ភ្នំពេញៈ ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត អគ្គ​មេ​បញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ​ និង​ជា​មេ​បញ្ជា​ការ​កងទ័ព​ជើង​គោក​អះអាង​ថា​ ការ​ដំឡើង​ឋានន្ដរ​ស័ក្ដិ​ និង​តែងតាំង​មុខងារ​មន្ត្រី​យោធា​ គឺ​ឈរ​លើ​ការ​វាយ​តម្លៃ​យ៉ាង​យុត្តិធម៌​ និង​តម្លាភាព​ហើយ​ត្រូវ​បាន​ពិនិត្យ​យ៉ាង​ល្អិតល្អន់​ពី​ថ្នាក់​ដឹក​នាំ​ដោយ​មិន​មាន​ការ​សូកប៉ាន់​ទេ។​


ការ​ថ្លែង​របស់​លោក ​ហ៊ុន ម៉ាណែត បែប​នេះ​ ធ្វើ​ឡើង​ក្នុង​ពេល​ដែល​លោក​ធ្វើ​ជា​​អធិបតី​ក្នុង​ពិធី​ប្រកាស​តែងតាំង​លោក​វរសេនីយ៍​ឯក​ នូវ​ សំអុល​ ជា​មេ​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ព្រះសីហនុ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​។

លោក​ឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត ​បាន​លើក​ឡើង​ថា​ ការ​ដំឡើង​ឋានន្ដរស័ក្ដិ និង​តែងតាំង​មុខងារ​នៅ​ខេត្ត​ព្រះសីហនុ​នា​ពេល​នេះ គឺ​បាន​ឈរ​លើ​ការ​ពិនិត្យ និង​វាយ​តម្លៃ​ពី​ថ្នាក់​ដឹកនាំ​នៃ​កង​យោធពល​ខេមរភូមិន្ទ ពិសេស​ការ​វាយ​តម្លៃ​អំពី​ឆន្ទៈ សមត្ថភាព សុខភាព អតីត​ភាព​ការងារ ចំណេះ​ដឹង បទ​ពិសោធ សីលធម៌ ការ​តស៊ូ​ឧស្សាហ៍​ព្យាយាម និង​ឥរិយាបថ​ ទទួល​ខុស​ត្រូវ​ចំពោះ​ការងារ​របស់​សាមី​ខ្លួន​នីមួយៗ​។

លោក​បាន​បញ្ជាក់​ថា៖​ «គោលការណ៍​របស់​កងទ័ព​ជើង​គោក ​ចាប់ពី​តំបន់​ប្រតិបត្តិការ​សឹក​ និង​កងទ័ព​ព្រំដែន​ ថៃ ការ​ជ្រើសរើស​មេ​បញ្ជាការ​ និង​នាយ​សេនាធិការ​ត្រូវ​មាន​គណៈ​កម្មការ​ជើង​គោក​មួយ​ក្នុង​ការ​វាយ​តម្លៃ ​ជាច្រើន​ថ្នាក់ ​ក្នុង​នោះ​មាន ​ទី១ ​គឺ​ការ​វាយ​តម្លៃ​របស់​អង្គភាព​ផ្ទាល់...បន្ទាប់​ពី​ឆ្លង​ឯក​ឧត្តម​មេ​បញ្ជាការ​ភូមិ​ភាគ​ហើយ ​ត្រូវ​ដាក់​ចូល​ទៅ​ក្នុង​កងទ័ព​ជើង​គោក​ដើម្បី​ធានា​បាន​នូវ​តម្លាភាព​ និង​ប្រសិទ្ធភាព»​។


ជាមួយ​គ្នា​នេះ​ លោក​ក៏​បាន​ព្រមាន​ដល់​មន្ត្រី​ផ្សេងៗ​ផង​ដែរ​ ដោយ​កុំ​ឲ្យ​​ពាក់ព័ន្ធ​នឹង​ការ​ទទួល​សំណូក ​ឬ​ក៏​សូក​ប៉ាន់​ដើម្បី​ទទួល​បាន​ឋានន្ដរ​ស័ក្ដិ ​ឬ​មុខងារ ហើយ​លោក​បាន​ស្នើ​ឲ្យ​មន្ត្រី​ដែល​ដឹង​​ពី​អំពើ​ពុក​រលួយ ​ឬ​ការ​សូកប៉ាន់​ ត្រូវ​រាយការណ៍​ជា​សម្ងាត់ ដើម្បី​ឲ្យ​បញ្ជា​ការ​កងទ័ព​ជើង​គោក​ស៊ើប​អង្កេត ​និង​ដាក់​ពិន័យ​ទៅ​តាម​បទ​បញ្ជា​ផ្ទៃ​​ក្នុង​កង​យោធពល​ខេមរភូមិន្ទ​ និង​ចាត់​វិធានការ​ហ្មត់ចត់​តាម​ច្បាប់។​​


