ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង លោក Mike Pompeo រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​បាន​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ម្សិលមិញ ដោយ​ពិភាក្សា​គ្នា​ជាពិសេស​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ ១៩ និង​បញ្ហា​មួយចំនួន​ទៀត​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ក្រសួង​ការបរទេស​កម្ពុជា​។


សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​បាន​ថ្លែងថា លោក ហ៊ុន សែន និង​លោក Pompeo បានបង្ហាញ​ការ​ពេញចិត្ត​ចំពោះ​ការជួយ​គ្នា​ទៅវិញ​ទៅមក​ក្នុង​គ្រា​លំបាក​នៃ​ការប្រឆាំង​នឹង​ការរាលដាល​ពេញ​ពិភពលោក​នៃ​ជំងឺ​កូវីដ ១៩​។ លោក Pompeo បាន​អរគុណ​កម្ពុជា​ចំពោះ​ការជួយ​សង្គ្រោះ​អ្នកដំណើរ​លើ​នាវា​កម្សាន្ត MS Westerdam កាលពី​ខែ​កុម្ភៈ​ដែល​នាវា​នោះ​មាន​ពលរដ្ឋ​អាមេរិកាំង​ជាង ៦០០ ​នាក់​។

ចំណែក​លោក ហ៊ុន សែន វិញ​ក៏បាន​អរគុណ​សហរដ្ឋ​អាមេរិក​ផងដែរ ដែល​បាន​ផ្ដល់​ជំនួយ និង​កិច្ចសហការ​ពី​សំណាក់​អ្នកជំនាញ​នៃ​មជ្ឈមណ្ឌល​បង្ការ និង​ទប់ស្កាត់​ជំងឺឆ្លង​អាមេរិក និង​ការ​ផ្ដល់ជំនួយ​ទឹកប្រាក់ ២ លាន​ដុល្លារ សម្រាប់​ការប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩​។ បើតាម​ក្រសួង​ការបរទេស​ក្រៅពី​បញ្ហា​ពាក់ព័ន្ធ​នឹង​រឿង​កូវីដ​ ១៩ កិច្ចសន្ទនា​ក៏​បាន​និយាយ​ដល់​បញ្ហា​ផ្សេងទៀត​ផងដែរ​។

ក្រសួង​ការបរទេស​បញ្ជាក់​ថា​៖ «​ជាមួយ​នឹង​ការអះអាង​ថា អាមេរិក​នឹង​បន្ត​ជួយ​គាំទ្រ​ដល់​កិច្ចប្រឹងប្រែង​នានា​ដើម្បី​សុខភាព សុវត្ថិភាព​របស់​ប្រជាជន​កម្ពុជា ឯកឧត្តម Pompeo បាន​ស្វាគមន៍​សេចក្ដី​ថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ស្ដីពី​អធិបតេយ្យភាព​ជាតិ​គាំទ្រ​គ្រប់​ទម្រង់​នៃ​កិច្ចសហប្រតិបត្តិការ​ផ្នែក​សន្តិសុខ​អាស៊ាន ហើយ​បញ្ជាក់​ពី​សារៈសំខាន់​នៃ​សេរីភាព​ក្នុង​ការបញ្ចេញមតិ ទោះបី​មតិ​នោះ​ខុសគ្នា​ក៏ដោយ​»​។


លោក​ ហ៊ុន សែន បាន​លើកឡើង​ពី​តួនាទី​សំខាន់​របស់​អាមេរិក​ក្នុង​តំបន់ វិភាគទាន​របស់​អាមេរិក និង​សារៈសំខាន់​របស់​អាមេរិក​ក្នុង​ការកាត់បន្ថយ​គម្លាត​រវាង​ប្រទេស​នានា​ក្នុង​តំបន់​មេគង្គ​ក្រោម និង​សមាជិក​អាស៊ាន​ផ្សេងទៀត​។ លោក​ក៏បាន​អរគុណ​ចំពោះ​កម្មវិធី​អ្នកស្ម័គ្រចិត្ត​អាមេរិក​ដែល​បាន​ជួយ​ដល់​សង្គម​កម្ពុជា​ផងដែរ​។


លោក ហ៊ុន សែន ក៏បាន​អញ្ជើញលោក Pompeo មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នៅពេល​សមស្រប​ណាមួយ​ហើយ​លោក​ក៏បាន​ផ្ដាំផ្ញើ​ការគាំទ្រ​របស់លោក​ជូន​ចំពោះ​លោក​ ដូណាល់ ត្រាំ ផងដែរ​។

លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បាន​ថ្លែងថា លោក​មិន​មាន​ព័ត៌មាន​បន្ថែម​លើសពី​អ្វី​ដែលមាន​នៅលើ​សេចក្ដីប្រកាស​ព័ត៌មាន​ទេ​។

