លោក ហ៊ុន សែន៖ «​បើ​ខ្ញុំ​មិន​ពឹង​ចិន តើ​ឱ្យ​ខ្ញុំ​ទៅ​ពឹង​នរណា​?» ​ខណៈ​លោក​ថា កម្ពុជា​មិនបាន​បិទទ្វារ​ចំពោះ​ប្រទេស​ណា​ទាំងអស់

Content image - Phnom Penh Post
លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​នៅក្នុង​វេទិកា​តាម​ប្រព័ន្ធ​អនឡាញ​នៅ​ថ្ងៃទី​ ២០ ​ឧសភា​។ រូបថត SPM

ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ពន្យល់​ទៅនឹង​ការចោទសួរ ដែលថា កម្ពុជា​ពឹងផ្អែក​លើ​ចិន​ខ្លាំងពេក ដោយ​លោក​ថ្លែងថា​ «​បើ​ខ្ញុំ​មិន​ពឹង​ចិន តើ​ឱ្យ​ខ្ញុំ​ទៅ​ពឹង​នរណា​?» ខណៈ​ដែល​លោក​ថា រដ្ឋាភិបាល​កម្ពុជា​មិនបាន​បិទទ្វារ​សម្រាប់​ប្រទេស​ណា​ទាំងអស់ ក្នុង​ការទទួល​យក​ជំនួយ​សម្រាប់​កសាង​ប្រទេស​។

លោក​ ហ៊ុន សែន បាន​ថ្លែង​បែបនេះ​គឺជា​ការឆ្លើយតប​ទៅនឹង​សំនួរ​នៅក្នុង​វេទិកា ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន​នីកេ (Nikkei) របស់​ជប៉ុន នៃ​សន្និសីទ​អន្តរជាតិ​លើក​ទី​ ២៦ ស្តីពី​ «​អនាគត​របស់​អាស៊ី​» ​ក្រោម​ប្រធានបទ​ «​ការរៀបចំ​សម័យកាល​ថ្មី​ក្រោយ​វិបត្តិ​កូវីដ​៖ ​តួនាទី​របស់​អាស៊ី​ក្នុង​ការស្តារ​ពិភពលោក​ឡើងវិញ​» ដែល​ធ្វើឡើង​តាម​ប្រព័ន្ធ​អនឡាញ​នៅ​ថ្ងៃទី​ ២០ ខែឧសភា ឆ្នាំ​ ២០២១​។

លោក​បាន​មានប្រសាសន៍​ថា​៖ «​ខ្ញុំ​គួរតែ​និយាយ​ដោយ​ត្រង់ៗ​ថា បើ​ខ្ញុំ​មិន​ពឹង​ចិន តើ​ឱ្យ​ខ្ញុំ​ពឹង​នរណា​? និយាយ​ឱ្យ​ពិត​។ និយាយ​ការពិត​នៅ​ទីនេះ​។ បើ​ខ្ញុំ​មិន​ពឹង​ចិន​ទេ ​តើ​ឲ្យ​ខ្ញុំ​ទៅ​ពឹង​អ្នកណា​? ទុកឱ្យ​ប្រជាជន​កម្ពុជា​ឆ្លងទន្លេ​ឆ្លង​ព្រែក​ដោយ​ជិះ​ទូកដរ ដោយ​ឆ្លងស្ពាន​ឫស្សី ឬ​ឈើ ប្រកប​ដោយ​គ្រោះថ្នាក់​ដោយ​គ្មាន​ផ្លូវ​ដើរ​ឬ​យ៉ាងណា​?»​។

លោក​បន្តថា កាលពី​ទសវត្សរ៍​ ៩០ ​ជប៉ុន​បាន​ជួយ​ជំនួយ​ច្រើន​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ប្រទេស​កម្ពុជា​។ ក្នុងនោះ​មាន​ស្ពាន​ធំ​ ២ គឺ​ស្ពាន​គីហ្សូណា​នៅ​កំពង់ចាម​ និង​ស្ពាន​ត្សឹបាសា​ (​ស្ពាន​អ្នក​លឿង​) ​ភ្ជាប់​ខេត្តកណ្តាល និង​ខេត្ត​​ព្រៃវែង​។ ប៉ុន្តែ​ក្រៅពីនោះ ស្ពាន​ទាំងឡាយ​នៅ​តាម​ដង​ទន្លេមេគង្គ តាម​ទន្លេសាប តាម​ទន្លេបាសាក់​គឺ​សុទ្ធតែ​ស្ពាន​ចិន​កសាង​ទាំងអស់​។

