ភ្នំពេញៈ ផែនការ​យុទ្ធសាស្ត្រ​ថ្នាក់ជាតិ​របស់​រដ្ឋាភិបាល​បាន​តម្រូវ​ឲ្យ​សមត្ថកិច្ច និង​ស្ថាប័ន​ពាក់ព័ន្ធ​រួមទាំង​អាជ្ញាធរ​ឃុំ-សង្កាត់​ទាំងអស់​ត្រូវ​បង្ការ ទប់ស្កាត់ បង្ក្រាប​ដោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ត្រូវមាន​ភាព​ម្ចាស់ការ​រៀងៗ​ខ្លួន ដើម្បី​គ្រប់គ្រង​បញ្ហា​គ្រឿងញៀន​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ហើយ​មណ្ឌល​សុខភាព​នីមួយៗ​នៅ​តាម​ឃុំ-សង្កាត់ ត្រូវ​មាន​សមត្ថភាព​ព្យាបាល​ និង​គ្រប់គ្រង​អ្នក​ដែល​ញៀន​គ្រឿងញៀន​។ នេះ​បើតាម​លោក កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។


លោក គឹមយ៉ាន បាន​ថ្លែង​បែបនេះ​នៅ​ព្រឹក​ថ្ងៃទី​ ៤ ខែធ្នូ ឆ្នាំ​ ២០១៩ នៅក្នុង​កិច្ចប្រជុំ​ពិនិត្យ និង​ពិភាក្សា​សេចក្តីព្រាង​ផែនការ​ជាតិ​ ៥ ​ឆ្នាំ​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ ២០១៩-២០២៣ ដែលមាន​ការចូលរួម​ពី​សំណាក់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​លើ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ប្រមាណ ១០០ ​នាក់ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។

លោក កែ គឹមយ៉ាន ​បញ្ជាក់ថា​៖ «​ការពង្រឹង​យុទ្ធនាការ​ថ្នាក់​ខេត្ត-ស្រុក​ អត់​ចង់​និយាយ​ទៀត​ទេ ព្រោះ​ធ្វើ​ប៉ុន្មាន​សិប​ឆ្នាំ​ទៅហើយ បើ​កន្លែង​ណា​មិន​ធ្វើ​មាន​តែ​ចាត់ការ​តាម​វិធានការ​រដ្ឋបាល​នោះ​ទេ បើ​មិន​ព្រម​ធ្វើ ប៉ុន្តែ​បញ្ហា​មុននេះ​គឺ​យន្តការ​ថ្នាក់ឃុំ-សង្កាត់ ដែល​ត្រូវ​គាស់​ឱ្យ​ឡើង​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ ឬ​ ៣ ​ឆ្នាំ​ចុងក្រោយ ឬ​ ៣ ​ឆ្នាំ​រំកិល​ឆ្នាំ ២០២៣ ធ្វើ​ម៉េច​ឱ្យ​ឃុំ-សង្កាត់ ម្ចាស់ការ​គ្រប់គ្រង​គ្រឿងញៀន​នៅក្នុង​ឃុំ-សង្កាត់​របស់​ខ្លួន​ឱ្យបាន​»​។

លោក​បន្តថា ប្រសិនបើ​អាជ្ញាធរ​ឃុំ-សង្កាត់ មិន​អាច​អនុវត្ត​តាម​ផែនការ​ជាតិ ៥ ​ឆ្នាំ​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​ ២០១៩-២០២៣ និង​មិនអាច​ធ្វើ​ជា​ម្ចាស់​ដោយ​ខ្លួនឯង​ក្នុង​ការអនុវត្តតាម​ផែន​យុទ្ធសាស្ត្រ​នោះ​ទេ វា​នឹង​ទទួល​បរាជ័យ​។ ដើម្បី​បង្ការ ទប់ស្កាត់ បង្ក្រាប និង​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​រាល់​បញ្ហា​ដែល​មាន​ការពាក់ព័ន្ធ​នឹង​គ្រឿងញៀន​វា​ទាមទារ​ឲ្យ​មាន​ការចូលរួម​ចំណែក​ពី​គ្រប់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ការការពារ សុខុមាលភាព ប្រជាពលរដ្ឋ ការពារ និង​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​ការអភិវឌ្ឍ​សង្គម​។


