ភ្នំពេញៈ ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពេលសហភាពអឺរ៉ុប​បាន​ប្រកា​ស​ពី​​ដំណើរ​ការ​នីតិវិធី​ផ្អាក​ប្រព័ន្ធ​អនុគ្រោះពន្ធ «ទំនិ​ញ​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ ​(EBA)» សម្រាប់​កម្ពុជា លោ​ក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​បញ្ជា​ក់​ថា «បើ​ទោះ​បី​បាត់ ​(EBA) ក៏​កម្ពុជា​មិន​ស្លាប់​ដែរ»។


លោកនាយក​រដ្ឋ​មន្ត្រី ​បាន​ថ្លែងនៅ​​​ក្នុង​ពិធី​បិទ​​សន្និបាត ត្រួត​ពិនិត្យ​ការ​ងារ​ឆ្នាំ​ ២០១៨ របស់​ក្រសួង​មហា​ផ្ទៃ កាល​ពី​ម្សិល​មិញ​ថា៖ «យើង​ត្រូវ​រួម​គ្នា​ធ្វើ​ការ​ដើម្បី​ការលូត​លាស់​ខាង​សេដ្ឋកិច្ច​ដើម្បី​បន្ត​ពង្រឹង​ឯករា​ជភាព​ខាង​នយោបាយ​របស់​យើ​ង​​។ យើង​មិន​ត្រូវ​យក​អធិប​តេយ្យ​​ភាព​របស់​យើង​ ទៅ​ដោះ​ដូរ​ជាមួយ​ជំនួយ​ណា​មួយ​នោះ​ឡើយ»។

លោក​បន្ត​ថា៖ «ការ​ព្យួរ​ EBA ដែល​នឹង​​ដឹង​បាន​រយៈពេល​ ១៨​ ខែ​ទៀត ​បើ​ទោះ​ជា​បាត់​ឬ​នៅ​មាន​បន្ត​ក៏​មិន​អាច​ធ្វើ​ឲ្យ​យើង​ស្លាប់​ ឬ ក្លាយ​ទៅ​ជា​អ្នក​មាន​​បាន​ដែរ។ EBA មុន​នឹង​ក្រោយ​គង់​តែបាត់​ដូច​គ្នា​ គ្រា​ន់​​តែ​យូរ និង​ឆាប់​ប៉ុណ្ណោះ។ ដូចនេះ ​ការ​រក​ស៊ី​បង់​ពន្ធ​ឲ្យគេ និង​គេ​បង់​ពន្ធ​ឲ្យ​យើង​ គឺ​ជា​រឿង​ចៀស​មិន​រួច ហើយ​ថ្លៃ​ថ្នូរ និង​មាន​ស្ថិរភាព​​ទៀត​ផង។ យើង​ត្រូវ​រក​គ្រប់​វិធី​ ដើម្បី​ឲ្យ​សេដ្ឋកិច្ច​យើង​កាន់តែ​មាន​ភាព​ប្រកួតប្រជែង​ខ្លាំង​ឡើង»។

លោក​បាន​អំពាវ​នាវ​ដល់​ជនរួម​ជាតិជា​ពិសេស​កម្មករ​​ កម្ម​ការិនី ​កុំ​ខ្វល់​ពីអ្នក​ណា​និយាយ​ពីអ្វី​ដរាប​ណាពួក​គេ​នៅ​តែ​មាន​មុខរបរ​មាន​ការ​ងារធ្វើមា​ន​ប្រាក់​ចំណូល។ មន្ត្រី​រាជ​ការ​ក​ង​​​​កម្លាំង​ប្រដាប់​អាវុធ​ និង​និវត្តន៍ជ​ន បើ​នៅ​តែទទួល​បាន​បៀវត្សរ៍ ២ ​សប្ដាហ៍​ម្ដង «សូម​កុំ​ខ្វល់​ពី​អ្នក​ណា​និយាយ​ពី​អ្វី​ គឺ​ត្រូវ​បន្ត​តាម​ពាក្យ​ឆ្កែ​ចេះ​តែ​ព្រុស​មនុស្ស​ចេះ​តែ​ដើរ»។

លោក​ថ្លែង​ថា​ លោក​កំពុង​រង់​ចាំ​មើល​មុខ​អ្នក​ដែល​នឹង​សប្បា​យ​​រីក​រាយ​ ពេលឃើញ​បរទេ​ស​ធ្វើ​បាប​កម្ពុជា និង​រង់ចាំ​មើល​នៃ​ការ​ស្លាប់​នៃ​ជាតិ​កម្ពុជា។