លោក​បាន​បញ្ជាក់​​ថា៖ «​រឿង​ផលប្រយោជន៍​គឺ​ហាម​ដាច់​ខាត​មិន​ឲ្យ​មាន​ ដូច្នេះ​ខ្ញុំ​សូម​ប្រកាស​នៅ​ទី​នេះ​តែ​ម្តង​ បើ​នាយ​ទាហាន​ណា​ដឹង​ព័ត៌មាន​នេះ ​សូម​ជូន​ដំណឹង​មក​ខ្ញុំ...យើង​មិន​ឲ្យ​មាន ​(រឿង​ហ្នឹង​ទេ) យើង​ឲ្យ​តម្លៃ​អ្នក​មាន​ស្នាដៃ​ និង​មាន​ឆន្ទៈ​បម្រើ​ជាតិ​មិនមែន​តាមរយៈ​ការ​ទិញ​នោះ​ទេ»​។

លោក​បាន​បន្ត​ទៀត​ថា ​នៅ​ខេត្ត​ណា​ដែល​មាន​សក្តានុពល​ក្នុង​ការ​វិនិយោគ​អភិវឌ្ឍ​រីក​ចម្រើន ​គឺ​ទាមទារ​ឱ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​ មាន​ឆន្ទៈ​ក្នុង​ការ​ដឹក​នាំ​ និង​មាន​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការ​ត្រៀម​ជួយ​ដល់​ប្រជាពលរដ្ឋ​។

លោក​ថា៖​ «ការ​ដំឡើង​ឋានន្តរស័ក្តិ​មុខ​តំណែង​ មិនមែន​ជា​ការ​ផ្ទេរ​សិទ្ធិ​ទេ​ ប៉ុន្តែ​ជា​ការ​ទទួល​ខុស​ត្រូវ​បន្ត​វេន​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​និរន្តរភាព​ក្នុង​ការ​បំពេញ​តួនាទី​ និង​ភារកិច្ច​ របស់​កង​យោធពល​ខេមរភូមិន្ទ​»។

ទាក់ទង​នឹង​ការ​ដំឡើង​ឋានន្តរស័ក្ដិនេះ​ លោក ប៉ិច ពិសី នាយក​កម្មវិធី​នៃ​អង្គការ​តម្លាភាព​កម្ពុជា​បាន​ស្វាគមន៍​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​មេ​បញ្ជា​ការ​កងទ័ព​ជើង​គោក​ក្នុង​ការ​ទប់ស្កាត់​អំពើ​សូក​ប៉ាន់​ផ្សេងៗ ​តែ​លោក​ស្នើ​ឲ្យ​​អនុវត្ត​ជាក់​ស្តែង​ក្នុង​ការ​ទប់​ស្កាត់​អំពើ​ស៊ី​សំណូក​សូក​ប៉ាន់​នានា។​

លោក​បញ្ជាក់​ថា៖​ «យើង​ស្វាគមន៍​ប្រសាសន៍​របស់​គាត់​ក្នុង​ការ​ទប់ស្កាត់​ភាព​មិន​ប្រក្រតី​ទាំង​ឡាយ​ណា​ទាក់ទង​នឹង​ការ​តែងតាំង​ដោយសារ​កន្លង​មក​យើង​ឃើញ​មាន​ការ​សូក​ប៉ាន់​ដើម្បី​បាន​តំណែង។ ​យើង​ជំរុញ​ឲ្យ​មាន​ការ​ធ្វើ​សកម្មភាព​ផ្ទាល់​​ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ។ សំខាន់​បំផុត ​គឺ​ឆន្ទៈ​និង​ការ​តាំង​ចិត្ត​ក្នុង​ការ​អនុវត្ត​ការងារ​នេះ​ឲ្យ​មាន​ប្រសិទ្ធ​ភាព»​៕