ភ្នំពេញៈ លោក ទៀ បាញ់ ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ និង​មន្ត្រី​យោធា​ជាន់ខ្ពស់​មួយចំនួន​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​កាលពី​ម្សិលមិញ​ឆ្ពោះទៅ​កាន់​ប្រទេស​ចិន​រយៈពេល​ ៥ ​ថ្ងៃ​ ដើម្បី​ចូលរួម​ការប្រកួត​កីឡា​យោធិន​ពិភពលោក​ និង​ពិភាក្សា​លើ​បញ្ហា​សន្តិសុខ​នៅក្នុង​តំបន់ ដើម្បី​លើកកម្ពស់​សន្តិភាព​។


បើ​យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារជាតិ​នៅ​ថ្ងៃទី​ ១៦ ខែ​តុលា​ បាន​ឲ្យ​ដឹងថា ដំណើរ​ទស្សនកិច្ច​នេះ​បាន​ធ្វើឡើង​ដោយសារ​មានការ​អញ្ជើញ​របស់​លោក Wei Fenglhe ក្រុមប្រឹក្សារដ្ឋ និង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ គណៈប្រតិភូ​ក្រៅពី​ចូលរួម​វេទិកា​កីឡា​ហើយ​ក៏​នឹងចូលរួម​វេទិកា​សៀងសាន ប៉េកាំង​លើក​ទី​ ៩ (09 Beijing Xiangshan Forum ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី ២០-២២ ខែ​តុលា ឆ្នាំ​ ២០១៩ នៅ​ទីក្រុង​ប៉េកាំង​។ ​

ប្រតិភូ​កម្ពុជា​ក៏​ចូលរួម​ផងដែរ​ពិធី​បើក​ការប្រកួត​កីឡា​យោធា​ពិភពលោក លើក​ទី​ ៧ ដែល​នឹង​ប្រារព្ធ​នៅ​ថ្ងៃទី​ ១៨ ខែ​ តុលា ឆ្នាំ​ ២០១៩ នៅ​ទីក្រុង អ៊ូហាន (Wuhan) ខេត្ត​ហ៊ូបេ (Hubei) ហើយ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​យោធា​ពិភពលោក​លើក​ទី​ ៧ ​នេះ​រៀបចំ​ឡើង​ក្រោម​ប្រធានបទ «​ការចែករំលែក​មិត្តភាព និង​លើកកម្ពស់​សន្តិភាព​»​។

សេចក្តីប្រកាស​ព័ត៌មាន​បន្តថា បន្ទាប់ពី​ព្រឹត្តិការណ៍​នេះ​គឺ​ប្រតិភូ​នឹងចូលរួម​វេទិកា​សៀងសាន ប៉េកាំង លើក​ទី​ ៩ (9th Beijing Xiangshan Forum) ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​ ២០ ដល់​ថ្ងៃទី​ ២២ ខែតុលា ឆ្នាំ​ ២០១៩ នៅ​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅក្នុង​វេទិកា សៀងសាន លើក​ទី​​ ៩ ​នេះ​សម្តេច​ពិជ័យសេនា ទៀ បាញ់ និង​ចូលរួម​ពិភាក្សា​លើ​ប្រធានបទ​សំខាន់ៗ​ដែល​ពាក់ព័ន្ធ​បញ្ហា​សន្តិសុខ​ក្នុង​តំបន់​។

នៅក្នុង​ឱកាស​នោះ​ដែរ​លោក​ ទៀ បាញ់ ត្រូវបាន​អញ្ជើញ​ឡើង​ថ្លែង​សុន្ទរកថា នៅក្នុង​សម័យប្រជុំ​ពេញអង្គ​ទី ៣ ក្រោម​ប្រធានបទ “​ផលប្រយោជន៍​នៃ​ប្រទេស​តូច និង​មធ្យម និង​សន្តិសុខ​រួមគ្នា​"​ហើយ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ក៏​មាន​ការជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​សមភាគី លោក​ Wei Fenghe ក្រុមប្រឹក្សារដ្ឋ និង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ផងដែរ​។


លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​បាន​ឲ្យ​ដឹងថា ដំណើរ​ទស្សនកិច្ច​នេះ​ជា​ផ្នែក​មួយ​​នៃ​ការពង្រឹង​ និង​ពង្រីក​ទំនាក់ទំនង​ និង​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ចិន​ទៅលើ​វិស័យ យោធា និង ការពារជាតិ​ដែល​នឹង​ជួយ​ឲ្យ​វិស័យ​ការពារ​ប្រទេស​កម្ពុជា​កាន់តែ​មាន​ភាពរីកចម្រើន​។

