ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យ​មេធាវី​របស់​លោក សិក្សា​ដើម្បី​ដក់​ពាក្យ​ប្ដឹង​អ្នក​នយោបាយ​ប្រឆាំង​ម្នាក់​ពាក់ព័ន្ធ​នឹង​ការ​ប្រមាថ​ជីវិត​លោក​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ចំនួន ៣២ ដង ដោយ​ទាមទារ​សំណង ២ លាន​ដុល្លារ ជា​សារ​ព្រមាន​ដែល​លោក​ទំនង​ជា​សំដៅ​លើ សោ ចាន់ដេត អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី។


ការ​ថ្លែង​របស់លោក ហ៊ុន សែន យ៉ាង​ដូច្នេះ បានធ្វើ​ឡើង​កាល​ពី​ម្សិលមិញ​ខណៈ​លោក​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ កម្មការិនី​ជាង ១៣ ០០០ នាក់ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​កោះកុង ក្នុង​ឃុំ​ប៉ាក់ខ្លង ស្រុក​មណ្ឌល​សីមា ខេត្ត​កោះកុង។

លោក​បាន​ថ្លែងថា៖ «ឥឡូវ​ហ្នឹង​គឺថា មាន​ជាង ៣០ ដែល​អា​ហ្អែ​ង​បង្ហោះ​ប្រមាថ​ជីវិត​អញ ៣២។ អ៊ីចឹង​បើ​វា​ចេញ​មក​ថ្ងៃ​ហ្នឹង​ទៀត​បាន​ការ​យើង​ទៀត​ហើយ។​ប្រមូល​ធ្វើជា​វត្ថុតាង រឹប (អូស) ទ្រព្យសម្បត្តិ​ហ្អែង​នៅ​ក្នុង​ស្រុក។ ទារ​មិន​តិច​ជាង ២ លាន​ដុល្លារ​ទេ​ប្រាប់​ឲ្យ​ហើយ​ដើម្បី​កុំ​ឲ្យ​វា​ឈ្លើយ។ និយាយ​ឡើង អា​ផូស្ត​ចុង​ក្រោយ​ទំនាយ​លោក ហ៊ុន សែន ចំ​កន្លែង​កំបុតក។ កំបុតក​អាហ្អែង​មិន​កំបុត។ ប៉ុន្តែ​អត់​ទេ ជូន​សារ​ទៅ​ប្រាប់​អា​ហ្អែង​មុន ហើយ​ប្រាប់​ទៅ​ខេត្ត​នោះ​ឲ្យ​មើល​ទ្រព្យ​សម្បត្តិ​វា​នៅ​ត្រង់​ណា»។

លោក​បន្តថា៖ «តែ​កាត់​រួចហើយ គ្មានទេ អញ​រឹប រួចហើយ​យក​អាហ្នឹង​ទៅ​ចែក​កុមារ​កំព្រា។ កុំ​ឲ្យ​វា​ព្រហើន អាង​រត់​ទៅ​នៅ​ក្រៅ​ស្រុក​បាន​អានេះ​នៅ​ក្នុង​ស្រុក​អត់​ហ៊ាន​ទេ ដល់​ទៅ​នៅ​ក្រៅ​ស្រុក​ប្រមាថ​ជីវិត​ឯង​រហូត។ ប្រមាថ​ជីវិត​ហ្នឹង ដាក់អាហ្អែង​នៅ​ស្ងៀមៗ​មាន​អី​ អា​នេះ​ចូល​អន្ទាក់​តើ។ ដល់​ចូល​អន្ទាក់​គ្រឹប ដាក់​គ្រឹប​នៅ​ត្រង់​ហ្នឹង។ អាហ្នឹង​មុខ​វា​កំពុង​តាម​ហើយ​ ឥឡូវ​កំពុង​តាម​ស្ដាប់»។

លោក​បន្ត​ទៀត​ថា៖ «ថ្ងៃ​នេះ​ចាប់​ពីពេល​នេះ​ទៅ​ ទារ​អាហ្អែង​ខ្លាំងៗកុំ​ឲ្យ​ខូច​ពេក។ធ្វើ​អី​មិន​កើត​បន់​ឲ្យគេ​ងាប់ៗ។ឥឡូវយើង​គិត​មើល បើ​នយោបាយ​បន់​ឲ្យ​គេ​ងាប់​ បន់​ឲ្យ​គេ​គ្រោះ​ថ្នាក់​ អ៊ីចឹង​ថា ​តើ​ធ្វើ​នយោបាយ​ដើម្បី​រួប​រួម​ឬ​ដើម្បី​ស្អី? អ៊ីចឹង​បាន​ឥឡូវ​ខ្ញុំ​អត់​វា​មិន​បានគឺ​ថា ឲ្យ​តែ​មាន​រឿង​បបួល​ស្បថ​តែ​ម្ដង ស្បថ​ដាក់​ជីវិត​ ព្រោះ​អាហ្អែង​និយាយ​មិន​ទៀង ប៉ុន្តែ​អត់ហ៊ាន​ទេ អត់​ហ៊ាន​ស្បថ​ដាច់ខាត​ពួក​នេះ ព្រោះ​អាមនុស្ស​ខូច​អត់​ហ៊ាន​ស្បថ​ទេ»។


