លោ​ក ស ខេង៖ អ្នក​ហៅ «របប​លោក​ហ៊ុនសែន» គឺ​បាន​មាក់​ងាយ​អ្នក​បោះ​ឆ្នោត​

Content image - Phnom Penh Post
លោ​ក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំនាពេលកន្លងមក។ ផា លីណា

ភ្នំពេញៈ លោ​ក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កាលពី​ម្សិលមិញ​បាន​ថ្លែង​នៅ​ក្នុង​ជំនួប​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាង ២០០ ស្ថាប័ន ដោយ​បាន​រិះគន់​ទៅ​លើ​បុគ្គល​នយោបាយ​ឬ​ស្ថាប័ន​សារ​ព័ត៌មាន​ខ្លះ​ដែល​បាន​កំពុង​ប្រើ​ពាក្យ «របប​ក្រុងភ្នំពេញ» «របប​លោក​ហ៊ុន សែន» ជំនួស​ឲ្យ​ពាក្យ​ផ្លូវការ «រាជរដ្ឋាភិបាល​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា» ដែល​បញ្ហា​នេះ​កំពុង​មើល​ងាយ​ដល់​ពលរដ្ឋ​កម្ពុជា​ប្រមាណ​ជាង ៨៣% ដែល​បាន​ចេញ​ទៅ​បោះ​ឆ្នោត ហើយ​បំណង​លាប​ពណ៌​ឲ្យ​រាជ​រដ្ឋាភិបាល​នេះ​កើត​ឡើង​មិន​ស្រប​ច្បាប់។

នៅក្នុង​វេទិកា​ស្តីពី​ភាពជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​លើក​ទី ២ ធ្វើ​នៅ​ថ្ងៃ​ទី ១៧ ខែ​មករា ឆ្នាំ ២០១៩ នៅ​ក្នុង​ក្រសួង​មហាផ្ទៃ លោក​ ស ខេង​ថ្លែង​ថា៖ «សព្វថ្ងៃ​យើង​មាន​រាជ​រដ្ឋាភិបាល​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា រាជ​រដ្ឋាភិបាល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​និង​ដោយសារ​របប​យើង​ជា​របប​រាជា​និយម​អាស្រ័យ​រដ្ឋ​ធម្មនុញ្ញ​អ៊ីចឹង​គេ​ដាក់​ឈ្មោះ​ថា រដ្ឋាភិបាល​សព្វថ្ងៃ​នេះ​ជា​រាជ​រដ្ឋាភិបាល​នៃ​ព្រះរាជា​ណាចក្រ កម្ពុជា​ប៉ុន្តែ​មាន​អ្នក​ប្រើ​ពាក្យ​ថា មិន​មែន​រាជ​ដ្ឋាភិបាល​ទេ គាត់​ប្រើ​ពាក្យ​ថា «របប​ក្រុង​ភ្នំពេញ» «របប​ហ៊ុន សែន» តាម​ខ្ញុំ​យល់ ដ៏​ស្តួច​ស្តើង​របស់​ខ្ញុំ ខ្ញុំ​គិតថា​ការ​ប្រើ​ពាក្យ​បែប​នេះ ហាក់បី​ដូចជា​រមៀល​ទៅ​រក​ការ​កំណត់​ថា របប​នេះ រាជ​រដ្ឋាភិបាល​នេះ គឺ​មិន​ស្រប​ច្បាប់ រដ្ឋាភិបាល​ខុស​ច្បាប់»។

