ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍ពីថ្ងៃអង្គារ ទី ១០ ខែវិច្ឆិកាថា ការអភិវឌ្ឍកំពង់ផែយោធារាមឲ្យមានសមត្ថភាពខ្ពស់នឹងចាប់ផ្ដើមនាពេលឆាប់ៗនេះទៅតាមពេលវេលា។ ការធ្វើទំនើបកម្មនេះតម្រូវឲ្យមានការរុះរើអគារចាស់នៅទីនោះរួមមានទាំងទីបញ្ជាការជួរមុខសន្តិសុខលំហសមុទ្រ និងអគារសម្រាប់ជួសជុលនាវាដែលគាំទ្រដោយសហរដ្ឋអាមេរិក និងអូស្ត្រាលី។
លោកមានប្រសាសន៍ប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការអភិវឌ្ឍកំពង់ផែយោធារាមនេះបានចាប់ផ្តើមជាបណ្ដើរៗហើយ ដែលតម្រូវឲ្យមានការរើអគារទាំងអស់នៅកន្លែងនោះចេញ ហើយការចាប់ផ្ដើមសាងសង់នេះធ្វើឡើងបន្ទាប់ពីសិក្សាស្រាវជ្រាវ និងការរៀបចំអស់រយៈពេលប្រមាណជាង ១០ ឆ្នាំមកហើយ។
លោកថ្លែងដូច្នេះថា៖ «និយាយរួមរាល់ហេដ្ឋារចនាសម្ព័ន្ធទាំងឡាយនៅក្នុងកំពង់ផែយោធារាមហ្នឹងនឹងចាប់ផ្ដើមព្រោះអ្វីយើងសិក្សាស្រាវជ្រាវ រៀបចំសព្វគ្រប់អស់ហើយ និងចាប់ផ្ដើមធ្វើនៅពេលឆាប់ៗនេះ។ ហេតុដូច្នេះហើយបានជាយើងរើ រឿងពិតតែប៉ុណ្ណឹងទេ។ ដូច្នេះពេលវេលាដែលអ្វីៗត្រូវលេចឡើងនៅកន្លែងនោះនឹងមានជាបន្តបន្ទាប់ តែនៅវែងឆ្ងាយទៀតព្រោះមិនមែនធ្វើបានភ្លាមៗចេញមកភ្លាមជប់បានមកទេ គឺត្រូវប្រើពេលវេលាច្រើនណាស់។
លោកបញ្ជាក់ថា៖ «[យើង] ធ្វើឱ្យមានទឹកដ៏ជ្រៅធ្វើឱ្យមានផែដ៏ស្អាតសម្រាប់នាវាដែលមានទ្រង់ទ្រាយមធ្យមអាចចូលចតបានមានរោងជាងសម្រាប់ជួសជុលនាវារាប់ពាន់តោន វាត្រូវប្រើពេលវេលាច្រើន។ ខ្ញុំសុំប្រាប់ឱ្យច្បាស់ថា កិច្ចការងារនេះនឹងចាប់ផ្ដើមធ្វើហើយ បានជាវាតម្រូវឱ្យយើងទៅរុះរើកន្លែងទីបញ្ជាការជួរមុខសន្តិសុខលំហសមុទ្រដែលបានធ្វើ និងរៀបចំនៅកំពង់ផែរាមនោះចេញ»។
កាលពីថ្ងៃចន្ទ ទី ៩ វិច្ឆិកា អង្គការស្រាវជ្រាវឈ្មោះ Asia Maritime Transparency Initiative ដែលជាផ្នែកមួយនៃមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចេញផ្សាយអត្ថបទទី ២ ពាក់ព័ន្ធនឹងការរុះរើអគារដែលសហរដ្ឋអាមេរិកបានឧបត្ថម្ភ។ អគារទី ២ នេះគឺជារោងជាងសម្រាប់ជួសជុលនាវាតូចៗ ដែលសាងសង់ឡើងនៅឆ្នាំ ២០១៧ នៅក្នុងមូលដ្ឋានទ័ពរាម។
អង្គការដដែលនះអះអាងថា អគារនេះត្រូវបានរុះរើចន្លោះពីចុងខែតុលា ដល់ថ្ងៃទី ២ ខែវិច្ឆិកាហើយការរុះរើធ្វើឡើងតាមដំណាក់កាលដែលការធ្វើបែបនេះអាចស្របទៅនឹងការអះអាងរបស់កម្ពុជាដែលថា ទីបញ្ជាការជួរមុខត្រូវបានប្ដូរទីតាំងទៅកន្លែងផ្សេង។ ប៉ុន្តែអង្គការនេះលើកឡើងថា វាមិនគួរឱ្យជឿបានទេ ដែលអគារទើបតែសាងសង់បាន ៣ ឆ្នាំនេះត្រូវបានរុះរើ។
