ភ្នំពេញៈ ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ចែក​សៀវភៅ​ប្រមាណ​ ៨ ​ម៉ឺន​ក្បាល​ជា​ប្រភេទ​សៀវភៅ​អប់រំ ល្បី​ឈ្មោះ​ដែល​ត្រូវ​បាន​តែង​និពន្ធ​ឡើង​ដោយ​អ្នកប្រាជ្ញ​ខ្មែរ​ជំនាន់​មុន​នៅក្នុង​ព្រឹត្ដិការណ៍​ពិព័រណ៍​សៀវភៅ នៅ​បណ្ណាល័យ​ជាតិ​ដែល​ធ្វើ​ឡើង​រយៈពេល​ ៣ ​ថ្ងៃ​ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​ ៧ នេះ​រហូត​ដល់​ថ្ងៃទី​ ៩ ខែ​ធ្នូ​។


សៀវភៅ​ទាំង​ ៣ ​ចំណងជើង​ដែល​ត្រូវ​បាន​រៀបរៀង​ឡើង​ដើម្បី​បន្សល់​ទុក​ដល់​អ្នក​ជំនាន់​ក្រោយ​ត្រូវ​បាន​បោះពុម្ព​នឹង​យក​មក​ចែកចាយ​តាមរយៈ​ការណែនាំ​របស់​លោក​នាយក​រដ្ឋមន្ដ្រី​ក្នុង​នោះ​រួមមាន​សៀវភៅ «​ស្រីហិតោ​បទេស សៀវភៅ​ក្រម​ង៉ុយ និង​សៀវភៅ អ៊ូ ចុង​»​។

លោកស្រី ងួន សូនី ប្រធាន​គណៈកម្មការ​ចែក​សៀវភៅ​របស់​លោក ហ៊ុន សែន ឱ្យ​ដឹង​ថា​៖ «​សម្តេច​អគ្គសេនាបតី​តេជោ ហ៊ុន សែន គឺជា​មេដឹកនាំ​ដែល​ចូលចិត្ត​អាន ចូលចិត្ត​ស្តាប់​វិទ្យុ និង​មើល​ទូរទស្សន៍​រហូត​ដល់​ទៅ ៤ ​ក្នុង​ពេល​តែ​មួយ​»​។

លោកស្រី​បន្ត​ថា​ការចែក​សៀវភៅ​ទាំងនេះ​ជា​បំណង​ល្អ​របស់​លោក​នាយករដ្ឋមន្ត្រី​ដើម្បី​លើកស្ទួយ និង​ជំរុញ​វិស័យ​​អំណាន​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ផុសផុល​ទូទាំង​ប្រទេស​។


សៀវភៅ​នីមួយៗ​សុទ្ធ​តែ​បង្កប់​នូវ​ទស្សនៈ​អប់រំ​ខុសៗ​គ្នា ជាក់ស្តែង​ដូចជា​ឃ្លា​មួយ​នៅក្នុង​សៀវភៅ​ក្រមង៉ុយ​បាន​សរសេរ​ថា​ «​បើ​ចង់​ស្រាល​ខ្លួន​រៀនសូត្រ​ឱ្យ​មួន ឱ្យ​មាំ​ឱ្យ​ស្ទាត់ កុំ​ចេះ​ស្ទាក់ស្ទើរ ល្ងីល្ងើ​ឥត​បទ បើ​ចេះ​ប្រាកដ ប្រាក់​រត់​តាម​ហៅ​»​។


ចំណែក​ឃ្លា​មួយ​នៃ​សៀវភៅ អ៊ូ ចុង វិញ​បាន​អប់រំ​ថា «​ត្រូវ​ធ្វើ​បុណ្យ​ខ្នើត ម៉ែឪ​ស៊ី​កើត កំពុង​ស្រេកឃ្លាន ម៉ែឪ​នៅរស់ កូន​ត្រូវ​ធ្វើ​ទាន បំបាត់​ក្តី​ឃ្លាន ហៅ​ធ្វើ​បុណ្យ​ខ្នើត​។ ហៅ​បុណ្យ​ខែភ្លឺ កុំ​ចាំ​គាត់​ឈឺ បរិភោគ​លែង​កើត ជូន​គាត់​កាល​ជា​ ហៅថា​បុណ្យ​ខ្នើត គាត់​បរិភោគ​កើត បាន​ជាង​រនោច​។ លុះ​បាត់​ជីវិត បុណ្យ​ខែ​ងងឹត ដូច​ថ្ងៃ​ដប់​រោច កូនចៅ​ទាំងឡាយ យក​បាយ​ឱ្យ​ខ្មោច ម៉ែ​ឥតប្រយោជន៍ ខ្មោច​ណា​ចេះ​ស៊ី​»​។

ចំណែក​សៀវភៅ​ស្រីហិតោ​បទេស​កាន់តែ​សម្បូរបែប​នូវ​ទស្សនៈ​អប់រំ​ជាច្រើន ដែល​នាំ​ទៅ​ដល់​ការ​ត្រិះរិះ​ពិចារណា​គ្រប់​បែប​យ៉ាង​។ នៅក្នុង​វគ្គ​មួយ​នៃ​សៀវភៅ​នេះ​បាន​សរសេរ​ថា «​បុគ្គល​មាន​ចំណេះដឹង​តិច កាល​បើ​បាត់បង់​ទ្រព្យ​អស់​ហើយ កិច្ចការ​ផ្សេង​ទៀត​ក៏​វិនាស​ទៅ​ដែរ ដូចជា​ស្ទឹង​មាន​ទឹក​តិច នាពេល​រដូវក្ដៅ​មក​ដល់ ក៏​រីងស្ងួត​ហួតហែង​អស់​រលីង​»​។

លោក​ ជា ហាវ ប្រធាន​គណៈកម្មការ​ផ្សព្វផ្សាយ និង​ទំនាក់ទំនង​ព្រឹត្ដិការណ៍​ពិព័រណ៍​សៀវភៅ​ឆ្នាំនេះ​បាន​ថ្លែង​ថា ពិព័រណ៍​សៀវភៅ​ថ្នាក់ជាតិ​ឆ្នាំ​នេះ​ប្រព្រឹត្ដ​ឡើង​ក្រោម​ប្រធានបទ​ «​សៀវភៅ​រស់ ចំណេះ​រីក​» ដែល​មាន​ស្ដង់​ពិព័រណ៍​សៀវភៅ​ជាង​ ១០០ ស្ដង់​ផង​ដែរ​។ «​ឆ្នាំនេះ​យើង​គិត​ថា​នឹង​មាន​យុវជន​មក​ចូលរួម​ពិព័រណ៍​សៀវភៅ​ច្រើន​ជាង​ឆ្នាំ​មុន ​ព្រោះ​ឆ្នាំ​នេះ​យើង​មាន​ការចែក​សៀវភៅ​ពី​លោក​នាយករដ្ឋមន្ដ្រី​ជិត​ ១០ ​ម៉ឺន​ក្បាល​»៕