លោ​ក​ ស ខេង បាន​អះអាង​ផងដែរ​ថា អ្នក​ដែល​ហៅថា របប​ក្រុង​ភ្នំពេញ ត្រូវ​គិត​ពី​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​ជាង ៨៣% បាន​ចេញ ទៅ​បោះ​ឆ្នោត ហើយ​ប្រសិន​បើ​ពលរដ្ឋ​មិន​ឲ្យ​តម្លៃ​នោះ​ទេ គឺ​ពួក​គាត់​មិន​ទៅ​បោះ​ឆ្នោត​ឡើយ ហើយ​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​កក្កដា ឆ្នាំ ២០១៨ គឺ គ្មាន​អំពើ​ហិង្សា ដោយ រលូន​បើ​ទោះបី​ជា​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​បាន​លើក​ឡើង​ពី​បញ្ហា​នៅ​កម្ពុជា ប៉ុន្ដែ​ពួកគេ​ក៏បាន​សាទរ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គ្រប់គ្រង​រាជ​រដ្ឋាភិបាល​អាណត្តិ​ទី ៦ ដើម្បី​ត្រៀម​ខ្លួន​ធ្វើការ​ជាមួយ​គ្នា​ផង​ដែរ ហើយ​ឥឡូវ​នេះ​ប្រទេស​កម្ពុជា​បាន និង​កំពុង​ធ្វើការ​ជាមួយ​ប្រទេស​ទាំង​នោះ។

លោ​ក ស ខេង បាន​ថ្លែងថា៖ «ការប្រើ​ពាក្យ​នេះ​វា​ធ្ងន់​ដែរ របប​ក្រុង​ភ្នំពេញ ពាក្យ​ថា របប​នេះ ដែល​នាំ​ឲ្យ​យើង​ភាគ​ច្រើន​គឺ​យើង​អ្នក​ប្រជាធិប​តេយ្យ ជា​អ្នក​សេរី​និយម​អ៊ីចឹង ក៏ប៉ុន្ដែ​ដល់​យើង (ពួកគេ) ប្រើ​ពាក្យ​នេះ​មក​មានន័យ​ថា ហាក់​ដូចជា​មិន​គោរព ឆន្ទៈ​ប្រជា​ពលរដ្ឋ អ៊ីចឹង​ផ្ទុយ​ពី​ការ​យើង​កំណត់។ ខ្ញុំ​និយាយ​បែប​នេះ ខ្ញុំ​មិន​ចង់​និយាយ​ថា សុំ​ឲ្យ​ឈប់​ទេ នេះ​ជា​សេរីភាព​របស់​ខ្ញុំ ក៏​ប៉ុន្ដែ​នេះ ខ្ញុំ​គ្រាន់​តែ​បក​ស្រាយ តាម​ការ​យល់​ឃើញ​ស្តួច​ស្តើង​របស់​ខ្ញុំ​ប៉ុណ្ណោះ»។

លោក​ សំបូរ មា​ណា​រ៉ា សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ បាន​អះអាងថា ការប្រើ​ពាក្យ​ទាំង​នោះ​គ្រាន់​តែ​និយាយ​អំពី​ដំណើរ​ការ​នៃ​ការ​វិវឌ្ឍ​នៃ​ការ​គ្រប់គ្រង នយោបាយ នៃ​រដ្ឋាភិបាល​របស់​ប្រទេស​ណាមួយ​ដែល​គេ​មិន​ពេញ​ចិត្ត​ហើយ​ពាក្យ​នេះ​ត្រូវ​បាន​គេ​ប្រើប្រាស់​តាំង​ពី ដើម​ផង​ដែរ ហើយ​ដូចជា​របប​ប៉ុល ពត ហើយ​ក៏​គេ​អាច​និយាយ​ថា របប​ក្រុង​វ៉ាស៊ីនតោន របប​ក្រុង​តូក្យូ ឬ​របប​ទីក្រុង​ប៉េងកាំង​បាន​ដែរ។

លោក មា​ណា​រ៉ា ថ្លែងថា៖ «អ្នក​ដែល​លើកឡើង​ពីរ​បប​ហ្នឹង​គេ​គ្រាន់តែ​និយាយ​គោល​ដៅ​ក្នុង​ការ​បង្ហាញ​អំពី​សម័យ​នៃ​អន្តរកាល នៃ​រដ្ឋាភិបាល​ណាមួយ​ក្នុង​សម័យ​កាល​នីមួយៗ​តែ​ប៉ុណ្ណោះ ដូច្នេះ​វា​មិន​មែន​ជា​ការ​ទាស់​ខុស​អ្វី​ទេ ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​ក៏មាន​និយាយ ក៏​ធ្លាប់​និយាយ​ពីរ​បប​ដែរ ដូចជា​របប​ទីក្រុង​ហាណូយ របប​ទីក្រុង ប៉េកាំង​ដូច្នេះ​វា​ជា​តម្លៃ នៃ​ការ​ប្រើប្រាស់ សម្រាប់ បញ្ជាក់​អំពី​ក្រុម​នៃ​រដ្ឋាភិបាល​គ្រប់គ្រង​នៃ​ប្រទេស​ណាមួយ»។