លោក ​គី​ តិច មេធាវីតំណាង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​​ដោយ​លោក​ថា កំពុង​សិក្សា​ស្រាវ​ជ្រាវ​លើ​ករណី​នេះនៅ​ឡើយ។

កាល​ពី​ដើម​ខែ​កុម្ភៈ លោក​នាយក​រដ្ឋ​មន្ត្រី​ ក៏​បាន​លើក​ឡើង​ម្ដង​រួច​មក​ហើយ​ថា អ្នក​ដែល​ប្រមាថ​ជីវិត​លោក ដោយ​បន់​ឲ្យ​លោក​ស្លាប់​នោះ​កំពុង​រស់​នៅ​ក្នុង​ប្រទេស​ កាណាដា។

ការ​លើក​ឡើង​បែប​នេះ​អាច​បញ្ជាក់​បាន​ថា លោក​សំដៅ​ទៅ​លើ​លោក សោ ចាន់​ដេត អតី​ត​សមា​ជិក​ព្រឹទ្ធ​សភា​នៅ​អាណ​ត្តិ​មុន​ពី​កូតា​គណ​បក្ស​ សម រង្ស៊ី។ លោក សោ ចាន់​ដេត ដែល​មាន​លំនៅ​ឋាននៅខេត្ត​បាត់ដំបង​ បច្ចុប្បន្ន​​កំពុង​រស់​នៅ​ប្រទេស​ កា​ណាដា​។ លោក​ក៏​ជា​មនុស្ស​ម្នាក់​ក្នុង​ចំ​ណោម​អ្នកជាប់​បម្រាម​​នយោ​បាយ​ដែល​នៅ​សល់ ១១៤ នាក់​ផង​ដែរ។

កាល​ពី​ថ្ងៃទី​ ៩ ខែ ​មីនា​ លោក​ ចាន់ដេត បាន​បង្ហោះ​​សារ​មួយ​មាន​​​ភាព​ស៊ី​ចង្វាក់​នឹង​ការ​ថ្លែង​របស់​លោក ហ៊ុន សែន ដោយ​សរសេរ​ថា៖ «ឆ្នាំ​នេះ​លោក​ ហ៊ុន សែន ជួប​គ្រោះ​កំបុតក»។

លោក​បាន​​រៀប​រាប់​ថា​ លោក ហ៊ុន សែន ជួប​នឹង​គ្រោះ​សង្ឃរា​ ​៨ ​ទិស​ រួម​មាន ​ការ​ដក​ EBA និង​ GSP រឿង​សិទ្ធិ​មនុស្ស កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស មូលដ្ឋាន​យោធាចិន វិបត្តិ​ផ្ទៃក្នុង​ដោយ​ដៃ​ម្ខាង​ចាប់​ចិន និង​ម្ខាង​ទៀត​ចាប់​វៀត​ណាម កម្លាំង​ប្រឆាំង​របស់​មហាជន និង​ជំងឺ​ប្រចាំ​កាយ។

លោក​សរសេរ​ថា៖ ​«សង្ឃរា​នយោ​បាយ​ទាំង ​៨ ​ទិស​ខាងលើ​នេះ​នឹង​វាយ​បក់​សង្គ្រុបផ្ដាច់ផ្ដិល​ជីវិត​នយោបាយ​លោក ហ៊ុន សែន យ៉ាង​ឆាប់​រហ័ស​បំផុត​ក្នុង​ឆ្នាំ ២០១៩​ នេះ»។

កាលពី​ម្សិល​មិញ លោក​ក៏បាន​បង្ហោះ​សារ​មួយ​ទៀត​ដោយ​សរសេរ​ថា៖ ​«តើ​រដ្ឋ​មន្ត្រី​នៃ​របប​លោក​ ហ៊ុន​ សែន​ ណា​ខ្លះ​ដែល​លោក​​ ហ៊ុន​ សែន​ ខ្លួន​ឯង​​បាន​​ព្រលយ​​ពាក្យ​​ថា​​ "បន់​ឲ្យ​លោក​ ហ៊ុន​ សែន​ ស្លាប់"?។