លោក ហ៊ុន សែន ​ថ្លែងថា​៖ «​ផ្លូវ​ជាង​ ៣ ​ពាន់​គីឡូម៉ែត្រ គឺ​ចិន​ជួយ​ទាំងអស់​។ ចឹង​សុំ​តាំង​ជា​សំណួរ​ថា បើសិនជា​កុំ​មាន​ជំនួយ​របស់​ចិន តើ​យើងខ្ញុំ គួរ​ទៅ​ពឹង​អ្នកណា​? ពិភពលោក​នេះ​អាច​ឆ្លើយ​ជាមួយ​នឹង​កម្ពុជា​បាន​នូវ​សំណួរ​នេះ​ទេ​?»​។

លោក​បន្តថា កម្ពុជា​មិន​បាន​បិទទ្វារ​សម្រាប់​អ្នកណា​ទាំងអស់​ទៅលើ​ការទទួល​យក​ជំនួយ សម្រាប់​កសាង​ប្រទេស​កម្ពុជា ។ ជាក់ស្តែង​ដូចជា​ជប៉ុន ដែល​ឥឡូវនេះ​កំពុង​កសាង​ផ្លូវជាតិ​លេខ​ ៥ ​ដ៏ល្អ​តភ្ជាប់​ពី​ខេត្តកណ្តាល​ទៅ កាន់​ព្រំដែន​កម្ពុជា ថៃ​ បន្ទាប់ពី​ការសាងសង់​ផ្លូវជាតិ​លេខ​ ១ និង​ផ្លូវជាតិ​ច្រើន​ខ្សែ​។

លោក​ថា​៖ «​នេះ​គឺជា​រឿង​ពិត​ដែល​គួរ​ត្រូវតែ​និយាយថា ប្រទេស​កម្ពុជា​ពឹង​ផ្អែកលើ​ប្រទេស​ចិន​។ ចុះបើ​ខ្ញុំ​មិន​ពឹងផ្អែក​ប្រជាជន​ខ្ញុំ​សព្វថ្ងៃនេះ កំពុងតែ​ឆ្លង​ទូកដរ​តាម​ទន្លេ​កំពុងតែ​គ្មាន​ផ្លូវ​ដើរ​»​។

លោក​គូសបញ្ជាក់​ថា​៖ «​ដូច្នេះ ភាសា​នេះ គួរតែ​អ្នក​ដែលជា​ប្រទេស​នានា ដែល​និយាយ​ និង​អ្នកវិភាគ​ទាំងឡាយ​ដែល​និយាយ គួរ​រក​ចម្លើយ​ឲ្យ​កម្ពុជា​ផង​ថា តើ​កម្ពុជា​គួរ​ធ្វើ​យ៉ាងម៉េច​ទើបបាន​ផ្លូវ​ដើរ​? ទើបបាន​ស្ពាន​ឆ្លង​? ទើបបាន​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា​ប្រឡាយទឹក​ទំនប់ទឹក​ដទៃ​ទៀត​»​។

ក្រៅពីនោះ​លោក​នាយករដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​ម្តងទៀត​ពី​ការលើក​ឡើង​ថា កម្ពុជា​ផ្តល់​ទីតាំង​ឲ្យ​ប្រទេស​ចិន​ប្រើប្រាស់​ជា​មូលដ្ឋាន​កងទ័ពជើងទឹក​នោះ​ផងដែរ​។

លោក​នាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា​៖ «​ខ្ញុំ​សូមបញ្ជាក់​ម្តង​ហើយ​ម្តង​ទៀតថា រដ្ឋធម្មនុញ្ញ​របស់​​កម្ពុជា មិន​ផ្តល់​ការអនុញ្ញាត​ឲ្យ​អ្នក​ណាមួយ​ប្រើប្រាស់​ទេ​។ បោះទីតាំង​នៅលើ​ទឹកដីរ​បស់​ខ្លួន​ទេ ហើយ​ក៏​មិន​អនុញ្ញាត​ឲ្យ​កម្ពុជា​ទៅ​បោះទីតាំង​នៅលើ​ប្រទេស​ផ្សេង លើកលែង​តែ​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ​ដែល​ពេលនេះ​កម្ពុជា​មាន​កងទ័ព​នៅ​លីបង់ សូដង់​ខាងត្បូង ម៉ាលី និង​អាហ្វ្រិក​កណ្តាល​។ យើង​មិន​បោះ​កងទ័ព​ប្រចាំការ​នៅ​ទីនោះ ក្រៅ​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ​ទេ​»​។

