ភ្នំពេញៈ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡាកាលពីម្សិលមិញបានប្រកាសបដិសេធ និងថ្កោលទោសចំពោះជនខិលខូចដែលបានយកឈ្មោះលោកទៅពាក់ព័ន្ធនឹងល្បែងភ្នាល់ល្មើសច្បាប់តាមអនឡាញ និងបានស្នើសុំសមត្ថកិច្ចពាក់ព័ន្ធជួយអន្តរាគមន៍ចាត់វិធានការបន្ទាន់ចំពោះជនល្មើសទាំងនេះ។
ការប្រកាសបដិសេធ និងថ្កោលទោសរបស់លោក ស សុខា បែបនេះបានធ្វើឡើងតាមរយៈហ្វេសប៊ុកផ្លូវការរបស់លោកកាលពីម្សិលមិញដោយភ្ជាប់ជាមួយលិខិតស្នើសុំកិច្ចអន្តរាគមន៍ចំនួន ៣ សន្លឹកដាច់ដោយឡែកពីគ្នាស្នើសុំទៅកាន់លោក នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោក សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីចាត់វិធានការជាបន្ទាន់ ចំពោះទង្វើរបស់ជនខិលខូចទាំងនេះ។
លោកបានថ្លែងថា៖ «ក្នុងប្រតិបត្តិការបង្ក្រាបល្បែងភ្នាល់តាមអនឡាញខុសច្បាប់ប្រកបដោយប្រសិទ្ធភាពថ្មីៗនេះមានលេចឮជនខិលខូចមួយចំនួនបានយកឈ្មោះបុគ្គលនេះ បុគ្គលនោះជាខ្នងបង្អែក។ ក្នុងនោះក៏មានជនឆ្លៀតឱកាសមួយក្ដាប់តូចបានបង្កើតពាក្យចចាមអារ៉ាមលាបពណ៌មកលើរូបខ្ញុំថានៅពីក្រោយ និងបានជួយសម្រួលដល់អាជីវកម្មខុសច្បាប់នេះមួយចំណែកដែរ»។
លោក ស សុខា បានចាត់ទុកការចោទប្រកាន់ និងពាក្យចចាមអារ៉ាមទាំងនោះថាជាល្បិចកាងអាជីវកម្មខុសច្បាប់របស់ខ្លួន និងគ្រាន់តែជាការបន្ទច់បង្អាក់ការអនុវត្តច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ចប៉ុណ្ណោះ។ ទង្វើបែបនេះជាការលាបពណ៌ក្នុងចរិតព័ត៌មានក្លែងក្លាយ (fake news) បង្ខូចកេរ្តិ៍ឈ្មោះ និងសេចក្ដីថ្លៃថ្នូររបស់លោកក្នុងបំណងយកចំណេញរឿងអ្វីមួយ និងជាការបំពុលសង្គម ហើយក៏មិនមែនជាសេរីភាពបញ្ចេញមតិតាមច្បាប់ទេគឺជាបទល្មើសព្រហ្មទណ្ឌដែលត្រូវផ្ដន្ទាទោស។
លោកបញ្ជាក់ថា៖ «ខ្ញុំសូមបដិសេធទាំងស្រុង និងសូមថ្កោលទោសជនទាំងនោះយ៉ាងដាច់អហង្ការ ព្រមទាំងស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ច មេត្តាចាត់វិធានការផ្លូវច្បាប់ឲ្យបានធ្ងន់ធ្ងរជាទីបំផុត។ ខ្ញុំសូមលើកទឹកចិត្ត គាំទ្រ និងស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បង្កើនការទប់ស្កាត់ និងអនុវត្តច្បាប់តាមសារាចរណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដោយកុំខ្វល់ថាជានរណា ឬកូននរណាចំពោះជនទាំងឡាយណាដែលយកឈ្មោះថ្នាក់ដឹកនាំ ឬកូនថ្នាក់ដឹកនាំណាមួយទៅប្រើធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ»។
លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិបានថ្លែងថា ជនណាក៏ដោយឲ្យតែយកឈ្មោះគេទៅធ្វើសកម្មភាពគឺជាអំពើខុសច្បាប់ទាំងអស់។
លោកបានបញ្ជាក់ថា៖ «យើងនឹងស្រាវជ្រាវរកជនយកឈ្មោះគេទៅធ្វើសកម្មភាពនោះឲ្យឃើញ រួចទូទាត់តាមផ្លូវច្បាប់។ ចំពោះករណី ឯកឧត្ដម ស សុខា បច្ចុប្បន្នកម្លាំងនគរបាលជាតិសហការជាមួយស្នងការរាជធានី-ភ្នំពេញកំពុងស្រាវជ្រាវរកឲ្យឃើញជនល្មើសមកផ្ដន្ទាទោសតាមច្បាប់»។
លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ថ្លែងថា លោកមិនទាន់ទទួលបានលិខិតស្នើសុំអន្តរាគមន៍របស់លោក ស សុខា នៅឡើយទេ ដោយសារលោករវល់កិច្ចប្រជុំពេញ ១ ថ្ងៃ។ រីឯ លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាក់ថា លោកក៏មិនទាន់បានទទួលលិខិតសុំអន្តរាគមន៍នេះដែរកាលពីម្សិលមិញ។
យ៉ាងណាក្ដីលោក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានថ្លែងកាលពីម្សិលមិញថា ករណីនេះអគ្គស្នងការនគរបាលជាតិបានប្រគល់ឲ្យកម្លាំងនគរបាលនៃនាយកដ្ឋានសន្ដិសុខក្រសួងមហាផ្ទៃដើម្បីស្រាវជ្រាវហើយកងកម្លាំងកំពុងតែចាត់ការលើករណីនេះហើយ។
លោកបានបញ្ជាក់ថា៖ «កន្លងទៅគាត់ (លោក ស សុខា) ឮព័ត៌មាននិយាយបង្ខូចឈ្មោះគាត់។ តាមពិតគាត់មិនមាននៅពីក្រោយរឿងនេះទេ។ ប៉ុន្ដែមានអ្នកខ្លះនិយាយថា គាត់នៅពីក្រោយបែបនេះ បែបនោះ។ ការបង្ក្រាបបទល្មើសល្បែងអនឡាញកន្លងមក យើងមិនដែលជួបប្រទះករណីអួតអាងអំណាចអីទេ។ យើងអនុវត្ដការងារតាមច្បាប់ដោយរលូន»៕