ភ្នំពេញៈ រាជរដ្ឋាភិបាល​បានចេញ​សារាចរ​ណែនាំ ឲ្យ​ពលរដ្ឋ​ត្រៀម​ទឹក​ទុក​សម្រាប់​ប្រើប្រាស់ នៅ​ក្នុង​រដូវ​ប្រាំង​ខាង​មុខ​ដោយ​កម្ពុជា​នឹង​រង​ឥទ្ធិពល​ដោយ​ប្រយោល​នៃ​បាតុភូត អែល នីណូ (El Nino) ដែល​ធ្វើ​ឲ្យ​អាកាស​ធាតុ​រដូវ​ប្រាំង មាន​សភាព​ក្តៅ​ហួត​ហែង​ខ្លាំង​ក្នុង​ខែ​មេសា និង​ឧសភា។


លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​សារាចរ​ណែនាំ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ កាល​ពី​ម្សិលមិញ​ថា ឥទ្ធិពល​បាតុភូត អែល នីណូ នឹង​ធ្វើ​ឲ្យ​ព្រះរាជា​ណាចក្រ​កម្ពុជា មាន​សីតុណ្ហភាព​ឡើង​ខ្ពស់ នៅ​តំបន់​ខ្លះ​រហូត​ដល់​ចន្លោះ ៤០ ទៅ ៤២ អង្សា​សេ មាន​ភ្លៀង​កក់​ខែ​តិច មាន​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​កើត​ឡើង​ច្រើន និង​ធ្វើ​ឲ្យ​រដូវ​វស្សា​មក​ដល់​យឺត​ជាង​ធម្មតា។

ដើម្បី​ឆ្លើយតប​និង​ត្រៀម​ទប់ទល់​សម្រាប់​បាតុភូត​នេះ​រដ្ឋាភិបាល​បាន​ណែនាំ​ពលរដ្ឋ​ដែល​ប្រកប​របរ​ធ្វើ​ស្រូវ​ប្រាំង​កុំ​ឲ្យ​បង្ក​បង្កើន​ផល ២ ដង​ក្នុង​ឆ្នាំ​នេះ ប៉ុន្តែ​ត្រូវ​រក្សា​ទឹក ដែល​មាន​នៅ​តាម​អាង ឬ​នៅ​កន្លែង​មាន​ទឹក​ធម្មជាតិ​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ឬ​សម្រាប់​ដំណាំ​រួម​ផ្សំ​ផ្សេង​ទៀត ជាមួយ​គ្នា​នេះ រដ្ឋាភិបាល​ក៏បាន​ចេញ​ការ​ណែនាំ ២ ចំណុច សម្រាប់​ស្ថាប័ន​ពាក់ព័ន្ធ គឺ​ត្រូវ​ថែរក្សា​ទឹក​ទុក​ឲ្យ​បាន​ល្អ សម្រាប់​តែ​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​រហូត​ដល់​មាន​ភ្លៀង​ធ្លាក់​ឡើង​វិញ និង​ឲ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់​ត្រៀម​លក្ខណៈ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​រង​គ្រោះ ដោយ​គ្រោះ​ធម្មជាតិ​នានា​ដូចជា​ខ្យល់​កន្ត្រាក់​ជាដើម។

លោក ចាន់ យុ​ត្ថា រដ្ឋលេខាធិ​ការ ក្រសួង​ធនធានទឹក និង​ឧតុនិយម ថ្លែង​កាល​ពី​ម្សិលមិញ​ថា បាតុភូត​អែលនីណូ កើត​ឡើង​គ្រប​ដណ្ដប់​នៅ​ផ្នែក​ផ្សេងៗ​នៃ​ពិភពលោក​ប៉ុន្តែ​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ គឺ​នៅ​ឆ្នាំ ២០១៦ ដែល ២ ភាគ ៣ នៃ​ពិភពលោក បាន​រង​ផល​ប៉ះពាល់។ លោក​ពន្យល់​ថា ឥទ្ធិពល​នេះ គឺជា​លទ្ធផល​នៃ​ការ​ឡើង​កម្ដៅ​ផែនដី​ដោយសារ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដែល​បញ្ចេញ​ដោយ​ប្រទេស​អ្នក​មាន។ ប្រទេស​អ្នក​ក្រ​ដូចជា​កម្ពុជា​គឺជា​អ្នក​រង​គ្រោះ នៃ​ការ​ប្រែប្រួល​អាកាស​ធាតុ។


លោក​ពន្យល់​ថា៖ «ឥទ្ធិពល​នៃ​បាតុភូត​អែល​នីណូ គឺ​បណ្ដាល​មក​ពី​ការ​កើន​ឡើង​សីតុណ្ហភាព​នៅ​លើ​ផ្ទៃ​សមុទ្រ ហើយ​សីតុណ្ហភាព​កើន​ឡើង​នៅ​លើ​ផ្ទៃ​សមុទ្រ​នេះ បណ្ដាល​មក​ពី​ឧស្សាហកម្ម​ធំៗ​នៅ​លើ​ពិភពលោក»។


