ភ្នំពេញៈ លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃប្រាប់ឱ្យអភិបាលរាជធានីខេត្ដរៀបចំរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២០ និងត្រូវបញ្ចូលសមិទ្ធផល និងបញ្ហាប្រឈមរបស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន និងកម្មវិធីលម្អិតឯកសារពាក់ព័ន្ធទៅក្នុងរបាយការណ៍ផ្ញើមកក្រសួងមហាផ្ទៃឱ្យបានមុនដំណាច់ខែមករានេះជាកំណត់។
យោងតាមលិខិតរបស់លោក ស ខេង ស្ដីពីការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២០ និងលើកទិសដៅការងារឆ្នាំ ២០២១ របស់រដ្ឋបាលរាជធានីខេត្ដ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានចុះថ្ងៃទី ១១ ខែមករានេះ បានប្រាប់ទៅរដ្ឋបាលរាជធានីខេត្ត ត្រូវធ្វើការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២០ និងលើកទិសដៅការងារបន្តឆ្នាំ ២០២១ ដើម្បីឆ្លុះបញ្ចាំងពីសមិទ្ធផលនៃការអភិវឌ្ឍនៅមូលដ្ឋានរបស់ខ្លួន។
លោក ស ខេង ថ្លែងថា៖ «រដ្ឋបាលរាជធានីខេត្តត្រូវរៀបចំរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២០ និងត្រូវបញ្ចូលសមិទ្ធផល និងបញ្ហាប្រឈមរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានទៅក្នុងរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំរបស់ខ្លួន កម្មវិធីលម្អិត និងឯកសារពាក់ព័ន្ធ រួចផ្ញើជូនមកនាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃឱ្យបានមុនដំណាច់ខែមករា ឆ្នាំ ២០២១ ជាកំណត់»។
បើតាមលិខិតរបស់លោក ស ខេង នៅក្នុងអំឡុងពេលនៃការរៀបចំពិធីសន្និបាត រដ្ឋបាលរាជធានី ខេត្ត ត្រូវអនុវត្តនូវវិធានការ ការពារជំងឺកូវីដ ១៩ ឱ្យបានហ្មត់ចត់ស្របតាមគោលការណ៍ណែនាំលេខ ២២៤ ចុះថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០ របស់ក្រសួងសុខាភិបាលស្តីពីការអនុវត្តគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលដើម្បីបង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ ១៩ នៅកម្ពុជា និងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាលកម្ពុជា។
យោងតាមលិខិតដដែលបានឱ្យដឹងថា រាជរដ្ឋាភិបាលបានបង្កើតក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ដើម្បីធ្វើការត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ សំដៅពង្រឹងការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងមូលដ្ឋានរាជធានីខេត្តប្រកបដោយគុណភាព ប្រសិទ្ធភាព និងបរិយាប័ន្ន។
លោក ស ខេង ក៏បានប្រាប់ឱ្យរដ្ឋបាលរាជធានីខេត្តត្រូវធ្វើការអញ្ជើញ និងសម្របសម្រួលដោយផ្ទាល់ជាមួយនឹងប្រធាន អនុប្រធាន និងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីខេត្ត ដើម្បីអញ្ជើញជាអធិបតី និងចូលរួមក្នុងពិធីសន្និបាត។ រដ្ឋបាលរាជធានី-ខេត្តត្រូវធ្វើការពិភាក្សា និងបូកសរុបលទ្ធផលការងារប្រឡងប្រណាំងអនុវត្ត គោលនយោបាយ «ភូមិ ឃុំ មានសុវត្ថិភាព» ទៅក្នុងរបៀបវារៈនៃពិធីសន្និបាតរបស់ខ្លួនផងដែរ។
លោក ម៉ែន គុង អ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែងបានថ្លែងពីម្សិលមិញថា ចំពោះមុខរដ្ឋបាលខេត្តបានបូកសរុបរបាយការណ៍នៃការអនុវត្ដការងារសម្រាប់ឆ្នាំ ២០២០ បានរួចរាល់ហើយ។
លោកថ្លែងថា៖ «ការបូកសរុបការងារឆ្នាំ ២០២០ យើងបានធ្វើរួចរាល់ហើយគ្រាន់តែរបាយការណ៍នេះមានចំនួនច្រើន យើងនឹងធ្វើរបាយការណ៍សង្ខេបខ្លីបន្ថែមទៀតនៅពេលខាងមុខ»។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្ដព្រះសីហនុថ្លែងពីម្សិលមិញដែរថា ជាគោលការណ៍ក្រោយពេលរដ្ឋបាលខេត្ដទទួលបានលិខិតពីក្រសួងមហាផ្ទៃ រដ្ឋបាលខេត្ដនឹងចាត់ចែងរៀបចំអនុវត្ដធ្វើទៅតាមការណែនាំ។
លោកថ្លែងថា៖ «ដូច្នេះមុននឹងរៀបចំសន្និសីទបូកសរុបលទ្ធផលការងារឆ្នាំ ២០២០ យើងនឹងរៀបចំប្រជុំបូកសរុបជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធនៅថ្នាក់ខេត្ដម្ដងទៀត»។
លោកស្រី ជៀប សុធារី មន្ដ្រីសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុកប្រចាំខេត្ដព្រះសីហនុបានលើកឡើងថា ក្នុងឆ្នាំ ២០២០ សង្គមស៊ីវិលនៅខេត្ដព្រះសីហនុ ទទួលបានការសហការល្អពីរដ្ឋបាលខេត្ដ។ រដ្ឋបាលខេត្ដមិនបានរឹតត្បិតចំពោះកិច្ចប្រជុំពិភាក្សានានាដែលរៀបចំឡើងដោយសង្គមស៊ីវិលនោះទេ។ ប៉ុន្ដែបញ្ហាដែលកើតមានច្រើន គឺទាក់ទងទៅនឹងវិវាទដីធ្លីដែលរដ្ឋបាលខេត្ដមិនទាន់អនុវត្ដបានល្អ តាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលោកតែងប្រាប់មិនឱ្យចាប់ឃាត់ខ្លួនប្រជាពលរដ្ឋ។
លោកស្រីថា៖ «តាមប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន គាត់ប្រាប់ឱ្យរដ្ឋបាលខេត្ដ ត្រូវដោះស្រាយបញ្ហាវិវាទដីធ្លីនៅមូលដ្ឋានដោយភាពទន់ភ្លន់ និងមិនត្រូវចាប់ឃាត់ខ្លួនពលរដ្ឋទេ។ ប៉ុន្ដែនៅខេត្ដព្រះសីហនុគឺ ប្រើប្រាស់នីតិវិធីតុលាការឃាត់ខ្លួនប្រជាពលរដ្ឋ ចំពោះករណីវិវាទដីធ្លី ពិសេសក្នុងឆ្នាំ ២០២០៕