មណ្ឌលគីរីៈ សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​ម្នាក់​អះអាង​ពី​ការរក​ឃើញ​ថា អភិបាលខេត្ត​មណ្ឌលគិរី ភូតភរ​កុហក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មាន​ភាពអសកម្ម​ក្នុង​ការរំដោះ​ភ្នំដោះក្រមុំ ដោយ​បណ្តែតបណ្តោយ​ឲ្យ​មាន​ការបើក​ខារ៉ាអូខេ និង​បំពាន​យក​ដី​សង់​វីឡា​ធំៗ​ក្នុង​តំបន់​អភិរក្ស ប៉ុន្តែ​ការ​ចោទប្រកាន់​នេះ​ត្រូវបាន​បដិសេធ​។


ការចោទប្រកាន់​នេះ​ធ្វើឡើង​ក្រោយ​លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​ជា​សមាជិក​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​បេសកកម្ម​ចំនួន​ ៩ ​ថ្ងៃ​ ក្នុង​ខេត្ត​ចំនួន ១០ ដើម្បី​ពិនិត្យ​ស្រាវជ្រាវ​លើ​ពាក្យបណ្តឹង​ចំនួន​ ១៧ ករណី​ ដែល​ពាក់ព័ន្ធ​នឹង​ការរំលោភបំពាន ជិះជាន់ ភូតកុហក​ថ្នាក់ដឹកនាំ ឃុបឃិត​យក​ដី​រដ្ឋ អំពើ​បំពាន​អំណាច និង​ភាព​អសកម្ម​របស់​មន្ត្រី​អ្នក​មានអំណាច និង​អ្នកធំ​។

លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ក្នុង​ដំណើរ​ចុះ​ស្រាវជ្រាវ​រយៈពេល​ ២ ​ថ្ងៃ​ក្នុង​ខេត្ត​មណ្ឌលគិរី ស្ទឹងត្រែង និងខេត្ត​ឧត្តរមានជ័យ​ ក្រុម​ការងារ​ជំនាញ​ ១០ ​រូប​ សហការ​ជាមួយ​មន្ត្រី​លេខាធិការដ្ឋាន​របស់​ឧត្តម​ក្រុមប្រឹក្សា​ ២ ​រូប​ បាន​រក​ភ័ស្តុតាង​ចំពោះ​ការភូតកុហក និង​ភាព​អសកម្ម​របស់​អភិបាល​ខេត្ត​មណ្ឌលគិរី​លោក ស្វាយ សំអ៊ាង ពាក់ព័ន្ធ​នឹង​ករណី​បន្លំ​អង្គហេតុ​ស្ថានភាព​​ភ្នំ​ដោះក្រមុំ​។

លោក​បញ្ជាក់ថា ការស្រាវជ្រាវ​បាន​រកឃើញ​មាន KTV ចំនួន​ ៣ កន្លែង​ នៅតែ​បើក​លើ​ភ្នំ​ដោះក្រមុំ​ដែល​ជា​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ភាគតិច​ស្ថិត​នៅ​ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី និង​មាន​វីឡា​ធំៗ​របស់​អ្នកមាន​លុយ មាន​អំណាច​មួយ​ចំនួន​បាន​សង់​ឡើង​ជាច្រើន​នៅក្នុង​តំបន់​នោះ ហើយ​គ្មាន​ឃើញ​ជនជាតិ​ដើម​ភាគតិច​រស់នៅ​ក្នុង​តំបន់​នោះទេ​។

លោក​បញ្ចាក់​ថា​៖ «​នៅក្នុង​បរិវេណ​នេះ យើង​ឃើញ​មាន​តែ​ខារ៉ាអូខេ កន្លែង​កម្សាន្ត ផ្ទះសំណាក់ អត់​មាន​កន្លែង​ជនជាតិ​ភាគតិច​អី​នៅលើ​ហ្នឹង​ទេ​។ អ៊ីចឹង ជា​ការភូតភរ​របស់​អភិបាលខេត្ត​ដែល​បាន​អះអាង​នៅ​ចំពោះមុខ​សម្តេច ជាក់ស្តែង​ខ្លាំង​តែ​ម្តង​។ ជា​ទីកន្លែង​សក្ការបូជា មិន​សម​ណា​ទៅ​ធ្វើ​កន្លែង​ខារ៉ាអូខេ​ទេ​»​។


លោក ស្វាយ សំអ៊ាង អភិបាល​ខេត្ត​មណ្ឌលគិរី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ដោយ​បដិសេធ​ចំពោះ​ការចោទប្រកាន់​នេះ​ថា អាជ្ញាធរ​ខេត្ត​មិន​បាន​ភូតភរ​នោះ​ទេ ចំពោះ​ករណីនេះ​រដ្ឋបាលខេត្ត​បាន​សហការ​គ្នា​ជាមួយ​ក្រសួង​​វប្បធម៌ ក្រសួង​រៀបចំ​ដែនដី និង​អាជ្ញាធរ​គ្រប់​ថ្នាក់ ធ្វើការ​ដោះស្រាយ​ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌​ប្រកប​ដោយ​គោលការណ៍​ដូច្នេះ​មិនអាច​ដោះស្រាយ តាម​ការចង់​បាន​របស់​បុគ្គល​ ឬ​ក្រុម​ណាមួយ​នោះទេ​។

