ភ្នំពេញ: អគ្គមេបញ្ជាការរង​នៃ​កងយោធពល​ខេមេរភូមិន្ទ និង​ជា​មេបញ្ជាការ​បញ្ជាការដ្ឋាន​អង្គរក្ស លោក ហ៊ីង ប៊ុនហៀង កាលពី​ម្សិលមិញ​បាន​បដិសេធ​ជុំវិញ​វីដេអូ​ខ្លី​មួយ​ដែល​ថា​លោក​ត្រៀម​ធ្វើ​សង្គ្រាម​ជាមួយ​អាមេរិក​ដោយ​លោក​ថា ​នោះ​ជា​ការ​លួច​កាត់ត​សំឡេង ប៉ុន្តែ​លោក​ថា​ការលើក​ឡើង​របស់​លោក​គឺ​សំដៅ​តែ​ជន​ខិលខូច​ដែល​ចង់​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ និង​សុខសន្ដិភាព​នៅ​កម្ពុជា​ប៉ុណ្ណោះ​។


តាមរយៈ​វីដេអូ​ខ្លី​មួយ​ដែល​លោក​ ហ៊ីង ប៊ុនហៀង បាន​ផ្ដល់​បទសម្ភាស​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​កម្មវិធី​ «​ការងារ​ស្នូល​កងទ័ព​ក្នុង​ការបម្រើ​ការពារ​ជាតិ​» នីតិកាល​ទី​ ៦ ​កាលពី​ថ្ងៃទី​ ១៤ ខែ​សីហា​ឆ្នាំ​នេះ​ថា​៖ «​បើ​អាមេរិក​ធ្វើ​អ្វី​មួយ​ទាំង​ងងើល​ខុស​ច្បាប់​យើង​ក៏​ត្រៀម​កម្លាំង​វ៉ៃ​គាត់​វិញ​ដែរ​អត់​មាន​អ្វី​ត្រូវ​ចាវ​ជាមួយ​​អាមេរិក​ទេ​ហេតុ​អ្វី​បាន​ជា​មក​បង្កក​ទ្រព្យសម្បត្តិ​ខ្ញុំ​ក៏​ដូចជា​មន្ត្រី​កម្ពុជា​មួយ​ចំនួន​ទៀត​? ហើយ​ទៅ​ជឿ​តាម​ពួក​ប្រឆាំង​មួយ​ក្ដាប់​តូច​ហ្នឹង ហើយ​គាត់​ជា​បិតា​ប្រជាធិបតេយ្យ បើ​គាត់​ជា​អ្នក​ប្រជាធិបតេយ្យ​ត្រូវ​តែ​មើល​ឲ្យ​បាន​ច្បាស់លាស់​ថា តើ​គួរ​ដាក់​គំនាប​មក​លើ​បុគ្គល​ដូច​ខ្ញុំ​ទេ បើ​ខ្ញុំ​គ្មាន​មុខរបរ​រកស៊ី​អ្វី​ផង ខ្ញុំ​ជា​កងទ័ព​មួយ​ជីវិត​ខ្ញុំ​គឺ​ការពារ​ជាតិ​មាតុភូមិ ការពារ​ឥស្សរជន ថ្នាក់​ដឹកនាំ​កំពូលៗ​ដែល​ក្រសួង​ការពារ​ជាតិ​ប្រគល់​ឲ្យ​ខ្ញុំ ខ្ញុំ​សូម​បញ្ជាក់​ប៉ុណ្ណឹង​»​។

បន្ទាប់ពី​វីដេអូ​នេះ​បង្ហាញ​លើ​ទំព័រ​ហ្វេសប៊ុក​ភ្លាម​មាន​អ្នក​រិះគន់​លោក​ថា​ «​កុំ​ទាញ​កម្ពុជា​ឲ្យ​ធ្លាក់​ចុះ​នរក​ម្តង​ទៀត​ព្រោះ​ការប្រកាស​សង្គ្រាម​ជាមួយ​អាមេរិក​បែប​នេះ​មិន​បាន​ធ្វើឲ្យ​កម្ពុជា​ចំណេញ​អ្វី​បន្តិច​សោះ​ឡើយ​»​។

យ៉ាងណា​ក្ដី​លោក ហ៊ីង ប៊ុងហៀង ឆ្លើយតប​ថា​មាន​ជន​ខិលខូច​លួច​កាត់ត​វីដេអូ​ចង់​ធ្វើឲ្យ​ខូច​កិត្តិយស​ស្ថាប័ន​បញ្ជាការដ្ឋាន​អង្គរក្ស និង​មន្ត្រី​រដ្ឋាភិបាល​។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា អាមេរិក​អួត​ខ្លួន​ឯង​ថា​ជា​បិតា​ប្រជាធិបតេយ្យ​ ប៉ុន្ដែ​បែរ​ជា​មក​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ទៅ​វិញ ហើយ​គ្មាន​អំណះអំណាង​អ្វី​មក​ដាក់​ទណ្ឌកម្ម​លើ​រូបលោក​ទេ​។


