ភ្នំពេញ: លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ឲ្យ​មន្ត្រី​ជំនាញ​ចាត់វិធានការ​បិទ​យានដ្ឋាន​កែច្នៃ​ដំឡើង​យានយន្ត​ខុស​បច្ចេកទេស​ និង​ខុសច្បាប់​នៅ​ទូទាំង​ប្រទេស​ឲ្យ​អស់​នៅ​ចុង​ឆ្នាំង​ ២០១៩ ​នេះ​ព្រោះ​យានយន្ត​ទាំងនោះ​តែងតែ​បង្ក​គ្រោះថ្នាក់ និង​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​សុវត្ថិភាព​ចរាចរណ៍​។


ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​រយៈពេល​ ១០ ​ខែ​ ឆ្នាំ​ ២០១៩ កាលពី​ថ្ងៃទី​ ៣ ខែធ្នូ នៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន​ថ្លែង​ទៅកាន់​មន្ត្រី​ឲ្យ​ដឹងថា អាជ្ញាធរ​រាជធានី​ត្រូវ​សហការ​គ្នា​ជាមួយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី-ខេត្ដ ត្រូវ​ចុះ​ត្រួតពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​គ្រប់​យានដ្ឋាន​​ជួសជុល និង​ដំឡើង​រថយន្ត​ទាំងអស់​ឲ្យ​បាន​នៅ​ដំណាច់​ឆ្នាំ​ ២០១៩​។

លោក ស៊ុន ចាន់ថុល បាន​ថ្លែងថា​៖ «​នៅត្រឹម​ឆ្នាំ​ ២០២០ ​នេះ​គ្រប់​យានដ្ឋាន​ជួសជុល ឬ​យានដ្ឋាន​កែច្នៃ​ដំឡើង​យានយន្ដ​ទាំងអស់​គឺ​ត្រូវតែ​មាន​ច្បាប់​ត្រឹមត្រូវ ហើយ​នៅពេល​នេះ​យើង​គួរតែ​គិតគូរ​បិទ​កន្លែង​យានដ្ឋាន​ជួសជុល និង​កែច្នៃ​យានយន្ដ​ឲ្យ​អស់​តែម្ដង​នៅក្នុង​ឆ្នាំ​នេះ យើង​មិន​ចង់បាន​របាយការណ៍ ឬ​រាយការណ៍​មក​ថា នៅតែ​បន្ដ​មាន​យានដ្ឋាន​ជួសជុល ឬ​យានដ្ឋាន​កែច្នៃ​ដំឡើង​យានយន្ដ​អត់​ច្បាប់​កើត​មាន​ឡើង​តែ​ដដែលៗ​នោះទេ​»​។

លោក ម៉ឹង យូឡេង ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កណ្តាល​បាន​ថ្លែងថា កិច្ចការ​នេះ​លោក និង​ក្រុមការងារ​បាននិង​កំពុង​ធ្វើជា​ហូរហែ​កន្លងមក ហើយ​កំពុង​តែ​បន្ត​ចុះបង្ក្រាប​ទៀត ព្រោះ​មាន​ការគាំទ្រ​ពី​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​រួមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​។


លោក យូឡេង ថ្លែងបន្តថា ការបង្ក្រាប​យានដ្ឋាន​ជួសជុល និង​កែច្នៃ​យានយន្ត​ខុសច្បាប់ និង​ការជួសជុល​យានយន្ត​មិន​ត្រឹមត្រូវ​នៅ​ខេត្តកណ្ដាល​រហូត​មក​ដល់​ពេលនេះ​សម្រេច​បាន​ជិត ៩០ ​ភាគរយ​ហើយ ដោយ​កំពុង​ស្រាវជ្រាវ​បន្តទៀត ដើម្បី​ឈាន​ទៅ​លុបបំបាត់​កន្លែង​ជួសជុល និង​កែច្នៃ​យានយន្ត​ខុសច្បាប់​ទាំង​ស្រុង​។


លោក យូឡេង ថ្លែងថា​៖ «​ខ្ញុំ​គាំទ្រ​ប្រសាសន៍​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ហើយក៏​កំពុង​អនុវត្ត​យ៉ាង​ល្អ​ដែរ​។ កន្លងមក​ខ្ញុំ​បាន​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ចុះបង្ក្រាប​ទីតាំង​ជួសជុល និង​កែច្នៃ​យានយន្ត​ខុសច្បាប់ ព្រោះ​ការកែច្នៃ​ខុសច្បាប់​នេះ បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ផ្សេងៗ ជាពិសេស​កែច្នៃ​ដឹកទំនិញ​ឲ្យ​បាន​ច្រើន​ធ្វើឲ្យ​ខូច​ផ្លូវ​ផងដែរ ដូច្នេះ​ចំណាត់​កាល​នេះ​យើង​ត្រូវតែ​អនុវត្ត​ជានិច្ច​»​។

