បន្ទាប់​ពី​ត្រូវ​បាន​ចៅក្រម​ស៊ើប​សួរ​បន្ធូរបន្ថយ​លក្ខខណ្ឌ​នៃ​ការ​នៅ​ក្រៅ​ឃុំ នៅ​ថ្ងៃ​អាទិត្យ​នេះ​ លោក កឹម សុខា បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ដោយ​ចង់​ឲ្យ​មាន​ការ​ទម្លាក់​ចោល​បទ​ចោទ ​«ក្បត់ជាតិ» ពី​រូប​លោក។


លោក​បាន​សរសេរ​ថា៖ «ក្នុង​នាម​ជា​បុគ្គល​ស្អាត​ស្អំ​ម្នាក់​ដែល​ត្រូវ​បាន​រង​ការ​ឃុំ​ខ្លួន​ទាំង​គ្មាន​កំហុស​២​ឆ្នាំ​មក​ហើយ​ ខ្ញុំ​នៅ​តែ​បន្ត​ទាម​ទារ​ឲ្យ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​មក​លើ​រូប​ខ្ញុំ។ ខ្ញុំ​រំពឹង​ថា​សេចក្តី​សម្រេច​ក្នុង​ថ្ងៃ​នេះ​គឺ​ជា​ជំហ៊ាន​ទី​១​ ប៉ុន្តែ​រូប​ខ្ញុំ​ក៏​ដូច​ជា​ពលរដ្ឋ​ខ្មែរ​ដទៃ​ទៀត​ដែល​បាន​បាត់​បង់​សិទ្ធិ​សេរី​ភាព​នយោបាយ​នៅ​តែ​ត្រូវការ​ដំណោះ​ស្រាយ​និង​យុត្តិ​ធម៌​ពិត​ប្រាកដ»។

លោក​ថ្លែង​ថា លោក​នឹង​ជួប​ជាមួយ​ប្រជា​ពលរដ្ឋ​នា​ពេល​ខ្លី​ខាង​មុខ​នេះ​ ប៉ុន្តែ​លោក​មិន​ទាន់​អាច​ប្រាប់​ដំណឹង​លម្អិត​នៅ​ឡើយ​ទេ។​

កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ​​ទី​១០ វិច្ឆិកា​ សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​​ដោយ​សម្រេច​​បន្ធូរ​បន្ថយ​លក្ខខណ្ឌ​​នៅ​ក្រៅ​ឃុំ​របស់​លោក កឹម សុខា គឹ​អនុញ្ញាត​ឲ្យ​លោក​ធ្វើ​ដំណើរ​បានទូលំ​ទូលាយ ប៉ុន្តែ​ត្រូវ​ស្ថិត​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា។


សេចក្តីប្រកាសព័ត៌មាន​បញ្ជាក់​ថា​ ជន​ត្រូវ​ចោទ​ កឹម សុខា ត្រូវ​បាន​ចៅ​ក្រម​ស៊ើប​សួរ​សម្រេច​បន្ត​ដាក់​ឲ្យ​ស្ថិត ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលា​ការ​ ដោយ​ត្រូវ​ជាប់​កាតព្វកិច្ច​ដូច​ជា​មិន​ត្រូវ​ចេញ​ក្រៅ​ព្រំ​ប្រទល់​ដែន​ដី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា មិន​ត្រូវ​ធ្វើ​សកម្ម​ភាព​នយោបាយ ​ហើយ​ត្រូវ​ឆ្លើយ​តប​នឹង​ការ​កោះ​ហៅ​ពី​គ្រប់​សមត្ថ​កិច្ច។


លោក អ៊ី រិន្ទ អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «បើ​តាម​ខ្លឹម​សារ​(សេចក្តី​សម្រេច​ចុង​ក្រោយ​របស់​តុលាការ) ហ្នឹងទៅ ​គាត់​ត្រូវ​តែ​គោរព​តាម​លក្ខខណ្ឌ ៣ ចំណុច​នេះ។ យើង​អាច​ពិនិត្យ​មើល​ថា កាល​ពីមុន​គាត់​អាច​ដើរ​នៅ​ក្នុង​តំបន់​មួយ តែ​ឥឡូវ​គាត់​អាច​ដើរ​ទូលំ​ទូលាយ​ជាង​មុន»។