លោក​បញ្ជាក់​ថា​៖ «​អាមេរិក​អាង​តែ​ខ្លួន​ធំ​មើល​មក​គេ​អ្នក​តូច​ខុស​រហូត តិច​អ្នក​នេះ​ខុស តិច​អ្នក​នោះ​ខុស ហើយ​វីដេអូ​ហ្នឹង​គឺ​មាន​គេ​លួច​កាត់ត​បន្ថែម​ទេ វា​មិនមែន​ជា​ពាក្យ​ពិត​របស់​ខ្ញុំ​ទេ​។ ខ្ញុំ​គ្មាន​គំនិត​ឯណា​ទៅ​វ៉ៃ​អាមេរិក​នោះ​កម្ពុជា​យើង​ណា​អាច​ទៅ​វ៉ៃ​អាមេរិក​កើត​? តែ​ខ្ញុំ​ចង់​វ៉ៃ​ជនខិលខូច​ទាំង​ឡាយ​ណា​ដែល​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា បំផ្លាញ​​សុខសន្ដិភាព​»​។

លោក ហង្ស ពិទូ អ្នក​វិភាគ​បញ្ហា​នយោបាយ​ និង​សង្គម​យល់​ឃើញ​ថា តាមរយៈ​ការ​ថ្លែង​ក្នុង​វីដេអូ​នេះ​គ្រាន់​តែ​ជា​ការ​យល់​ឃើញ​របស់​បុគ្គល​ម្នាក់​ដែល​មិន​តំណាង​ឲ្យ​ជាតិ​ទាំង​មូល​​ ឬ​អាច​និយាយ​បាន​ថា​ជា​ការ​បង្ហាញ​ពី​ភាព​ក្លាហាន​របស់​មេទ័ព​ម្នាក់​ប៉ុណ្ណោះ ប៉ុន្ដែ​មិន​មាន​ឥទ្ធិពល​អ្វី​ទេ​។

លោក​បន្ត​ថា​គេ​មិន​អាច​យក​សម្ដី​ទាំង​នេះ​ជា​ផ្លូវការ​ទេ ប៉ុន្ដែ​បើ​អ្នក​ដឹកនាំ​​រដ្ឋាភិបាល​ប្រើ​ពាក្យ​បែប​នេះ​ទើប​អាច​យក​ជា​ការ​ ឬ​អាច​កត់សម្គាល់​បាន​។

លោក​ថា​៖ «​ខ្ញុំ​មើល​ទៅ​ដូចជា​គ្មាន​ជះឥទ្ធិពល​អ្វី​ទេ ប៉ុន្ដែ​យើង​នាំ​គ្នា​ប្រតិកម្ម​ច្រើន​ទើប​ចង់​រុញ​គាត់​ទៅ​កាន់​តែ​ជ្រៅ​។ ក្នុង​ន័យ​នេះ​គឺ​គាត់​ចង់​បង្ហាញ​ថា ខ្មែរ​យើង​ក៏​មិន​ខ្លាច​អាមេរិក​ដែរ ប៉ុន្ដែ​ប្រសិន​បើ​ត្រូវ​វ៉ៃ​គ្នា​មែន គឺ​មិនមែន​តែ​ខ្មែរ​ទេ​ដែល​វ៉ៃ​អាមេរិក ហើយ​សម្ព័ន្ធមិត្ត​ខ្មែរ​ក៏​វ៉ៃ​គ្នា​ជាមួយ​អាមេរិក និង​សម្ព័ន្ធមិត្ត​អាមេរិក​ដែរ​»​។

ការ​ប្រតិកម្ម​របស់​លោក​ ហ៊ីង ប៊ុនហៀង នេះ បន្ទាប់ពី​ការិយាល័យ​កិច្ចការ​សាធារណៈ​នៃ​នាយកដ្ឋាន​រតនាគារ​អាមេរិក​ប្រកាស​កាលពី​ថ្ងៃ​ទី​ ១២ ខែ​មិថុនា​ដោយ​បញ្ចូល​ទៅក្នុង​បញ្ជី​ខ្មៅ​នៃ​បុគ្គល​ដែល​ត្រូវ​រងទណ្ឌកម្ម​ក្រោម​ច្បាប់ GLOBAL MAGNITSKY ដោយសារ​ការចូល​ដៃ​ក្នុង​ការរំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។

សហរដ្ឋ​អាមេរិក​រកឃើញ​ថា​លោក ហ៊ីង ប៊ុនហៀង រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ចុង​ក្រោយ​នេះ​រួមទាំង​អំពើ​ហិង្សា​នៅ​ឆ្នាំ​ ២០១៣ ​នៅ​ក្បែរ​វត្តភ្នំ​ និង​អំពើ​ហិង្សា​វាយដំ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ ២ ​រូប​នៅ​មុខ​រដ្ឋសភា នៅ​ឆ្នាំ​ ២០១៥ ផង​ដែរ​។

តំណាង​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​មិន​អាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណី​នេះ​បាន​ទេ​ កាលពី​ម្សិលមិញ​៕