លោក ភា ថ្លែងថា​៖​ «​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ពិជ័យ​សេនា​នឹង​ធ្វើឲ្យ​ទំនាក់ទំនង​វិស័យ​យោធា និង​ការពារជាតិ​រវាង​ប្រទេស​ទាំង​ ២ កាន់​តែ​ត្រូវបាន​ពង្រឹង​នឹង​ពង្រីក​ទ្វេ​ឡើង​ថែមទៀត​ពីព្រោះ​ថា​យើង​ឃើញថា មួយរយៈ​កន្លងមក​នេះ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​រវាង​ប្រមុខ​ការពារជាតិ​នៃ​ប្រទេស​ទាំង​ ២ និង​រវាង​កងកម្លាំង​យោធា​ ដូច្នេះ​វា​ធ្វើឲ្យ​ទំនាក់ទំនង​នេះ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត និង​ទំនុកចិត្ត​គ្នា​ទៅវិញ​ទៅមក​»​។

លោក​បាន​ការពារ​នូវ​ជំហរ​របស់​ប្រទេស​កម្ពុជា​ដែល​បាន​ពឹង​ផ្អែក​ទៅ​លើ​ប្រទេស​ចិន​ដោយ​ចាត់ទុក​ថា​ប្រទេស​ចិន​គឺជា​ប្រទេស​ដែល​មាន​ឆន្ទៈ ស្មោះត្រង់​នឹង​ប្រទេស​កម្ពុជា​ និង​គោរព​គោលនយោបាយ​កម្ពុជា​ ខណៈ​ដែល​សហរដ្ឋ​អាមេរិក​មិនទាន់​បង្ហាញ​ឆន្ទៈ​ស្មោះត្រង់​មក​លើ​ប្រទេស​កម្ពុជា​ក្នុង​ការលើកកម្ពស់​ទំនាក់ទំនង​ល្អ​នោះ​ទេ ហើយ​ថា​ប្រទេស​កម្ពុជា​តែងតែ​ស្វាគនម៍​ក្នុង​ការពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​នឹង​បណ្តា​ប្រទេស​ផ្សេង​។

លោក​ថ្លែង​ថា​៖ «​តើ​សហរដ្ឋអាមេរិក​ពិតជា​មាន​សុឆន្ទៈ​ និង​មាន​ភាពស្មោះត្រង់​ទំនាក់ទំនង​ជាមួយ​កម្ពុជា​ដែរ​ឬ​ទេ​?

តើ​ពិតជា​មាន​បំណង​ចង់​ជួយ​កម្ពុជា​ពិតប្រាកដ​ដែរឬទេ​? យើង​មិន​ចង់​បង្ក​សត្រូវ​ជាមួយ​មហាអំណាច​ណា​នោះទេ​ហើយ​ប្រសិន​ប្រទេស​ណា​ដែល​គេ​ជួយ និង​ផ្តល់​កិច្ចសហប្រតិបត្តិការ​ល្អ យើង​ពិត​ជា​ត្រូវ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​វិញ​ហើយ​»​។

លោក​ អ៊ូ ច័ន្ទរ័ត្ន បាន​លើកឡើង​ថា​ដំណើរ​ទស្សនកិច្ច​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការពង្រឹង​ទំនាក់ទំនង ហើយ​ថា​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាច​នឹង​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​ចិន​អំពី​បញ្ហានយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ផងដែរ ហើយ​ថា​ទំនាក់ទំនង​ដ៏ល្អ​រវាង​ប្រទេស​កម្ពុជា​ចិន​អាច​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​សហរដ្ឋអាមេរិក​។

លោក អ៊ូ ច័ន្ទរ័ត្ន បាន​ថ្លែង​ផងដែរ​ថា​៖ «​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន​ហើយ​មិន​មាន​ការ​អ្វី​ប្លែក​ទេ​រាល់ពេល​មាន​បញ្ហា ច្រើន​តែ​ឃើញ​មាន​មន្ត្រី​ជាន់ខ្ពស់​ទៅ​ប្រទេស​ចិន ហើយ​អាច​នឹង​មាន​ការជជែក​គ្នា​អំពី​បញ្ហានយោបាយ​ប្រទេស​កម្ពុជា យើង​តែងតែ​ស្រែក​ឲ្យ​ចិន​ជួយ និង​យើង​ពឹងផ្អែក​ចិន​ជា​បង្អែក​របស់​កម្ពុជា​ទាំង​សេដ្ឋកិច្ច និង​នយោបាយ​» ៕