លោក​បញ្ជាក់ថា​៖ «​រឿង​ហ្នឹង ឲ្យ​គាត់​មក​ជួប​ខ្ញុំ មិនមែន​ចេះ​តែ​ធ្វើការ​ស្រាវជ្រាវ​មួយ​ជ្រុង​ទេ​។ គាត់​ដឹង​ហើយ​តើ ការប្រជុំ​ឧត្តម​ក្រុមប្រឹក្សា ត្រីមាស​ទី​ ២ គាត់​ដឹង​ហើយ​តើ តែ​ឥឡូវ​កុំ​និយាយ​រឿង​ហ្នឹង​។ អ្នក​ដែល​ដឹង អ្នក​ដែល​ដោះ អ្នក​ធ្វើការងារ​ហ្នឹង​បាន​ដោះ​បាន បាន​យល់​»​។

តាម ស.ជ.ណ របស់​រាជរដ្ឋាភិបាល​ក្នុង​ឆ្នាំ ២០០៤ បាន​កំណត់ថា មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​លើ​ភ្នំ​ដោះក្រមុំ​គឺ​មាន​ទំហំ​ផ្ទៃដី​សរុប ១០២ ហិកតា​ ដែល​លាតសន្ធឹង​ចាប់ពី​ជើងភ្នំ ចង្កេះភ្នំ និង​ដល់​កំពូលភ្នំ​។

ប៉ុន្តែ​លោក គ្រើង តុលា លេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិដើម​ភាគតិច​ភ្នំ​ដោះក្រមុំ​បាន​អះអាង​ថា បច្ចុប្បន្ន​រដ្ឋបាល​ខេត្ត​បានស្នើ​ជាថ្មី​លើ​ផ្ទៃ​ដីភ្នំ​ដោះ​ក្រមុំ​នេះ​ចំនួន​ត្រឹម​ ៨៥ ​ហិកតា​ប៉ុណ្ណោះ​ ហើយ​ក្នុងនោះ​ពិតជា​មាន​អ្នកមាន​លុយ មាន​អំណាច​ជាង ៨០ ​គ្រួសារ​ បាន​សង់​វីឡា កន្លែង​កម្សាន្ត​ពិតមែន​។

លោក តុលា ថ្លែង​ថា​៖ «​ខ្ញុំ​ឯកភាព​ទៅលើ​ការរកឃើញ​របស់​គណបក្ស​នេះ ប៉ុន្តែ​សុំ​ឲ្យ​គាត់​សិក្សា​ស្រាវជ្រាវ​ហេតុផល​ពី​ដើមទី​ដែល​ថ្នាក់ដឹកនាំ​ណា​បាន​បណ្តែតបណ្តោយ​ឲ្យ​មាន​ការរំលោភបំពាន​បែបនេះ​។ ការបាត់បង់​ដីធ្លី និង​ការសាងសង់​ខារ៉ាអូខេ​នេះ​មិនមែន​ជំនាន់​លោក​អភិបាល​ថ្មី​នេះ​ទេ​។

តាម​ខ្ញុំ​ឃើញ​ គឺ​មាន​តាំងពី​ជំនាន់​អភិបាល​ចាស់ៗ​គឺ​លោក ចាន់ យឿន និង​លោក​ អេង ប៊ុនហ៊ាង បាន​បាត់​ដី​ច្រើន​ទៅ​ហើយ​។ ខ្ញុំ​មិន​កាន់ជើង​ខាង​ណា​ទេ ប៉ុន្តែ​ថ្ម​បាក់​នេះ​បាន​ធ្លាក់​មក​លោក ស្វាយ សំអ៊ាង ដែល​ធ្វើឲ្យ​លោក​ពិបាក​ក្នុង​ការដោះស្រាយ ព្រោះ​ថ្នាក់ដឹកនាំ​ពីមុន​បាន​លក់ ឬ​អនុញ្ញាត​ឲ្យ​គេ​សាងសង់​»​។

លោក គ្រើង តុលា បាន​ឲ្យ​ដឹងថា តំបន់​រមណីយដ្ឋាន​ភ្នំ​ដោះ​ក្រមុំ​មិន​មាន​ជនជាតិ​ដើម​រស់នៅ​នោះទេ​ព្រោះតែ​តាម​អបិយ​ជំនឿ ក្រុម​ជនជាតិ​ដើម មិន​ហ៊ាន​រស់នៅ​ក្នុង​បរិវេណ​នេះនោះ​ទេ ព្រោះ​ពួកគេ​ជឿថា កន្លែង​នេះ​គឺ​តំបន់​ស័ក្ដិសិទ្ធិ លុះត្រា​តែមាន​ពិធី​សាសនា ទើប​ជនជាតិ​ដើម គាត់​ឡើង​មក​ធ្វើ​ពិធី​នៅ​ភ្នំ​នេះ ហើយ​កន្លែង​ដែល​ជនជាតិ​ដើម​ហ៊ាន​រស់នៅ​គឺ​នៅ​ចម្ងាយ​ប្រមាណ ២ ​ទៅ ៣ ​គីឡូម៉ែត្រ​ពី​តំបន់ភ្នំ​ដោះក្រមុំ​៕