លោកស្រី Emily Zeeberg អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា បាន​ថ្លែង​តាម​អ៊ីមែល​កាលពី​ម្សិលមិញ​ថា លោក ហ៊ុន សែន និង​លោក Pompeo បាន​សន្ទនា​ជាមួយ​គ្នា​តាម​ទូរស័ព្ទ​។ លោកស្រី​ថា​ឆ្នាំ​នេះ​ជា​ខួប​ទី​ ៧០ ​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង ២ ហើយ​លោក Pompeo និង​លោក ហ៊ុន សែន បាន​ទទួលស្គាល់​អំពី​ទំនាក់ទំនង​ទ្វេភាគី​។ ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ សហរដ្ឋអាមេរិក​បាន​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍​ជាង ២ ​ពាន់​លាន​ដុល្លារ​ដល់​កម្ពុជា​ទៅ​លើ​វិស័យ​សុខាភិបាល កសិកម្ម អប់រំ ពាណិជ្ជកម្ម និង​វិស័យ​ជាច្រើន​ទៀត​។

ខ្លឹមសារ​នៃ​អ៊ីមែល​របស់​លោកស្រី Emily Zeeberg ក៏​មិន​ខុសពី​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ដែរ ដោយ​លោកស្រី​បាន​ថ្លែង​ថា​លោក Pompeo ក៏​សង្កត់ធ្ងន់​លើ​ការប្ដេជ្ញាចិត្ត​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការជួយ​កម្ពុជា ដើម្បី​ឆ្លើយតប​នឹង​ការរាលដាល​នៃ​ជំងឺ​កូវីដ​១៩ និង​និយាយ​ពាក់ព័ន្ធ​រឿង​​អធិបតេយ្យ​របស់​កម្ពុជា​។

លោកស្រី​ថ្លែងថា​៖ «​លោក​រដ្ឋមន្ត្រី​ការបរទេស Pompeo និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ពិភាក្សា​ពី​សារៈសំខាន់​នៃ​អធិបតេយ្យ​របស់​កម្ពុជា ក៏ដូចជា មធ្យោបាយ​ដើម្បី​ពង្រឹង​អភិបាលកិច្ច​ដោយ​ប្រជាធិបតេយ្យ​ដែល​រួមមាន​សារៈសំខាន់​នៃ​សេរីភាព​បញ្ចេញមតិ ជាពិសេស​ក្នុង​ពេលវេលា​នេះ​ដែល​សំឡេង​ទាំងអស់​ត្រូវការ​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​រាតត្បាត​សកល​»​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​យល់ថា មិន​ថា​ថ្នាក់ដឹកនាំ​ទាំង​ ២ ​និយាយ​ពី​បញ្ហា​អ្វី​នោះទេ ការលើក​ទូរស័ព្ទ​និយាយ​ជាមួយ​គ្នា​នេះ​គឺជា​កាយវិការ​ល្អ​ស្រេច​ទៅ​ហើយ​លើ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២​។

លោក​ថ្លែងថា​តាម​លោក​ដឹង លោក​នាយករដ្ឋមន្ត្រី និង​លោក Pompeo មិន​ធ្លាប់បាន​និយាយ​ទូរស័ព្ទ​ជាមួយ​គ្នា​ទេ​ពីមុនមក​។ លោក​ថ្លែង​ដូច្នេះ​ថា​៖ «​ការហៅ​ទូរស័ព្ទ​រកគ្នា​គឺជា​ការបោះដៃ​រកគ្នា​ជា​ជំហាន​វិជ្ជមាន​ដ៏សំខាន់​មួយ​ក្នុង​ទំនាក់ទំនង​កម្ពុជា និង​សហរដ្ឋអាមេរិក ហើយ​ប្រទេស​ទាំង​ ២ គួរតែ​ចាប់ផ្ដើម​លើកកម្ពស់​ការយល់​គ្នា​ឲ្យ​បាន​ប្រសើរ​ឡើង ដើម្បី​កុំ​ឲ្យ​មាន​ការយល់ច្រឡំ​លើ​គ្នា​តទៅទៀត​»​។

លោក​បន្តថា​ក្នុង​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​លោក​ឃើញ​ទំនាក់ទំនង​កម្ពុជា និង​អាមេរិក​មាន​ភាព​វិជ្ជមាន​។ វិជ្ជមាន​គឺ​ដោយសារ​តែមាន​ការសរសេរ​លិខិត​ឆ្លើយឆ្លង​រវាង​លោក ហ៊ុន សែន និង​លោក ដូណាល់ ត្រាំ ពាក់ព័ន្ធ​នឹង​ជំនួប​កំពូល អាមេរិក-អាស៊ាន និង​ពាក់ព័ន្ធ​នឹង​ការជួយ​ពលរដ្ឋ​អាមេរិកាំង​លើ​នាវា Westerdam​។ ថ្មីៗ​នេះ​ក៏​មានការ​ឆ្លើយឆ្លង​ជាមួយ​លោក Ted Yoho តំណាងរាស្ត្រ​ពី​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​ហ្វ្ល័ររីដា​ដែល​បានរៀបចំ​ច្បាប់​ដាក់​ទណ្ឌកម្ម​កម្ពុជា​ចំពោះ​ការជួយ​ដល់​ពលរដ្ឋ​អាមេរិកាំង​លើក​ប៉ាល់ Westerdam​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​ថា វា​វិវឌ្ឍ​រីកចម្រើន ហើយ​យើង​ត្រូវ​ចាប់​យក​កាលានុវត្តភាព​នេះ​ឲ្យ​ទៅ​កាលានុវត្តភាព​នៃ​ការស្ដារ​ឡើងវិញ​នូវ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ ២ ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​»៕