ប៉ុន្តែ​លោក​ថា កម្ពុជា​នឹង​ប្រឹង​ជួយ​ខ្លួន​ឯង​ព្រោះ​បើ​​ទោះ​មាន​គេ​ជួយ​ក៏មិន​បានធ្វើ​ឲ្យ​​កម្ពុជា​ក្លា​យ​ជាអ្នក​មានដែរ​ ប៉ុន្តែ​​ទទួល​នូវ​ការ​ប្រមាថ​ដដែ​ល​​។ លោក​ថា កម្ពុជា​ត្រូវ​ប្រឹង​ដើម្បី​ជាតិ​យើង​ ដោយ​មិន​​តម្រូវ​​តាម​ការ​ចង់​បាន​​របស់​បរទេស​​ណា​មួយ​ទេ ប៉ុន្តែ​កម្ពុជានឹង​បន្ត​កិច្ច​សហ​ប្រតិ​បត្តិការ​ក្នុង​ភាព​ជា​ដៃ​គូស្មើ​ភា​ព​ស្មើ​សិទ្ធិ​ ដោយ​គ្មា​ន​​ការ​រើស​អើង​តាម​រយៈ​ការ​កែ​ទម្រង់​ខា​ង​ក្នុង​ និង​ពង្រីក​មិត្ត​ខាង​ក្រៅ។ លោកក៏​បាន​​ស្នើ​ឲ្យ​ក្រុម​ហ៊ុន​មក​ពីប្រទេស​សហគមន៍​អឺរ៉ុប​បន្ត​រកស៊ី និង​ស្នាក់​នៅ​​កម្ពុជា​ដោយ​ការ​សប្បាយ​រីក​រាយ​ជាមួយ​សុខ​សន្តិភាព។

លោក​បាន​ចេញ​សារ​បញ្ជាក់​ប្រាប់​អ្នក​វិនិយោគ និង​អ្នក​ដែ​ល​មាន​បំណង​មក​វិនិយោគ​នៅ​កម្ពុជា​ថា រដ្ឋាភិបាល​កំពុង​ធ្វើការ​កែ​ទម្រង់​មុត​ស្រួច​ ស៊ីជម្រៅ​ និង​លើក​ស្ទួយ​ភាពប្រកួត​ប្រជែ​ង ការ​សម្រួល​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​ការ​លុប​បំបាត់​ការ​បង់​កម្រៃ​មួយចំនួន និង​ការ​សម្រួល​ជា​ច្រើន​ទៀត។

លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ស្នើ​ឲ្យ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ធ្វើ​វេទិកា​រវាង​រដ្ឋាភិបាល​ និង​វិស័យ​ឯក​ជន​​នៅ​​ខែ​មីនា​ខាង​មុខ​ដើម្បី​ពិភាក្សា​គ្នា​អំពី​ការ​ធ្វើ​កំណែ​ទម្រង់​​ជំរុញ​ល្បឿន​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា។ លោក​ថ្លែង​ថា កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ ត្រូវ​បាន​វាយ​តម្លៃ​ឡើង​វិញ​ដោយ IMF ដោយ​រក​ឃើញ​ថា​ មាន​រហូត​ដល់​ ៧,៥ ភាគរយ។

មុន​នឹង​បញ្ចប់​បញ្ហា​ EBA នេះ លោក ​ហ៊ុន សែន បាន​បញ្ជាក់​សាជា​ថ្មី​ថា៖ «ខ្ញុំ​បាន​បញ្ជាក់​ថា ទោះ​មាន​ឬ​គ្មាន​ EBA វា​ក៏​មិន​ធ្វើ​ឲ្យ​យើង​ស្លាប់ តែ​វា​ក៏​មិន​ធ្វើ​ឲ្យ​យើង​ក្លាយ​ទៅ​ជា​អ្នក​មាន​បាន​ដែរយើង​មិន​ចង់​ឲ្យ​អ្នកណា​ដែល​ប្រើ​ប្រាស់​ភាព​អនុគ្រោះហើយ​បែរ​មក​បង្វិល​ក្បា​ល​យើង​តាម​ចិត្ត​ចង់​នោះ​ទេ។បើ​អ្នក​ឯង​មិន​ដក​ខ្ញុំ​កាន់​តែ​ខ្លាំង បើ​អ្នក​ឯង​ដក​ខ្ញុំ​ក៏​មិន​ងាប់​ដែរ»។