លោក​បាន​បន្តថា​៖ «​ចំពោះ​មូលដ្ឋាន​សមុទ្រ​របស់​យើង​នេះ យើង​ទទួល​ស្វាគមន៍​ទាំងអស់​នៃ​នាវា​បរទេស​ចង់​ចូល​ចត​នៅក្នុង​កំពង់ផែ​ប្រទេស​របស់​យើង​។ មិនមែន​មានតែ​ចិន​ ១ ​ទេ ដែល​អាច​ចូល​បាន​។ អ្នកណា​ក៏​អាច​ចូល​បាន​។ នាវា​ជប៉ុន​ក៏​ធ្លាប់បាន​ចូល កំពង់ផែ​របស់​យើង​។ ដូច្នេះ​ចំពោះ​ការចោទប្រកាន់​លើ​បញ្ហា​នេះ វា​អយុត្តិធម៌​ពេក​សម្រាប់​កម្ពុជា ហើយ​វា​ក៏​អយុត្តិធម៌​សម្រាប់​ចិន​ផងដែរ​»​។

លោក​ ហ៊ុន សែន ក៏បាន​លើកឡើង​ពី​បញ្ហា​វ៉ាក់សាំង ដែល​កម្ពុជា​រកបាន​នេះ យកមក​ចាក់​ជូន​ប្រជាជន​បាន​ជាង​ ២ ​លាន​នាក់​រួចមកហើយ​នេះ​ផងដែរ​។

លោក​ថា​៖ «​បើ​គ្មាន​ជំនួយ​ពី​ចិន និង​ការផ្គត់ផ្គត់​ដោយ​ការលក់ យើងខ្ញុំ​ក៏​គ្មាន​វ៉ាក់សាំង​សម្រាប់​ចាក់​ជូន​ប្រជាជន​កម្ពុជា​។ ក្រៅពី​ខូវ៉ាក់ ដែល​បាន​ផ្តល់​ជាង ៣០ ​ម៉ឺនដូស តើ​មាន​ប្រទេស​ណាមួយ​បាន​ហារមាត់​បញ្ជូន​មក​ដល់​កម្ពុជា​ហើយ​ឬ​នៅ នូវ​វ៉ាក់សាំង​សម្រាប់​ការចាក់​?

ចឹង​ទេ​ប្រើពាក្យ​ថា កម្ពុជា​ពឹងពាក់​លើ​ចិន ទាល់តែ​ចិន​មាន​អ្វីឲ្យ​កម្ពុជា​ដែរ​ទើប​បាន​ឲ្យ​កម្ពុជា​ទៅ​ពឹងពាក់​បាន​។ ចិន​អត់​មាន​អី​ផង​តើ​យើង​ទៅ​ពឹងពាក់​ម៉េច​?»​។

លោក ហ៊ុន សែន ថ្លែងថា​៖ «​ព្រោះ​ខ្ញុំ​មិនដែល​បាន​បិទទ្វារ​ផង​។ ជំនួយ​ក៏​មិនដែល​បាន​បិទទ្វារ​។ វិនិយោគ​ក៏​មិនដែល​បាន​បិទទ្វារ​។ ពាណិជ្ជកម្ម​ក៏​មិនដែល​បាន​បិទទ្វារ​។ ក៏ប៉ុន្តែ​បញ្ហា​ស្ថិត​នៅត្រង់ថា អ្នកណា​ហុចដៃ​មក​គឺ​យើង​ខ្ញុំ​ទទួល​។ អ្នកផ្តល់​ឱ្យ​យើងខ្ញុំ ខ្ញុំ​ទទួល​។ លើកលែង​ពួក​ភេរវកម្ម ដែល​យើងខ្ញុំ​មិន​ទទួល​។ ដូចជា​កន្លងទៅ ជប៉ុន​ទើប​នឹង​ផ្តល់នូវ​ជំនួយ​សម្រាប់​ប្រឆាំង​កូវីដ​១៩​ថ្មីៗ​នេះ​»​។

