ភ្នំពេញ៖ នាយ​ឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​ឱ្យ​កងកម្លាំង​នគរបាល​នៅ​តាម​គោលដៅ​ទាំង​អស់​ត្រូវ​ក្រោក​ឈរ ដើម្បី​សួរនាំ​អ្នក​ធ្វើ​ដំណើរ និង​ត្រូវ​ប្រើ​ពាក្យ​សម្ដី​ឲ្យ​បាន​សមរម្យ។


ការ​បញ្ជា​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ទទួល​បាន​ការ​សំណូមពរ និង​ការ​ទិតៀន​ពី​ឥរិយាបថ​របស់​កងកម្លាំង​ដែល​កំពុង​ឈរ​នៅ​តាម​បណ្តា​គោលដៅ​មួយ​ចំនួន ដែល​និយាយ​ជាមួយ​នឹង​ប្រជាពលរដ្ឋ​មិន​បាន​ក្រោក​ឈរ​និយាយ​ទេ ហើយ​មាន​ការ​ជំរុញ​ពី​ម្នាក់​ទៅ​ម្នាក់​ដោយ​និយាយ​ជាមួយ​នឹង​ពលរដ្ឋ​ទាំង​អង្គុយ​លើ​កៅអី មិន​ព្រម​ក្រោក​ឈរ​និយាយ។

លោក នេត សាវឿន បាន​និយាយ​តាមរយៈ​សារ​ជា​សំឡេង​នៅ​ថ្ងៃ​នេះ​ថា៖ «អ្នក​ដែល​និយាយ​ជាមួយ​នឹង​ប្រជាពលរដ្ឋ អ្នក​ដែល​និយាយ​ជាមួយ​អ្នក​ធ្វើ​ដំណើរ ត្រូវ​ក្រោក​ឈរ និង​មាន​ឥរិយាបថ​ជា​តម្រួត​ឱ្យ​ច្បាស់​លាស់ ត្រូវ​កែ​សម្រួល​ចំណុច​នេះ​ភ្លាម»។

លោក​បាន​បន្ត​ថា មិន​ត្រូវ​ធ្វើ​ការ​រុញ​ពី​ម្នាក់​ទៅ​ម្នាក់​ទេ ហើយ​អ្នក​ណា​ដែល​ទទួល​ការ​ស្នើ​ពី​ពលរដ្ឋ​ត្រូវ​សុំយោបល់​សម្រេច​ថា តើ​ត្រូវ​ឱ្យ​អ្នក​ដំណើរ​ឆ្លង​កាត់ ឬ​អត់។


លោក នេត សាវឿន បាន​បន្ថែម​ថា អ្នក​ដែល​អង្គុយ គឺ​កុំ​និយាយ​ជាមួយ​គេ អ្នក​អង្គុយ គឺ​សម្រាក អ្នក​ដែល​សម្រេច​កិច្ចការ គឺ​ត្រូវ​ឡើង​ឈរ​និយាយ​ជាមួយ​គេ។ ត្រូវ​ធ្វើ​ការ​កែ​ទម្លាប់​បន្តិច​ម្តងៗ ដោយ​ត្រូវ​ធ្វើ​ឱ្យ​មាន​របៀប​នៃ​កងកម្លាំង ដើម្បី​ចៀសវាង​នូវ​ការ​ទិតៀន៕