លោក​ថ្លែង​ថា៖ «នៅ​ពេល​វេលា​នេះ​ ជា​ពេល​វេលា​ដែល​យើង​ក្ដាប់​អ្វីៗ​ទាំង​អស់​​ក្នុង​ដៃ​របស់​យើង​ដោយ​មិន​ចាំបាច់​ឲ្យ​​មាន​អ្នក​ណា​ប្រដៅ​យើង​នោះ​ ទេហើយ​ការ​ប្រដៅ​របស់​គេ​ខុស រហូត​ដល់យើង​មិនអាច​អនុវត្ត​ច្បាប់​របស់​យើង​បា​​ន​​​។ ​តើ​ចាំ​បាច់​មាន​ន័យ​ថា ​ជា​រដ្ឋ​អធិបតេយ្យ​ធ្វើ​អ្វី​ទៅ?»។

ទាក់ទងនឹងប្រសាសន៍លោក ហ៊ុន សែន រឿង​​ផ្អាក​ EBA នេះ​អ្នក​វិភាគ​លោក ឱក សេរីសោភក្តិ៍ បាន​ថ្លែង​ថា​ កម្ពុជា​ក៏​ធ្លាប់​រស់​ដោយ​អត់ EBA ដែរ ក៏ប៉ុន្តែ​ជំនាន់​នោះ​​កម្ពុជា​មានការលំបាក​ណាស់។ លោក​ថា បើ​អត់​ ​EB​A កម្ពុជា​ពិត​ជា​អាច​រស់​បាន ប៉ុន្តែ​​រស់​ទាំង​លំបាក។

លោក​ថា៖ «ហើយ​ដោយ​សារ​តែ​កម្ពុជា​ត្រូវ​ការ​ឱកាស​ដើម្បី​ធ្វើ​ឲ្យវិនិ​​យោគ​រីក​ចម្រើន​គឺ​យើង​ចាំ​បា​ច់​ សហការ​ ដើម្បី​បាន​ឱកាស​ក្នុង​ការ​រុញ​សេដ្ឋ​កិច្ច​ហោះ​ឡើង​ទៅ​លើ​បាន​ ហើយ​ប្រសិន​បើ​យើង​បាត់​ឱ​កាស​ហ្នឹង​ ​កំណើនសេដ្ឋកិច្ច​កម្ពុជា​យើងប៉ុន្មាន​ឆ្នាំ​ជាប់​គ្នា​ដែល​មាន​ប្រមាណ​ ៧​ ភាគ​រយ​ជាង​ហ្នឹង​ នឹង​អាច​ធ្លាក់​មក​វិញ​ ហើយ​យើង​មិន​​ត្រឹម​តែ​​អាច​​បាត់​ផល​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ទេ​ យើង​អាច​នឹង​បាត់​ផល​ប្រយោជន៍​ការ​ទូត​ និង​នយោ​បាយ​ការ​បរទេស​នៅ​លើ​ឆាក​អន្តរ​ជាតិ​ផង​ដែរ»។

លោក​ សេរីសោភក្តិ៍ ជឿ​ជាក់​ថា​ នឹង​មាន​វិធាន​ការ​ថែម​ទៀត​របស់​សហគមន៍​អឺរ៉ុប​ក្នុង​ករណី​​​ដែល​កម្ពុជា​បាត់​ឬ​ត្រូវ​ព្យួរ EBA គឺ​ទំនាក់​ទំនង​កម្ពុជា ​និង​សហ​​ភាព​អឺរ៉ុប​ អាច​នឹង​ធ្លាក់​ចុះ ​ហើ​យ​ប្រជា​​ជន​អឺរ៉ុប​អាច​នឹង​រើសអើង​ប្រទេស​ កម្ពុជា​ និង​មិន​សូវ​ប្រើ​ប្រាស់​ផលិត​ផល​កម្ពុជា​ច្រើ​ន​ទេ​ ដោយ​សារ​តែ​គេ​ថា​ កម្ពុជា​មិន​មាន​លទ្ធិ​ប្រជាធិប​តេយ្យ​គ្រប់​គ្រាន់។ លោក​បន្ត​​ថា នៅ​ពេល​ដែល​បាត់​បង់​ប្រព័ន្ធ EB​A នឹង​មាន​ផល​ប៉ះពាល់​ដែល​នឹង​កើត​ឡើង​ ហើយ​​អតិ​ផរណា​​​ទំនិញ​នឹង​កើន​ឡើង​ដែរ។

ប៉ុន្តែអ្នកវិភាគ​សេដ្ឋកិច្ច លោ​ក ឃុន ប៊ុន​នី បាន​យល់​ស្រប​លើ​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន។

