ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​កាលពី​ម្សិលមិញ​ថា «​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ក្នុង​ភាពអាសន្ន​» នឹង​ចេញ​ក្រោយ​ចូលឆ្នាំ​ខ្មែរ ហើយ​លទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់​នេះ​មាន​តែ ០,១ ភាគរយ​ប៉ុណ្ណោះ ដោយយោង​លើ​ស្ថានភាព​ជំងឺ​កូវីដ​ ១៩ នៅ​កម្ពុជា​បច្ចុប្បន្ន​។


ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ពិសេស​កាលពី​ម្សិលមិញ​នៅ វិមាន​សន្តិភាព លោក ហ៊ុន សែន ថ្លែង​ថា​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ក្នុង​ភាពអាសន្ន​អាច​នឹង​ក្លាយជា​ច្បាប់​ពេញលេញ​ក្រោយ​ចូលឆ្នាំ​ខ្មែរ បន្ទាប់ពី​ឆ្លងកាត់​នីតិវិធី​នៅ​រដ្ឋសភា ព្រឹទ្ធសភា និង​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ​។

កាលពី​ម្សិលមិញ​រដ្ឋសភា​បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ដោយ​បញ្ជាក់ថា សេចក្ដីព្រាងច្បាប់​នេះ​ត្រូវបាន​គណៈកម្មាធិការ​អចិន្រៃ្តយ៍​នៃ​រដ្ឋសភាព​បាន​អនុម័ត​ច្បាប់​នេះ​រួចហើយ​។ សេចក្ដី​ប្រកាស​បញ្ជាក់ថា ច្បាប់​នេះ​ត្រូវបាន «​បញ្ជូន​ទៅ​កាន់​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា​ដោយ​សហការ​ជាមួយ​គណៈកម្មការ​មហាផ្ទៃ ការពារជាតិ និង​មុខងារសាធារណៈ​នៃ​រដ្ឋសភា ពិនិត្យ សិក្សា ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​​អចិន្រៃ្តយ៍​រដ្ឋសភា​វិញ​»​។

លោក ហ៊ុន សែន ថ្លែង​ថា​ថ្ងៃ​សុក្រ​នេះ សភា​អាច​នឹង​ប្រជុំ​ពេញអង្គ​ដើម្បី​អនុម័ត​ច្បាប់​នេះ​។ វា​ត្រូវការ​ពេលវេលា​ប្រហែល​ ១ ​អាទិត្យ​នៅ​ព្រឹទ្ធសភា ប៉ុន្តែ​បន្ទាប់ពី​ឆ្លង​សភា​នៅ​ថ្ងៃ​សុក្រ​នេះ វា​ជា​ពេលវេលា​ចូលឆ្នាំ​។ លោក​ថា លោក​បាន​ស្នើសុំ​ព្រឹទ្ធសភា​ឲ្យ​មាន​ការកោះប្រជុំ​វិសាមញ្ញ​រួចហើយ ប៉ុន្តែ​ដោយសារ​បញ្ហា​សុវត្ថិភាព វា​អាស្រ័យ​ថា តើ​ព្រឹទ្ធសភា​អាច​ប្រជុំ​មុន​ចូលឆ្នាំ​បាន​ឬ​អត់​?

លោក​បន្តថា បន្ទាប់ពី​ព្រឹទ្ធសភា​អនុម័ត​ច្បាប់​នេះ​ត្រូវ​ឆ្លងកាត់​ការត្រួតពិនិត្យ​អំពី​ធម្មនុញ្ញភាព​របស់​វា​ពី​សំណាក់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​។


លោក​ថ្លែងថា​៖ «​ដូច្នេះ​ការប៉ាន់ស្មាន​ថ្ងៃនេះ​គឺ​ថ្ងៃទី​ ៧ មេសា ដល់​ថ្ងៃ​សុក្រ ទី​១០ សភា​សម្រេច​។ ដល់​ថ្ងៃ​ ១៣ ឬ​ ១៤ ចូលឆ្នាំ​។ អ៊ីចឹង​ទេ​ច្បាប់​នេះ​អាច​ក្រោយ​ចូលឆ្នាំ​ខ្មែរ​»​។

ទោះបី​យ៉ាងណា​លោក​ថា លទ្ធភាព​នៃ​ការប្រើ​ច្បាប់​នេះ​មានតែ ០,១ ភាគរយ​ប៉ុណ្ណោះ ពីព្រោះ​លោក​មាន​ជំនឿ​រហូត​ដល់​ជាង ៩៩ ​ភាគរយ​ថា កម្ពុជា​អាច​គ្រប់គ្រង​សភាពការណ៍​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ​១៩ បាន​។ សភាពការណ៍​របស់​កម្ពុជា​មិនទាន់​ដល់​អាសន្ន​ដែល​ត្រូវដាក់​ប្រញាប់ប្រញាល់​នោះទេ​។ តែ​កម្ពុជា​មាន​តម្រូវការ​ចាំបាច់​ឲ្យ​មានច្បាប់​នេះ​ក្នុង​ដៃ​តែប៉ុណ្ណោះ​។

