ភ្នំពេញៈ លោក​ ស៊ុន ចាន់ថុល ​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ភ្នំពេញ​ប្រើប្រាស់​សេវា​ធ្វើដំណើរ​សាធារណៈ​ (​រថយន្ត​ក្រុង​) ​ដែល​មាន​ស្រាប់ ជាជាង​ប្រើប្រាស់​រថយន្ត​ផ្ទាល់ខ្លួន​ដែល​នាំ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ណែនណាន់​តាន់តាប់ នាពេល​បច្ចុប្បន្ន​។


លោក ស៊ុន ចាន់ថុល ថ្លែង​បែបនេះ​នៅក្នុង​វេទិកា​សំណេះសំណាល​ស្តីពី​ «​ចល័តភាព​ (​ការធ្វើ​ដំណើរ​) ​ក្នុង​ទីប្រជុំជន​» ​ដែល​ធ្វើឡើង​កាលពី​ម្សិលមិញ​ដោយមាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល អ្នកជំនាញ ក្រុមហ៊ុន​ឯកជន និង​សង្គម​ស៊ីវិល ប្រមាណ​ជិត​ ១០០ ​នាក់​។

វេទិកា​ដែល​ធ្វើឡើង​នៅ​សណ្ឋាគារ​រ៉ាហ្វែលឡឺរ៉ូយ៉ាល់​នេះ គឺ​ពិភាក្សា​ស្តីពី​ចល័តភាព​ក្នុង​ទីប្រជុំជន ដើម្បី​រួមគ្នា​ស្វែងរក​គំនិត​យោបល់ និង​វិធី​ល្អៗ​ក្នុង​ការទទួល​បាន​នូវ​បច្ចុប្បន្នភាព​អំពី​ការអនុវត្ត និង​បច្ចេកវិទ្យា​ចុងក្រោយ​ដែល​ប្រទេស​ជឿនលឿន​ក្នុង​តំបន់​ប្រើប្រាស់​នៅក្នុង​ការចល័តភាព​នៅ​តំបន់​ទីក្រុង ដែល​ធ្វើឱ្យ​កាន់តែ​មាន​សុវត្ថិភាព​កាន់តែ​មិន​ប៉ះពាល់​បរិស្ថាន និង​កាន់តែ​ប្រកបដោយ​បរិយាប័ន្ន​។

លោក Nick Beresford ​អ្នកតំណាង UNDP បាន​ទទួល​ស្គាល់​ថា តួនាទី​ជា​មូលដ្ឋាន​នៃ​ការដឹកជញ្ជូន​ប្រកប​ដោយ​ចីរភាព ដើម្បី​សម្រេច​ឱ្យបាន​នូវ​អនាគត​ដែល​គ្រប់គ្នា​ចង់បាន ឬ​គម្រោង​ SUMAI (​សម័យ​) គឺជា​គម្រោង​មួយ​ដែល​គាំទ្រ​ដល់​បច្ចេកវិទ្យា​ដឹកជញ្ជូន​នៅ​តំបន់​ទីក្រុង​ប្រកប​ដោយ​ចីរភាព​ដែលមាន​លក្ខណៈ​រួមបញ្ចូល​គ្នា​តាមរយៈ​ការពង្រឹង​សមត្ថភាព​ជាតិ និង​ការពង្រឹង​ប្រព័ន្ធ​នៃ​ការគ្រប់គ្រង​។


លោក​បន្តថា កិច្ចសហការ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​និង UNDP បង្ហាញ​ឱ្យ​ឃើញ​នូវ​ពហុវិស័យ ចំពោះ​ការដោះស្រាយ​បញ្ហា​ប្រឈម​ទាក់ទង​នឹង​ការអភិវឌ្ឍ​ដូចជា​បញ្ហា​ចល័តភាព​នេះ​ជាដើម​។


លោក​បញ្ជាក់ថា​៖ «​ស្របពេល​ជាមួយ​គ្នា​នោះ​ក៏​ជំរុញ​ឱ្យ​មាន​នវានុវត្តន៍​នៅក្នុង​បច្ចេកវិទ្យា​ដឹកជញ្ជូន​វៃឆ្លាត​សំដៅ​ពន្លឿន​វឌ្ឍនភាព លើ​បញ្ហា​សុវត្ថិភាព និង​ចល័តភាព​សម្រាប់​ទាំងអស់​គ្នា​ផងដែរ​»​។

