​​ភ្នំពេញ​៖ រដ្ឋាភិបាលបានចេញ​បញ្ជា​ហាមឃាត់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ ដោយ​ចាប់​ផ្ដើម​អនុវត្ត​ពី​ម៉ោង ​១២​ យប់​​​ថ្ងៃទី​ ៩​ ខែ​មេសា រហូតដល់​​ម៉ោង​ ១២​ យប់​ថ្ងៃទី​ ១៦ ​ខែ​​មេសា​ ដោយ​បទបញ្ជា​នេះ គឺ​បានដាក់​កំហិត​មិនឱ្យ​មានការ​ធ្វើដំណើ​រឆ្ល​ង​កាត់​ពី​ស្រុក​មួយ​ ទៅ​ស្រុក​មួយ និង​ពី​ខេត្ត​​មួយ​ទៅ​ខេត្ត​មួយ​​ទៀត​។​


​នៅក្នុង​សេចក្ដី​ប្រកាស​ដែលចេញ​នៅថ្ងៃនេះ​បាន​បញ្ជាក់​ថា ការចេញ​បទបញ្ជា​នេះ គឺ​ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​ ១៩ កុំឱ្យ​រាលដាល​ចេញពី​ដំណាក់កាល​នាំចូល​ជំងឺ​ពី​ប្រភព​ខាង​ក្រៅ ចូល​ទៅដល់​ដំណាក់កាល​នៃ​ការឆ្លង​រាលដាល ​រវាង​ប្រជាជន​នៅក្នុង​សហគមន៍​។​ ​

ប៉ុន្តែ​បទ​បញ្ជា​នេះ គឺបាន​លើកលែងចំពោះ​ការដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ​ នៅតាម​ផ្លូវគោក ផ្លូវ​ទឹក​និង​ផ្លូវដែក រួមទាំង​រថយន្ត​និង​មធ្យោបាយ​ធ្វើ​ដំណើរ ​របស់​មន្ត្រីរាជកា​រ​ស៊ីវិល​ គ្រប់​ស្ថាប័នរដ្ឋ ​ទាំង​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ ក្នុង​គោលដៅ​បំពេញ​ការងារ​ប្រចាំថ្ងៃ ដែល​ម្ចាស់​យានយន្ត​ត្រូវ​បង្ហាញ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច​ត្រួតពិនិត្យ​នូវអត្ត​សញ្ញាណ​ប័ណ្ណ​ការ​ងារ​របស់​ខ្លួន​​។​

​ក្រៅ​​ពី​នេះ គឺ​មាន​​ការលើក​លែង រថយន្ត​និង​មធ្យោ​បាយ​ធ្វើដំណើរ​ របស់​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ ក្នុង​គោល​ដៅ​បំពេញ​ភារ​កិច្ច​របស់ខ្លួន រថ​យន្ត​ពន្លត់​អគ្គិភ័យ រថយន្ត​សង្គ្រោះបន្ទាន់​របស់​មន្ទីរ​ពេទ្យ​រដ្ឋ​និង​ឯកជន​ រថយន្ត​ដឹក​សំរាម​និង​កាក​សំណល់​។​


​ជា​មួយ​គ្នា​នេះ ការ​លើក​លែង​​រថយន្ត​ដឹកជញ្ជូន​កម្មករ​ ទៅកាន់​ទីកន្លែង​ការងារ​នៅតាម​រោងចក្រ​-​សហ​គ្រាស ត្រូវតែមាន​ប័ណ្ណ​អនុញ្ញាត​ចេញ​ដោយ​ក្រសួង​ការងារ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឬ​មន្ទីរ​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​។


​ការ​លើក​លែង​ផ្សេង​ទៀត​គឺ​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ទៅកាន់​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព ដែល​នៅ​ជិត​បំផុត ដើម្បី​ទទួល​បាន​នូវ​សេវា​សុខភាព​ចាំបាច់ និង​បន្ទាន់ ដោយ​កំណត់​ចំនួន​មនុស្ស​មិនឱ្យ​លើសពី​៤​នាក់ សម្រាប់​ករណី​នីមួយៗ​។​

ទោះ​យ៉ាង​ណា សេចក្ដី​ប្រកាស​របស់​រដ្ឋា​ភិបាល​នេះ​បាន​បញ្ជាក់​ថា ចំពោះ​ការ​ធ្វើ​ដំណើរនៅ​ក្នុងរាជ​ធានី​​ភ្នំ​ពេញ នឹង​មិន​ត្រូវ​ហាម​ឃាត់​ការ​ឆ្លង​កាត់ ពី​ខណ្ឌ​មួយ ទៅ​ខណ្ឌ​មួយ​ទៀត​នោះ​ឡើយ។

​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​នៅក្នុង​ហ្វេ​ស​ប៊ុ​ករបស់​លោក​កាល​ពីម្សិល​មិញ​ថា ការចេញ​បទបញ្ជា​នេះ គឺ​​ធ្វើ​ឡើង​ដើម្បី​សុវត្ថិ​ភាព​របស់​ជាតិ​ និង​​ជីវិត​​របស់​ប្រជា​ជន​។​ ​

លោក​សរសេរថា​៖«​ខ្ញុំ​ពុំមាន​ជម្រើស​អ្វី​ឱ្យ​ល្អ​ជាង​ការចេញ​បទបញ្ជា​បែបនេះ​ទេ​។ ប្រសិន​មានច្បាប់​គ្រប់​គ្រង​ប្រទេស ក្នុង​គ្រា​អាសន្ន​ ប្រហែលជា​ច្បាប់​នោះ​ ត្រូវ​យកមក​អនុវត្ត​នាពេល​នេះដែរ​។ សូម​ការ​យោគ​យល់​ពី​សំណាក់​បងប្អូន ជន​រួម​ជាតិ​ ក្នុង​គ្រា​ដ៏លំបាក​នេះ​»​៕