លោក ​យុ​ត្ថា បាន​បន្តថា ខេត្ត​ដែល​នឹង​ទទួលរង​ឥទ្ធិពល​ខ្លាំងជាងគេ​គឺ​នៅ​តំបន់​ទំនាប​កណ្ដាល​ភាគ​ពាយព្យ​របស់​កម្ពុជា​ដែល​រួម​មាន​ខេត្ត​បាត់ដំបង បន្ទាយ​មានជ័យ សៀមរាប និង​តំបន់​ខ្ពង់រាប​ភាគ​ខាង​ជើង រួម​មាន​ឧត្តរ​មានជ័យ និង​ព្រះវិហារ។ តំបន់​ទាំង ២ នេះ អាច​នឹង​មាន​កម្ដៅ​រហូត​ដល់ ៤០ ឬ ៤២ អង្សា​សេ។ ប៉ុន្តែ​ឥទ្ធិពល​ អែល​នីណូ​ នេះ នឹង​មាន​នៅ​លើ​ក្របខ័ណ្ឌ​នៅ​ទូទាំង​ប្រទេស។

លោក​រំឭកថា កាលពី​ឆ្នាំ ២០១៥ និង២០១៦ កម្ពុជា​ធ្លាប់បាន​ទទួលរង​ឥទ្ធិពល​នេះ​រួច​ហើយ​ដែល​ពេល​នោះ​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ដឹក​ទឹក​ចែក​ជូន​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​គ្រួសារ។ លោក​ថា ឆ្លង​តាម​បទពិសោធ​ពី​ពេល​នោះ ឆ្នាំ​នេះ​រាជ​រដ្ឋាភិបាល ចេញ​សារាចរ​ណែនាំ កុំ​ឲ្យ​ពលរដ្ឋ​ផលិត​ស្រូវ​ប្រាំង ២ លើក​ក្នុង ១ ឆ្នាំ។ លោក​ថា កាល​ពី​ឆ្នាំ ២០១៦ ខេត្ត​បន្ទាយ​មានជ័យ ទទួល​រង​គ្រោះ​ខ្លាំង​ជាង​គេ ហើយ​ពេល​នោះ ក្រសួង​ធនធាន​ទឹក​បាន​ប្រើប្រាស់​រយៈពេល ៣០ ថ្ងៃ​ដើម្បី​បូម​ទឹក​ពី​អាង​កំពីង​ពួយ​ជាង ១០ លាន​ម៉ែត្រ​គុប ដឹក​លើ​ចម្ងាយ​ផ្លូវ ១១០ គីឡូម៉ែត្រ​ដើម្បី​បែង​ចែក​ទៅ​ឲ្យ​ពលរដ្ឋ​នៅ​ស្រុក​មង្គលបុរី និង​ក្រុង​សិរី​សោភ័ណ។

លោក​ថា៖ «អ្វី​ដែល​យើង​ព្រួយ​បារម្ភ​គឺថា ក្រោយ​ពេល​ដែល​បងប្អូន​ប្រមូល​ផល​លើក​ទីមួយ​ហើយ ចាប់​ផ្ដើម​ភ្ជួរ​រាស់​សាប​ព្រោះ​លើក​ទីៗ។ នេះ​ជា​បញ្ហា​ព្រោះ​នៅ​រដូវ​ប្រាំង ដំណាំ​ស្រូវ​ត្រូវការ​ទឹក​ច្រើន ហើយ​វា​ធ្វើ​ឲ្យ​ខ្វះខាត​ទឹក​ពេល​មាន​ភាព​ហួត​ហែង»។

លោក យុ​ត្ថា បាន​ឲ្យ​ដឹងថា ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បែងចែក​ក្រុម​ការងារ​ចំនួន ១១ ក្រុម​ដើម្បី​ចុះ​ណែនាំ​ពលរដ្ឋ​នៅ​តាម​ខេត្ត​នានា ឲ្យ​យល់​ដឹង​ពី​ការ​រក្សាទុក​ទឹក ដើម្បី​ត្រៀម​ឆ្លើយតប​នឹង​ឥទ្ធិពល​នេះ។

ក្រុមការងារ​បាន​ចុះ​ណែនាំ​ដោយ​ផ្ដោតលើ ២ ចំណុច រួមមាន​ពន្យល់​ពលរ​ដ្ឋ​កុំ​ឲ្យ​ធ្វើ​ស្រូវ​ប្រាំង ២ ដង និង​កុំ​ឲ្យ​ប្រើប្រាស់​ទឹក​ខុស​គោល​ដៅ។ ទោះបី​មាន​ការ​ណែនាំ​ក៏ដោយ លោក​ថា ខេត្ត​មួយ​ចំនួន​នៅ​តែ​បន្ត​ធ្វើ​ស្រូវ​ប្រាំង​ចំនួន ២ លើក ដែល​ធ្វើ​ឲ្យ​ក្រសួង​មាន​ការ​បារម្ភ។

លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ខេត្ត​បន្ទាយ​មានជ័យ បាន​រង​គ្រោះ​ដោយ​ការ​ខ្វះ​ទឹក​ជា​បណ្ដើរៗ​ដូចជា​នៅ​ស្រុក​ព្រះនេត្រ​ព្រះ និង​ស្រុក​ស្វាយ​ចេក។ ប៉ុន្តែ​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ចុះ​ពន្យល់​ពលរដ្ឋ​ដែល​ធ្វើ​ស្រូវ​ប្រាំង កុំ​ឲ្យ​ធ្វើ​ស្រែ​ប្រាំង​លើក​ទី ២ និង​បាន​រាយ​ការណ៍​ទៅ​អាជ្ញាធរ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ដើម្បី​ត្រៀម​ឆ្លើយ​តប​ពេល​មាន​ហានិភ័យ៕