ភ្នំពេញៈ រដ្ឋាភិបាល​ចេញ​វិធានការ​មួយចំនួន​ទៅ​ឲ្យ​គ្រប់​ក្រសួង ស្ថាប័ន រដ្ឋបាល​រាជធានី- ខេត្ត និង​អង្គភាព​ជំនាញ​គ្រប់​ជាន់ថ្នាក់​ត្រូវ​សហការ​ឲ្យ​បាន​ជិតស្និទ្ធ​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​ជាមួយ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ (CHRC) ក្នុង​ការងារ​ការពារ លើកស្ទួយ​សិទ្ធិមនុស្ស​ និង​ផ្តល់​ការឆ្លើយតប​ដោយ​ប្រសិទ្ធភាព និង​ទាន់​ពេលវេលា​ទៅនឹង​របាយការណ៍​ទាំងឡាយ​ពាក់ព័ន្ធ​នឹង​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។


សារាចរ​ស្តីពី​ការអនុវត្ត​យន្តការ​របាយការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា​សម្រាប់​អង្គការ​សហប្រជាជាតិ​ដែល​ចេញ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ថ្ងៃទី​ ១២ ខែកុម្ភៈ​ក៏​បាន​បញ្ជាក់​ផងដែរ​អំពី​ការផ្តល់​ជា​កញ្ចប់​ថវិកា​ពិសេស​មួយ​សម្រាប់​ប្រតិភូ​កម្ពុជា​ដែល​នឹងត្រូវ​ចាត់​បញ្ជូន​ទៅ​ការពារ​របាយការណ៍​សិទ្ធិមនុស្ស​កម្ពុជា​នៅ​អង្គការ​សហប្រជាជាតិ​។ លោក​នាយករដ្ឋមន្ត្រី​បាន​ប្រាប់​ទៅគ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ថា ក្រោយពី​ទទួល​បាន​សារាចរ​នេះ​ត្រូវអនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព និង​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​។

លោក​ ហ៊ុន សែន លើកឡើង​ក្នុង​សារាចរ​ថា ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​យន្តការ​របាយការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា​សម្រាប់​អង្គការ​សហប្រជាជាតិ រាជរដ្ឋាភិបាល​ដាក់​ចេញ​វិធានការ​ប្រាប់​ទៅ​គ្រប់​ក្រសួង ស្ថាប័ន ពាក់ព័ន្ធ​ទាំងនោះ​ថា​ដោយ​ការងារ​សិទ្ធិមនុស្ស​ជា​ការងារ​អន្តរវិស័យ គ្រប់​ស្ថាប័ន​ទាំងនោះ​ត្រូវ​សហការ​ឲ្យ​បាន​ជិតស្និទ្ធ​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​ខ្ពស់​ជាមួយ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​។ រាល់​ការងារ​ការពារ និង​លើកស្ទួយ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​មាន​ជាអាទិ៍ ការងារ​ស្រាវជ្រាវ អប់រំ និង​ផ្សព្វផ្សាយ​អំពី​សិទ្ធិមនុស្ស ការងារ​ទទួល និង​ដោះស្រាយ​ពាក្យបណ្តឹង និង​ការងារ​ស៊ើបអង្កេត និង​ត្រួតពិនិត្យ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​តាម​ពន្ធនាគារ និង​កន្លែង​ឃាត់ខ្លួន និង​ឃុំខ្លួន​ផ្សេងៗ​ទៀត​។

លោក​ ហ៊ុន សែន បញ្ជាក់ថា​៖ «​គ្រប់​ក្រសួង ស្ថាប័ន រដ្ឋបាល​រាជធានី ខេត្ត និង​អង្គភាព​ជំនាញ​គ្រប់​ជាន់ថ្នាក់​ត្រូវ​សហការ​ជាមួយ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ផ្តល់​ការឆ្លើយតប​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ទាន់ពេលវេលា​ទៅ​នឹង​របាយការណ៍​ទាំងឡាយ​ពាក់ព័ន្ធ​ទៅនឹង​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដែល​បានដាក់​ជូនទៅ​អង្គការ​សហប្រជាជាតិ​ដោយ​ការិយាល័យ​ឧត្តមស្នងការ​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា​។ របាយការណ៍​របស់​អ្នករាយការណ៍​ពិសេស​នានា​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ និង​របាយការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដទៃទៀត​ដែល​ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​របស់ខ្លួន​»​។


លោកនាយក​រដ្ឋមន្ត្រី​ប្រាប់​គ្រប់​ក្រសួង ស្ថាប័ន រដ្ឋបាល​រាជធានី ខេត្ត និង​អង្គភាព​ជំនាញ​គ្រប់ ជាន់ថ្នាក់ ត្រូវ​ធ្វើ​ការសហការ​ឲ្យ​បាន​ពេញលេញ និង​ដោយ​ការទទួល​ខុសត្រូវ​ជាមួយ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ក្នុង​ដំណើរការ​រៀបចំ​របាយ​ការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា​សម្រាប់​អង្គការ​សហប្រជាជាតិ​មាន​ជាអាទិ៍ ការ​ផ្តល់ព័ត៌មាន និង​ទិន្នន័យ ការចូលរួម​កិច្ចប្រជុំ និង​ការផ្តល់​របាយការណ៍​ឆ្លើយតប​ឲ្យ​បាន​ទៀងទាត់​តាម​កាលកំណត់​។


