ភ្នំពេញៈ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​ណែនាំ​ឲ្យ​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​ចូលរួម​ផ្សព្វផ្សាយ​សារ​អប់រំ​អំពី​បញ្ហា​គ្រឿងញៀន និង​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឱកាស​ពិធីបុណ្យ​កាន់បិណ្ឌ និង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ចាប់ពី​ថ្ងៃទី​ ១៤ ដល់​ថ្ងៃទី​ ២៩ ខែកញ្ញា ឆ្នាំ​ ២០១៩​។


ការណែនាំ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​សេចក្តី​ជូនដំណឹង​កាលពី​ម្សិលមិញ​ដោយ ខៀវ កាញារីទ្ធ បាន​លើកឡើង​ថា​ក្នុង​ឱកាស​ពិធីបុណ្យ​នេះ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​នឹង​ធ្វើ​ដំណើរ​ទៅ​វត្ត និង​ទៅ​ស្រុក​កំណើត ដើម្បី​ជួបជុំ​បងប្អូន និង​ក្រុមគ្រួសារ​នៅតាម​រាជធានី និង​ខេត្ត​នានា​។

នៅក្នុង​លិខិត​នោះ​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ការផ្សព្វផ្សាយ​ពីសារ​ទាំងនេះ​នៅ​តាម​កញ្ចក់​ទូរទស្សន៍ វិទ្យុ ទស្សនាវដ្តី កាសែត និង​តាម​ប្រព័ន្ធផ្សព្វផ្សាយ​នេះ​គឺជា​ការ​ដាស់តឿន​ក្រើនរំឭក និង​បញ្ជ្រាប​នូវ​ការយល់​ដឹង​ដល់​ពលរដ្ឋ​ឲ្យ​មាន​ការយល់​ដឹង​កាន់តែ​ច្បាស់​ពី​ផលប៉ះពាល់​ដែល​បង្ក​ឡើង​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ និង​ការប្រើប្រាស់​គ្រឿងញៀន​ដែល​កំពុងតែ​ជះឥទ្ធិពល​អាក្រក់​ដល់​សង្គម​ខ្មែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​ចូលរួម​កាន់តែ​សកម្ម​ថែមទៀត​ក្នុង​ការការពារ​ខ្លួន ក្រុមគ្រួសារ មិត្តភក្តិ និង​សហគមន៍​ឱ្យ​ចៀស​ឆ្ងាយ​ពី​ការប្រើប្រាស់​គ្រឿងញៀន ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​អាយុជីវិត ទ្រព្យសម្បត្តិ និង​ធ្វើដំណើរ​ដោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ជាពិសេស​ក្នុង​ឱកាស​បុណ្យកាន់បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ​ដែល​មាន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ច្រើន​កុះករ​តាម​ដងផ្លូវ ចៀសវាង​ការបង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដែល​នាំឱ្យ​ខាតបង់​ទ្រព្យសម្បត្តិ និង​បាត់បង់​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​យើង​»​។

លោក មាស រិទ្ធី អគ្គនាយករង​ទូរទស្សន៍​ហង្សមាស​ទទួល​បន្ទុក​ផ្នែក​ព័ត៌មាន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា តាមពិត​ទៅ​ទូរទស្សន៍​ហង្សមាស​បាន​ផ្សព្វផ្សាយ​ច្រើន​មក​ហើយ​ចំពោះ​បញ្ហា​ទាំងនេះ​។ ប៉ុន្តែ​លោក​គាំទ្រ​ចំពោះ​ការជំរុញ​បន្ថែម​របស់​ក្រសួង​ព័ត៌មាន បើ​ទោះ​ជា​មាន​ស្ថាប័ន​ជាច្រើន​បាន​បញ្ជ្រាប​នូវ​សារ​អប់រំ​ជា​បន្តបន្ទាប់​តាមរយៈ​កម្មវិធី​របស់​ខ្លួន ប៉ុន្តែ​ក៏​នៅមាន​ស្ថាប័ន​មួយចំនួន អនុវត្ត​មិន​បាន​ល្អ​នៅឡើយ​ដែរ​។