លោក​បញ្ជាក់ថា៖ «ចំពោះ​ខ្ញុំ​យល់ឃើញថា សំខាន់​លើ​ពាក្យ ក៏ប៉ុន្តែ​ពាក្យ​ដែល​យើង​និយាយ​នេះ​មិន​មែន​មាន​ការ​មាក់​ងាយ វា​គ្រាន់​តែ​បង្ហាញ​ការមិន​ពេញចិត្ត បើ​យើង​និយាយ​អំពី​លក្ខណៈ​នៃ​ការ​ប្រើ​ពាក្យ​គឺថា វា​អត់​មាន​ការ​ខុស​ឆ្គង​ទេ​តែ​គ្រាន់​តែ​អត្ថន័យ​នៃ​គំនិត​នៃ​អ្នក​ប្រើ​នោះ​យក​ទៅ​ប្រើ​ទេ»។

លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ថ្លែង​កាលពី​ម្សិលមិញ​ដោយ​យោង​តាម​ការ​សង្កេត បាន​មើល​ឃើញ​ថា អ្នក​ដែល​បាន​កំពុង​ប្រើ​ភាសា​បែប​នោះ​មាន​ដូចជា អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន ឬ​អ្នក​វិភាគ​មួយ​ចំនួន លោក​ សម រង្ស៊ី និង​មាន​ពួក​ប្រឆាំង វិទ្យុ​អាស៊ី​សេរី​ដែល​បាន​រៀបចំ ពាក្យ​វិទ្ធង្សនា​ដើម្បី​ប្រឆាំង​នឹង​ឆន្ទៈ​របស់​មហាជន​ហើយ​ពាក្យ​ហ្នឹង​គេ​តែង​តែ ប្រើប្រាស់​សម្រាប់​ធ្វើ​បដិវត្តន៍​ដោយ​គេ​មិន​ទទួល​ស្គាល់​ឆន្ទៈ​របស់​មហាជន​ទេ។

លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ក៏បាន​ថ្លែង​រិះគន់​អ្នក​សារ​ព័ត៌មាន និង​អ្នក​នយោបាយ​ដែល​ប្រើ​ពាក្យ​នេះ​ថា ជា​អ្នក​សារ​ព័ត៌មាន​ប្រកាន់​វិជ្ជា​ជិវៈ​និង​អ្នក​នយោបាយ​ដែល​មាន​ចេតនា​ទុច្ចរិត​ដោយ​មាន​ហេតុផល​នយោបាយ​ដើម្បី​ទាក់​ទាយ​ប្រជា​ប្រិយ​ភាព​ហើយ​ការ​ប្រើ​ភាសារ​នេះ​វា​ផ្ទុយ​ទៅ​នឹង​ច្បាប់​កម្ពុជា។

លោក សុខ ទូច បាន​ថ្លែងថា៖ «អ្នកដែលមាន​និន្នាការ​នយោបាយ​លម្អៀង​ឬ​អ្នក​ដែល​ប្រើប្រាស់​ភាសា​នេះ​ដើម្បី​ទាក់​ទាញ​អ្នក​មិន​ពេញចិត្ត ឬ​ប្រឆាំង​ណាមួយ​ដើម្បី​ទទួល​បាន​ការ​គ្រាំទ្រ វា​មាន​ចេតនា​នយោបាយ កាល​ណា​អ្នក​នយោបាយ​គាត់​មិន​ត្រូវ​គ្នា ឬ​ប្រឈម គ្នា​គាត់​ប្រើ​ភាសា​ហ្នឹង​ហើយ​ប្រសិន​បើ​អ្នក​នយោបាយ​ត្រូវ​គ្នា​គេ​មិន​ប្រើ​ភាសា​បែប​ហ្នឹង​ទេ»៕