លោក ស៊ុន ចាន់ថុល ​ថា​ការប្រើប្រាស់​យានយន្ត​ផ្ទាល់ខ្លួន​របស់​ប្រជាពលរដ្ឋ​ក្នុង​ទីប្រជុំជន​ដ៏ច្រើន​លើសលប់​បាន​ធ្វើឲ្យ​ចរាចរណ៍​នៅ​ភ្នំពេញ​មាន​ការកកស្ទះ​ណែន​តាន់តាប់​ដែល​ពិបាក​ក្នុងការ​ដោះស្រាយ​។ ដូច្នេះ​លោក​ថា ស្រប​ពេល​ដែល​កម្ពុជា​កំពុង​បន្ត​ការសិក្សា​លើ​គម្រោង​ផ្លូវ​ថ្មីៗ ដូចជា​ផ្លូវ​រថភ្លើង និង​ផ្លូវ​ក្រោម​ដី រួមទាំង​សេវា​ធ្វើ​ដំណើរ​តាមផ្លូវ​ទឹក​នោះ​លោក​ជំរុញ​ឲ្យ​ពលរដ្ឋ ចូលរួម​ប្រើប្រាស់​សេវា​ធ្វើ​ដំណើរ​សាធារណៈ​ដែល​មាន​ដូចជា​ឡានក្រុង​ជាដើម​។

លោក​បញ្ជាក់ថា​៖ «​ស្នើសុំ​ឲ្យ​បងប្អូន​យើង​ទាំងអស់​គ្នា​ប្រើប្រាស់​ការដឹកជញ្ជូន​រួមគ្នា​ដូចជា​ឡានក្រុង​អ៊ីចឹង​។ ប៉ុន្តែ​យើង​ត្រូវធ្វើ​ម៉េច​ឲ្យ​ឡានក្រុង​របស់​យើង​ទៅ​ (​ធ្វើដំណើរ​) ​បាន​លឿន កុំ​ឲ្យ​មាន​ការកកស្ទះ​។ ការដាក់​ឲ្យ​មាន​គន្លង​ពិសេស​សម្រាប់តែ​ឡានក្រុង​ហ្នឹង​ជា​ការសំខាន់​ណាស់ និង​ធ្វើយ៉ាងណា​ឲ្យ​មាន​កន្លែង​ចត​កាន់តែ​ច្រើន និង​រត់​បាន​ច្រើន​ខ្សែ​»​។

បើ​តាម​លោក ចាន់ថុល នៅ​ភ្នំពេញ​មាន​យានយន្ត​គ្រប់​ប្រភេទ​ប្រមាណ ១ ​លាន​ ៨ សែន គ្រឿង ដោយ​ក្នុង​នោះ​កន្លះ​លាន​ជា​ប្រភេទ​រថយន្ត ហើយ​មាន​ជិត ៤ ​ម៉ឺន​គ្រឿង​ ជា​ប្រភេទ​កង់​ ៣ និង​ក្រៅពី​នោះ​គឺជា​ម៉ូតូ​ដែល​ក្នុង​ ១ ​ឆ្នាំៗ កំណើន​នៃ​ការប្រើប្រាស់​ម៉ូតូ​មាន​ប្រមាណ ៣០ ម៉ឺន​គ្រឿង​។

លោកស្រី Penny Low សមាជិក​សភា​សិង្ហបុរី និង​ជា Founder of Social Innovation Park Ltd បាន​ថ្លែង​ថា​ប្រទេស​ជឿនលឿន​ក្នុង​តំបន់​មួយ​ចំនួន គេ​បាន​វិវឌ្ឍ​ខ្លួន​ទៅ​កាន់​បច្ចេកវិទ្យា​កាន់តែ​ទំនើប​ជាមួយ​នឹង​សេវា​ធ្វើ​ដំណើរ​សាធារណៈ​នៅតាម​ទីប្រជុំជន​។ លោកស្រី​បន្ត​ថា ​មិន​ខុសគ្នា​នេះដែរ រាជធានី​ភ្នំពេញ​គឺជា​ទីក្រុង​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​សក្តានុពល និង​ជា​ទី​អំណោយផល​សម្រាប់​ធ្វើការ​អភិវឌ្ឍ​ឲ្យ​ក្លាយ​ទៅ​ជា​ទីក្រុង​ឆ្លាត​វៃ​មួយ​។

លោកស្រី​ថ្លែងថា​៖ «​ខ្ញុំ​គិតថា ដូច​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល មាន​គំនិត​ផ្តួចផ្តើម​នេះ​អាច​ធ្វើឲ្យ​ប្រសើរឡើង​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​នេះ​។ ដូច​យើង​បាន​ដឹង​ហើយ​ការធ្វើ​ដំណើរ​រួមគ្នា​ជាមួយ​នឹង​សេវា​ដឹកជញ្ជូន​សាធារណៈ​គឺ​វា​ប្រសើរ​ជាង​ការធ្វើ​ដំណើរ​តាម​យានយន្ត​តែម្នាក់ឯង​»៕

វីដេអូ៖