រោងចក្រ ៨១ ភាគរយ​កំពុង​អនុវត្ត​បើក​ប្រាក់​ឈ្នួល ២ ដង​ក្នុង ១ ខែ

Content image - Phnom Penh Post
កម្មករ​​ចេញ​ពី​ធ្វើ​ការ​នៅ​រោង​ចក្រ​ក្នុង​សង្កាត់​ចាក់​អង្រែក្រោម​។ ផា លីណា

ភ្នំពេញៈ រោងចក្រ សហគ្រាស​ចំនួន ៨១ ភាគរយ​ហើយ ដែល​កំពុង​អនុវត្ត​ការ​បើក​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ ២ លើក​ក្នុង ១ ខែ ទៅ​តាម​ការ​កំណត់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ដែល​ចេញ​កាល​ពី​ថ្ងៃ​ពុធ ទី ១៦ ខែ​មករា​ឆ្នាំ ២០១៩។

ក្រសួង​ការងារ​បាន​ឲ្យ​ដឹងថា កន្លងទៅ​រោងចក្រ សហគ្រាស តែងតែ​បើក​ប្រាក់​ឈ្នួល​ប្រចាំ​ខែ​ដល់​កម្មករ​និយោ​ជិត​របស់​ខ្លួន​នៅ​ចន្លោះ​ថ្ងៃទី ១ ដល់​ថ្ងៃទី ៧ នៃ​ខែ​បន្ទាប់ ដោយ​រោងចក្រ សហ​គ្រាស ត្រូវ​គណនា ចំនួន​ថែម​ម៉ោង ចំនួន​ផលិត​ផល ដែល​ការ​សម្រេច​បាន និង​ប្រាក់​លើក​ទឹក​ចិត្ដ​ផ្សេង​ទៀត ក្នុង​ខែ​នីមួយ ៗ។

ក្រសួង​បញ្ជាក់ថា៖ «គិត​ត្រឹម​រសៀល​ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១៩ នេះ ក្រសួង​ការងារ បាន​ពិនិត្យ​តាម​ដាន​អំពី​ការ​បើក​ប្រាក់​ឈ្នួល​ជូន​កម្មករ​និយោ​ជិត ២ ដង​ក្នុង ១ ខែ​នេះ​ឃើញ​ថា រោងចក្រ​សហ​គ្រាស​ចំនួន ៨១ ភាគរយ​បាន​និង​កំពុង​អនុវត្ដ​ការ​បើក​ប្រាក់​ឈ្នួល​ជូន​កម្មករ​និយោជិត​ចំនួន ២ ដង ក្នុង ១ ខែ»។

លោក ហេង សួរ អ្ន​នាំពាក្យ​ក្រសួង​ការងារ​ថ្លែង​កាលពី​ម្សិលមិញ​ថា លទ្ធផល​បឋម​ជាង ៨០ ភាគរយ​នេះ គឺ​អាច​ទទួល​យក​បាន»។

លោក​ថា៖ «រោងចក្រ សហគ្រាស​ដែល​មិនទាន់​អនុវត្ត​ប្រសិនជា​ក្រសួង​ទទួល​បាន​បណ្តឹង​ពី​បុគ្គលិក នោះ​ក្រសួង​នឹង​ចុះ​ទៅ​ពិន័យ និង​ដាក់​កំហិត​ឲ្យ​អនុវត្ត​តាម​ស្មារតី​ប្រកាស ៤៤២ របស់​ក្រសួង»។

យោង​ប្រកា​សលេខ ៤៤២ ស្ដីពី​ការបើកប្រាក់​ឈ្នួល​ជូន​កម្មករ​និយោជិត របស់​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ កាល​ពី​ថ្ងៃទី ២១ ខែ​កញ្ញា ឆ្នាំ ២០១៨ បាន​កំណត់​ថា​ រោងចក្រ សហ​គ្រាស ផ្នែក​វាយន​ភណ្ឌ កាត់​ដេរ និង​ផលិត​ស្បែក​ជើង ប្រមាណ ៥០ ភាគរយ អនុវត្ដ​ការ​បើក​ប្រាក់​ឈ្នួល​លើក​ទី ១ នៅ​ចន្លោះ ថ្ងៃទី ១៦ ដល់​ថ្ងៃ​ទី ១៩ នៃ​ខែ​មករា​នេះ និង​បើក​លើក​ទី ២ នៅ​ចន្លោះ ថ្ងៃទី ១ ដល់​ថ្ងៃទី ៧ នៃ​ខែ​បន្ទាប់។

ប្រកាស​ដដែល​បន្តថា ចំពោះ​រោងចក្រ​សហគ្រាស ដែល​កំពុង​រៀបចំ​អនុវត្ដ​ក្រសួង​នឹង​ត្រួត​ពិនិត្យ​ដើម្បី​ជំរុញ​ឲ្យ​អនុវត្ដ​ក្នុង​ករណី​មិន​អនុវត្ដ​ក្រសួង​នឹង​ផាក​ពិន័យ​តាម​ច្បាប់​ស្ដី​ពី​ការងារ។

