ភ្នំពេញៈ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​បង្កើត​ក្រុម​ការងារ​អន្តរ​ក្រសួង​ ដើម្បី​សិក្សា​រៀបចំ​លិខិត​បទដ្ឋាន​គតិ​យុត្ត​ សម្រាប់​​ធ្វើការ​គ្រប់​គ្រង​ឧកញ៉ា​ ការ​ផ្តល់​គោរមងារ​ឧកញ៉ា​ និង​ការ​ដកហូត​គោរម​ងារ​​ឧកញ៉ា។​


ក្រុម​ការងារ​នេះ​ មានស​មាសភាព ​១២ ​រូប ដែល​មានលោក​ ប៊ុន​ ហុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ជា​ប្រធាន។

លោក​ ហ៊ុន​ សែន​ បាន​បញ្ជាក់​ក្នុង​​សេចក្តី​សម្រេច​ ដែល​ទើប​ចេញ​ផ្សាយ​នៅថ្ងៃ​​ទី​ ១៧ ខែ​ឧសភា​នេះ​ថា​ ក្រុម​ការងារ​នេះ​ មាន​ភារកិច្ច​សិក្សា​ស្រាវ​ជ្រាវផ្តួច​ផ្តើម ​ក្នុងការ​បង្កើត​លិខិត​បទដ្ឋាន​គតិយុត្ត​ សម្រាប់​ការគ្រប់​គ្រង​ផ្តល់គោរមងារ​ និង​ដក​ហូត​គោរមងារ​ឧកញ៉ា និង​សិក្សា​ស្រាវជ្រាវ​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្ត​ ដើម្បីជា​ធាតុចូល​សម្រាប់​រៀប​ចំការ​គ្រប់គ្រង​ផ្តល់​គោរមងារ​ និង​ដកហូត​គោរ​មងារ​ឧកញ៉ា។

​​សេចក្តី​សម្រេច​បញ្ជាក់​ថា៖ «(ក្រុម​ការងារ)មាន​ភារកិច្ច​​សិក្សា​ អំពីសិទ្ធិ​និងកាតព្វ​កិច្ច​របស់​ឧកញ៉ា​ ក្នុង​ការ​ចូល​រួម​កិច្ច​ការ​សង្គម​ និង​ធ្វើការ​ពិគ្រោះ​យោបល់​ ជាមួយ​បណ្តា​ក្រសួង​ ស្ថាប័ន ​អាជ្ញាធរ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​និង​វិស័យ​ឯក​ជន​ពាក់​ព័ន្ធ​ ដើម្បី​ប្រមូល​ព័ត៌មាន​បម្រើ​ឱ្យ​ការរៀប​ចំ»។

សេចក្តី​សម្រេច​បន្ត​ថា ក្រុម​ការងារ​មាន​ភារកិច្ច​រៀបចំ​បែបបទ​ និង​នីតិវិធី​នៃការ​គ្រប់​គ្រង​ឧក​ញ៉ា ការ​ស្នើ​សុំ​ផ្តល់​គោរម​ងារ​ឧកញ៉ា​ អ្នក​ឧកញ៉ា​ និង​ការ​ដក​ហូត​គោរ​មងារ​ឧកញ៉ា​ និង​ធ្វើ​របាយ​ការណ៍​អំពីវឌ្ឍន​ភាព​ នៃកា​រ​ងារ​ជូន​លោក​ ស ខេង​ ឧបនាយក​រដ្ឋ​មន្ត្រី និង​ជារដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ ដើម្បី​ពិនិត្យ​សម្រេច​និង​ផ្តល់​យោប​ល់ដឹក​នាំ។


ក្រុម​ការងារ​នេះ​ ក៏​មាន​តួនាទី​រៀបចំ​ឯក​សារ​ពាក់​ព័ន្ធ​ ជូន​រាជ​រដ្ឋាភិបាល​ ដើម្បី​ពិនិត្យ​សម្រេច​ផង​ដែរ​។

លោក​ ប៊ុន ​ហុន រដ្ឋ​លេខា​ធិការ​ក្រសួង​មហា​ផ្ទៃ មិន​អាច​ទាក់ទង​ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​បាន​ទេ នៅ​ថ្ងៃទី​ ១៧ ខែ​ឧសភា។

លោក ប៉ា ចន្ទរឿន នាយក​ប្រតិបត្តិ វិទ្យា​ស្ថាន​ប្រជា​ធិបតេយ្យ​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​១៧ ខែ​ឧសភា​ ថា លោក​សាទរ ​ចំពោះ​ការ​បង្កើត​ក្រុមការងារ​អន្តរក្រសួង​នេះ។

លោក​ថា​ កន្លងមក​នេះ ​ងារ​ជា​ឧកញ៉ា​ហាក់បី​ដូច​ជា​ត្រូវ​បាន​គេ​យក​មក​ប្រើប្រាស់​ ដែល​ប្រាសចាកអំពី​ខ្លឹមសារ​ និង​គុណតម្លៃ​ឧកញ៉ា​ នៅ​ក្នុង​សង្គម​កម្ពុជា​។

លោក​​បញ្ជាក់​ថា៖ «ជាការពិត​ វា​មាន​ឧកញ៉ាល្អ ​ឧកញ៉ា​មិនល្អ។ ជារឿយៗ​ យើង​តែង​តែ​ឃើញ​អំពើ​អយុត្តិ​ធម៌​ អំពើ​អសីលធម៌ អំពើ​ជិះជាន់​គាប​សង្កត់​កេង​ប្រវ័ញ្ច រឹបអូសលួច​​ប្លន់ដីធ្លីអីហ្នឹង ក៏​ចេញ​​មក​ពី​ប្រភព​ឧក​ញ៉ា​ហ្នឹង​ច្រើន​ដែរ។ ជាវិបាក វា​ប៉ះពាល់​ទៅដល់​គុណតម្លៃ និង​កិត្តិនាមរបស់​អ្នក​ដែល​ស្នើ​ទៅ​ព្រះមហាក្សត្រ​ហើយ​ក៏​ដូចជា​ប៉ះពាល់​ទៅដល់​ព្រះរាជ​នាម និង​ព្រះរាជ​កេរ្តិ៍ឈ្មោះ​ផង​ដែរ​ ដែល​ជា​អ្នក​ឡាយ​ព្រះ​ហស្ថ​ផ្តល់​ងារ​ឱ្យ​ហ្នឹង»។

លោក ប៉ា ចន្ទរឿន បន្តថា ការ​បង្កើត​ក្រុមការ​ងារនេះ​ ក៏​ជា​ជំហាន​ល្អ​ដែរ ដើម្បី​ពង្រឹង​គុណ​តម្លៃ​នៃ​គោរមងារ​ឧកញ៉ា​នេះ​ឡើង​វិញ ដើម្បី​ឱ្យ​អ្នក​ដែល​មាន​គោរមងារ​នេះ​ ដើរ​តួនាទី និង​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ​ឱ្យ​បាន​ត្រឹម​ត្រូវ​ក្នុង​ការ​ជួយ «ជនរួម​ជាតិ និង​មាតុភូមិ»ជាជាង​យក​គោរ​មងារ​ទៅ​ប្រើប្រាស់​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​អបាយមុខ​ផ្សេងៗ៕