ភ្នំពេញៈ លោក​តំណាងរាស្ត្រ ឈាង វុន បាន​ប្រាប់​លោក Manfred Grund ដែល​ជា​តំណាង​រាស្ត្រ​អាល្លឺម៉ង់​ម្នាក់​ថា សភា​អាល្លឺម៉ង់​នឹង​មាន​អារម្មណ៍​សោក​ស្តាយ ប្រសិន​បើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ក្រោម​កម្មវិធី «អ្វីៗ​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ (EBA)» ត្រូវ​បាន​ដក​ចេញ​សម្រាប់​កម្ពុជា។


លោក ឈាង វុន បាន​ជួប​ជាមួយ​លោក Manfred Grund កាលពី​ថ្ងៃ​ចន្ទ​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​កម្រិត​សភា​នៃ​ប្រទេស​ទាំង ២។ លោក​បាន​ថ្លែង​កាលពី​ថ្ងៃ​អង្គា​រថា សភា​អាល្លឺម៉ង់​ដើរតួ​យ៉ាង​សំខាន់​នៅ​ក្នុង​សភា​អឺរ៉ុប។

លោក វុន បាន​ថ្លែងថា កាលពីថ្មីៗនេះ លោក​បាន​ជួប​ជាមួយ​តំណាង​រាស្ត្រ​បារាំង​ម្នាក់​នៅ​ក្នុង​កិច្ខ​ខិតខំ​ប្រឹងប្រែង​ពន្យល់​សហភាព​អឺរ៉ុប​តាមរយៈ​សភា​នៃ​រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប។

គណៈកម្មការ​អឺរ៉ុប កាលពី​ខែ​មុន បានចាប់ផ្តើម​ដំណើរការ​ផ្លូវការ​មួយ​នៃ​នីតិវិធី​ឈាន​ទៅ​ពិនិត្យ​លទ្ធភាព​ព្យួរ​ជា​បណ្តោះ​អាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ក្រោម​កម្មវិធី «អ្វីៗ​គ្រប់​យ៉ាង​លើក​លែងតែ​អាវុធ (EBA)» សម្រាប់​កម្ពុជា ជា​ការ​ឆ្លើយ​តប​នឹង​អ្វី​ដែល​ថា​កម្ពុជា​ធ្វើ​ឲ្យ​ខូច​ប្រជា​ធិបតេយ្យ​និង​មាន​ការ​រំលោភសិទ្ធិ​មនុស្ស។


ពួកគេ​បាន​និយាយថា មាន​ភ័ស្តុតាង​នៃ «ការរំលោភ​បំពាន​ធ្ងន់ធ្ងរ និង​ជា​ប្រព័ន្ធ​នៃ​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ការងារ​ស្នូល​ក្នុង​ប្រទេស ​កម្ពុជា ជាពិសេស​សិទ្ធិ​ចូលរួម​នយោបាយ​ព្រមទាំង​សេរីភាព​នៃ​ការ​ប្រមូល​ផ្តុំ ការ​បញ្ចេញ​មតិ និង​អង្គការ​សមាគម»។


យ៉ាងណាក្ដី លោក​ ឈាង វុន បាន​ពន្យល់​លោក Manfred Grund ថា កម្ពុជា​បាន​ឆ្លង​កាត់​ភាព​លំបាក​ជាច្រើន​ឆ្នាំ​នៅ​ក្នុង​សង្គ្រាម​ស៊ីវិល​និង​សង្គ្រាម​ត្រជាក់។ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​លោក​ទី ១ ក្នុង​ឆ្នាំ ១៩៩៣ កម្ពុជា​អាច​ដើរ​បាន ហើយ​ជាមួយ​នឹង​គោល​នយោបាយ​ឈ្នះ ឈ្នះ របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កម្ពុជា អាច​រត់​បាន។

លោក​បាន​ថ្លែងថា សហភាព​អឺរ៉ុប​បានរួម​ចំណែក​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​កម្ពុជា​ដឹង​អំពី​របៀប​រត់។

លោក​បន្តថា ប៉ុន្តែ​ឥឡូវ​នេះ​ពួកគេ​ចង់​ធ្វើ​ឲ្យ​កម្ពុជា​ដួល។ សហភាព​អឺរ៉ុប​មិនអាច​ប្រើប្រាស់ EBA ដើម្បី​យក​កម្ពុជា​ធ្វើជា​ចំណាប់​ខ្មាំង​បាន​ទេ។