លោក​បន្តថា បន្ទាប់ពី​អាមេរិក​បានប្រកាស​ផ្តល់​ជំនួយ​ចំនួន​ ១១ ​លាន​ដុល្លារ​ថ្មីៗ​ ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ​១៩ គឺ​លោក​មិនបាន​បដិសេធ​ជំនួយ​នោះទេ គឺ​លោក​ទទួល​ទាំងអស់​។ រដ្ឋាភិបាល​កម្ពុជា​ក៏បាន​ស្នើ​ទៅ​អាមេរិក​ដើម្បី​សុំ​វ៉ាក់សាំង AstraZeneca ចំនួន​ ៤ ​លានដូស ហើយ​លោក​ប្រកាស​ស្វាគមន៍​វ៉ាក់សាំង​របស់​អាមេរិក​ដែល​នឹង​មកដល់​កម្ពុជា​។

លោក​ថ្លែងថា​កាលពី​ទស្សវត្សរ៍​ឆ្នាំ​ ១៩៩០ រដ្ឋាភិបាល​របស់លោក​ពឹងពាក់​ច្រើន​ទៅលើ​ប្រទេស​ជប៉ុន​។ ក្នុង​ទស្សវត្សរ៍​ឆ្នាំ​ ១៩៩០ និង​ដើម​ទសវត្សរ៍​ឆ្នាំ​ ២០០០ ជប៉ុន​ផ្តល់​ជំនួយ​ឥតសំណង​ច្រើន​ជា​បន្តបន្ទាប់ ហើយ​បច្ចុប្បន្ននេះ ជប៉ុន​ក៏​នៅតែ​បន្ត​ផ្តល់ជំនួយ​មក​កម្ពុជា​។ បន្ទាប់ពី​ចិន ដែលមាន​ជំនួយ និង​កម្ចី​សម្រាប់​ការអភិវឌ្ឍ ជប៉ុន​ដើរតួនាទី​សំខាន់​សម្រាប់​អភិវឌ្ឍ​កម្ពុជា​។

ចំណែក​នៅក្នុង​លិខិត​របស់​លោក​នាយករដ្ឋមន្ត្រី លោក​បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​បណ្តា​ប្រទេស​អាស៊ី​ឱ្យ​បន្ត​ថែរក្សា​សន្តិសុខ​ក្នុងប្រទេស​ និង​ក្នុង​តំបន់​ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​១៩​ និង​មិន​ជ្រៀតជ្រែក​បែប​ផែនការ​រស់នៅ​របស់​ប្រទេស​នីមួយៗ​។

លោក​ថ្លែងថា​៖ «​អាស៊ី​ត្រូវ​បន្ត​កសាង​ និង​ថែរក្សា​សន្តិភាព និង​សន្តិសុខ​ក្នុងប្រទេស​ និង​តំបន់ ដែលជា​គ្រឹះ​មិនអាច​ខ្វះបាន​សម្រាប់​កិច្ចការងារ​ស្តារ​សង្គម​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​១៩ ក៏ដូចជា​ការអភិវឌ្ឍ​រយៈពេល​វែង​»​។

លោក ហ៊ុន សែន ​ថ្លែងថា ក្នុង​ដំណើរការ​ការស្តារ​សង្គមសេដ្ឋកិច្ច​ឡើងវិញ​អាស៊ី​ចាំបាច់​ត្រូវ​ពង្រឹង​ភាពជា​ដៃគូ​រវាង​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​ប្រទេស​ផ្សេងៗ​លើ​សកលលោក ក៏ដូចជា​តួអង្គ​អភិវឌ្ឍន៍​ទាំងអស់​។

លោក​បាន​បញ្ជាក់ថា​៖ «​ដើម្បី​សម្រេច​គោលបំណង​រួម​របស់​យើង​ប្រកប​ដោយ​ជោគជ័យ​យើង​ត្រូវតែ​គោរព​នូវ​គោលការណ៍​សន្តិ​សហវិជ្ជមាន ការមិន​ជ្រៀតជ្រែក​ និង​ការគោរព​បែបផែន​នៃ​ការរស់នៅ វប្បធម៌ ប្រពៃណី​ និង​ប្រវត្តិសាស្ត្រ​ដែលជា​គុណតម្លៃ​របស់​ប្រទេស​នីមួយៗ ក្នុង​គោលដៅ​ពង្រឹង​តម្លៃ​នៃ​សន្តិភាព សេចក្តីថ្លៃថ្នូរ​ និង​សាមគ្គីភាព​»​។

