​របស់​ប្រជា​ពលរដ្ឋ ព្រម​ទាំង​យក​ចិត្ត​ទុក​ដាក់ ​ជំរុញ​ការដោះ​ស្រាយ​នូវ​រាល់​កង្វល់ សំណូម​ពរ និង​សំណើ​ទាំងនោះ ដោយ​ផ្អែកលើ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា ហើយ​ក្នុង​ករណី​មិនអាច​ដោះ​ស្រាយ​បាន ក្រុម​ការងារ​ថ្នាក់ជាតិ​ ត្រូវ​បូកសរុប និង​ធ្វើ​របាយ​ការណ៍​ជូន​រាជ​រដ្ឋាភិបាល។

បន្ថែម​ពី​នេះ គឺ​សហការ​ដោះស្រាយ​បញ្ហា​ប្រឈម និង​ការលំបាក​នានា​របស់​ប្រជា​ពលរដ្ឋ​នៅ​មូលដ្ឋាន និង​កៀរគរ​ធនធាន​ពី​ប្រភព​នានា ដើម្បី​ចូលរួម​ក្នុងការ​ដោះស្រាយ​ជីវភាព​ប្រជា​ពលរដ្ឋ ក៏​ដូចជា​ការ​អភិវឌ្ឍ​​មូលដ្ឋាន។

ចំណែក​ការរៀបចំ​ក្រុម​ការងារ របៀប​របប​ការងារ និង​ការចាត់​តាំ​ង​អនុវត្ត គឺ​រដ្ឋ​មន្ត្រី​ក្រសួង ស្ថាប័ន​នានា​ ត្រូវ​ចាត់តាំង​មន្ត្រី​ចាប់ពី​ថ្នាក់​អគ្គនាយក​រង​ឡើង ធ្វើជា​តំណាង​ក្រសួង​ស្ថាប័ន ដើម្បី​បំពេញ​រចនាសម្ព័ន្ធ​ ក្រុម​ការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​រាជធានី​ និង​ខេត្ត។

ក្រុមការងារ​ថ្នាក់ជាតិ​និង​គណៈ​អភិបាល​រាជធានី ខេត្ត ត្រូវ​សហការ​រៀបចំ​បែង​ចែក និង​បំពេញ​បន្ថែម​សមាស​ភាព ដើម្បី​ចុះ​បេសក​កម្ម​តាម​ក្រុង ស្រុក ខណ្ឌ និង​ឃុំ សង្កាត់​តាម​ចាំបាច់ ហើយ​រាជធានី​ខេត្តត្រូវ​បង្កើត​លេខា​​ធិការ​ដ្ឋាន​ ដោយ​ជ្រើសរើស​មន្ត្រី​មាន​សមត្ថភាព ​ពី​សាលា​រាជធានី ខេត្ត និង​មន្ទីរ​នានា ដើម្បី​ជា​ជំនួស​ការ​ដល់​ក្រុម​ការងារ​ថ្នាក់​ជាតិ។

លោក ផៃ ស៊ី​ផាន អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្ដិ៍​បន្ថែមពី​ម្សិល​មិញ​ថា ក្រុម​ការងារ​ថ្នាក់​ជាតិ​ ដែល​អាច​ចុះទៅ​ឃ្លាំមើល​និង​សម្របសម្រួល​ពង្រឹង​រដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​ជំរុញ​ឱ្យ​ការអនុវត្ត​យុទ្ធសាស្ដ្រ​ចតុកោណ​ដែលជា​គោលនយោបាយ​ថ្នាក់​​ជាតិ​ និង​ការ​ផ្ដល់សេវា​បម្រើ​ប្រជាពលរដ្ឋ ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព គឺជា​មន្ត្រី​ដែល​មាន​តួនាទី​ចាប់ពី​អគ្គ​នាយក​រង​​ឡើង ហើយ​ពួកគេ​គ្មាន​សិទ្ធិ​បង្គាប់បញ្ជា​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​នោះទេ ប៉ុន្តែ​អាច​សរសេរ​របាយការណ៍​អំពី​ភាពមិន​ប្រក្រតី​ និង​ភាពខ្វះ​ចន្លោះ​ ការ​អនុវត្ត​គោល​នយោបាយ​នៅ​ថ្នាក់ក្រោម​ជាតិ​ ដើម្បី​រាយការណ៍​មក​លោក ស ខេង ដែល​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ។

