រដ្ឋាភិបាលនឹងផ្តល់សាច់ប្រាក់ដល់ពលរដ្ឋដែលជួបការលំបាកផ្នែកជីវភាពដោយសារកូវីដ

ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចដាក់ចេញនូវយន្តការ និងនីតិវិធីនៃការអនុវត្តកម្មវិធីជំនួយសង្គម ដោយផ្តល់ជាសាច់ប្រាក់ដល់ពលរដ្ឋ ដែលមានការលំបាកផ្នែកជីវភាព មានអ្នកស្លាប់ និងអ្នកឈឺដោយសារជំងឺកូវីដ ១៩ ស្របពេលដែលការស្រង់ស្ថិតិប្រជាពលរដ្ឋ និងកម្មករ-កម្មការិនី ដែលនឹងទទួលបានការឧបត្ថម្ភនេះបានកំពុងដំណើរការ។
លោក សំហេង បុរស រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានឱ្យដឹងថា ក្រុមការងារសហការជាមួយអាជ្ញាធរ ឃុំ-សង្កាត់កំពុងធ្វើការស្រង់ស្ថិតិចំនួនពលរដ្ឋ និងកម្មករ-កម្មការិនីដែលនឹងទទួលបាននូវប្រាក់ឧបត្ថម្ភក្នុងកម្មវិធីជំនួយសង្គមក្រោយពេលបិទខ្ទប់នៅក្នុង ១៤ ខណ្ឌក្នុងរាជធានីភ្នំពេញ ក្រុងតាខ្មៅ នៃខេត្តកណ្តាល និងក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៨ ខែឧសភាថា មកដល់ពេលនេះ លោកមិនទាន់ទទួលបានចំនួនជាក់លាក់នៃប្រជាពលរដ្ឋ និងកម្មករ ដែលនឹងទទួលបានការឧបត្ថម្ភនេះនៅឡើយទេ ដោយសារដំណើរការនៃការស្រង់ចំនួនមិនទាន់បានបញ្ចប់នៅឡើយ។
លោក សំហេង បុរស ថ្លែងថា៖ «មកដល់ម៉ោងនេះយើងកំពុងតែអនុញ្ញាតឱ្យអាជ្ញាធរឃុំ សង្កាត់ និងអ្នកស្ម័គ្រចិត្តរបស់យើង ដើរសម្ភាសតាមផ្ទះពីស្ថានភាពនៃការរស់នៅ និងការប្រឈមរបស់ពួកគាត់។ ទោះបីជាយើងមិនទាន់មានទិន្នន័យចុងក្រោយនៅឡើយ ប៉ុន្តែយើងអាចវាយតម្លៃបានថានឹងមានចំនួនប្រជាពលរដ្ឋច្រើនដែលនឹងទទួលផល បូករួមនឹងបងប្អូនកម្មករ និយោជិតផងដែរ»។
បើតាមលោក សំហេង បុរស ប្រជាពលរដ្ឋប្រមាណជា ២០ ទៅ ៣០% នៃចំនួនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញអាចនឹងរងផលប៉ះពាល់ពីការបិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បន្ថែមលើគ្រួសារក្រីក្រផ្សេងទៀត ប៉ុន្តែការវាយតម្លៃនេះគឺទាមទារនូវពេលវេលាសម្រាប់កំណត់អត្តសញ្ញាណជាក់ស្តែង ដើម្បីធ្វើការងារផ្តល់ការឧបត្ថម្ភនេះ។
លោកបានប្រាប់ថា៖ «របបឧបត្ថម្ភនេះនឹងជួយពួកគាត់ក្នុងការទ្រទ្រង់ជីវភាពបានមួយចំណែកមកវិញ បន្ទាប់ពីការបិទខ្ទប់នេះ ហើយដំណើរការនៃការសម្ភាសនេះ គឺធ្វើឡើងដំណាលគ្នាក្នុងខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញក្រុងតាខ្មៅនៃខេត្តកណ្តាល និងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ»។
យោងតាមសេចក្តីសម្រេចដែលចុះហត្ថលេខាដោយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយកាលពីថ្ងៃទី ១៧ ខែឧសភា បានលើកឡើងថា ការបើកផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព ប្រជាពលរដ្ឋ និងគ្រួសារដែល មានអ្នកឆ្លងជំងឺកូវីដ ១៩ និងមានការលំបាកផ្នែកជីវភាព កម្មករនិយោជិតគោលដៅនិងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលស្ថិតក្រោមវិសាលភាពនៃសេចក្តីសម្រេចនេះត្រូវចាប់ផ្តើមពីដើមខែមិថុនា ឆ្នាំ ២០២១ ទៅ។
ថវិកាសម្រាប់កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ដល់ពលរដ្ឋ និងគ្រួសារទាំងនេះ ត្រូវបើកផ្តល់ជាបុរេប្រទានដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអនុវត្តទូទាត់ជម្រះចំណាយតាមក្រោយ។
សេចក្តីសម្រេចបានបន្តថា៖ «ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវរៀបចំសំណើសុំទូទាត់ថវិកាបុរេប្រទាន ក្នុងរយៈពេលពី ៤ ទៅ ៦ សប្តាហ៍ បន្ទាប់ពីថ្ងៃបើកថវិកាបុរេប្រទាន»។
គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកាលពីថ្ងៃទី ១១ ខែឧសភាបានចេញសេចក្តីប្រកាសស្តីពីការដាក់ឱ្យអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ដោយផ្តល់នូវការឧបត្ថម្ភជាសាច់ប្រាក់សម្រាប់គ្រួសារដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ ១៩ ចំនួន ៣០ ម៉ឺនរៀល និងមានការឧបត្ថម្ភជាសាច់ប្រាក់សម្រាប់ជួយបង់ថ្លៃអគ្គិសនី និងទឹកស្អាតសម្រាប់រយៈពេល ៥ ខែផងដែរ។
ក្រៅពីនេះ កម្មករកម្មការិនីដែលឆ្លងជំងឺកូវីដ ១៩ នឹងទទួលបានប្រាក់ឧបត្ថម្ភជាកញ្ចប់ចំនួន ១៦ ម៉ឺនរៀល ក្នុង ១ នាក់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល និងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕
វីដេអូ៖