លោក​បញ្ជាក់ថា​៖ «​ប្រសិន​បើ​ក្រសួង​បន្ថែម​មកទៀត យើង​កាន់តែ​បង្កើន​នូវ​ការផ្សព្វផ្សាយ​របស់​យើង​ឲ្យ​ឡើង​គុណទ្វេ​តែម្តង​។ ​ព្រោះ​ខ្ញុំ​មើលឃើញ​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​បាន​ប្រើប្រាស់​បាន​ច្រើន​ហើយ តែ​មួយ​ចំនួន​បាន​ផ្សព្វផ្សាយ​ដែរ ប៉ុន្តែ​តិច​អត់​បាន​ប្រចាំ​ជា​រៀងរាល់​ថ្ងៃ​»​។

ស្រដៀង​គ្នា​នេះ​ដែរ​លោក ណុប វី នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​បាន​ថ្លែងថា វា​ជា​រឿង​ប្រសើរ ព្រោះ​ជារួម​វា​គឺជា​ការរួម​ចំណែក​របស់​ក្រសួង​ព័ត៌មាន​ក្នុងការ​ត្រួតពិនិត្យ ប្រសិន​បើ​មើលឃើញ​ថា ការផ្សព្វផ្សាយ​អប់រំ​ទាក់ទង​ជាមួយ​នឹង​គ្រឿង​ស្រវឹង និង​គ្រឿងញៀន​អាច​បង្ក​ហានិភ័យ​ដល់​សង្គម​។ ​ប៉ុន្តែ​ការអនុវត្ត​បាន​កម្រិត​ណា គឺ​អាស្រ័យ​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងនោះ​។

យ៉ាងណាក្ដី​លោក ណុប វី រំពឹង​ថា​ការផ្សព្វផ្សាយ​អំពី​សារ​អប់រំ​នឹង​ជួយ​កាត់បន្ថយ​សារ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សង្គម បើទោះ​ជា​វា​ជា​រឿង​មួយ​ដែល​ពិបាក​ក្នុង​ការកាត់បន្ថយ​ក៏ដោយ​ដូចជា ការផ្សព្វផ្សាយ​បញ្ហា​ពី​គ្រឿង​ស្រវឹង ដែល​ជា​ប្រភព​នៃ​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​វា​គឺជា​ប្រភព​ចំណូល​ដ៏ធំ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងនោះ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ស្ថាប័ន​យើង មិន​ផ្សព្វផ្សាយ​ទេ​នូវ​គ្រឿង​ស្រវឹង និង​បារី សូម្បី​តែ​ការផ្សព្វផ្សាយ​ការនាំ​ពលករ​ខ្មែរ​ទៅ​ក្រៅ​ប្រទេស​ដែល​នាំ​ឲ្យ​រងគ្រោះ​ផ្សេងៗ​ក៏​យើង​មិន​ផ្សព្វផ្សាយ​ដែរ​។ កន្លងមក​យើង​ធ្លាប់​បាន​ធ្វើ​ច្រើន​ហើយ ពួកយើង​ក៏​មិនទាន់​គិតថា​នៅក្នុង​ឱកាស​ (​ភ្ជុំបិណ្ឌ​) ​ហ្នឹង​នឹង​មាន​យុទ្ធនាការ​អី​នៅឡើយ ព្រោះ​តែ​វិសាលភាព និង​លទ្ធភាព​របស់​យើង​ក៏​នៅមាន​កម្រិត​ដែរ​។ ក៏ប៉ុន្តែ​សម្រាប់​ស្ថាប័ន​ផ្សព្វផ្សាយ​នៅក្នុង​ស្រុក​ខ្មែរ​មាន​ច្រើនណាស់ ខ្ញុំ​គិត​ថា​គួរតែ​ចូលរួម​ឲ្យ​បាន​ច្រើន ហើយ​គួរតែ​ចូលរួម​កាត់បន្ថយ​នូវ​ការផ្សាយពាណិជ្ជកម្ម​ស្រា បារី ឬ​អាច​បញ្ឈប់​តែម្តង​»៕