លោក​បញ្ជាក់ដែរ​ថា លោក​មិន​ចង់​ប្រើ​ច្បាប់​នេះ​ទេ ព្រោះ​ការប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ធ្វើឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ពលរដ្ឋ និង​ប៉ះទង្គិច​ដល់​បញ្ហា​សេដ្ឋកិច្ច និង​បញ្ហា​ជាច្រើន​ទៀត​។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​កាលណា​សភាពការណ៍​ត្រួតត្រា​លែង​បាន​ដោយ​បទបញ្ជា ដោយ​ការអំពាវនាវ​ហើយ គេ​ដាក់​ហើយ កុំ​ឆ្ងល់​ពេក​និយាយ​ឲ្យ​វា​ស្រួល​ស្ដាប់​។ បើ​និយាយ​គ្នា​លែង​ស្ដាប់ រដ្ឋាភិបាល​អំពាវនាវ​ថា កុំ​ឲ្យ​មាន​ការប្រមូល​ផ្ដុំគ្នា​ក្រែងលោ​វា​ឆ្លង​ជំងឺ កុំ​ឲ្យ​មាន​បញ្ហា​នេះ​អ៊ីចេះ បញ្ហា​នោះ​អ៊ីចុះ និយាយ​គ្នា​លែង​ស្ដាប់ គេ​ប្រកាស​ដាក់​ហើយ​»​។

សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រទេស​ស្ថិត​ក្នុង​ភាពអាសន្ន​មាន​ ៥ ជំពូក និង ១១ មាត្រា​។ ច្បាប់​នេះ​មានចែង​ពី​ការដាក់ទោសទណ្ឌ​អ្នក​ល្មើស​ដោយ​ត្រូវ​ជាប់ពន្ធនាគារ​ពី​ ១ ​ឆ្នាំ​រហូត​ដល់​ ១០ ​ឆ្នាំ​តាម​លក្ខខណ្ឌ​មានចែង និង​បន្ថែម​ដោយ​ការផាកពិន័យ​។

កាលពី​ថ្ងៃ​ចន្ទ អង្គការ​សិទ្ធិមនុស្ស​ចំនួន ៤ រួមមាន អង្គការ CIVICUS, FORUM-ASIA, Frontline Defenders និង Civil Rights Defenders បាន​បង្ហាញ​ក្ដីបារម្ភ​អំពី​ឥទ្ធិពល​នៃ​ច្បាប់​នេះ ដោយ​លើកឡើង​ថា វា​ផ្ដល់នូវ​អំណាច​ទៅ​អង្គនីតិប្រតិបត្តិ​ធ្វើឲ្យ​ប៉ះពាល់​ដល់​សេរីភាព​ជា​មូលដ្ឋាន គ្មាន​ចំណុច​បញ្ចប់​ច្បាស់លាស់​។

ក្រុម​អង្គការ​ដដែល​លើកឡើង​ថា​៖ «​រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​ធ្វើការ​កែសម្រួល​ច្បាប់​នេះ​ជាបន្ទាន់ ដើម្បី​ឲ្យ​វា​ស្របទៅ​នឹង​ច្បាប់​សិទ្ធិមនុស្ស និង​បទដ្ឋាន​អន្តរជាតិ​។ បើ​មិន​ដូច្នេះ​ទេ អំណាច​នៃ​ភាព​មាន​អាសន្ន​នេះ​នឹង​ត្រូវបាន​ប្រើ​ជា​អាវុធ​មួយទៀត​ក្នុង​ឃ្លាំង​អាវុធ​របស់​កម្ពុជា ដើម្បី​កម្ទេច​មតិ​ប្រឆាំង បង្ក្រាប​អ្នក​រិះគន់ និង​បំបិទមាត់​អ្នកការពារ​សិទ្ធិមនុស្ស​»​។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ​ម្សិលមិញ​កម្ពុជា​រកឃើញ​អ្នក​ឆ្លង​ម្នាក់ទៀត ដែល​ជា​ស្ត្រី​ទេសចរ​ជនជាតិ​វៀតណាម​អាយុ​ ២៧ ​ឆ្នាំ​។ ស្ត្រី​រូបនេះ​បាន​ចាកចេញ​ពី​ក្រុង​បាវិត ខេត្ត​ស្វាយរៀង​កាលពី​ថ្ងៃទី​ ២ ខែមីនា ទៅ​ប្រទេស​វៀតណាម ហើយ​បាន​ត្រឡប់​មកវិញ​នៅ​ថ្ងៃទី​ ១០ មីនា​។ ស្ត្រី​រូបនេះ​មាន​មិត្ត​ប្រុស​ជនជាតិ​ចិន​ដែល​បាន​ចាកចេញ​ពី​កម្ពុជា​កាលពី​ថ្ងៃទី​ ៣ មេសា​។

ក្រសួង​សុខាភិបាល​បញ្ជាក់​ថា តួលេខ​អ្នកមាន​ជំងឺ​នេះ​សរុប​នៅ​កម្ពុជា​មាន​សរុប ១១៥ ​នាក់ ប៉ុន្តែ​ ៥៨ នាក់​ បានជា​សះស្បើយ​បូក​ទាំង​អ្នក​ជា​សះស្បើយ​ចំនួន ៥ ​នាក់​កាលពី​ម្សិលមិញ​។ អ្នកមាន​វីរុស​នេះ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​នានា​មាន​ចំនួន ៥៧ ​នាក់​៕