លោក​បញ្ជាក់ថា​៖ «​គ្រប់​ក្រសួង​ស្ថាប័ន​អង្គភាព ត្រូវ​រៀបចំ​ផែនការ​ប្រតិបត្តិ​ប្រចាំ​ឆ្នាំ​រៀងៗ​ខ្លួន ដើម្បី​អនុវត្ត​នូវ​រាល់​សកម្មភាព​ដែល​ស្ថិតក្រោម​ដែន​សមត្ថកិច្ច ទទួល​ខុសត្រូវ​របស់​ខ្លួន និង​រៀបចំ​យន្តការ​តាមដាន​បូកសរុប​វាយតម្លៃ និង​កំណត់​ចំណុច​ខ្លាំង ចំណុចខ្សោយ កង្វះខាត​តម្រូវការ​នានា សម្រាប់​ធ្វើជា​មូលដ្ឋាន​ក្នុង​ការរៀបចំ​ផែនការ ទិសដៅ និង​សកម្មភាព​សម្រាប់​ការអនុវត្ត​ក្នុង​ឆ្នាំ​បន្តបន្ទាប់​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​»​។


លោក កែ គឹមយ៉ាន ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា មណ្ឌល​សុខភាព​នីមួយៗ​នៅ​តាម​ឃុំ-សង្កាត់​ត្រូវ​មាន​សមត្ថភាព​ព្យាបាល​ និង​គ្រប់គ្រង​អ្នក​ដែល​ញៀន​គ្រឿងញៀន ដែល​ចំណុច​នេះ​មិន​អាចឱ្យ​មន្ទីរពេទ្យ​ខេត្ត-ស្រុក​ទៅ​គ្រប់​គ្រង​បញ្ហា​ជន​ញៀន​គ្រឿងញៀន​បាន​ទាំងអស់​នោះទេ គឺ​មានតែ​មណ្ឌល​សុខភាព​នៅ​តាម​មូលដ្ឋាន​នេះ​ហើយ​ដែល​អាច​ក្តាប់ជាប់​នូវ​ចំនួន​មនុស្ស​ដែល​បាន​ញៀន​ថ្នាំញៀន​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​គឺ​មិន​ត្រឹមតែ​អង្គភាព​ប៉ូលិស​តែមួយ​នោះទេ​។

បើ​យោងតាម​លោកនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹងថា សេចក្តីព្រាង​ផែនការ​ជាតិ​ ៥ ​ឆ្នាំ ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​ ២០១៩-២០២៣ សំដៅ​ពង្រឹង​ការទប់ស្កាត់ បង្ក្រាប និង​ដោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវ​រាល់​បញ្ហា​ដែល​មាន​ការពាក់ព័ន្ធ​នឹង​គ្រឿងញៀន​។

លោក​បញ្ជាក់ថា​៖ «​យើង​បានធ្វើ​លំនាំ​ទៅតាម​ផែនការ​មុន ហើយ​យើង​អនុវត្ត​បំពេញបន្ថែម​នូវ​ចំណុច​ខ្វះខាត​បញ្ហា​ប្រឈម ហើយ​នឹង​ដាក់ចេញ​នូវ​ផែនការ​ក្នុង​ការដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​រួម​ជាមួយ​នឹង​វិធានការ​ថ្មី​ទៀត ដើម្បី​ធ្វើការ​​ឆ្លើយតប​ទៅនឹង​ស្ថានភាព​ជាក់ស្តែង​នៃ​បញ្ហា​គ្រឿងញៀន​ដែល​យើង​ប្រមូលផ្តុំ​បាន ហើយ​នឹង​ផ្តោត​សំខាន់​ទៅ​លើ​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ការដោះស្រាយ​បញ្ហា​គ្រឿងញៀន​»​។

លោក​ឲ្យ​ដឹង​ទៀតថា ផែនការ​នេះ​ក៏​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ដែល​ពាក់ព័ន្ធ​ដូចជា​សាលារៀន និង​សហគមន៍​ត្រូវ​ចូលរួម​ធ្វើការ​អប់រំ យុវជន និង​ប្រជាពលរដ្ឋ អំពី​បញ្ហា​គ្រឿងញៀន​។

លោក មាស សុវណ្ណ ប្រធាន​សមាគម​សង្គ្រោះ​ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន​កម្ពុជា​បាន​ស្វាគមន៍​នូវ​ផែនការ​ថ្នាក់ជាតិ​ដែល​តម្រូវ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ជួយ​ធ្វើការ​បង្ការ​ទប់ស្កាត់ បង្ក្រាប និង​ដោះស្រាយ​បញ្ហា​គ្រឿងញៀន​។

លោក​បញ្ជាក់ថា​៖ «...​ពីព្រោះថា (​បច្ចុប្បន្ន​) ​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ​មិន​បាន​ចូលរួម និង​យកចិត្ត​ទុកដាក់​ក្នុង​ការទប់ស្កាត់ បង្ក្រាប និង​ដោះស្រាយ​បញ្ហា​គ្រឿងញៀន​នោះទេ​ដែល​បាន​បណ្តាល​ឲ្យ​អ្នកជួញដូរ​គ្រឿងញៀន និង​អ្នកប្រើប្រាស់​គ្រឿងញៀន​ ខ្លះ​បង្ក​អសន្តិសុខ​នៅក្នុង​សង្គម​»៕