ភ្នំពេញៈ ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ណែ​នាំ​ឲ្យ​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូល​ដ្ឋាន​​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​អប់​រំ​ប្រជា​ពល​រដ្ឋ​ដើម្បី​ពង្រឹង​ការ​គ្រប់​គ្រង​សភាព​ការណ៍​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​ហេតុ​ការណ៍​ផ្ដួល​រំលំ​រដ្ឋាភិបាល​ ​ដោយ​បដិវត្តន៍​របស់​លោក​ ​សម រង្ស៊ី។​


​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី ​៧​ ខែ ​ឧសភា ​ឆ្នាំ​ ២០១៩​ ដែល​ភ្នំពេញ​ប៉ុស្តិ៍​បាន​ទទួល​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​ ​លោក​ ​ហ៊ុន​ ​សែន​ ​បាន​សរសេរ​ថា​ លោក​ សម​ រង្ស៊ី​ បាន​ប្រកាស​ជា​បន្ត​បន្ទាប់​អំពី​គម្រោង​វិល​ត្រឡប់​ចូល​មក​កម្ពុជា​វិញ​ក្នុង​ឆ្នាំ​ ២០១៩ ​«​ក្នុង​គោល​បំណង​ដឹក​នាំ​ការ​ធ្វើ​បដិវត្តន៍​ពណ៌​ជា​ថ្មី​ ដោយ​បាន​អំពាវ​នាវ​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​ និង​ប្រជាពលរដ្ឋ​ឲ្យ​ធ្វើ​ការ​ផ្ដួល​រំលំ​រាជ​រដ្ឋាភិ​បាល​ស្របច្បាប់ ​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ដោយ​សេរី ​ត្រឹមត្រូវ​ និង​យុត្តិធម៌»។

លោ​ក​បន្ត​ថា​ សកម្ម​ភាព​បែប​នេះ​គឺ​ជា​ការ​បំពាន​ធ្ងន់​ធ្ងរ​លើ​រដ្ឋ​ធម្ម​នុញ្ញ ​និង​ច្បាប់​កម្ពុជា​ ដែល​ជា​លទ្ធ​ផល​អាច​នាំ​ឲ្យ​ប្រទេស​ជាតិ​ធ្លាក់​ក្នុង​វិបត្តិ​ ភាព​ចលា​ចល ​វឹក​វរ ដែល​មិន​អាច​ប៉ាន់​ស្មាន​បាន។​

​​លិ​ខិត​របស់​លោក ​ហ៊ុន​ ​សែន ​បន្ត​ថា​ ការ​វិល​ត្រឡប់​របស់​លោក ​សម​ រង្ស៊ី ឬ​អត់ ​ការ​ធ្វើ​បដិ​វត្តន៍​បាន​​សម្រេច​ឬ​មិន​សម្រេច​ ក៏​ដូច​ជា​ការដឹក​នាំ​បដិ​វត្តន៍​ពណ៌​របស់​លោក សម​ រង្ស៊ី ​មិន​ចំណុះ​ទៅ​លើ​មហិច្ឆតា​របស់​លោក ​សម​ រង្ស៊ី ​ទេ​ ប៉ុន្តែ​កត្តា​សំខាន់​គឺ​លើ​ការ​គ្រប់​គ្រង​បាន​ល្អ​ប្រសើរ​នូវ​សភាព​ការណ៍​តាម​មូល​ដ្ឋាន​នានា​​នៅ​ទូទាំង​ប្រទេស។​


​​លិខិត​បន្ត​ថា ​ដើម្បី​គ្រប់​គ្រង​សភាព​ការណ៍​តាម​​មូលដ្ឋាន​ ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូល​ដ្ឋាន​រាជ​ធានី​ខេត្ត​ ​«ដឹក​នាំ​ ណែនាំ ​ដល់​ក្រុម​ការងារ​និង​មន្ត្រី ​អាជ្ញា​ធរ​ កង​កម្លាំង​មាន​សមត្ថកិច្ច​គ្រប់​ថ្នាក់​ សហ​ការ​រៀប​ចំ​វេទិកា​សាធា​រ​ណៈ​គ្រប់​ឃុំ​ ភូមិ​ ដើម្បី​ផ្សព្វផ្សាយ​អប់​រំ​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈ​ដ្ឋាន​អំពី​ផល​វិបាក​នៃ​ការ​ផ្ដួល​រំលំ​រាជ​រដ្ឋាភិ​បាល​ស្រប​ច្បាប់​ តាម​រយៈ​សកម្ម​ភាព​បដិ​វត្តន៍​ពណ៌ ដែល​ជា​សកម្ម​ភាព​ខុស​ច្បាប់ ​និង​ការ​វិល​ត្រឡប់​មក​កម្ពុជា​របស់​ទណ្ឌិត​ សម​ រង្ស៊ី​ ដើម្បី​ដឹកនាំ​សកម្មភាព​ខុស​ច្បាប់​នេះ»។​


