ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ពលរដ្ឋកុំមានការព្រួយបារម្ភរឿងសង្គ្រាមកើតឡើង ព្រោះមិនមានការវាយប្រយុទ្ធគ្នានៅភ្នំពេញទេ ហើយលោកស្នើឲ្យអ្នកកំពុងលាក់ខ្លួនពាក់ព័ន្ធរឿងរួមគំនិតក្បត់ចេញសារភាពដើម្បីទទួលបានការសន្ដោសប្រណី ខណៈអគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់ថាអ្នកពាក់ព័ន្ធជិត ៣០០ នាក់បានចេញសារភាព។
លោក ហ៊ុន សែន ថ្លែងដូច្នេះក្នុងពេលលោកធ្វើជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយឲ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ ប្រារព្ធនៅសណ្ឋាគារ ១ នៅភ្នំពេញពីព្រឹកម្សិលមិញ។ លោកលើកឡើងថា លោកទទួលបានព័ត៌មានពីក្ដីកង្វល់របស់មាតាបិតាដែលមានកូនជាកម្មករ ធ្វើការនៅរាជធានីភ្នំពេញ ហើយមួយចំនួនបានសុំឱ្យកូនត្រឡប់ទៅផ្ទះខ្លាចមានការប្រយុទ្ធគ្នា។
ប៉ុន្តែលោកថា៖ «គ្មានអ្នកណាគេវាយគ្នានៅកណ្ដាលទីក្រុងភ្នំពេញទេ ព្រោះបើធ្វើសកម្មភាពគេធ្វើតែចំពោះមុខសញ្ញា ៩ នាក់ តែប៉ុណ្ណោះយ៉ាងច្រើន ប៉ុន្តែអា ៩ នេះវាមិនមកទេ កុំឆ្ងល់ពេក។ ឥឡូវវាទៅពន្យារសំបុត្រយន្តហោះចេញពីប៉ារីសមកថ្ងៃ ៩ មិនមកថ្ងៃ ៧ ឆ្លងកាត់ថៃថ្ងៃ ៨ ហើយដល់ស្រុកខ្មែរថ្ងៃ ៩ ទេ»។
ទោះបីលោកមិនបញ្ចេញឈ្មោះមុខសញ្ញាមនុស្សទាំង ៩ នាក់ ដែលលោកត្រៀមចាត់ការនោះក៏ដោយ ប៉ុន្តែអ្នកទាំងនោះត្រូវបានគេដឹងថា ជាលោក សម រង្ស៊ី និងបក្ខពួកគាត់ ៨ នាក់ទៀត ដែលប្រកាសវិលចូលស្រុកថ្ងៃទី ៩ វិច្ឆិកា ឆ្លងកាត់តាមប្រទេសថៃ។ លោកថា លោក សម រង្ស៊ី ខ្លាំងតែលើហ្វេសប៊ុកប៉ុណ្ណោះ។
លោក ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់កិច្ចសហប្រតិបត្តិការរបស់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន ចំពោះវិធានការលើអតីតមន្ត្រីបក្សប្រឆាំង រួមមាន កិច្ចសហប្រតិបត្តិការរបស់ឥណ្ឌូនេស៊ី ម៉ាឡេស៊ី។ ជាពិសេសព្រះរាជាណាចក្រថៃដែលលោកនាយករដ្ឋមន្ត្រី ប្រាយុធ ចានអូចា បានចេញមកថ្លែងបដិសេធមិនឲ្យលោក សម រង្ស៊ី ឆ្លងកាត់ទឹកដីថៃ ដើម្បីចូលមកកម្ពុជា។