លោក ចាប សោភ័ណ ប្រធាន​រដ្ឋបាល រោងចក្រ Quality ឲ្យ​ដឹងថា រោងចក្រ​របស់​លោក បាន​និង​កំពុង​ប្រឹង​ប្រែង​អនុវត្ដ​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង និង​កំពុង​សម្រុក​រៀបចំ​បើក​ប្រាក់​ខែ​កម្មករ​លើក​ទី ១ ឲ្យ​បាន​ត្រឹម​ថ្ងៃទី ១៩ ខែម​ករា​នេះ។ «ប៉ុន្ដែ​មាន​បញ្ហា​បន្តិច​ដែរ ព្រោះ​សេចក្ដី​ប្រកាស​មួយ​ទៀត​ដែល​ក្រសួង​ទើប​ចេញ​ថ្ងៃ ១៦ នេះ គឺ​បាន​សរសេរ​ថា «ប្រាក់​ឈ្នួល ៥០ ភាគរយ» ហើយ​យើង​នៅ​មិន​ទាន់​ច្បាស់​ថា ប្រាក់​ឈ្នួល ៥០ ភាគរយ​នេះ ក្រសួង​បាន​សំដៅ​ទៅ​លើ​ប្រាក់​ខែ​គោល ឬក៏​ប្រាក់​ឈ្នួល នៃ​ចំនួន​ថ្ងៃ​ដែល​កម្មករ​បាន​ធ្វើការ​ក្នុង​រយៈពេល ២ សប្ដាហ៍​ឬ​យ៉ាង​ណា»។

អ្នកស្រី​ ធុល ធី កម្មការិនី​រោងចក្រ​មួយរូប នៅ​ម្ដុំ​ផ្សារ​ត្រពាំង​ថ្លឹង ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឲ្យ​ដឹងថា រោងចក្រ​បាន​ជូន​ដំណឹង​ថា នឹង​បើក​ប្រាក់​ខែ​លើក​ទី ១ ដល់​កម្មករ​នៅ​ថ្ងៃទី ១៩ ខែ​មករា​នេះ។ «សម្រាប់​ខ្ញុំ​បើក​ប្រាក់​ខែ​លឿន​អ៊ីចឹង ក៏​ស្រួល​ម្យ៉ាង​ដែរ ព្រោះ​មិន​សូវ​ពិបាក​រឿង​ខ្វះ​លុយ​កាក់ ដូច​កាល​មុន ពេល​ត្រូវការ​លុយ​អី​ត្រូវ​ចាំ​ទាល់​តែ​ដល់​ចុង​ខែ​ទើប​បាន​បើក»។

អ្នកស្រី រ័ត្ន នី​កា បុគ្គលិក រោងចក្រ Dew Hirft នៅ​សង្កាត់ ចោមចៅ​ថ្លែង​ថា៖ «មាន​អី​ពេល​បើក​ប្រាក់​ខែ​មួយ​ខែ ២ ដង​អ៊ីចឹង​ម្យ៉ាង​ដែរ មិន​សូវ​ខ្វះ​លុយ​ចាយ ប៉ុន្ដែ​មាន​អ្នក​ខ្លះ​គាត់​ក៏​មិន​សូវ​ចង់​បើក​ដែរ ព្រោះ​ឲ្យ​តែ​មាន​លុយ​ដឹង​តែ​ចាយ​អស់​ហើយ។ អ៊ីចឹង​ពួកគាត់​ចង់​បើក​សរុប»។

លោក ណែម សារ៉ន មន្ត្រី​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ប្រចាំ​ខេត្ដ​កំពង់ឆ្នាំង​ឲ្យ​ដឹង​ថា នៅ​ក្នុង​ខេត្ដ​កំពង់ឆ្នាំង​មាន ៨ រោងចក្រ គឺ​បាន​អនុវត្ដ​បើក​ប្រាក់​ខែ ២ ដង​ក្នុង ១ ខែ តាម​ការ​ណែនាំ​របស់​ក្រសួង​រួច​ហើយ។ លោក​បន្ដ​ថា៖ «កម្មករ​ភាគ​ច្រើន គាត់​សប្បាយ​ចិត្ដ​ពេល​បាន​បើក​ប្រាក់​ខែ ២ ដង​ក្នុង ១ ខែ​បែប​នេះ ប៉ុន្ដែ​ក៏មាន​កម្មករ​ខ្លះ មាន​បន្ទុក​កម្ចី​ប្រាក់​ពី​ធនាគារ ក៏​មិន​សូវ​សប្បាយ​ចិត្ដ​ដែរ ព្រោះ​ខ្លាច​ចាយ​លុយ​អស់ មិន​មាន​លុយ​បង់​ឲ្យ​ធនាគារ»។

លោក ខេន លូ ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា បាន​លើក​ឡើង​ថា តាមរយៈ​ការ​ចុះ​សាក​សួរ និង​ការ​ផ្ដល់​ព័ត៌មាន​ពី​សមាជិក​រោងចក្រ គឺ​មាន​រោងចក្រ សហ​គ្រាស​ភាគ​ច្រើន បាន​អនុវត្ដ​ការ​បើក​ប្រាក់​ឈ្នួល ២ ដង​ឲ្យ​កម្មករ​និយោជិត​នេះ។

លោក​បាន​បញ្ជាក់​ថា៖ «សមាជិក​របស់​យើង ភាគ​ច្រើន​បាន​អនុវត្ដ​តាម​ការ​ណែនាំ​របស់​ក្រសួង​រួច​ហើយ​តែ​សល់​តិចតួច យើង​កំពុង​ពន្យល់​ដល់​រោងចក្រ ឲ្យ​អនុវត្ដ​ឲ្យ​បាន​ស្រប​ច្បាប់»៕