លោក សេក ឈួន ម្ចាស់​យានដ្ឋាន​ជួសជុល​រថយន្ត​ឈ្មោះ សេក ឈួន នៅ​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​បាន​ថ្លែង​ថា លោក​គាំទ្រ​ចំណាត់ការ​របស់​សមត្ថកិច្ច​ដែល​ចាប់ផ្ដើម​បង្ក្រាប​យានដ្ឋាន​ជួសជុល​គ្មាន​ច្បាប់ និង​យានដ្ឋាន​កែច្នៃ​រថយន្ត​ខុសច្បាប់​ទូទាំង​​ប្រទេស ដោយ​លោក​ជំរុញ​ឲ្យ​ចាត់វិធានការ​ឲ្យ​មាន​តម្លាភាព ឬ​ស្មើភាព​គ្នា​។

លោក​បញ្ជាក់ថា​៖ «​យានដ្ឋាន​របស់ខ្ញុំ​បាន​ចុះបញ្ជី​រួចរាល់​ហើយ ដោយ​បម្រើ​សេវាកម្ម​ផ្នែក​ជួសជុល ត​ប្រព័ន្ធ​ភ្លើង និង​ជួសជុល​ម៉ាស៊ីនត្រជាក់​។ ខ្ញុំ​គាំទ្រ​ឲ្យ​ចាត់វិធានការ​ចំពោះ​យានដ្ឋាន​ដែល​គ្មាន​ច្បាប់ ឬ​ការកាត់ត​រថយន្ត​ខុស​បច្ចេកទេស​ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នៅលើ​ផ្លូវ​»​។

លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែងថា លោក​គាំទ្រ​ឲ្យ​មាន​ការអនុវត្ត​ច្បាប់ ដោយសារ​រថយន្ត​ដែល​បាន​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ភាគច្រើន​ងាយ​នឹង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ និង​អាចមាន​ហានិភ័យ​កើតឡើង​នៅលើ​ដងផ្លូវ​។

លោក​បញ្ជាក់ថា​៖ «​រឿង​ហ្នឹង​យើង​ត្រូវតែ​ចាត់វិធានការ ព្រោះ​បើ​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស វា​បង្ក​គ្រោះថ្នាក់​នានា​ដល់​អ្នក​ធ្វើ​ដំណើរ​ផ្សេងៗ​ទៀត ជាពិសេស​ដឹក​លើស​ទម្ងន់​បណ្ដាល​ឲ្យ​ខូច​ផ្លូវ​ដែរ ហើយ​ប្រសាសន៍​ឯកឧត្តម​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល នេះ គឺ​មិនមាន​អ្វី​ចម្លែក​ទេ បើ​មាន​អ្នក​កែច្នៃ​រថយន្ត​ខុស​បច្ចេកទេស​ត្រូវតែ​ដាក់ទោស​តាមច្បាប់ បើ​មាន​អ្នកបើក​យានដ្ឋាន មិន​សុំច្បាប់​ក៏​ត្រូវតែ​ដាក់ទោស​ដែរ ព្រោះ​វា​ជា​ច្បាប់​បានកំណត់​»​។

តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​យានដ្ឋាន​ជួសជុល និង​យានដ្ឋាន កែច្នៃ​ដំឡើង​យានយន្ដ​សរុប​ចំនួន​ ៣ ៥៥៦ ​កន្លែង ​មាន​ច្បាប់​អនុញ្ញាត​ចំនួន​ ២ ៧៩៥ កន្លែង និង​គ្មាន​ច្បាប់​អនុញ្ញាត​ចំនួន​ ៧៦១ កន្លែង​ ក្នុង​នោះ​យានដ្ឋាន​ជួសជុល​មាន​ចំនួន​សរុប ៣ ២៨១ ​កន្លែង ​មាន​ច្បាប់​អនុញ្ញាត​ចំនួន ២ ៥៤១ ​កន្លែង និង​គ្មាន​ច្បាប់​ចំនួន ៧៤០ ​កន្លែង​។ រីឯ​យានដ្ឋាន​កែច្នៃ​ដំឡើង​មាន​ចំនួន​សរុប ២៧៥ ​កន្លែង ដោយមាន​ច្បាប់​អនុញ្ញាត​ចំនួន​ ២៥៤ ខណៈ​គ្មាន​ច្បាប់​ចំនួន​ ២១ ​កន្លែង​៕

វីដេអូ៖