កាលពីថ្ងៃទី ២ ខែតុលា អង្គការ ដដែលនេះបានចេញផ្សាយអត្ថបទទី ១ ពាក់ព័ន្ធនឹងការរុះរើអគារទីបញ្ជាការជួរមុខសន្តិសុខលម្ហសមុទ្រ ដោយភ្ជាប់ទៅនឹងការចុះផ្សាយរបស់កាសែតមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលសរសេរថាកម្ពុជាបានចុះកិច្ចព្រមព្រៀងសម្ងាត់ជាមួយចិនដោយអនុញ្ញាតឱ្យចិន ប្រើប្រាស់ផ្ដាច់មុខនូវមូលដ្ឋានទ័ពរាមរយៈពេល ៣០ ឆ្នាំ និងអាចបន្តជាថ្មីបានរៀងរាល់ ១០ ឆ្នាំម្ដង។
ទោះយ៉ាងណាថ្នាក់ដឹកនាំកម្ពុជាបានច្រានចោទការចោទប្រកាន់នេះជាច្រើនដងរួចមកហើយ និងបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាស្វាគមន៍រាល់ការចូលចតនៃនាវាបរទេសពីគ្រប់ប្រទេសដោយមានការស្នើសុំជាមុន។ កាលពីថ្ងៃទី ១០ វិច្ឆិកា លោក ទៀ បាញ់ ក៏បានបញ្ជាក់ដែរថា ការអភិវឌ្ឍកំពង់ផែយោធារាមនេះ គឺដើម្បីអភិវឌ្ឍសមត្ថភាពរបស់កម្ពុជា បម្រើសេចក្ដីត្រូវការរបស់ខ្លួន និងដើម្បីផលប្រយោជន៍កម្ពុជាសុទ្ធសាធមិនមែនសម្រាប់បម្រើឱ្យអ្នកណាផ្សេងនោះទេ។
លោក ទៀ បាញ់ បញ្ជាក់ថាទីបញ្ជាការជួរមុខ និងអគាររោងជាងជួសជុលនាវានេះទទួលបានការឧបត្ថម្ភពីសហរដ្ឋអាមេរិក និងអូស្រា្តលីដោយប្រទេសទាំង ២ នេះបានជួយឧបត្ថម្ភជួសជុល និងបំពាក់សម្ភារបន្តិចបន្តួច ព្រមទាំងបានផ្ដល់នាវាតូចៗមួយចំនួនដែរ ដើម្បីធ្វើសកម្មភាពនៅសមុទ្រនោះ។ អគារទាំង ២ នេះ មិនមានទីតាំងដាច់ដោយឡែកខ្លួនឯងទេ ហើយបានសុំសាងសង់បណ្ដោះអាសន្ននោះក្នុងមូលដ្ឋានទ័ពរាម។ ប៉ុន្តែដល់ពេលដែលមូលដ្ឋានទ័ពរាមត្រូវធ្វើទំនើបកម្មអគារទាំងនេះត្រូវរើចេញ។
លោកមានប្រសាសន៍ដូច្នេះថា៖ «រឿងនេះយើងអាចថា ជារឿងភាគមួយក៏ថាបានដែរ គឺពាក់ព័ន្ធនឹងការជួយបន្តិចបន្តួចដល់កម្ពុជា ហើយគេបានភ្ជាប់លក្ខខណ្ឌយ៉ាងច្រើនស្អេកស្កះ។ ដូច្នេះខ្ញុំគិតថា ពេលខ្លះក៏ត្រូវរើបម្រះដែរចំពោះលក្ខខណ្ឌខ្លះដែលវាធ្វើឱ្យរាំងស្ទះដល់ដំណើរការអភិវឌ្ឍក្នុងសិទ្ធិ អធិបតេយ្យរបស់ខ្លួន។ យើងធ្វើទៅតាមការសម្រេច ការគិតគូរ និងលទ្ធភាពដែលមាន និងស្វះស្វែងរកបានគឺដើម្បីយើងអភិវឌ្ឍឱ្យរីកចម្រើនទៅតាមតម្រូវការរបស់ជាតិមាតុភូមិដែលមានតម្រូវការឱ្យមានកម្រិតសមត្ថភាពក្នុងការការពារជាតិ អធិបតេយ្យរបស់ខ្លួន។ [ទាំងអស់នេះ] គឺយើងត្រូវតែធ្វើហើយ»។