សូម​បញ្ជាក់​ថា លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ ឬ​បទ​«សន្ទិដ្ឋិភាព​ជាមួយ​បរទេស» ដែល​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​​រហូត​ដល់​៣០​ឆ្នាំ។ ចៅក្រម​ស៊ើប​សួរ​លោក គី ឫទ្ធី បាន​សម្រេច​ឲ្យ​លោក​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​​ ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ កាល​ពី​ថ្ងៃ​ទី​ ០៩ ខែកញ្ញា ឆ្នាំ២០១៨ ប៉ុន្តែ​បាន​ដាក់​លក្ខខណ្ឌ​​មិន​អនុញ្ញាត​ឱ្យ​ចេញ​ក្រៅ​ពី​ព្រំប្រទល់​នៃ​ដែន​ដី​ដែល​ខណ្ឌ​ដោយ​ផ្លូវ​លេខ​៣១៣ ផ្លូវ​លេខ​៣១១ និង​ផ្លូវ​លេខ៦០៨ ដែល​ជា​ទីតាំង​នៅ​ប្លុក​គេហដ្ឋាន​របស់​លោក។

អ្នក​ស្រី ម៉េង សុភារី មេធាវី​មួយ​រូប​ក្នុង​ចំណោម ៤ រូប​របស់​លោក កឹម សុខា បាន​ថ្លែង​ថា លោក កឹម សុខា មិន​ទាន់​ចេញ​ក្រៅគេហដ្ឋាន​របស់​លោក​ទេ ដោយ​ត្រូវ​ស្វែង​យល់ពី​លក្ខខណ្ឌ​ថ្មី​សិន រួម​មាន​ការ​ហាម​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ។ អ្នក​ស្រី​ថា ក្រុម​មេធាវី​នឹង​ស្វែង​រក​ការ​បក​ស្រាយ​ដើម្បី​កុំ​ឲ្យ​សកម្មភាព​របស់​លោក​ កឹម សុខា ប៉ះ​ពាល់​ដល់​ម្រាម​របស់​ចៅក្រម​ស៊ើប។

ចំពោះ​ការ​ដាក់​ពាក្យ​ស្នើ​សុំ​ថ្មីៗ​នេះ អ្នក​ស្រីបញ្ជាក់​ថា «យើង​ខ្ញុំ​ជា​សហ​មេធាវី មិន​​បាន​​ដាក់​​ពាក្យ​ស្នើ​ឲ្យ​សុំ​ឲ្យ​កែ​ប្រែ​កាតព្វ​កិច្ច​នៃ​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​ទេ។ យើង​ខ្ញុំ​គឺ​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​លើក​លែង​បទ​ចោទ​ ដល់​កូន​ក្តី​យើង​ខ្ញុំ។ ប៉ុន្តែ​បាន​ត្រឹម​ត្រូវ​តែ​ការ​កែ​​ប្រែ​កាត​ព្វកិច្ច​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ ដូច្នេះ​ហើយ យើង​នឹង​នៅ​តែ​បន្ត​ទាមទារ​ឲ្យ​មាន​ការ​ទម្លាក់​បទ​ចោទ​នេះ​នេះ»។

ការ​បន្ធូរ​បន្ថយ​លក្ខខណ្ឌ​នេះ ត្រូវ​បាន​ស្វាគមន៍​ដោយ​អង្គការ​ធ្វើ​ការ​ផ្នែក​សិទ្ធិ​មនុស្ស​ជា​ច្រើន ប៉ុន្តេ​ពួក​គេ​នៅ​តែ​ទាមទារ​ឲ្យ​មាន​ការ​ទម្លាក់​បទ​ចោទ​ពី​លោក​ កឹម សុខា។ ស្ថានទូត​អាមេរិក​ក៏​បាន​ស្វាគមន៍​ការ​វិវត្ត​ចុង​ក្រោយ​នេះ​ដែរ។

ឯក​អគ្គរដ្ឋ​ទូត​អាមេរិក លោក Patrick Murphy បាន​សរសេរ​នៅ​លើ​ទំពរ​ទ្វីទ័រ របស់​លោក​ថា៖ «យើង​កត់​សម្គាល់​ឃើញ​ការ​ដក​ការ​រឹត​ត្បិត​ពី​អតីត​អនុប្រធានរដ្ឋ​សភា​ កឹម សុខា។ នេះ​ជា​ជំហាន​នៅ​លើ​ទិស​ដៅ​ត្រឹម​ត្រូវ ប៉ុន្តែ​ការ​វិវត្ត​ដ៏​ត្រឹម​ត្រូវ​នោះ​គឺ​សិទ្ធិ​ពេញ​លេញ ហើយ​សេរីភាព​របស់​លោក​ត្រូវ​តែ​ស្ដារ​ឡើង​វិញ»។

លោក​ក៏បាន​សរសេរ​ថា លោក​សង្ឃឹមថា លោក កឹម សុខា នឹង​អាច​ប្រឡូក​ក្នុង​នយោបាយ​ពេញលេញ​ឆាប់ៗ​នេះ៕