ភ្នំពេញៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេសប្រកាសជ្រើសរើសនិស្សិត-សិស្សជិត ៣០០ នាក់ ដើម្បីបំពេញក្របខ័ណ្ឌឲ្យកងរាជអាវុធហត្ថ ខណៈរដ្ឋាភិបាលក៏បានសម្រេចអនុញ្ញាតឲ្យក្រសួងមហាផ្ទៃជ្រើសរើសកម្លាំងចំនួន ១ ៧០០ នាក់ ក្នុងក្របខ័ណ្ឌនគរបាលជាតិសម្រាប់តម្រូវការចាំបាច់នៃការងារការពារសន្ដិសុខជាតិ ថែរក្សា សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
លិខិតជូនដំណឹងរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះហត្ថលេខាដោយលោក ស៊ិន សូផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានអនុគណៈកម្មការជ្រើសរើសកាលពីថ្ងៃទី ៥ ខែកញ្ញាបានឲ្យដឹងថា សិស្ស និស្សិត យុវជន មានអាយុពី ១៨ ឆ្នាំ ដល់ ២៥ ឆ្នាំ ដែលមានបំណងចង់ចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ ពួកគេអាចសុំចុះឈ្មោះដាក់ពាក្យនៅតាមទីតាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្តទាំង ២៥ ចាប់ថ្ងៃទី ១២ ដល់ថ្ងៃទី ២៨ ខែកញ្ញានេះ។
សេចក្តីជូនដំណឹងបញ្ជាក់ថា៖ «បេក្ខជនដែលស្ម័គ្រចិត្តចូលបម្រើការងារក្នុងកងរាជអាវុធហត្ថត្រូវមានលក្ខណសម្បត្តិ និងលក្ខខណ្ឌដូចខាងក្រោម ១ មានសញ្ជាតិខ្មែរ ភេទប្រុស នៅលីវ ២ មានអាយុពី ១៨ ឆ្នាំដល់ ២៥ ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យ ៣ មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អតាមតម្រូវការដើម្បីបំពេញមុខងារ»។
លិខិតនោះបន្ថែមថាបេក្ខជនត្រូវមានភក្តីភាពចំពោះជាតិ មាតុភូមិ និងគ្មានជាប់ពិរុទ្ធអំពីបទល្មើសផ្សេងៗ។ មានកម្រិតវប្បធម៌ មធ្យមសិក្សាទុតិយភូមិឡើងទៅត្រូវមានកម្ពស់ចាប់ពី ១,៧០ ម៉ែត្រឡើងទៅ។ បេក្ខជនត្រូវឆ្លងកាត់ការត្រួតពិនិត្យលក្ខណសម្បត្តិរបស់ក្រុមការងារជ្រើសរើសពលទាហាននៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោក អេង ហ៊ី មិនផ្តល់ព័ត៌មានលម្អិតទាក់ទងនឹងការជ្រើសរើសនេះទេ។ លោកថ្លែងយ៉ាងខ្លីថា៖ «យើងធ្វើការជ្រើសរើសសិស្ស និស្សិត យុវជន ហើយលក្ខខណ្ឌ ដូចមានចែងក្នុងសេចក្តីជូនដំណឹង»។
លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិប្រាប់ភ្នំពេញប៉ុស្តិ៍ថ្ងៃទី ៩ កញ្ញា ថា ការជ្រើសរើសមន្ត្រីកងរាជអាវុធហត្ថខាងលើនេះធ្វើឡើងដើម្បីបំពេញតម្រូវការខ្វះខាត និងតម្រូវការចាំបាច់នៃការងារការពារសន្ដិសុខជាតិ។
លោកថា៖ «យើងជ្រើសរើសដើម្បីបំពេញតម្រូវការការពារជាតិហើយវាគួបផ្សំអ្នកដែលចូលនិវត្តន៍។ យើងធ្វើការជ្រើសជារៀងរាល់ឆ្នាំដើម្បីបំពេញតម្រូវការហើយការជ្រើសនេះធ្វើឡើងដោយតម្លាភាពច្បាស់លាស់»។
ទន្ទឹមនឹងនេះថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០១៩ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានចេញអនុក្រឹត្យ អនុញ្ញាតឲ្យក្រសួងមហាផ្ទៃជ្រើសរើសបំពេញបន្ថែមក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិចំនួន ១ ៧០០ កន្លែង សម្រាប់តម្រូវការចាំបាច់នៃការងារការពារសន្ដិសុខជាតិ រក្សាសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
អនុក្រឹត្យនោះចែងថា៖ «ក្របខ័ណ្ឌថ្មីនេះត្រូវបានទទួលប្រាក់បៀវត្សរ៍ និងរបបឧបត្ថម្ភផ្សេងៗរបស់ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិគិតចាប់ពីពេលចូលរៀន វគ្គបណ្ដុះបណ្ដាលដំបូង ឬវិជ្ជាជីវៈនគរបាលជាតិតទៅ»។
លោក ផាត់ សុផានិត អ្នកនាំពាក្យរងក្រសួងមហាផ្ទៃថ្លែងថាការជ្រើសរើសមន្ត្រីនគរបាលដូចចំនួនខាងលើនេះគឺដើម្បីបំពេញបន្ថែមមន្ត្រីនគរបាលជាតិ ដែលចូលនិវត្តន៍ហើយពួកគេត្រូវមានលក្ខណសម្បត្តិ និងបំពេញតាមលក្ខខណ្ឌ។ លោកថា៖ «ពួកគេត្រូវតែបំពេញបែបបទហើយត្រូវប្រឡង។ ការរើសនេះគឺដើម្បីបំពេញមន្ត្រីប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ និងតាមខេត្ត រាជធានី»។
អ្នកវិភាគនយោបាយលោក មាស នី ថ្លែងថាប្រទេស កម្ពុជា តូច ប៉ុន្តែបែរជាមានកម្លាំងប្រដាប់អាវុធច្រើនដែលបានចំណាយថវិកាជាតិច្រើន។ នេះដោយសាររដ្ឋាភិបាលត្រូវការកម្លាំង ដើម្បីត្រៀមការពារសន្តិសុខ និង ទប់ស្កាត់ស្ថានការណ៍តានតឹង។
លោកបញ្ជាក់ថា៖ «ក្បាលធំខ្លួនតូចទៅហើយ។ យើងមិនមើលឃើញចំណុចណាមួយដែលយើង ត្រូវការជ្រើសកម្លាំងប្រដាប់អាវុធបន្ថែមទេក្នុងស្ថានភាព [បច្ចុប្បន្ន] និងតម្រូវការរបស់ប្រទេសយើង។ ពីព្រោះយើងដឹងហើយ យើងចំណាយថវិការហូតដល់ ១ ០០០ លានដុល្លារ សម្រាប់កម្លាំងគ្រប់ប្រភេទ។ រាជរដ្ឋាភិបាលត្រូវការកម្លាំងដើម្បីទប់ស្កាត់ស្ថានការណ៍តានតឹងនាពេលខាងមុខដែលយើងមិនអាចប៉ាន់ស្មានបាន»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថាការជ្រើសរើសកម្លាំងប្រដាប់អាវុធ ដើម្បីពង្រឹងវិស័យសន្តិសុខជាតិ និងបំពេញបន្ថែមសម្រាស់មន្ត្រីដែលចូលនិវត្តន៍។ ការជ្រើសរើសនេះនឹងប្រព្រឹត្តទៅដោយតម្លាភាព។
លោកថ្លែងថា៖ «ជារៀងរាល់ឆ្នាំក្រសួង និងស្ថាប័នផ្សេងៗតែងតែធ្វើការជ្រើសបំពេញបន្ថែម ពីព្រោះមានអ្នកចូលនិវត្តន៍ អ្នកបោះបង់ពីការងារ។ វាក៏បង្ហាញពីការរីកចម្រើនខាងផ្នែកសេដ្ឋកិច្ច និងរីកចម្រើនវិស័យការពារជាតិ»៕