ភ្នំពេញ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​អាជ្ញាធរ​រាជធានី​ខេត្ត​ចំនួន ៤ និង​កង​រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ត្រូវ​ត្រួត​ពិនិត្យ​ឲ្យ​បាន​តឹងរ៉ឹង​ចំពោះ​ការ​លួច​ចល័ត​របស់​ប្រជាពលរដ្ឋ​តាម​ផ្លូវ​ទឹក បន្ទាប់​ពី​មាន​ការ​ហាមប្រាម​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩។


សារ​ជា​សំឡេង​របស់​លោក ហ៊ុន សែន ផ្ញើ​ទៅ​កាន់​អភិបាល​រាជធានី-ខេត្ត​ចំនួន ៤ មាន​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល ព្រៃវែង និង​កំពង់ចាម ដែល​ត្រូវ​បាន​ចែកចាយ​បន្ត​នៅ​យប់​ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២១ បាន​បញ្ជាក់​ថា៖ «ឯកឧត្តម ឃួង ស្រេង, គង់ សោភ័ណ្ឌ, អ៊ុន ចាន់ដា និង ជា សុមេធី ពិនិត្យ​មើល​ពួក​នេះ (ជនល្មើស​បម្រាម) បើ​សិន​ជា​យើង​មិន​ឲ្យ​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក គេ​ខិតខំ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​តាមរយៈ​ទូក​នេសាទ អ៊ីចឹង​សុំ​ចាត់ចែង​ពិនិត្យ​មើល​បញ្ហា​ហ្នឹង»។

បន្ថែម​ពី​នេះ លោក​ក៏​បាន​បញ្ជា​ទៅ​កាន់​អគ្គស្នងការ​នគរបាលជាតិ លោក នេត សាវឿន និង​មេ​បញ្ជាការ​កង​រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ លោក សៅ សុខា ផង​ដែរ​ថា៖ «ឯកឧត្តម នេត សាវឿន, សៅ សុខា ត្រូវ​ចូលរួម​បញ្ហា​ហ្នឹង ​ព្រោះ​តាម​ផ្លូវ​គោក​មិន​បាន គឺ​គេ​លេង​តាម​ផ្លូវ​ទឹក​តាមរយៈ​ទូក​នេសាទ អ៊ីចឹង​ទេ​សូម​យក​ចិត្ត​ទុក​ដាក់​ចាត់ចែង ក្នុង​នោះ គឺ​ខេត្ត​កំពង់ចាម, ខេត្ត​កណ្ដាល, ភ្នំពេញ និង​ព្រៃវែង ៤ ខេត្ត ដែល​សំខាន់​ដែល​ពួក​គេ​ធ្វើ​ដំណើរ​ជ្រៀត​ចូល​តាម​ភូមិសាស្ត្រ​ដែល​នាំ​ទៅ​ដល់​ជំងឺ​ឆ្លង​រាលដាល​សុំ​ចាត់ចែង​បញ្ហា​នេះ​ឲ្យ​បាន»។

លោក អ៊ុន ចាន់ដា អភិបាល​ខេត្ត​កំពង់ចាម បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃ​នេះ​ថា បន្ទាប់​ពី​ទទួល​បាន​បទ​បញ្ជា​ថ្មី សមត្ថកិច្ច​បាន​ដាក់​កម្លាំង​ចម្រុះ​បន្ថែម​ទៀត នៅ​តាម​តំបន់​គោលដៅ ដើម្បី​ត្រួត​ពិនិត្យ​ការ​ចរាចរណ៍ នៅ​តាម​ផ្លូវ​ទឹក​ទាំង​អស់ ដោយ​មិន​ឲ្យ​មាន​ការ​ចេញចូល​នោះ​ទេ​។

លោក​បញ្ជាក់​ថា៖ «ជា​ការ​ពិត​ណាស់ បន្ទាប់​ពី​ទទួល​បាន​បទបញ្ជា យើង​ត្រូវ​តែ​មាន​វិធានការ​រដ្ឋបាល​បន្ថែម​ទៀត ចំពោះ​បុគ្គល​ល្មើស​ទៅ​នឹង​បម្រាម​នេះ។ ប៉ុន្តែ​ជាក់​ស្តែង​មក​ដល់​ម៉ោង​នេះ យើង​មិន​ទាន់​ឃើញ​មាន​អ្នក​ណា​ហ៊ាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​ជើង​ទឹក​មក​កាន់​ទឹក​ដី​ខេត្ត​កំពង់ចាម​នេះ​ទេ។ ស្ថានភាព​ពេល​នេះ គឺ​ស្ងប់ស្ងាត់ ហើយ​កម្លាំង​​របស់​យើង ឈរ​ជើង​គ្រប់​គោលដៅ​ទាំង​អស់ ដូច្នេះ​ពលរដ្ឋ​មិន​ហ៊ាន​ល្មើស​បម្រាម​នេះ​ទេ»។


បើ​តាម​លោក អ៊ុន ចាន់ដា ចំពោះ​ការ​ប្រកប​របរ​នេសាទ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ដង​ទន្លេ គឺ​នៅ​តែ​អាច​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា ដោយ​គ្រាន់​តែ​ត្រូវ​គោរព​គោលការណ៍​មួយ​ចំនួន ដោយ​ក្នុង​នោះ ទូក​នេសាទ​មួយ តម្រូវ​ឲ្យ​មាន​អ្នក​នេសាទ​ចំនួន ២ នាក់​ប៉ុណ្ណោះ ហើយ​ត្រូវ​មាន​លិខិត​បញ្ជាក់​អត្តសញ្ញាណ​ចេញ​ដោយ​អាជ្ញាធរ​ដែនដី៕