ពាក់ព័ន្ធនឹងការរុះរើអគាររោងជាងចុងក្រោយនេះ អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជាលោក Chad Roedemeier បានថ្លែងកាលពីថ្ងៃទី ១០ វិច្ឆិកា តាមរយៈអ៊ីមែលថា៖ «យើងពិតជាមានការខកចិត្តដែលអាជ្ញាធរយោធាកម្ពុជាបានវាយកម្ទេចអគារសន្តិសុខលំហសមុទ្រមួយទៀតដែលឧបត្ថម្ភដោយសហរដ្ឋអាមេរិកដោយមិនបានជូនដំណឹង ឬមានការពន្យល់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយថា កម្ពុជានឹងមិនអនុញ្ញាតឱ្យមានវត្តមានយោធាបរទេសអចិន្រៃ្តយ៍ និងផ្ដាច់មុខនៅកន្លែងណាមួយនៅក្នុងប្រទេសនេះទេ ហើយថានាវាពីជុំវិញពិភពលោកនឹងត្រូវបានស្វាគមន៍តាមការស្នើសុំនៅរាម។ យើងសង្ឃឹមថា រដ្ឋាភិបាលនឹងបន្តគោរពតាមគោលជំហរនេះ»។
លោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) យល់ឃើញថា ការសម្ដែងការខកចិត្តរបស់សហរដ្ឋអាមេរិក វាអាស្រ័យទៅលើការយល់ឃើញរបស់អាមេរិក។ ទោះយ៉ាងណា មានតែការសន្ទនាទ្វេភាគី និងការពិគ្រោះយោបល់ទេ ដែលមានសារៈសំខាន់ក្នុងការលើកកម្ពស់ការយល់គ្នាទៅវិញទៅមក។
ពាក់ព័ន្ធនឹងការចោទប្រកាន់ថា កម្ពុជាចុះកិច្ចព្រមព្រៀងសម្ងាត់ជាមួយចិនលោក វណ្ណារិទ្ធ ថ្លែងថា៖ «យើងត្រូវតែធ្វើដំណើរចេញពីពិភពប្រឌិត ឆ្ពោះទៅកាន់ពាក្យពិត។ យើងត្រូវការការពិត និងភ័ស្តុតាងដើម្បីគាំទ្រដល់អំណះអំណាង និងជំហររបស់យើង។
ប្រសិនបើសហរដ្ឋអាមេរិកនៅតែជឿថា កម្ពុជា និងចិនមានកិច្ចព្រមព្រៀងសម្ងាត់មែននោះអាមេរិកគួរតែបង្ហាញភ័ស្តុតាងនោះឱ្យសាធារណជនបានឃើញ។ អ្នកឃ្លាំមើល និងអ្នកវិភាគក្នុងតំបន់មានការចាប់អារម្មណ៍ចង់ឃើញកិច្ចព្រមព្រៀងសម្ងាត់នេះណាស់»។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជាលោក សុខ ទូច បានថ្លែងថា កម្ពុជាគ្រាន់តែជូនដំណឹងទៅសហរដ្ឋអាមេរិកដែលបានជួសជុលអគារទាំងនេះទៅវាគ្រប់គ្រាន់ហើយ ដើម្បីបង្ហាញពីការគោរពដល់ទឹកចិត្តមនុស្សធម៌របស់អាមេរិក។ ប៉ុន្តែកម្ពុជាអាចរុះរើអគារទាំងនោះបានប្រសិនបើវាមិនឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង ព្រោះវាស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា។
ចំពោះការសង្ស័យថា កម្ពុជាមានកិច្ចព្រមព្រៀងសម្ងាត់ជាមួយចិននោះ លោក សុខ ទូច យល់ថា គ្មានកិច្ចព្រមព្រៀងបែបនេះទេ ព្រោះរដ្ឋធម្មនុញ្ញកម្ពុជាមិនអនុញ្ញាតឡើយ។ លោកពន្យល់ថា រាល់កិច្ចព្រមព្រៀងអ្វីមួយត្រូវបានព្រមព្រៀងដោយរដ្ឋាភិបាលដាក់ជូនសភាអនុម័ត។ ដូច្នេះបើសភាមិនបានអនុម័ត រដ្ឋាភិបាលមិនអាចមានកិច្ចព្រមព្រៀងដែលខុសច្បាប់នោះទេ។
លោកថ្លែងដូច្នេះថា៖ «តាមពិតវាជាបញ្ហាភូមិសាស្ត្រនយោបាយដែលអាមេរិកគ្របដណ្ដប់នៅអាស៊ាន។ សូម្បីប្រទេសវៀតណាមដែលជាប្រទេសកុម្មុយនីស្តក៏ជាដៃគូរបស់អាមេរិកដែរ។ ដូច្នេះនៅពេលកម្ពុជាងាកទៅរកចិន វាធ្វើឱ្យអាមេរិកបាត់បង់ភូមិសាស្ត្រនយោបាយ។ គ្មានទាក់ទងអ្វីនឹងរឿងរុះរើអគារទេ»៕