លោក​ថា៖ «ទី១ យើង (ក្រុមមន្ត្រី​ថ្នាក់ជាតិ) ត្រូវ​ខំ​សម្រប​សម្រួល​ ធ្វើ​ឱ្យ​ការអនុវត្ត​នៅ​ថ្នាក់​ក្រោម​ជាតិប្រក​ប​ដោយ​ប្រសិទ្ធ​ភាព ទាំងពី​ល្បឿន​នៃ​ការងារ ទាំង​ការផ្ដល់​សេវាកម្ម​ឱ្យបាន​ប្រសើរ​ដល់​មហាជន​របស់​យើង អានេះ​គឺមាន​សារៈសំខាន់​ណាស់ ហើយ​កន្លងមក មានការ​ងារ​ខ្លះ​ ដែល​ក្រុម​ថ្នាក់ជាតិ​ចុះទៅ​ហ្នឹង ហាក់​ធ្វើឱ្យ​ថ្នាក់មូលដ្ឋាន​ហ្នឹង​នៅ​ស្ងៀម​មិន​ធ្វើ​ការងារ​របស់ខ្លួន ហើយ​បែរជា​មានការ​ច្រឡំ​អំពី​ការ​ទទួល​ខុសត្រូវ​ រវាង​ថ្នាក់ជាតិ​ និង​ថ្នាក់​មូល​ដ្ឋាន។ ជាទូទៅ​ យើង​ត្រូវ​គោរព​ថ្នាក់មូលដ្ឋាន យើង​គ្រាន់​​តែ​សម្រប​សម្រួល​នូវ​​ការងារ​មូលដ្ឋាន ហើយ​អត់​មាន​សិទ្ធិ​សម្រេច​ជំនួស​គេ​ទេ»។

តែយ៉ាង​ណាក្តី លោក សន ជ័យ នាយកប្រតិ​បត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា ​លើក​ឡើង​ថា កា​រ​ចុះរបស់​មន្រ្តី​ថ្នាក់​លើ​ដើម្បី​ត្រួត​ពិនិត្យ​ការងា​រ​របស់​មន្រ្តី​ថ្នាក់​ក្រោម គឺ​ជារឿង​មួយ​ មិន​អាច​ចៀស​ផុត​បាន​ឡើយ ប៉ុន្តែ​លោកយល់​ឃើញ​ថា ដើម្បី​ឱ្យ​មន្រ្តី​ថ្នាក់​ក្រោម​ជាតិ​ ធ្វើការ​ងារ​នៅ​មូល​ដ្ឋាន​កាន់​តែ​ល្អ​ប្រសើរ គឺ​មន្រ្តី​ថ្នាក់​ក្រោម​ជាតិ​គួរ​ទទួល​បាន​ការ​គាំទ្រ​ផ្នែក​បច្ចេក​ទេស​តាម​រយៈ​ការ​បណ្ដុះ​បណ្ដាល ​និង​ពង្រឹង​សមត្ថភាព​​បន្ថែម​ពី​មន្រ្តីថ្នាក់​ជាតិ ហើយ​មិន​គួរ​ទទួល​បាន​ការ​ស្ដី​បន្ទោស​នោះ​ឡើយ។

លោក​បញ្ជាក់​ថា៖​ «នៅ​ពេល​ពង្រឹង​សមត្ថ​ភាព​ថ្នាក់​ក្រោម​ហើយ គឺថ្នាក់​ជាតិ​ត្រូវ​ប្ដេជ្ញាថា​ នឹង​បែង​ចែង​ធនធាន (ថវិកា) ដើម្បី​ឱ្យថ្នាក់​ក្រោម​ ក្រោយ​ពី​ពួក​គេបាន​រៀន​សូត្រ​ ហើយ​អាច​អនុវត្ត​ការងារ​បាន​ របៀប​នេះ​ ស្ថិត​ក្នុង​ប្រព័ន្ធ​មួយ​ដែលគេ​ហៅថា​ ជួយគ្នាទៅ​វិញ​ទៅ​មក ដែល​កន្លង​ទៅ មាន​ការ​រិះគន់​ច្រើន​ដែរ ហើយ (ថ្នាក់​ជាតិ) ចុះ​ទៅ​ចាំ​តែ​ចាប់​កំហុស (មន្ត្រី​ថ្នាក់​ក្រោម​ជាតិ)៕