កោះកុងៈ លោក​ ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​បាន​អះអាងថា ក្រុម​ការងារ​របស់​លោក​កំពុង​ចុះ​ស៊ើបអង្កេត​ករណី​ឈ្មួញ​ដី​ឈ្មោះ​ ទុន ដៀត ដែលជា​មន្ត្រី​យោធា​ពាក់​ផ្កាយ​២ បាន​លួច​បោះបង្គោល និង​បូម​ខ្សាច់​លុប​ឆ្នេរ ស្ថិត​នៅ​ភូមិ​ស្មាច់ងាម សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។


លោក ស្រស់ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា ក្រោយ​ទទួលបាន​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ​លោក​បាន​ឲ្យ​មន្ត្រី​របស់​លោក​ចុះ​ទៅ​ស៊ើបអង្កេត ដើម្បី​ឲ្យ​ប្រាកដ​ថា ករណី​លួច​បោះបង្គោល និង​បូម​ខ្សាច់​លុប​ឆ្នេរ​ក្នុង​តំបន់​នេះ ជា​ការ​ពិត​ឬ​យ៉ាងណា​។

លោក ស្រស់ បាន​បន្តថា បើ​ករណី​នេះ​ពិតជា​មាន​មែន​នោះ​លោក​នឹង​ចុះទៅ​ដោយផ្ទាល់ ដើម្បី​ជួប​ជាមួយ​អភិបាលខេត្ត​កោះកុង​ដើម្បី​ស្នើ​ឲ្យ​ចាត់​វិធានការ​ចំពោះ​បទល្មើស​នេះ​។

លោក​បន្តថា​៖ «​យើង​នឹង​សុំ​បំភ្លឺ​ពី​អភិបាលខេត្ត ព្រោះ​កាលណា​តែមាន​ការចាក់ដី​លើ​ទីសាធារណៈ មិនមែន​ចេះ​តែ​អាច​ចាក់​បាន​តាមចិត្ត​ទេ ទោះបី​អ្នក​ហ្នឹង​មាន​អំណាច​ប៉ុនណា​ក៏ដោយ ហើយ​បើសិន​ជា​មានការ​ចាក់​បែប​នេះ​មែន តើ​នៅ​ក្នុង​រូបភាព​អ្វី​? ​តើ​ក្នុង​រូបភាព​អភិវឌ្ឍន៍​តំបន់ឆ្នេរ​ ឬ​ទទួល​សិទ្ធិ​អាជីវកម្ម​ដែល​យើង​ចង់ដឹង​ឲ្យ​ច្បាស់​? ព្រោះ​ការចាក់ដី​នេះ​តើ​មាន​ផលប៉ះពាល់​ទ្រព្យសម្បត្តិ​ជាតិ​ដែរឬទេ​»​។


ករណី​ការបោះបង្គោល និង​ចាក់ដី​ខ្សាច់​លុប​ឆ្នេរ​នេះ​លោក​ ស្រស់ សន្និដ្ឋាន​ដំបូង​ថា អាច​នឹង​មានការ​បើកដៃ​ពី​ចៅសង្កាត់ និង​អាជ្ញាធរ​ជំនាញ​នៅក្នុង​ខេត្ត ទើប​បាន​ជា​មាន​ការចាក់​ដី​យ៉ាង​ដូច្នេះ​។ លោក​បន្តថា​៖ «​ប៉ុន្តែ​ផ្ទុយទៅវិញ ខ្លាច​តែ​អាជ្ញាធរ​ពាក់ព័ន្ធ​មាន​ការចូលរួម​បើកដៃ​ឲ្យ​មាន​ការចាក់​នេះ​។ ខ្ញុំ​នឹង​បន្ត​តាមដាន​រឿង​ហ្នឹង​ទៀត​តាម​រូបភាព​ដែល​ប្រជាពលរដ្ឋ​អះអាង​ពិតជា​មាន​ការបោះបង្គោល ចាក់​វាតទី​យក​ដែនសមុទ្រ​ពិតមែន​»​។