លោក​បន្តថា នាពេល​បច្ចុប្បន្ន​ការបាត់បង់​ភាពជឿ​ទុកចិត្ត ការប្រកួតប្រជែង គម្លាត​ការអភិវឌ្ឍ​ និង​កម្រិត​ប្រាក់ចំណូល និង​វិសមភាព​សង្គម​បាន​បង្កឱ្យមាន​ការភ័យខ្លាច ឬ​បាត់បង់​ការគាំទ្រ​លើ​គោលការណ៍​សកលភាវូបនីយកម្ម​ជា​បណ្តើរៗ ស្រប​ជាមួយ​នឹង​ការចាកចេញ​ពី​យន្តការ​ពហុភាគី​និយម​ដោយ​ការគេច​ពី​គោលការណ៍ និង​វិធាន​នៃ​ច្បាប់​អន្តរជាតិ​។

លោក​បញ្ជាក់ថា​៖ «​ទិដ្ឋភាព​ទាំងនេះ​បាននិង​កំពុង​បង្ក​ក្តីបារម្ភ​ និង​ភាពតានតឹង នៅក្នុង​សហគមន៍​អន្តរជាតិ​។ ដូច្នេះ អាស៊ី​ត្រូវ​លើកកម្ពស់​តួនាទី​ដឹកនាំ​របស់ខ្លួន​ក្នុង​ការធានា​ឱ្យបាន​នូវ​កិច្ចសហប្រតិបត្តិការ ប្រកប​ដោយ​ស្មារតី​បើកចំហ និង​ការគាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ដើម្បី​បន្ត​លើកកម្ពស់​កិច្ចសម្រួល​ពាណិជ្ជកម្ម​ និង​ធ្វើ​សមាហរណកម្ម ការតភ្ជាប់​គ្រប់​វិស័យ​ដើម្បី​ពង្រឹង​ភាពធន់​របស់​យើង​ចំពោះ​ការផ្លាស់ប្តូរ​នយោបាយ​សេដ្ឋកិច្ច​ និង​សង្គម​»​។

បើតាម​លោក ហ៊ុន សែន រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹងដាក់​ចេញ​នូវ​ផែនការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ពី​វិបត្តិ​កូវីដ ១៩ សម្រាប់​ឆ្នាំ ២០២១-២០២៣ ក្នុង​គោលបំណង​អូសទាញ​កំណើន​សេដ្ឋកិច្ច​ឱ្យ​ត្រឡប់​ទៅ​ខិតជិត​កំណើន​សក្តានុពល​ប្រកប​ដោយ​ចីរភាព និង​បរិយាបន្នកម្ម តាមរយៈ​ការធានា​រក្សា​នូវ​សន្តិភាព សន្តិសុខ ស្ថិរភាព​សង្គម​ និង​សណ្តាប់ធ្នាប់​សាធារណៈ​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២០ ​ខែឧសភា​ថា បញ្ហា​សន្តិសុខ​តែងតែ​បំពេញ​លក្ខខណ្ឌ​នៃ​ការអភិវឌ្ឍ​សម្រាប់​វិស័យ​ផ្សេងៗ​រាប់ទាំង​វិស័យ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ផង ហើយ​ប្រសិន​មិនមាន​សន្តិសុខ​ទេ គឺ​មិនអាច​មាន​ការអភិវឌ្ឍ និង​ការស្តារ​សេដ្ឋកិច្ច​បាន​នោះទេ​។

លោក​ថ្លែងថា​៖ «​ប្រសិន​យើង​ពិនិត្យមើល​នៅក្នុង​អាស៊ី​របស់​យើង​នេះ ហាក់ដូចជា​កំពុង​មានការគំរាមកំហែង​ទៅលើ​វិស័យ​សន្តិសុខ​ហ្នឹង​ច្រើន​គួរសម​ ដោយសារ​ទីមួយ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ហាក់ដូចជា​ចំណុចក្តៅ​មួយ​ដែល​ធ្វើឱ្យ​មាន​ភាពតានតឹង រវាង​ចិន​ និង​បណ្តា​ប្រទេស​មួយចំនួន​នៅ​អាស៊ីអាគ្នេយ៍​ហ្នឹង​ផង ហើយ​រវាង​ចិន​ និង​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​ផង​»​។

លោក​ គិនភា ​បាន​បញ្ជាក់ថា​៖ «​មួយទៀត​យើង​ឃើញ​បញ្ហា​នុយក្លែអ៊ែរ​របស់​កូរ៉េខាងជើង​ហ្នឹង ក៏​នៅតែ​ជា​បញ្ហា​ក្តៅ និង​រ៉ាំរ៉ៃ ដែល​ប្រឈម​នៅក្នុង​បញ្ហា​សន្តិសុខ​តំបន់ អាស៊ី​ទាំងមូល​ផងដែរ​»៕

ព័ត៌មានថ្មីៗ