លោក​ ជិន ​ម៉ាលីន អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​អះអាង​ថា កន្លងមក​គណៈកម្មាធិការ​សិទ្ធិមនុស្ស​មាន​កិច្ចសហការ​ល្អ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ពាក់ព័ន្ធ​នឹង​យន្តការ​ការផ្សព្វផ្សាយ និង​អប់រំ ដោះស្រាយ​ពាក្យបណ្តឹង ស៊ើបអង្កេត​ស្ថានភាព​សិទ្ធិមនុស្ស ការជាប់​ពន្ធនាគារ និង​កន្លែង​ឃុំខ្លួន​ផ្សេងៗ និង​ការធ្វើ​របាយការណ៍​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​យើង​បាន​សរសេ​របាយការណ៍​ទៅតាម​អនុសញ្ញា និង​សន្ធិសញ្ញា​នីមួយៗ​បញ្ជូន​ទៅ​អង្គការសហប្រជាជាតិ ហើយ​យើង​ក៏​បាន​ចាត់​តំណាង​ទៅ​ការពារ​។ កន្លងមក​យើង​មាន​កិច្ចសហការ​ល្អ តែ​សារាចរ​នេះ​គឺ​ដើម្បី​ឲ្យ​មាន​កិច្ចសហការ​ឲ្យ​កាន់តែ​ល្អប្រសើរ​ជាង​នេះ​ទៅ​ទៀត​ដើម្បី​បង្ហាញ​ទៅ​អង្គការ​សហប្រជាជាតិ និង​អន្តរជាតិ​ថា យើង​យកចិត្ត​ទុកដាក់​ទៅ​នឹង​កាតព្វកិច្ច​របស់​រដ្ឋ​»​។

លោក​បន្ថែមថា​៖ «​តាមរយៈ​សារាចរ ថវិកា​នេះ​នឹង​ជួយ​សម្រួល​បន្ទុក​ក្រសួង និង​ស្ថាប័ន​មួយចំនួន​ដោយសារ​តែ​កន្លងមក ក្រសួង និង​ស្ថាប័ន​នីមួយៗ​ត្រូវ​ចេញ​ថវិកា​ហ្នឹង​ដែល​ធ្វើឲ្យ​មានការ​លំបាក​សម្រាប់​ស្ថាប័ន​របស់គាត់​ដោយ​ការចំណាយ​ច្រើន​ដែរ​ដូច្នេះ​តាមរយៈ​សារាចរ​នេះ​ស្ថាប័ន​នីមួយៗ​មិនចាំបាច់​បារម្ភ​ពី​ការចំណាយ​ថវិកា​ទៅលើ​ប្រតិភូ​ដោយសារ​មាន​កញ្ចប់​ថវិកា​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​»​។

លោក​ឲ្យ​ដឹង​ដែរ​ថា តាមរយៈ​សារាចរ​នេះ​នឹង​ជួយ​ពង្រឹង​ការសហការ​រវាង​ក្រសួង ស្ថាប័ន និង​អង្គភាព​ជំនាញ​គ្រប់​ជាន់ថ្នាក់​ក្នុង​ការងារ​ស្រាវជ្រាវ អប់រំ និង​ផ្សព្វផ្សាយ​អំពី​សិទ្ធិមនុស្ស ការងារ ការពារ​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ និង​ជួយ​ពង្រឹង​ធនធាន​មនុស្ស​ក្នុង​ការពន្យល់​ព័ត៌មាន​លម្អិត​ទៅ​អង្គការ​សហប្រជាជាតិ​នូវ​ការវិវឌ្ឍ និង​ការអនុវត្ត​សិទ្ធិសេរីភាព​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​ ស៊ឹង សែនករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក អះអាងថា​ទោះបី​ជា​រាជរដ្ឋាភិបាល​ដាក់ចេញ​សារាចរ​បែបនេះ​ក៏ដោយ ក៏​វា​មិន​អាចជួយ​ដោះស្រាយ​សិទ្ធិមនុស្ស និង​ការរំលោភបំពាន​ផ្សេងៗ​បាន​ដែរ ដរាបណា​រាជរដ្ឋាភិបាល​មិនអាច​បញ្ឈប់​សកម្មភាព​មន្ត្រី ឬ​សមត្ថកិច្ច​ដែល​បាន​រំលោភបំពាន​សិទ្ធិសេរីភាព​ប្រជាពលរដ្ឋ​បាន​នោះទេ​។

លោក​ ករុណា អះអាង​ថា​៖ «​ទោះបីជា​រាជរដ្ឋាភិបាល​បង្កើត​យន្តការ​នេះ​ក៏ដោយ ក៏​មិនអាច​ឆ្លើយតប​នឹង​ការលើកឡើង​របស់​អង្គការ​សហប្រជាជាតិ​បានដែរ​។ យើង​ឃើញ​ការដោះស្រាយ​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស​មិនទាន់​បានល្អ​នៅឡើយ​ទេ ដោយសារ​អាជ្ញាធរ​ពាក់ព័ន្ធ​មិនទាន់​បញ្ឈប់​សកម្មភាព​ការបំពាន​ទៅលើ​សិទ្ធិមនុស្ស​នោះទេ​»៕