លោក​ថា៖ «ដោយសារ​តែម​កដល់​ស្ថានភាពបច្ចុប្ប​ន្ននេះ​​យើង​ឃើញ​ថា យើង​បាន​មក​ដល់​ក្នុងកម្រិតមួយដែល​​ប្រទេ​ស​កម្ពុជា​យើង​អាច​ស្វែង​រក​ស្វ័យ​​ភាព​ខ្លួន​ឯង ប្រឹង​ប្រែង​រស់​តាម​រយៈ​ការ​កសាង​សេដ្ឋកិច្ច​បន្ថែម​តាមរយៈ​កំណើន​សេដ្ឋកិច្ច​ជាង​ ៧ ភាគ​រយរៀង​រាល់​ឆ្នាំ​សេដ្ឋ​កិ​ច្ច​​យើង​កាន់​តែ​រឹង​មាំ​ជាង​មុន​។ យើង​បន្ត​កិច្ច​សហ​ប្រតិបត្តិការ​ពង្រីក​ទំនាក់​ទំនង​ផ្នែក​សេដ្ឋ​កិច្ច​ ជាមួយ​ប្រទេស​ពាក់​ព័ន្ធ​ដទៃ​ទៀត»។

លោក​បន្ត​ថា៖ «ពាក្យ​ខាង​ក្រៅ​ខ្លះ​ជាពាក្យ​ញុះ​ញង់ ឬ​ជា​ការបំភ័យ​ប្រជាជន​ និង​កម្មករ ពួក​គេ​មិន​គួរ​ធ្វើ​បែប​នេះ​ទេ ដរាបណា​ក្រុម​ហ៊ុន ​ឬ​រោង​ចក្រ​អាច​បើ​ក​ប្រាក់​ខែ​ និ​ង​​អ្វី​អា​ចដំ​ណើរ​ការ​ធម្មតា ​ហើយ​កម្មករ​មាន​ការ​ងារ​ធ្វើហើយ​រោងចក្រ​នៅ​ដំណើរការ​គឺអ្វីៗ​ដំណើរ​ការ​ប្រក្រតី។ នៅ​ពេល​យើង​ឮ​ដំណឹង​អាក្រក់​នេះ​យើង​កុំ​ភ័យ»។

ទាក់​ទង​នឹង​ការ​លើក​ឡើង​រប​ស់​លោក ហ៊ុន​ សែន​ ដែល​បាន​ថ្លែង​ថា​ ការដក​ EBA​ ស្មើនឹ​ង​សម្លាប់​បក្ស​ប្រឆាំង​នេះ លោក​ ប៊ុន​នី​ យល់​ថាវាមិនមែន​ជា​រឿ​ង​ល្អសម្រាប់ សម រង្ស៊ី​ ទេ គឺ​ជា​គ្រោះ​អាសន្ន​សម្រាប់​គាត់​ទៅ​វិញ​ទេ​ ពីសំណាក់​ប្រជាជន​កម្ពុ​ជា ​និង​កម្មករ​​ហើយ​ពាណិជ្ជករ​និ​ង​​ថៅ​កែ​រោង​ច្រក​ផង​នឹង​ស្អប់​គា​ត់​ដោយ​សារ​គាត់​ជា​អ្នក​បង្កឡើ​ង​​»។

លោក ឡៅ ម៉ុង ហៃ អ្នក​វិភា​គ​នយោបាយ​ថ្លែង​ថា លោក​នា​យ​ករដ្ឋ​មន្ត្រី​អាច​ថ្លែង​ដូច្នេះ​បាន «ប៉ុន្តែ​ពលរដ្ឋ​ប្រហែល​ពិបាក​ទ្រាំ​នឹង​ការ​លំបាក​ក្រោយ​ពេ​ល​មាន​ការ​ព្យួរ EBA នៅ​ពេល​ដែល​ពួក​គេ​មាន​ជីវភាព​គ្រាន់​បើ​ហើយ ជា​ច្រើន​ឆ្នាំ​មក​ហើ​យ​ បែ​រជា​មក​ធ្លាក់​ខ្លួន​ជួប​ការ​លំបា​ក​​ជា​ថ្មី​ទៀត»។

យ៉ាងណាក្តី នៅ​មិន​ទាន់​មាន​​ការ​សិក្សា​ជាក់​លាក់​ណា​មួយ​ដែល​បញ្ជាក់​ថា កម្ពុជា​នឹង​បាត់​បង់​ភាព​ប្រកួត​ប្រជែង​របស់​ខ្លួន​បើ​ត្រូវ​បង់​ពន្ធ​ទំនិញ​នាំ​ចូល​សហភាព​អឺរុប​នោះ​ឡើយ៕