ចំណែក​សារ​ដែល​សរសេរ​កាល​ពី​ថ្ងៃ​ទី​ ២៧ កុម្ភៈ​ មាន​ខ្លឹម​សារ​ថា វៀតណាម​និង​លោក ហ៊ុន សែន បំពេញ​ភាព​ស្រប​ច្បាប់​រឿង​ព្រំដែន​មុន​នឹង​លោក​ ហ៊ុន សែន និង​បក្ខ​ពួក​អស់​ជីវិត។ ចំណែក​សារ​ដែល​លោក​ផុស​កាល​ពី​ថ្ងៃទី​ ២២ កុម្ភៈ ​សរសេរ​ថា ពាក្យ​ថា​ សម រង្ស៊ី កឹម សុខា ជា​មនុស្ស​តែ​មួយធ្វើ​ឲ្យ​ជំងឺ​លោក ហ៊ុន សែន រើ​កាន់​តែ​ខ្លាំង។

ប៉ុន្តែកាល​ពីម្សិល​មិញ លោក សោ ចាន់​ដេត មិន​អាច​ទាក់​ទង​សុំ​អត្ថាធិ​ប្បាយ​បន្ថែម​បាន​ទេ​។ លោក គិន ភា ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​យល់​​ឃើញ​ថា ការ​ធ្វើ​នយោបាយ​​បន់​ឲ្យ​គេស្លាប់​បែប​នេះ គឺជា​នយោបាយ​អ​សីលធម៌។

លោក​ថា៖​ «មជ្ឈ​ដ្ឋាន​អ្នក​ប្រឆាំង​មួយ​ចំនួន​ គាត់​អត់​មាន​យុទ្ធ​សាស្ត្រ​អ្វី​ទេ​ ក្រៅ​តែ​ពី​បន់​ស្រន់​ឲ្យ​សម្ដេច​ ហ៊ុន សែន ដែល​គេ​ហៅ​ថា​ ជា​ដៃ​គូ​ប្រកួត​ប្រជែង​នយោបាយ​ដ៏​ខ្លាំង​មួយ​នៅ​ក្នុងសង្វៀន​នយោបាយ​កម្ពុជាស្លាប់គឺ​គាត់​ចង់​ឲ្យ​អ្នក​នយោ​បាយ​ខ្លាំង​មួយ​ស្លាប់​ដើម្បី​គាត់​ងាយ​ស្រួល​ប្រកួត​ប្រជែង។ឥរិយា​បថ​ឬយុទ្ធសាស្ត្រ​នយោបាយ​បែប​នេះ​គឺ​ជា​យុទ្ធ​សាស្ត្រ​អគុ​ណ​ធម៌ អសីលធម៌ និង​មនុស្ស​ដែល​មាន​ភាព​ខ្សោយ​បំផុត​ក្នុង​នយោបាយ​»។

លោក​ថ្លែង​បន្ត​​ថា ការ​ប្ដឹង​នេះ​ក៏​ជា​សញ្ញា​មួយ​កុំ​ឲ្យ​អ្នក​ប្រឆាំង​ប្រើ​សេរីភាព​ជ្រុល​ហួស​ពី​គុណ​ធម៌ សីល​ធម៌នៃ​មនុស្ស​ជាតិ។ លោក​ថា លើ​លោក​នេះមិន​មាន​ការ​​ប្រកួត​ប្រជែង​នយោ​បាយ​ណា​បន់​ឲ្យ​គូ​ប្រកួត​ស្លាប់​ទេ។

លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោ​បាយ​យល់​ឃើញ​ថា ​ជា​ធម្មតា ​សម្តី​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​គឺ​ជា​ច្បាប់ «ប៉ុន្តែ​យើង​រង់ចាំ​មើល​សិន​ថា​ តើ​មេធាវី​របស់​គាត់​នឹង​ប្រើ​ច្បាប់​មួយ​ណា​ដើម្បី​ចោទ​ប្រកាន់​អ្នក​​ដែល​បន់​ឲ្យ​លោក​ស្លាប់»។

លោកបាន​បន្ត​ថា៖​ «ប៉ុន្តែ​នេះ (ការ​បន់​ឲ្យ​ស្លាប់) បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​នៃ​សីល​ធម៌​នៅ​ក្នុង​សង្គម​របស់​យើង ​និង​​ការ​ស្អប់​គុំ​កួន​របស់​មនុស្ស​ណា​ម្នាក់​ទៅ​លើ​គាត់»៕