លោក​បាន​ថ្លែងថា៖ «ខ្ញុំ​បាន​ប្រាប់​គាត់ [លោក Grund] ថា EBA ដែល​ជា​ឧបករណ៍​ពាណិជ្ជកម្ម មិន​គួរ​ត្រូវ​បាន​ប្រើ​ជា​អាវុធ​សម្រាប់​ប្រជាជន​កម្ពុជា​បាន​ទេ។ សេចក្តី​សម្រេច​របស់​ឧត្តម​ស្នងការ​សហភាព​អឺរ៉ុប​គឺ​អយុត្តិធម៌។ សហភាព​អឺរ៉ុប​កំពុង​ធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ជាមួយ​វៀតណាម ថៃ និង​សិង្ហបុរី ហើយ EBA ត្រូវ​បាន​ផ្តល់​ឲ្យ​ប្រទេស ​ឡាវ។ អ្នក​គួរ​មើល​ប្រទេស​ទាំង​នេះ តើ​ប្រទេស​ទាំង​នេះ​ជា​ប្រទេស​ប្រជាធិប​តេយ្យ​ដូច ពួកគេ​ចង់​បាន? តើ​ពួកគេ​មាន​ការ​បោះ​ឆ្នោត​ដូច​ក្នុង​ប្រទេស​ កម្ពុជា? លោក Grund មាន​ការ​ភ្ញាក់ផ្អើល»។

អ្នកវិភាគ​នយោបាយ លោក ឡៅ ម៉ុងហៃ បាន​ថ្លែងថា លោក ឈាង វុន កំពុង​ព្យាយាម​ឲ្យ​អាល្លឺម៉ង់​ពិចារណា​អំពី​ការ​ឈឺចាប់​របស់​ប្រជាជន​កម្ពុជា​ដែល​បណ្តាល​មក​ពី​ការ​ដក EBA របស់​សហភាព​អឺរ៉ុប។

លោក​បាន​ថ្លែងថា នេះ​នឹងធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​កម្ពុជា​ខ្លួនឯង «មិន​មាន​ការ​ទទួល​ខុស​ត្រូវ​ទាល់​តែ​សោះ​ចំពោះ​វា [EBA] នៅ​ពេល​ដែល​ខ្លួន​កំពុង​បដិសេធ​មិន​គោរព​កាតព្វ​កិច្ច​សិទ្ធិ​មនុស្ស​ក្រោម​កិច្ច​ព្រម​ព្រៀង​អនុគ្រោះ​ពន្ធ​ជាមួយ​សហភាព​អឺរ៉ុប»។

លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា បាន​ថ្លែង​ថា តំណាង​រាស្ត្រ​អាល្លឺម៉ង់​អាច​ពាំនាំ​ស្ថានភាព​ពិត​ប្រាកដ​ក្នុង​ប្រទេស​កម្ពុជា​ទៅ​សភា​សហព័ន្ធ​របស់​អាល្លឺម៉ង់ និង​ទៅ​គណៈ​កម្មការ​សហភាព​អឺរ៉ុប។ប៉ុន្តែ​លោក​បាន​សួរថា តើ​វា​នឹង​មាន​ប្រសិទ្ធភាព​ចំពោះ​ការ​បញ្ឈប់​គណៈ​កម្មការ​សហភាព​អឺរ៉ុប​ពី​ការ​ធ្វើ​សេចក្តី​សម្រេច​ឬ​យ៉ាង​ណា?

លោក​បាន​ថ្លែងថា ប្រសិនបើ​សភា​អឺរ៉ុប​មិនអាច​បញ្ឈប់​គណៈកម្មការ​សហភាព​អឺរ៉ុប​ពី​ការ​ធ្វើ​សេចក្តី​សម្រេច​អំពី​ការ​ដក EBA វា​គឺជា​កំហុស​របស់​រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប​ចំពោះ​ការ​ធ្វេស​ប្រហែស​អំពី​សមិទ្ធផល​នៅ​ក្នុង​រយៈពេល ២០ ឆ្នាំ​ចុង​ក្រោយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក​បាន​ថ្លែងថា៖ «សមិទ្ធផល​នេះ​នឹង​រលាយ​ដោយសារ​ពួកគេ​មិន​ព្យាយាម​យល់​អំពី​ស្ថានភាព​ពិត​ពី​គ្រប់​ជ្រុង ហើយ​វា​នឹង​ជា​ការ​សោក​ស្តាយ​របស់​ពួកគេ​នា​ពេល​អនាគត»៕