លោកស្រី មិថុនា ភូថង អភិបាល​ខេត្តកោះកុង​មិន​អាច​សុំ​ការបញ្ជាក់​ជុំវិញ​ករណី​នេះ​បានទេ ដោយសារ​តែ​ទូរស័ព្ទ​របស់​លោកស្រី​មិន​មាន​អ្នកទទួល​។ ចំណែក លោក ទុន ដៀត ដែល​លោក​ ពេជ្រ ស្រស់ ​អះអាង​ថា មាន​តួនាទី​ជា​ប្រធាន​ច្រក​ទំនាក់ទំនង​ព្រំដែន​កម្ពុជា- ថៃ​ដែល​រង​ការចោទប្រកាន់​មិន​អាច​រក​ប្រភព​ដើម្បី​សុំ​ការបញ្ជាក់​បាន​ទេ​។

ប៉ុន្តែ​បើតាម​លោក នាម យ៉ុង ចៅសង្កាត់​ស្មាច់មានជ័យ​បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​ថា អាជ្ញាធរ​ដែនដី​បាន​ឃុបឃិត​ជាមួយ​លោក​ ទុន ដៀត ឲ្យ​មានការ​បោះបង្គោល និង​បូម​ខ្សាច់​លុប​ឆ្នេរ​ក្នុង​តំបន់​នេះ​។

លោក​អះអាង​ពី​ថ្ងៃ​ពុធ​ថា ដី​នេះ​គឺជា​កម្មសិទ្ធិ​របស់​បុគ្គល​ឈ្មោះ​ ទុន ដៀត ដែលជា​ប្រធាន​ច្រក​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-ថៃ ជាយូរ​ឆ្នាំ​មក​ហើយ ហើយ​សកម្មភាព​ចាក់​ខ្សាច់​នេះ​ទើប​តែ​ត្រូវបាន​ធ្វើ​ក្នុង​អំឡុង​​ ១ ​សប្តាហ៍​នេះ​ប៉ុណ្ណោះ ព្រោះ​ទីតាំង​នេះ​គឺជា​កន្លែង​ស្តុក​ខ្សាច់ ដែល​ដឹក​ចេញ​ពី​កប៉ាល​សម្រាប់​លក់​នៅលើ​ទីផ្សារ​។

លោក​អះអាង​បន្តថា ចំពោះ​បង្គោល​ដែល​បោះ​ចូល​សមុទ្រ​នោះ​គឺ​បាន​បោះ​ចូល​ឡើង​ជាង​ ១ ​ឆ្នាំ​មកហើយ ដើម្បី​បំពាក់​សំណាញ់​ការពារ​សំរាម​។

លោក​បញ្ជាក់ថា​៖ «​មុនដំបូង​បំផុត​ហ្នឹង​គឺ​ចៅហ្វាយស្រុក​ហ្នឹង គេ​ឲ្យ​គាត់​ (​ទុន ដៀត​) ​ដូរ​ទីតាំង ស្តុក​ដីខ្សាច់​សម្រាប់​ទុក​លក់​ហ្នឹង​ពី​ផ្ទះ​របស់គាត់ នៅ​ដងទង់​ហ្នឹង​មក​ដី​នៅ​មាត់សមុទ្រ​ដែល​ជា​កន្លែង​ដី​គាត់​ស្ថិត​នៅ​ស្មាច់មានជ័យ​របស់​ខ្ញុំ​គ្រប់គ្រង​នេះ ហើយ​ដី​នេះ​ក៏​ដី​គាត់​ដែរ​។ ដោយសារ​តែ​ការ​បូម​ខ្សាច់​ចេញ​ពី​កប៉ាល​ហ្នឹង ទុយោ​គាត់​វា​ខ្លី វា​ក៏​ទៅ​ក្បែរ​ទឹក​បន្តិច ហើយ​ខាង​កាសែត​ណា​មិនដឹង គេ​យល់ច្រឡំ​ទៅ​»​។

បើតាម​លោក​ នាម យ៉ុង ដី​ដែល​កំពុង​កាន់កាប់​ដោយ​លោក​ ទុន ដៀត នេះ​គឺមាន​ទំហំ​ជាង​កន្លះ​ហិកតា​នៅ​មាត់សមុទ្រ ស្ថិត​នៅ​ភូមិ​ស្មាច់ងាម សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​៕