លោកនាយករដ្ឋមន្ត្រីបានប្រាប់អ្នកដែលជាប់ពាក់ព័ន្ធនឹងអំពើរួមគំនិតក្បត់ឱ្យចេញមុខសារភាព ដើម្បីទទួលបានការសន្ដោសប្រណី។ លោកថា ពួកគេមួយចំនួនកំពុងលាក់ខ្លួននៅភ្នំក្រវាញ។ ពួកគេគួរចេញមុខសារភាព ហើយចូលរួមសប្បាយក្នុងពិធីបុណ្យអុំទូកខាងមុខនេះ។ បើមិនដូច្នោះទេ ពួកគេនឹងត្រូវចាប់ខ្លួនគ្រប់ទីកន្លែង។ លោកលើកឡើងថា ពួកគេបានដើរហួសបន្ទាត់ក្រហមនៃសិទ្ធិបញ្ចេញមតិគឺបានប្រមាថព្រះមហាក្សត្រ ទាមទារចាប់ខ្លួននាយករដ្ឋមន្ត្រីឱ្យព្រះមហាក្សត្រដាក់រាជ្យ។
លោកមានប្រសាសន៍ថា៖ «ហើយសុំបញ្ជាក់អំពាវនាវឱ្យចេញសារភាពនៃអ្នកទាំងឡាយដែលជាប់ពាក់ព័ន្ធ ហើយដែលមានក្នុងបញ្ជីរួចហើយអ្នកឯងមិនអាចទៅណារួចទេ។ អ៊ីចឹងដើម្បីចៀសវាងកុំឱ្យមានបញ្ហាដល់ខ្លួនអ្នកឯងចេញមកយើងនឹងសន្ដោសប្រណីឱ្យអ្នកឯង។ ព្រោះអ្នកឯងបានបោះបង់ចោលផែនការក្បត់ទៅហើយ យើងអត់យកទោសពៃរ៍ទេ»។
លោកបន្ថែមថា៖ «សូមមិត្តភក្តិបរទេសសុំយោគយល់ចំពោះកម្ពុជា ព្រោះកម្ពុជាគ្មានជម្រើសណាក្រៅតែពីការពារជីវិតប្រជាជននៅក្នុងសុខសន្តិភាពមួយដែលមិនត្រូវឱ្យបំផ្លាញដោយសារមនុស្សមួយក្រុមតូច ធ្វើឯងសម្បើមជាងសម្ដេចព្រះនរោត្តមសីហនុ ទៅទៀត»។
ជាមួយគ្នានេះលោកស្នើឱ្យមិត្តភក្តិបរទេសយល់ពីភាពចាំបាច់របស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងសភាពការណ៍មួយចាំបាច់ ហើយថាប្រជាជនកម្ពុជាបានរងការឈឺចាប់រាប់មិនអស់រួចទៅហើយដោយសារតែអាពាក្យ ប្រជាធិបតេយ្យនិងសិទ្ធិមនុស្សដែលបន្ទាប់មកគឺផ្ដួលរំលំដែលធ្វើឱ្យប្រជាជនកម្ពុជាស្លាប់រាប់លាននាក់។
លោកបន្តថា៖ «ឥឡូវយើងខ្ញុំមិនអាចជឿទៅលើអ្វីដែលជាពាក្យគ្រាន់តែនិយាយប្រជាធិបតេយ្យ និងសិទ្ធិមនុស្សទេ។ សិទ្ធិមនុស្សពិតប្រាកដគឺសិទ្ធិរស់រានមានជីវិត សិទ្ធិដែលមិនត្រូវទទួលការគំរាមកំហែងដោយការស្លាប់ ឬត្រូវរបួសដោយសង្គ្រាម។ យើងខ្ញុំទម្រាំរកសន្តិភាពបានត្រូវចំណាយសាច់ឈាម រាប់មិនអស់ដើម្បីធានាឲ្យកម្ពុជាមួយមានការឯកភាពទឹកដីដំបូងនៅក្នុងប្រវត្តិសាស្ត្រ។ បើមិននិយាយទៅដល់ ៥០០ ឆ្នាំទេ ក៏និយាយជាង ១០០ ឆ្នាំ បន្ទាប់ពីបារាំងចូលមកដាក់អាណានិគមនៅកម្ពុជា»។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថាលោកគោរពដំណើរការប្រជាធិបតេយ្យ និងផ្ដល់សិទ្ធិដល់អ្នកទាំងឡាយណាដែលឈ្នះឆ្នោតដោយប្រជាធិបតេយ្យ តែមិនមែនមកដណ្ដើមអំណាច និងការប្រកាសមកចាប់ខ្លួន ហ៊ុន សែន នៅថ្ងៃទី ៩ នោះទេ។ លោកថា អ្នកគាំទ្រលោក សម រង្ស៊ី នឹងបន្តរងទុក្ខហួសពីថ្ងៃទី ៩ វិច្ឆិកា ដរាបណាលោក សម រង្ស៊ី មិនប្រកាសបញ្ចប់ទង្វើរបស់ខ្លួន។
