ភ្នំពេញៈ លោកស្រី រ៉ូណា ស្ម៊ីត បានលើកឡើងនូវអនុសាសន៍ចំនួន ២២ ចំណុច ក្នុងរបាយការណ៍ប្រចាំឆ្នាំដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (អ.ស.ប) ដែលក្នុងនោះការអំពាវនាវឲ្យដោះលែងលោក កឹម សុខា ស្ថិតនៅអនុសាសន៍ចំណុចទី ១ ខណៈដែលអ្នករាយការណ៍ពិសេសរូបនេះទទួលស្គាល់នូវការរីកចម្រើនមួយចំនួនលើរឿងសិទ្ធិមនុស្ស ហើយជាការឆ្លើយតបអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សចាត់ទុករបាយការណ៍នេះថាមាន «តុល្យភាពល្អ»។
ការដាក់របាយការណ៍ចំនួន ២០ ទំព័ររបស់លោកស្រី រ៉ូណា ស្ម៊ីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជាគឺសម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សលើកទី ៤២។
របាយការណ៍នេះបានបរិយាយលើទិដ្ឋភាពសិទ្ធិមនុស្សយ៉ាងទូលំទូលាយរាប់ចាប់ពីស្ថានការណ៍នយោបាយ សិទ្ធិផ្សេងៗ សេរីភាព និងបានអធិប្បាយលើចំណុចជាច្រើនពាក់ព័ន្ធនឹងការអភិវឌ្ឍប្រកបដោយចីរភាពដែលត្រូវបានដាក់បញ្ចូលក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ ចំណុចវិជ្ជមានទាំងនោះរួមមានគំនិតផ្ដួចផ្ដើមនានាដែលធ្វើឲ្យប្រសើរឡើងដល់តម្លាភាព និងផ្លែផ្កានៅក្នុងស្ថាប័នសាធារណៈជាច្រើន។
លោកស្រីបានសរសើរដល់ច្រកចេញចូលតែមួយដែលធ្វើឡើងក្នុងបំណងប្រមូលផ្ដុំសេវានានាឲ្យកៀកទៅនឹងប្រជាពលរដ្ឋក្នុងរបៀបមួយដែលសាមញ្ញមានតម្លាភាព និងគណនេយ្យភាពដោយច្រកចេញចូលតែមួយនេះមានដាក់តម្លៃសេវាកម្មភ្ជាប់ទៅនឹងក្ដារប្រកាសដែលការផ្ដល់សេវានេះបានបំបាត់ហានិភ័យនៃការប្រព្រឹត្តអំពើពុករលួយ។ លោកស្រីលើកទឹកចិត្តឲ្យមានការពិនិត្យមើលសេវានេះឡើងវិញ និងពង្រីកឲ្យបានក្នុងក្របខណ្ឌទូទាំងប្រទេស។
លោកស្រីបន្ថែមថាតម្លាភាពក្នុងការកំណត់ថវិកាក៏មានភាពប្រសើរឡើងដែរ ដោយមានការចេញផ្សាយរបាយការណ៍សង្ខេបនៃថវិកាប្រចាំឆ្នាំ។ ប៉ុន្តែលោកស្រីក៏បានលើកឡើងពីបញ្ហាដែលជាក្ដីកង្វល់ជាច្រើនផងដែរ ជាពិសេសពាក់ព័ន្ធរឿងនយោបាយ សិទ្ធិមនុស្ស និងសេរីភាព។
របាយការណ៍បានសរសេរថា៖ «ក្នុងរយៈពេល ១ ឆ្នាំចាប់ពីការបោះឆ្នោតថ្ងៃទី ២៩ កក្កដា ២០១៨ មកស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជានៅតែពោរពេញដោយការរឹតត្បិតលើសិទ្ធិនយោបាយ»។ លោកស្រីបានលើកឡើងពីការហាមឃាត់ធ្វើនយោបាយលើសមាជិកអតីតគណបក្សសង្គ្រោះជាតិ និងការឃុំខ្លួនលោក កឹម សុខា។
លោកស្រីលើកឡើងថា សិទ្ធិនយោបាយរបស់អ្នកគាំទ្រ អតីតគណបក្សសង្គ្រោះជាតិ និងសមាជិករបស់បក្សនេះមិនត្រូវបានផ្ដល់ឲ្យ ហើយគណបក្សប្រជាជនកម្ពុជាបានប្រមូលផ្ដុំការគ្រប់គ្រងទៅលើស្ថាប័នរដ្ឋនានា។ «អ្នករាយការណ៍ពិសេសបានកត់សម្គាល់នូវវោហារស័ព្ទដ៏គឃ្លើនដែលធ្វើឡើងដោយមេដឹកនាំគណបក្សទាំង ២ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិដែលមិនបានជំរុញឲ្យមានការវិវត្តមួយដែលចេញពីស្ថានការណ៍នយោបាយបច្ចុប្បន្ន ហើយឈានទៅបង្កើតស្មារតីនៃការសន្ទនា និងការផ្សះផ្សា»។