លិខិត​ក៏​បាន​ណែ​នាំ​ឲ្យ​​ធ្វើ​កំណែ​ទម្រង់​ផ្ទៃ​ក្នុង​ ដោះ​ស្រាយ​បញ្ហា​របស់​ពលរដ្ឋ​ឲ្យ​បាន​ទាន់​​ពេល​វាលា ​លើក​កម្ពស់​សេវា​សាធារ​ណៈ​ជូ​ន​​ពល​រដ្ឋ ​និង​អភិ​វឌ្ឍ​មូល​ដ្ឋាន​ និង​អប់​រំ​មន្ត្រី​ អាជ្ញធរ​ កម្លាំង​សមត្ថកិច្ច​គ្រប់​ថ្នាក់​ឲ្យ​បម្រើ​ពលរដ្ឋ។​

​​លោក​ ​ផៃ​ ​ស៊ីផាន​ អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិ​បាល​បាន​ថ្លែង​ថា​ លោក​មិន​បាន​ឃើញ​លិខិត​នោះ​ទេ ដូច្នេះ​លោក​មិន​អាច​បញ្ជាក់​ថា​វា​ជា​លិខិត​ពិត​ ឬ​ក្លែងក្លាយ។​

​លោក​ ​សុខ​ ​ទូច​ ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែង​ថា​ ការ​ចេញ​លិខិត​នេះ​មាន​ទិដ្ឋភាព​ ៣ គឺ​ទី​១ ​ការ​អំពាវនាវ​របស់​លោក​ ​សម​ រង្ស៊ី ឲ្យ​​កង​កម្លាំង​មិន​ស្ដាប់​បង្គាប់​នោះ​អាច​កើត​មាន ប្រ​សិន​បើ​រដ្ឋាភិ​បាល​មិន​បាន​ណែ​នាំ។ ទី​២​ លោក​ថា បើ​សិន​ជា​មាន​ការ​កើត​ឡើង​បដិ​វត្តន៍​មែន​នោះ ​នឹង​មា​នការ​បង្ក្រាប​ពី​រដ្ឋាភិបាល​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​រង​គ្រោះ ​ប៉ុន្តែ​លោក​ សម​ រង្ស៊ី​ មិន​រងផល​ប៉ះពាល់​ដោយ​សារ​លោក​នៅ​ក្រៅ​ប្រទេស​។​ ​​ទិដ្ឋភាព​មួយ​ទៀត​លោក​ថា គឺ​ជា​ការ​ព្យាយាម​របស់​រដ្ឋាភិបាល​​កុំ​ឲ្យ​ហេតុ​ការណ៍​អ្វី​មួយ​កើត​ឡើង​ ពី​ព្រោះ​រដ្ឋាភិ​បាល​ជា​អ្នក​ទទួល​ខុស​បើ​សិន​មាន​ការ​បង្ហូរ​ឈាម​កើត​ឡើង។​ លោក​បន្ត​ថា មាន​ឧទា​ហរ​ណ៍​ថ្មីៗ​នៅ​កូរ៉េខាងត្បូង​ ដែល​អ្នក​គាំទ្រ​បាន​ជួ​ជុំ​គ្នា​ធ្វើ​បាតុកម្ម​ភ្លើង​ទៀន។​

លោក​ថ្លែង​ថា​៖​ ​«​ការ​ផ្ញើ​សារ​នេះ​​ជា​ការ​ដាស់​តឿន​ក្រើន​រំឭក ​កុំ​ឲ្យ​មាន​រឿង​កើត​ឡើង​​ដោយសារ​រដ្ឋាភិបាល​ធ្វើ​មិន​ដឹង​មិន​ឮ។​ បើ​រដ្ឋាភិបាល​មិន​ធ្វើ​សកម្ម​ភាព​ អត់​ពន្យល់​អត់​អី ​ស្រាប់​តែ​ពេល​ផ្ទុះ​មាន​ការ​បង្ហូរ​ឈាម​ ​សំណួរ​គឺ​ថា​ ហេតុ​អី​បាន​រដ្ឋាភិបាល​មិន​ពន្យល់​ប្រជាជន?»៕​