លោកបញ្ជាក់ថា៖ «ព្រុសពីក្រៅរបងរួចហើយអ្នកនៅក្នុងរបងនេះ អាអ្នកនៅក្រៅរបងវាអត់អីទេ វានៅដេកស្រួលឯណោះ។ តែអាអ្នកនៅក្នុងរបងបានវាងាប់។ តើសុខចិត្តងាប់តាមវាទេ? ណែ! មកលេងបុណ្យអុំទូកជាមួយគ្នាទៅ។ បើចេះអុំទូក មកហាត់ហ្វឹកហ្វឺនជាមួយគេបណ្ដោយទៅ»។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិប្រាប់ភ្នំពេញប៉ុស្តិ៍ម្សិលមិញថា គិតត្រឹមថ្ងៃទី ៧ មានមនុស្ស ២៩៨ នាក់ បានចេញមកសារភាព ហើយមិនត្រូវបានចាប់ខ្លួន ខណៈមនុស្សចំនួន ៦៣ នាក់ ត្រូវបានចាប់ឃាត់ខ្លួន និងមានដីកាចាប់ខ្លួនចំនួន ៦៩ នាក់ទៀត។
លោក ព្រាប កុល ប្រធានប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាថ្លែងថាអ្នកនយោបាយខ្មែរកំពុងដើរលើមាគ៌ានយោបាយ ចាញ់ ចាញ់! លោក សម រង្សី និងអតីតថ្នាក់ដឹកនាំ CNRP មកមិនដល់ស្រុកខ្មែរទេ ហើយក៏គ្មានអ្វីកើតឡើងធំដុំគួរឱ្យកត់សម្គាល់ដែរនៅថ្ងៃ ៩ វិច្ឆិកា ឬក្នុងពេលបុណ្យអុំទូកនេះ។ លោកថាមានតែការគិតថា អ៊ីចេះគិតថាអ៊ីចុះ មានការភិតភ័យ ជ្រួលជ្រើមខ្លះ និងស្រមើស្រមៃខ្លះប៉ុណ្ណោះ។
អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ យល់ឃើញថាការអំពាវនាវរបស់លោក ហ៊ុន សែន ឲ្យអ្នកពាក់ព័ន្ធចេញសារភាពនោះ គឺជាយុទ្ធសាស្ត្រ «ត្បកហើយអង្អែល ដើម្បីឲ្យអ្នកប្រឆាំងចេញមុខមកទទួលការចុះចាញ់»។
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថាការលើកឡើងរបស់លោក ហ៊ុន សែន ពាក់ព័ន្ធរឿងចូលសារភាពនេះ គឺជាការផ្ដល់ឱកាសដល់អ្នកដែលយល់ច្រឡំចូលរួមជាមួយលោក សម រង្ស៊ី ដើម្បីទទួលបានការលើកលែងទោស។
លោកថា៖ «អ្នកដែលងុបងល់មិនបានទទួលព័ត៌មាន ហើយចាញ់បោកគេហ្នឹងតែងតែមាន។ តែរដ្ឋាភិបាលនៅតែមានបេះដូងសម្រាប់ជាតិ ដើម្បីផ្សះផ្សាជាតិ។ ការផ្សះផ្សាជាតិសម្រាប់ប្រជាជនដែលមិនបានដឹងរឿងហ្នឹង គឺវាសំខាន់ណាស់ក្នុងនាមថ្នាក់ដឹកនាំក្នុងនាមរដ្ឋាភិបាល»។
ប៉ុន្តែលោក សម រង្ស៊ី ថ្លែងតាមទំព័រធ្វីធើរម្សិលមិញថា ផែនការវិលត្រឡប់របស់លោកគ្មានអ្វីប្រែប្រួលឡើយ។ លោកថ្លែងថា ព័ត៌មានថាលោកពន្យារការហោះហើរនោះគឺជាព័ត៌មានក្លែងក្លាយ៕