របាយការណ៍របស់លោកស្រី ស្ម៊ីត បានលើកឡើងថា នៅខណៈដែលកម្ពុជាកំពុងដើរទៅលើអាណត្តិនយោបាយថ្មីជារដ្ឋដែលមានបក្សតែមួយនោះ វប្បធម៌នយោបាយថ្មីមួយដែលផ្ដោតទៅលើបញ្ហាការបើកចំហដោយទទួលយកយោបល់ផ្សេងៗ និងការសម្ដែងគំនិតដោយសេរី គួរតែត្រូវបានធ្វើឡើងដើម្បីជួយធានាដល់ការទទួលបានអនាគតមួយដែលផ្ដល់ផលប្រយោជន៍ដល់ពលរដ្ឋកម្ពុជាទាំងអស់។
លោកស្រីបានលើកឡើងនូវអនុសាសន៍ ២២ ចំណុចដែលចំណុចទី ១ គឺអំពាវនាវឲ្យកម្ពុជាដោះលែងលោក កឹម សុខា ពីការឃុំឃាំង និងបិទការស៊ើបសួរលើបទចោទឲ្យបានលឿន ឬមួយទម្លាក់បទចោទតែម្ដង។
លោកស្រីលើកអនុសាសន៍ឲ្យបង្កើតលម្ហសម្រាប់សន្ទនានយោបាយរវាងរដ្ឋាភិបាល និងអ្នកនយោបាយប្រឆាំងរួមបញ្ចូលទាំងសមាជិកនៃអតីតគណបក្សសង្គ្រោះជាតិបង្កើតការពិភាក្សារួមមានទាំងការផ្ដល់សិទ្ធិដល់មនុស្ស ១១៨ នាក់ដែលត្រូវបានហាមមិនឲ្យធ្វើនយោបាយ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានថ្លែងកាលពីម្សិលមិញថា របាយការណ៍របស់លោកស្រី ស្ម៊ីត មានតុល្យភាពល្អ ដោយសារតែលោកស្រីបានមើលឃើញការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលលើរឿងសិទ្ធិមនុស្ស នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ប៉ុន្តែលោកថា អ្នករាយការណ៍ពិសេសត្រូវតែលើកឡើងនូវក្ដីកង្វល់មួយចំនួន ដោយសារតែកង្វល់ទាំងនោះត្រូវបានអតីតគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល រាយការណ៍ជូនលោកស្រី។
លោកថ្លែងថា៖ «អនុសាសន៍របស់លោកស្រីភាគច្រើនអាចទទួលយកបានជាពិសេសពាក់ព័ន្ធនឹងការអភិវឌ្ឍប្រកបដោយចីរភាព SDGs ដោយមិនទុកនរណាម្នាក់ចោល។ យើងបានអនុវត្ត SDGs ជាច្រើនរួចហើយ ប៉ុន្តែចំណុចខ្លះ យើងកំពុងតែធ្វើ ជាពិសេសនៅលើសិទ្ធិសេដ្ឋកិច្ច សង្គម វប្បធម៌ និងក្រុមជាក់លាក់មួយចំនួនរួមមានកុមារ ស្ត្រី និង LBGT»។
លោកបានថ្លែងថា អនុសាសន៍ពាក់ព័ន្ធនឹងករណីមេដឹកនាំអតីត CNRP កម្ពុជាបានពន្យល់លោកស្រីជាច្រើនលើករួចហើយថា វាជាសមត្ថកិច្ចរបស់តុលាការដែលរដ្ឋាភិបាលមិនអាចលូកដៃចូលបាន។
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ យល់ឃើញថា ក្ដីបារម្ភអំពីស្ថានការណ៍នយោបាយនៅកម្ពុជាដែលលោកស្រីស្ម៊ីត បានលើកឡើងគឺជាក្ដីកង្វល់របស់សហគមន៍អន្តរជាតិ។
លោកថ្លែងថា៖ «បើសិនរដ្ឋាភិបាលចង់រុញស្ថានការណ៍ទៅរកលទ្ធិប្រជាធិបតេយ្យមធ្យោបាយតែមួយគត់គឺធ្វើឲ្យប្រសើរឡើងនូវបរិយាកាសនយោបាយមានន័យថា គួរតែឈប់បៀតបៀន ឬចាប់ខ្លួនសមាជិកគណបក្សសង្គ្រោះជាតិ ឬអ្នកដែលមានមតិផ្ទុយ»។
ដោយឡែកលោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយបានថ្លែងថា របាយការណ៍របស់លោកស្រី ស្ម៊ីតគឺក្នុងន័យស្នើឲ្យរដ្ឋាភិបាលស្ដារនូវយុត្តិធម៌ និងសិទ្ធិមនុស្សសម្រាប់លោក កឹម សុខា និងសហការីរបស់លោកដែលបានក្លាយជាជនរងគ្រោះលើ «ការធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយដែលអយុត្តិធម៌ និងមិនស្របនឹងរដ្ឋធម្មនុញ្ញ និងសាលដីកាតុលាការកំពូលដែលបានរំលាយគណបក្សសង្គ្រោះជាតិ»៕