ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​សារ​ក្នុង​ទិវា​អន្ដរជាតិ​ស្តីពី​គ្រួសារ​នៅ​ថ្ងៃទី​ ១៥ ខែឧសភា ដោយបាន​អំពាវនាវ​ដល់ដៃ​គូ​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​ទាំង​ជាតិ​ និង​អន្តរជាតិ និង​ផ្នែក​ឯកជន បន្ត​គាំទ្រ​លើកកម្ពស់​ដល់​ភាពរឹងមាំ​របស់​គ្រួសារ​ទាំងអស់​នៅ​កម្ពុជា​ឆ្ពោះ​ទៅ​រក​ការលុបបំបាត់​ភាពក្រីក្រ​។


លោកនាយក​រដ្ឋមន្ត្រី​ថ្លែងថា គ្រប់ភាគី ទាំង​រាជរដ្ឋាភិបាល​គ្រប់លំដាប់​ថ្នាក់ និង​ឯកជន​ត្រូវ​ចូលរួម​ជំរុញ​ចលនា​លើកកម្ពស់​ដល់​សុខុមាលភាព​គ្រួសារ និង​បន្ត​បង្កើន​សកម្មភាព​មនុស្សធម៌​ឱ្យ​ខ្លាំង​តាម​គ្រប់​រូបភាព​។

ទិវា​អន្ដរជាតិ​ស្តីពី​គ្រួសារ​ថ្ងៃទី​ ១៥ ខែឧសភា ឆ្នាំ​ ២០២១ ក្រោម​ប្រធានបទ កម្លាំង​សេវា​សង្គម​មាន​តួនាទី​យ៉ាងសំខាន់​ក្នុង​ការលើកកម្ពស់​តួនាទី​គ្រួសារ ជា​ទិវា​មួយ​មាន​សារៈសំខាន់​នៅ​កម្ពុជា​។

លោក​ ហ៊ុន សែន បញ្ជាក់ថា​៖ «​ការលើកកម្ពស់​វប្បធម៌ សន្តិភាព សាមគ្គីភាព កម្លាំង​សេវា​សង្គម និង​សុខដុម​នីយកម្ម​គ្រួសារ ដើម្បី​ឈានឆ្ពោះ​ទៅរក​ការលុបបំបាត់​ភាពក្រីក្រ និង​ឈ្នះ​លើ​ការកាត់ផ្តាច់​នូវ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ នៅ​កម្ពុជា​»​។


លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​បង្ហាញ​នូវ​ការគាំទ្រ​ដល់​កម្លាំង​សេវា​សង្គម គឺជា​ក្រុម​ជន​អ្នកមាន​ជំនាញ​ផ្នែក​ផ្តល់​សេវា​សង្គម ដូចជា​ការងារ​សង្គមកិច្ច អប់រំ សុខាភិបាល យុត្តិធម៌ ការងារ និង​ការគ្រប់គ្រង​មូលដ្ឋាន​ក្នុង​ការជួយ​គាំទ្រ​ដល់​គ្រួសារ​ដែលជា​កោសិកា​មួយ​ដ៏សំខាន់​ក្នុង​ការដើរ​តួនាទី​ជា​កម្លាំង​ចលករ​ក្នុងការ​ជំរុញ​កិច្ចអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គមកិច្ច និង​វប្បធម៌​។


លោក​ថ្លែង​ថា​៖ «​ជាតិ​មួយ​មានការ​រីកចម្រើន​ប្រកប​ដោយ​ចីរភាព​នោះ គ្រួសារ​នីមួយៗ​ត្រូវ​បន្ត​លើកកម្ពស់​ការថែទាំ ការអប់រំ​ទូន្មាន​ប្រៀនប្រដៅ និង​ការបណ្តុះបណ្តាល​ដល់​សមាជិក​ក្នុង​គ្រួសារ​គ្រប់រូប​ឱ្យមាន​អត្តចរិត​ល្អ ចំណេះដឹង ចំណេះធ្វើ ជំនាញ​វិជ្ជាជីវៈ និង​សមត្ថភាព​ខ្ពង់ខ្ពស់ ក្នុង​ការកសាង​ជីវភាព​រស់នៅ​សមរម្យ​ប្រកប​ដោយ​សេចក្តី​ថ្លៃថ្នូរ​ចូលរួម ចំណែក​យ៉ាងសកម្ម​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ស្ថិរភាព​នយោបាយ និង​រក្សា​នូវ​តម្លៃ​នៃ​វប្បធម៌ ប្រពៃណីជាតិ​»​។

លោក​ ហ៊ុន សែន ​ក៏​បាន​ទទួលស្គាល់​កាកបាទក្រហម​កម្ពុជា​បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការអប់រំ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ដល់​យុវជន លើកកម្ពស់​សីលធម៌​សង្គម​តម្លៃ​ស្ត្រី​ និង​គ្រួសារ​ខ្មែរ ទប់ស្កាត់​អំពើហិង្សា​ក្នុង​គ្រួសារ​ និង​ការជួញដូរ​ស្ត្រី និង​កុមារ និង​បាន​ជួយ​រំលែក​ទុក្ខលំបាក​របស់​ប្រជាជន​ដែល​ងាយ​រងគ្រោះ​នៅ​ទូទាំង​ប្រទេស​។

លោកស្រី រស់ សុភាព នាយិកា​នៃ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា អះអាង​នៅ​ថ្ងៃទី​ ១៦ ​ឧសភា​ថា​សង្គម​ស៊ីវិល ក៏​បាន​ដើរតួនាទី​សំខាន់​ក្នុង​ការផ្តល់សេវា​សង្គម​ដល់​ក្រុម​គ្រួសារ​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។

លោកស្រី​បាន​ថ្លែងថា​៖ «​យើង​ឃើញ​មាន​កម្មវិធី​ជាច្រើន​របស់​សង្គម​ស៊ីវិល​ដែលជា​អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​ដើរតួនាទី​សំខាន់​ច្រើន​ក្នុងនោះ​យើង​ធ្វើការ​ ដើម្បី​លុបបំបាត់​អំពើហិង្សា​ក្នុង​គ្រួសារ ដើម្បី​ឈានទៅរក​ការលុបបំបាត់​អំពើហិង្សា​ក្នុង​សង្គម និង​ការរើសអើង យើង​ធ្វើ​ការងារ​នេះ​មិនមែន​ធ្វើ​តែឯង​ទេ ដោយ​ផ្អែកទៅលើ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​»​។

លោកស្រី​បាន​ថ្លែង ដោយ​ជំរុញ​ដល់​រាជរដ្ឋាភិបាល​ផ្តល់​ភាពយុត្តិធម៌​សង្គម ជាពិសេស​យុត្តិធម៌​សម្រាប់​ជនក្រីក្រ​ដែល​តែង​រង​នូវ​ភាពអយុត្តិធម៌​ពី​អ្នកមាន​អំណាច ដែល​បញ្ហា​នេះ​ត្រូវ​ទាមទារ​ផ្តល់​សន្តិភាព​ផ្លូវចិត្ត​ដល់​ក្រុមគ្រួសារ​៕