លោក កឹម សុខា អាច​ដើរ​ហើរ​ក្នុង​ប្រទេស​កម្ពុជា​ក្រោយ​ពេល​ទទួល​បាន​ការ​​បន្ថូរ​បន្ថយ​លក្ខខណ្ឌ​នៅក្រៅឃុំ

Content image - Phnom Penh Post
លោក កឹម សុខា។

ភ្នំពេញ៖ សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅថ្ងៃ​ព្រឹក​ថ្ងៃ​អាទិត្យ​​ទី​ ១០ វិច្ឆិកា​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​​ដោយ​សម្រេច​បន្ធូរ​បន្ថយ​លក្ខខណ្ឌ​​នៅ​ក្រៅ​ឃុំ​របស់​លោក កឹម សុខា គឹ​អនុញ្ញាត​ឲ្យ​លោក​ធ្វើ​ដំណើរ​បាន​ទូលំ​ទូលាយ ប៉ុន្តែ​ត្រូវ​ស្ថិត​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា។

សេចក្តីប្រកាសព័ត៌មាន​បញ្ជាក់​ថា​ ជន​ត្រូវ​ចោទ​ កឹម សុខា ត្រូវ​បាន​ចៅ​ក្រម​ស៊ើប​សួរ​សម្រេច​បន្ត​ដាក់​ឲ្យ​ស្ថិត ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​ ដោយ​ត្រូវ​ជាប់​កាតព្វកិច្ច​ដូច​ជា​មិន​ត្រូវ​ចេញ​ក្រៅ​ព្រំ​ប្រទល់​ដែន​ដី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា មិន​ត្រូវ​ធ្វើ​សកម្ម​ភាព​នយោបាយ​ហើយ​ត្រូវ​ឆ្លើយ​តប​នឹង​ការ​កោះ​ហៅ​ពី​គ្រប់​សមត្ថ​កិច្ច។

លោក អ៊ី រិន្ទ អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​មុន​នេះ​បន្តិច​ថា លក្ខខណ្ឌ​ថ្មី​របស់​លោក កឹម សុខា គឺ​ការ​បន្ថូរ​បន្ថយ​លើ​ការ​សេរីភាព​ក្នុង​ការ​ដើរ​ហើរ​របស់​លោក។

លោក​ថ្លែង​ថា៖ «បើ​តាម​ខ្លឹមសារ (សេចក្តី​សម្រេច​ចុង​ក្រោយ​របស់​តុលាការ) ហ្នឹង​ទៅ គាត់​ត្រូវ​តែ​គោរព​តាម​លក្ខខណ្ឌ ៣ ចំណុច​នេះ។ យើង​អាច​ពិនិត្យ​មើល​ថា កាល​ពី​មុន គាត់​អាច​ដើរ​នៅ​ក្នុង​តំបន់​មួយ តែ​ឥឡូវ​គាត់ អាច​ដើរ​ទូលំ​ទូលាយ​ជាង​មុន»។

សូម​បញ្ជាក់​ថា លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ ឬ​បទ​«សន្ទិដ្ឋិភាព​ជាមួយ​បរទេស» ដែល​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​​រហូត​ដល់​៣០​ឆ្នាំ។

ចៅក្រម​ស៊ើប​សួរ​លោក គី ឫទ្ធី បាន​សម្រេច​ឲ្យ​លោក​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​​ ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ កាល​ពី​ថ្ងៃ​ទី​ ០៩ ខែកញ្ញា ឆ្នាំ២០១៨ ប៉ុន្តែ​បាន​ដាក់​លក្ខខណ្ឌ​​មិន​អនុញ្ញាត​ឱ្យ​ចេញ​ក្រៅ​ពី​ព្រំប្រទល់​នៃ​ដែន​ដី​ដែល​ខណ្ឌ​ដោយ​ផ្លូវ​លេខ​៣១៣ ផ្លូវ​លេខ​៣១១ និង​ផ្លូវ​លេខ៦០៨ ដែល​ជា​ទីតាំង​នៅ​ប្លុក​គេហដ្ឋាន​របស់​លោក។ លោក​ក៏​ត្រូវ​ ឆ្លើយ​តប​នឹង​ការ​កោះ​របស់​ចៅ​ក្រម​ស៊ើប​សួរ តែ​មិន​ត្រូវ​ជួប​អតីត​ថ្នាក់​ដឹក​នាំ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ និង​ ជន​បរទេស​ដែល​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង និង​មិន​ត្រូវ​ជួប​ជុំ​ធ្វើ​ស​កម្មភាព​នយោ​បាយ​ឡើយ៕